ក្នុងសង្គមណាក៏ដោយ អំពើពុករលួយតែងតែកើតមានជានិច្ច ទោះជានៅក្នុងសង្គម ប្រទេសរីកចម្រើន ឬប្រទេសមិនសូវ ជឿនលឿនក៏ដោយ។ មិនថាតែប្រទេសដែលមានអ្នកចេះដឹង ប្រទេសដែលមានប្រជាធិបតេយ្យ ប្រទេសសង្គមនិយម ឬប្រទេសក្រី ក្រនោះឡើយ បញ្ហាពុករលួយរមែងកើតមាន គ្រាន់តែមិនទូលំទូលាយ ឬទូលំទូលាយ។ អំពើពុករលួយអាចធ្វើឱ្យមានការប៉ះពាល់ ដល់សតិអារម្មណ៍ និងសុខភាពផ្លូវចិត្ដតិច ឬច្រើនរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលមានអំពើពុករលួយនោះ។
បើអំពើពុករលួយកើតមាននៅក្នុងសង្គមណាមួយហើយ វារមែងជះឥទ្ឋិពលអវិជ្ជមានទៅលើសង្គមនោះយ៉ាងពិតប្រាកដ។ ប្រជាពលរដ្ឋដែលជាសមាជិកនៃសង្គមនោះ ត្រូវទទួលរងនូវផលប៉ះពាល់ទាំងនោះតិច ឬច្រើន យូរ ឬឆាប់ទៅតាមកាលៈទេសៈដែល អ្នកទាំងនោះប្រឈមមុខនឹងអំពើពុករលួយនោះ។ បុគ្គលនោះនឹងកើតមាននូវបញ្ហាសុខភាពផ្លូវចិត្ដ ជាផលវិបាកនឹងធ្វើឱ្យសង្គមដែល តាក់តែង ឬកសាងដោយប្រជាពលរដ្ឋទាំងនោះ ត្រូវទទួលរងនូវវិបត្ដិអវិជ្ជមានជាច្រើន ដែលជាផលវិបាកពីវិបត្ដិផ្លូវចិត្ដ ហើយសង្គម នោះនឹងជួបប្រទះនូវវិបត្ដិនៃការរីកចម្រើន។
លោកសាស្ដ្រាចារ្យមហាបរិញ្ញា ការ ស៊ុនបូណាត អ្នកឯកទេសវិកលវិទ្យា និងជាប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដ របស់ក្រសួងសុខាភិបាល បានផ្ដល់យោបល់តាមរយៈទស្សនាវដ្ដី សុខភាពយើង ដោយបានបំភ្លឺទៅលើបញ្ហាទាំងនេះ។
អំពើពុករលួយ ជាអ្វី?
យើងមានការពិបាកច្រើនក្នុងការផ្ដល់នូវនិយមន័យអំពីអំពើពុករលួយ ព្រោះថារូបភាពនៃអំពើពុករលួយរបស់ប្រទេសនានានៅលើពិភពលោកមានរូបភាពខុសៗគ្នា ដែលជាហេតុធ្វើឱ្យមានការកំណត់ន័យនៃអំពើពុករលួយសមស្រប និងអាស្រ័យទៅលើ ហេតុផលផងដែរ។ ការឱ្យនិយមន័យទៅលើអំពើពុករលួយថា“មានអំពើពុករលួយ កាលណាធ្វើអ្វីមួយទទួលផលមកវិញមិនសមស្រប ទៅនឹងអំពើដែលបានធ្វើ”។ មានន័យថាផលដែលទទួលបានជាប្រាក់កម្រៃ ជាសម្ភារៈ ឬជាវត្ថុមានតម្លៃផ្សេងៗ មិនមានសមាមាត្រគ្នា នឹងអ្វីដែលបានធ្វើ ឬមានន័យថាកម្លាំងធ្វើ និងផលដែលទទួលបានមកមិនមានភាពស៊ីគ្នា។
ឧទាហរណ៍ ដូចជាបុគ្គលិកមានកិច្ចសន្យាធ្វើការជាមួយក្រសួង ឬស្ថាប័នណាមួយ ហើយគាត់ត្រូវទទួលបាននូវប្រាក់បៀ វត្សរ៍១០០០ដុល្លារក្នុងមួយខែ តែដោយមានគេមួលបង្កាច់ចោទប្រកាន់ដោយគ្មានហេតុផល គាត់ត្រូវបានគេកាត់បៀវត្សរ៍នោះមកនៅ ត្រឹមតែ៥០០ដុល្លារតែប៉ុណ្ណោះ។ បែបនោះជាការកេងប្រវ័ញ្ចបំបាត់ប្រាក់បៀវត្សរ៍គេយកមកសម្រាប់ខ្លួនឯង ធ្វើឱ្យបុគ្គលអ្នកធ្វើការ នោះទទួលរងនូវផលប៉ះពាល់ដល់ផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀត ក្នុងករណីចុះកិច្ចសន្យាធ្វើការឱ្យក្រសួង ស្ថាប័ន ឬអង្គការណា មួយក្នុងតម្លៃ១០០០ដុល្លារក្នុងមួយខែ តែកែច្នៃបំភ្លៃគោលការណ៍តម្រូវយ៉ាងនេះយ៉ាងនោះ ដើម្បីធ្វើឱ្យប្រាក់បៀវត្សរ៍កើនរហូតដល់ ២០០០ដុល្លារក្នុងមួយខែ បែបនេះជាករណីជនពុករលួយ ដែលកេងប្រវ័ញ្ចគេវិញម្ដង។
សរុបមក អ្វីដែលបុគ្គលទទួល និងអ្វីដែលបុគ្គលធ្វើ មិនសមស្រប ឬមិនស៊ីគ្នានឹងអ្វីដែលកើតឡើង ដោយមិនស្របច្បាប់ ដោយគ្មានច្បាប់ការពារ ឬដោយគ្មានគោលការណ៍អនុញ្ញាតឱ្យធ្វើ នោះហើយជាអំពើពុករលួយ។ ប៉ុន្ដែក្នុងករណីរំលោភច្បាប់មួយចំនួន ក៏មិនប្រាកដថាជាអំពើពុករលួយនោះដែរ ព្រោះករណីទាំងអស់នោះធ្វើទៅមិនដើម្បីប្រយោជន៍បុគ្គល ឬក្រុមបុគ្គលណាមួយឡើយ តែ ដើម្បីប្រការរាំងស្ទះណាមួយអាចបន្ដដំណើរទៅមុខបន្ដទៀតក្នុងប្រយោជន៍សង្គមជាតិ និងសហគមន៍។ ជាអាទិកាលពីមុនដោយសារ គ្មានខ្ទង់ចំណាយ គេបានយកសម្ភារៈការិយាល័យទៅលក់ដើម្បីយកលុយមកជួសជុលឧបករណ៍ប្រើប្រាស់ នេះមិនមែនជាករណីពុក រលួយទេ តែបើលក់យកជាប្រយោជន៍បុគ្គល ឬក្រុមមនុស្សមួយចំនួន ទើបជាអំពើពុករលួយ។
មូលហេតុអំពើពុករលួយ
មានមូលហេតុជាច្រើនដែលបង្កឱ្យមានអំពើពុករលួយ ប៉ុន្ដែអ្វីដែលសំខាន់ និងដែលតែងតែជួបប្រទះនោះ គឺបណ្ដាលមកពី ការកើតមាននូវមហិច្ឆិតាដ៏លើសលប់ ការមិនគោរពច្បាប់ជាដើម។ មូលហេតុមួយទៀត អំពើពុករលួយអាចបណ្ដាលមកពីការនិយម បក្ខពួក និងកើតឡើងដោយសារវិបត្ដិនយោបាយពេលមិនទាន់មានច្បាប់ពេញលេញ។ លោកសាស្ដ្រាចារ្យ ការ ស៊ុនបូណាត បានលើក ឡើងថា អំពើពុករលួយត្រូវបានចែកចេញជាបីបែប ទីមួយជាអំពើពុករលួយដើម្បីរស់ ទីពីរជាអំពើពុករលួយដើម្បីធ្វើជាអ្នកមាន និងទីបីជាអំពើពុក រលួយដើម្បីសន្សំសុខ។
ផលប៉ះពាល់នៃអំពើពុករលួយ
អំពើពុករលួយ ជាបាតុភូតចិត្ដសាស្ដ្រសង្គម កើតឡើងដោយក្រុមមនុស្សមួយទៅលើក្រុមមនុស្សមួយ ឬច្រើនផ្សេងទៀត។ វាធ្វើឱ្យសង្គមមួយមានរបត់ខុសប្លែកពីធម្មតា ហើយជះឥទ្ធិពលពីក្រុមមួយដែលជាអ្នកប្រព្រឹត្ដអំពើពុករលួយទៅលើក្រុមមួយទៀត ឬក្រុមច្រើនផ្សេងទៀត។ ហើយវាបង្កជាការកៀបសង្កត់ ការឈឺចាប់ផ្លូវចិត្ដ អាចបង្កជាវិបត្ដិផ្លូវចិត្ដ ក្រោយមកបង្កជាជម្ងឺផ្លូវចិត្ដ ដែលច្រើនតែកើតមានលើជនរងគ្រោះនានា។ ព្រោះថាបុគ្គលដែលទទួលរងនូវអំពើពុករលួយទទួលរងនូវរូបភាពមួយចំនួន ដូចជាអំពើ អយុត្ដិធម៌ ការមួលបង្កាច់ ការបង្ខំឱ្យធ្វើការដែលមិនពេញចិត្ដ ផ្ចាញ់ផ្ចាលគ្នា ការកាច់បំបាក់គ្នា ការគំរាមជាដើម។ រូបភាពទាំងនេះគេ ហៅថាស្ដ្រេស្ស បើកាន់តែមានសភាពធ្ងន់ធ្ងរយាយីដល់សុវត្ថិភាព ឬអាយុជីវិត គេហៅថាភ័យន្ដរាយ ដែលធ្វើឱ្យមានការភ័យតក់ស្លុត រន្ធត់ និងអាចប៉ះពាល់ដល់អនាគតរបស់គេទៀតផងក៏មានដែរ។ ដូចនេះរូបភាពនៃអំពើពុករលួយទាំងអស់នោះ ជាភាពស្មុគស្មាញមួយ ដែលជះឥទ្ធិពលអវិជ្ជមានទៅលើក្រុមមនុស្សមួយទៀតជារូបភាពភ័យន្ដរាយ ឬជាស្ដ្រេស្ស។ នៅពេលដែលភ័យន្ដរាយ និងស្ដ្រេស្ស មានសភាពកាន់តែខ្លាំងក្លាឡើង វាធ្វើឱ្យមនុស្សក្លាយទៅជាភ័យតក់ស្លុត ខ្លះទៅជាធ្លាក់ទឹកចិត្ដ ខ្លះទៀតទៅជាវិកលចរិត។ តាមការ សង្កេត មានមនុស្សដែលទទួលរងនូវអំពើពុករលួយមួយចំនួនក្លាយទៅជាមានការថប់អារម្មណ៍ បាក់ស្បាត ធ្លាក់ទឹកចិត្ដ និងមានវិកល ចរិតខ្លះៗផងដែរ។
យើងមិនអាចមើលឃើញនូវសភាព ឬរោគសញ្ញានៃជម្ងឺផ្លូវចិត្ដទាំងនេះដោយមិនមានការពិនិត្យសង្កេតនោះឡើយ។ ជាទូ ទៅដើម្បីឱ្យមើលឃើញច្បាស់ មានតែការធ្វើវិភាគទៅលើផ្នែកចិត្ដសាស្ដ្រ ទើបអាចឱ្យដឹងថាជាជម្ងឺផ្លូវចិត្ដប្រភេទណាមួយនោះ។ ការ ប៉ះទង្គិចដល់សតិអារម្មណ៍ និងផ្លូវចិត្ដទាំងនោះ មិនមែនប៉ះទង្គិចចំពោះបុគ្គលតែម្នាក់នោះទេ តែវាអាចប៉ះទង្គិចដល់បុគ្គលជាច្រើននាក់ ទៅតាមទំហំ ឬប្រព័ន្ធដែលរៀបចំសកម្មភាព និងមធ្យោបាយដើម្បីឱ្យមានអំពើពុករលួយ។ បណ្ដាញនៃអំពើពុករលួយមិនមែនរៀបចំ ឡើងដោយបុគ្គលតែម្នាក់ទេ តែត្រូវបានរៀបចំឡើងជាខ្សែសង្វាក់ប្រព័ន្ធ និងជាការចាត់តាំងដែលប្រកបទៅដោយល្បិចពីលើរហូត ដល់ក្រោម។ អំពើពុករលួយមិនត្រឹមតែធ្វើឱ្យមានការប៉ះពាល់ដល់ផ្លូវចិត្ដប៉ុណ្ណោះទេ តែវាក៏មានការប៉ះពាល់ដល់រាងកាយ កិត្ដិយស បុគ្គល ក៏ដូចជាកិត្ដិយសជាតិ ហើយក៏មានការប៉ះពាល់ដល់នយោបាយផងដែរ។ បុគ្គលប្រព្រឹត្ដអំពើពុករលួយ ខ្លួនឯងរមែងមានការភិត ភ័យ ខ្លាចគេដឹង មានការច្រណែនគ្នា ដោយចែកមិនស្មើ មិនហ៊ានតវាជាដើម។ បើមានគេដឹង ភ័យខ្លាចទទួលទោស ការភិតភ័យនេះ បង្កជាជម្ងឺផ្លូវចិត្ដខ្លួនឯងក៏មានដែរ ដូចពាក្យចាស់ដែលថា “ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប”។
ដំបូន្មានអ្នកប្រឹក្សា
សូមប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយ មេត្ដាកុំបង្កើតឱ្យមានអំពើពុករលួយថ្មីថែមទៀត កុំចិញ្ចឹមចិត្ដប្រព្រឹត្ដអំពើ ពុករលួយចេញពីខ្លួន។ អំពើពុករលួយអាចមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងដល់សង្គមជាតិទាំងមូលផង ដែរ ជាពិសេសទាក់ទងទៅនឹងបញ្ហាផ្លូវចិត្ដ។ បើសង្គមពោរពេញទៅដោយអំពើពុករលួយ សង្គមនោះក៏មិនមានការរីកចម្រើនជឿន លឿនដែរ។ សូមចៀសវាងអំពើពុករលួយ និងរួមគ្នាដើម្បីបំបាត់អំពើពុករលួយចេញពីសង្គមយើងទាំងអស់គ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply