វិធីថែទាំ​សុខភាព​នៅពេល​អស់រដូវ

ស្ដ្រីខ្មែរ​មួយចំនួន​មិនទាន់​យល់ច្បាស់់​ពីឈាម​រដូវនៅ​ឡើយទេ។ មានស្ដ្រី​វ័យក្មេង​ខ្លះ​មិនចង់​ឱ្យមាន​ឈាម​រដូវទេ ព្រោះគិត ថាជា​ការ​ងាយស្រួល មិនចាំ​បាច់​រំខាន​ក្នុងការ​ប្រើប្រាស់​សំឡី​អនាម័យ។ នេះជា​ការយល់​ច្រឡំមួយ។ ជាធម្មជាតិ មនុស្សស្រី​ចាំបាច់ ត្រូវតែ​មានឈាម​រដូវរហូត​ដល់អាយុ​ចន្លោះពី​៤៥ទៅ​៥០ឆ្នាំ ទើបអស់​ឈាមរដូវ។ ឈាមរដូវ គឺជាកញ្ចក់​មួយឆ្លុះ​បញ្ចាំងពី​សុខភាព របស់ស្ដ្រី។ នៅពេល​អស់រដូវ តើសុខភាព​ស្ដ្រីនឹងជួប​បញ្ហាអ្វីខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីស្វែង​យល់ពី​បញ្ហាអស់​រដូវនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកសាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាពខ្មែរសូវៀត។

ការអស់រដូវ ជាអ្វី?

ការអស់​រដូវ​ជារឿង​ធម្មតា​របស់ស្ដ្រី​គ្រប់ៗរូប។ នៅពេល​ឈានចូល​ដល់វ័យ​កាន់តែ​ចំណាស់ អូវែរ​លែងមាន​ដំណើរ​ការដោយ​ឈប់បញ្ចេញ​អ័រម៉ូន​តទៅទៀត មានន័យថា​ជាការ​បាត់ឈាម​រដូវជារៀង​រហូត។ ជាមធ្យម ស្ដ្រីអស់​រដូវនៅ​ចន្លោះ​អាយុពី ៤៥ទៅ ៥០ឆ្នាំ។ ប្រសិន​បើស្ដ្រីបាត់​រដូវរយៈពេល​មួយឆ្នាំហើយ ទើបចាត់​ទុកថា​ពិតជា​អស់រដូវ​មែនទែន។ ប៉ុន្ដែបើ​ស្ដ្រីទើប​តែបាត់​រដូវពីរខែ ហើយស្រាប់​តែមាន​រដូវមក​វិញនោះ មិនអាច​ចាត់ទុក​ថាអស់រដូវ​ទាំងស្រុង​នោះទេ។

អាការពេល​ជិត​អស់រដូវ

រយៈពេល​ពី២ទៅ​៦ឆ្នាំមុន​ពេលអស់​រដូវ ឈាមរដូវ​ស្ដ្រីធ្លាក់​មកមិន​ទៀងទាត់​ដូចពី​មុនឡើយ ច្រើនមាន​ការរអាក់​រអួល។ នៅពេល​មានរដូវ​ម្ដងៗ ជួនកាល​មានឈាម​រដូវច្រើន ជួនកាល​មានតិចៗ។ ឋិតក្នុង​ដំណាក់កាល​នោះ ស្ដ្រីច្រើន​មានការ​ប្រែប្រួល​ទាំង ផ្លូវកាយ និងផ្លូវចិត្ដ ដូចជាធាត់ ឡើងទម្ងន់ ឈឺសុដន់ ហើមពោះ តឹងពោះ ឆាប់ខឹង​ឆេវឆាវ​ជាដើម។ ពេលខ្លះ​រឿងបន្ដិច​បន្ដួច​ចាត់ទុក ដូចជា​រឿងធំ ពិបាក​ចិត្ដនិង​ក្រៀមក្រំ។

ផលវិបាកពេល​អស់រដូវ

ស្ដ្រីជួប​ផលវិបាក​យ៉ាងច្រើន​ចំពោះសុខភាព​នៅពេល​អស់រដូវ ព្រោះស្ដ្រី​ខ្វះអរ័ម៉ូន។ នៅពេល​ឆាប់អស់​រដូវពេក ស្រី្ដអាច មានបញ្ហា ដូចជា​ជម្ងឺបេះដូង ឆាប់ពុកឆ្អឹង​ជាដើម។ ជាទូទៅ​សញ្ញាណដំបូង​នៅពេលអស់​រដូវមានដូចជា​មានអារម្មណ៍​ក្តៅក្រហល់​ក្រហាយ​ក្នុងខ្លួន ពេលខ្លះ​ក្រោកងូត​ទឹកពីរ​ទៅបីដង​ក្នុងពេល​យប់។ អារម្មណ៍​ប្រែប្រួល​ក្លាយជាមនុស្ស​រញ៉ាំរញ៉ូវ​ច្រើន។ អ្នកខ្លះទៅ​ជាមាន អារម្មណ៍​ស្រងូតស្រងាត់​ហាក់ដូចជា​មានវិបត្ដិ​ផ្លូវចិត្ដ សម្រាន្ដ​មិនលក់ និងអស់កម្លាំង​ទោះជា​ទទួលទាន​ឆ្អែតក៏ដោយ។ ស្រី្ដច្រើនស្ងួត នៅត្រង់​ប្រដាប់​ភេទ នាំឱ្យ​មានការ​ឈឺចាប់នៅពេល​រួមភេទ។ ដោយឡែក​ក៏មាន​ស្ដ្រីខ្លះ នៅពេល​អស់រដូវ​មានសុខភាពល្អ​ធម្មតាមិន មានការ​ប្រែប្រួល​អ្វី​ទាំងអស់។

ការព្យាបាលឱ្យ​មានរដូវ​ឡើងវិញ

ការព្យាបាល​ត្រូវធ្វើ​ឡើង​ទៅតាម​រោគសញ្ញា​និមួយៗ​របស់​អ្នកជម្ងឺ។ ប្រសិនបើ​មានអាការ​ដូចរៀប​រាប់ខាងលើ ស្ដ្រីគប្បី​មក ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រករោគ​សញ្ញាថា​តើជម្ងឺ​របស់គាត់​ពិតជា​បណ្ដាល​មកពីការ​អស់រដូវ​មែនឬទេ។ គ្រូពេទ្យ​នឹងធ្វើ​ការព្យាបាល​ទៅតាម​ប្រភេទជម្ងឺ។ នៅប្រទេស​ជឿនលឿន គេមាន​ការព្យាបាល​ធ្វើឱ្យ​មានរដូវ​ឡើងវិញ ដោយប្រើ​ថ្នាំដែល​មានជាតិ​អរ័ម៉ូន។ ប៉ុនែ្ដការ​ប្រើថ្នាំ​ប្រភេទនេះ អាចផ្ដល់​ទាំងផល​ល្អទាំងផល​អាក្រក់​ផងដែរ។ ផលល្អ គឺធ្វើឱ្យ​ស្ដ្រីស្រួល​ខ្លួនជាង​មុន សម្រាន្ដ​លក់ឡើងវិញ និងខ្លួន​មិនឡើង​កម្ដៅទៀត​ឡើយ។ ប៉ុន្ដែការ​ព្យាបាល​បែបនេះ​ទាមទារ​ឱ្យមាន​ការពិគ្រោះ និងតាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ព្រោះថ្នាំ​ជាអាវុធ​មុខពីរ​ធ្វើឱ្យ​មាន​សុខភាព​ល្អផង និងផ្ដល់ផល​វិបាកចំពោះ​សុខភាពផង។ ដោយឡែក​នៅប្រទេស កម្ពុជា​មិនទាន់​មានប្រើ​ថ្នាំធ្វើឱ្យ​មានរដូវឡើង​វិញនេះ​នៅឡើយទេ។ ចំណែកឯ​ផលអាក្រក់ គឺអាចបង្ក​ឱ្យស្ដ្រីមាន​គ្រោះថ្នាក់បាន។ បើ មានធ្លាក់​ឈាមខុស​ប្រក្រតី ស្ដ្រីក៏ត្រូវ​ប្រញាប់ទៅ​ជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផងដែរ ព្រោះអាច​បណ្ដាលមក​ពីជម្ងឺ​ផ្សេងៗទៀត ដែល មិនទាក់ទង​នឹងការ​អស់រដូវ ដូចជា​ជម្ងឺដុំស្បូន មហារីកស្បូន​ជាដើម។

ប្រការគួរ​ធ្វើនៅ​ក្នុងវ័យ​អស់រដូវ

1. សកម្មភាព​ប្រចាំថ្ងៃ

ក្នុងអស់​រដូវស្រី្ដអាច​ប្រតិបត្ដិ​ជារៀងរាល់​ថ្ងៃនូវ​សកម្មភាព​ធម្មតា​របស់ខ្លួន។ ចំពោះស្ដ្រី​ដែលអស់​រដូវហើយ​មានសុខភាព​ល្អ ធម្មតា មិនមាន​អ្វីប្រែប្រួល​នោះ មិនអីទេ។ ប៉ុន្ដែ​ស្ដ្រីខ្លះទៀត​ទទួលរង​ឥទ្ធិពលខ្លាំង​ពីការ​អស់រដូវ ធ្វើឱ្យ​រំខានយ៉ាង​ខ្លាំងដល់​ការងារប្រ ចាំថ្ងៃ ដូចជាឈឺ​សន្លាក់ឆ្អឹង​ដែលត្រូវ​ប្រឈមមុខ​នឹងការ​ពុកឆ្អឹង និងការ​អស់កម្លាំង​ល្ហិតល្ហៃ​ជាដើម។ ដូច្នេះស្ដ្រី​គួរប្រយ័ត្ន​ប្រយែងកុំឱ្យ មានការ​ដួលឬ​ប៉ះទង្គិច ព្រោះអាច​ធ្វើឱ្យឆ្អឹង​បាក់បាន។ ចំណែកអ្នក​ជិតខាង​គួរតែ​មានការ​អត់ឱន​ឱ្យគាត់ ប្រសិន​បើគាត់​មានការ​ជ្រុល ជ្រួសទៅ​ដោយពាក្យ​សម្ដី ឬកាយ​វិការក្ដី ព្រោះអារម្មណ៍​របស់គាត់​ប្រែប្រួល​ឆាប់ខឹង។

2. ការទទួលទាន​ចំណី​អាហារ

ទន្ទឹមការ​អស់រដូវ ស្ដ្រីត្រូវ​ប្រឈមមុខ​នឹងជម្ងឺ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា​ជម្ងឺលើស​ឈាម ជម្ងឺ​មហារីកសុដន់ ជម្ងឺទឹកនោម ផ្អែមជាដើម។ ដូចនេះ​ការទទួលទាន​អាហារ​ត្រូវមាន​ការប្រយ័ត្ន​ប្រយែង ហើយត្រូវ​ប្រកាន់​យកនូវ​របបអាហារ​មួយ​ត្រឹមត្រូវ និងមាន តុល្យភាព។ គួរចៀសវាង​នូវការ​ទទួលទាន​អាហារ​ដែលមាន​ជាតិផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក។ គួរទទួលទាន​ចំណី​អាហារណា ដែលសម្បូរ​ដោយ​វីតាមីន សារជាតិ​អំបិល​ខនិជ ជាតិកាល់ស្យូម និងជាតិ​វីតាមីនដេ​ដែលសម្បូរ​នៅក្នុងសណ្ដែក​សៀង ដើម្បី​ជំនួយដល់ ឆ្អឹង។

3. ការហាត់​ប្រាណ

ការហាត់ប្រាណ​ជាការ​ល្អប្រសើរ​ណាស់សម្រាប់​សុខភាព​របស់មនុស្ស​ទូទៅ ក៏ដូចជាស្ដ្រី​ដែលមាន​វ័យចំណាស់។ ប៉ុនែ្ដស្ដ្រី មានវ័យ​ចំណាស់​មិនអាច​ហាត់ប្រាណ មិនអាច​ហក់លោត ឬរត់បាន​ដូចមនុស្ស​វ័យក្មេងឡើយ។ ការដើរ​ក៏ជាការ​ហាត់ប្រាណ​មួយដែរ ដែល​សមស្រប​សម្រាប់ស្ដ្រី​អស់រដូវ។ ប្រសិនបើរត់ ស្ដ្រីអាចដួល ហើយអាច​បាក់ឆ្អឹង ឬមានបញ្ហា​ផ្សេងជាច្រើន​ទៀត។

4. គ្រួសារ

នៅក្នុង​គ្រួសារ ស្វាមី​ត្រូវយល់​បញ្ហាប្រែប្រួល​របស់ប្រពន្ធ។ ដូចនេះ​គួរមានការ​អនុគ្រោះ​ដើម្បី​ចៀសវាង​នូវទំនាស់​ដោយប្រ ការ​ណាមួយ។

ដំបូន្មាន​អ្នកជំនាញ

ដោយរោគ​សញ្ញាខាងលើ ស្រី្ដទាំងឡាយ​អាចដឹងថា​នេះគឺជា​បញ្ហាដែល​កើតឡើងដោយ​សារការ​អស់រដូវ។ ស្ដ្រីចាំបាច់​ត្រូវ ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែករោគស្ដ្រី ដើម្បីរក​ការព្យាបាល និងការប្រឹក្សា​ជាបន្ទាន់​ដើម្បី​ចៀសវាង​ការអូស​បន្លាយ​ពេលយូរ ។ ការសម្រេច​ចិត្ដប្រើថ្នាំ ឬមធ្យោបាយ​ណាមួយ​ដើម្បី​ពន្យាររដូវ ត្រូវជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុនសិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *