ភ្នែកជាវិញ្ញាណសំខាន់មួយក្នុងចំណោមវិញ្ញាណទាំង៥របស់មនុស្សយើង។ ភ្នែកអាចឱ្យលោកអ្នកដឹង និងស្គាល់ពីវត្ថុអ្វីមួយ ទោះនៅជិត ឬឆ្ងាយ ពីភាពស្រស់ស្អាតសម្គាល់បាននូវពណ៌សម្បុរជាដើម។ ដោយសារការមើលឃើញនេះហើយ ទើបធ្វើឱ្យមនុស្សអាចប្រកបការងារប្រចាំថ្ងៃបានយ៉ាងល្អប្រពៃ។ ទោះបីភ្នែកមាននាទីសំខាន់យ៉ាងណាក៏ដោយ ក៏រមែងជួបប្រទះនឹងជម្ងឺផ្សេងៗដោយ ខានមិនបាន ដែលបញ្ហានោះទាក់ទងនឹងភ្នាសគ្រាប់ភ្នែក កញ្ចក់ភ្នែក កែវភ្នែក សរសៃបាតភ្នែក ត្របកភ្នែកជាដើម។ ជម្ងឺ ដែលជួបប្រទះញឹកញាប់ជាងគេ គឺជម្ងឺភ្នែកក្រហម។
លោកវេជ្ជបណ្ឌិត តូ ឈុនសេង អ្នកឯកទេសជម្ងឺភ្នែកនៃមន្ទីរពេទ្យព្រះអង្គឌួងចូលរួមបកស្រាយបំភ្លឺអំពីបញ្ហានេះជូនមិត្ដ អ្នកអានតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺភ្នែកក្រហម ជាអ្វី?
ជាធម្មតា ភ្នាសដែលគ្របដណ្ដប់គ្រាប់ភ្នែកមានសភាពសថ្លាដែលអាចឱ្យលោកអ្នកមើលឃើញស្រទាប់គ្រាប់ភ្នែកខាងក្នុង បាន។ កាលណាភ្នាសនេះប្រែពណ៌ឡើងក្រហមជាករណីជម្ងឺភ្នែកក្រហម។ ជម្ងឺភ្នែកក្រហមចែកចេញជាពីរប្រភេទ គឺជម្ងឺភ្នែកក្រហម ដែលមិនមានការឈឺចាប់ និងជម្ងឺភ្នែកក្រហមដែលមានការឈឺចាប់។ ប្រភេទនិមួយៗចែកចេញទៅជាប្រភេទតូចៗផ្សេងទៀត។ ជម្ងឺ ភ្នែកក្រហមដែលមិនមានការឈឺចាប់ មានដូចជាជម្ងឺរលាកភ្នាសគ្រាប់ភ្នែក ភ្នែកក្រហមដោយសារមានឈាមក្រាលនៅក្រោមភ្នាស គ្រាប់ភ្នែកជាដើម។ ចំណែកភ្នែកក្រហមដែលមានការឈឺចាប់ មានជម្ងឺភ្នែកក្រហមដែលបណ្ដាលឱ្យគំហើញមានការថយចុះដូចជាជម្ងឺ ទឹកដក់ស្រួចស្រាវក្នុងគ្រាប់ភ្នែក ជម្ងឺរលាកប្រស្រីភ្នែក ជម្ងឺរលាកកញ្ចក់ភ្នែកជាដើម និងជម្ងឺភ្នែកក្រហមដែលមិនប៉ះពាល់ដល់គំហើញ នោះគឺជម្ងឺរលាកក្រោមភ្នាសគ្រាប់ភ្នែក។
មូលហេតុនៃជម្ងឺភ្នែកក្រហម
ជម្ងឺភ្នែកក្រហមមានមូលហេតុបង្កដោយឡែកៗ ទៅតាមជម្ងឺដែលពាក់ព័ន្ធ ឬប្រភេទជម្ងឺនីមួយៗ។ ជម្ងឺភ្នែកក្រហមដែល មិនមានការឈឺចាប់ បណ្ដាលមកពីពពួកបាក់តេរី វីរុស ពពួកផ្សិត ឬដោយសារមានប្រតិកម្មនឹងសារធាតុអ្វីមួយ។ ចំណែកឯភ្នែកក្រហមដែលមានការឈឺចាប់ដូចជាជម្ងឺរលាកប្រស្រីភ្នែកកើតមានឡើងដោយសារអ្នកជម្ងឺមានជម្ងឺរលាកសន្លាក់ដៃជើងរ៉ាំរ៉ៃ ឬមានជម្ងឺរ៉ាំ រ៉ៃប្រចាំកាយមួយចំនួន ដូចជារបេង សួត ស្វាយ អេដស៍ ទឹកនោមផ្អែម រលាកក្នុងរង្វង់ច្រមុះ បំពង់ក និងធ្មេញជាដើម។ ជម្ងឺទឹកដក់ ស្រួចស្រាវក្នុងគ្រាប់ភ្នែកដោយសារការស្ទះចរន្ដទឹកក្នុងបន្ទប់មុខនៃភ្នែក។ ចំណែកឯជម្ងឺរលាកកញ្ចក់ភ្នែកគឺបណ្ដាលមកពីមានការប៉ះ ទង្គិចលើកញ្ចក់ភ្នែក។
រោគសញ្ញាជម្ងឺភ្នែកក្រហម
រោគសញ្ញានៃជម្ងឺភ្នែកក្រហមក៏អាស្រ័យលើប្រភេទនៃជម្ងឺនីមួយៗដែរ។
1. ជម្ងឺភ្នែកក្រហមដោយរលាកភ្នាសគ្រាប់ភ្នែក មានភាពរកាំគ្រាប់ភ្នែក ហៀរទឹកភ្នែកខ្លាំង និងមានពពឹកភ្នែកច្រើន។ ក្រោយពេលពិនិត្យទើបឃើញថាភ្នាសគ្រាប់ភ្នែកឡើងក្រហមច្រាល ជួនកាលភ្នាសនោះហើម។ ប៉ុន្ដែអ្នកជម្ងឺមានគំហើញធម្មតា។
2. ជម្ងឺភ្នែកក្រហមដោយសាររលាកប្រស្រីភ្នែក មានការចុកចាប់គ្រាប់ភ្នែក ខ្លាចពន្លឺថ្ងៃ។ ក្រោយការពិនិត្យឃើញថា សភាពក្រហមមាននៅជុំវិញកញ្ចក់ភ្នែក គំហើញថយចុះមធ្យម ឯកូនក្រមុំភ្នែកមិនសូវកន្ដ្រាក់ពេលទទួលពន្លឺភ្លើង។
3. ភ្នែកក្រហមដោយសារទឹកដក់ស្រួចស្រាវក្នុងភ្នែក មានការឈឺចុកចាប់គ្រាប់ភ្នែកខ្លាំង ខ្លាចពន្លឺថ្ងៃខ្លាំង ហៀរទឹកភ្នែក ខ្លាំង ជួនកាលមានក្អួតចង្អោរផងក៏មាន។ ត្របកភ្នែកលើ និងក្រោមហើម សភាពភ្នែកឡើងក្រហមជាពិសេសនៅជុំវិញកញ្ចក់ភ្នែក គំហើញថយចុះខ្លាំង កញ្ចក់ភ្នែកហើម កូនក្រមុំភ្នែករីក ហើយគ្រាប់ភ្នែករឹងខុសពីធម្មតា នេះបើឆ្លងកាត់ការពិនិត្យ។
4. ភ្នែកក្រហមដោយសាររលាកកញ្ចក់ភ្នែកក្រោយពីមានការប៉ះទង្គិចលើកញ្ចក់ភ្នែក មានការឈឺចុកចាប់ជុំវិញភ្នែក ហៀរទឹកភ្នែកច្រើន ខ្លាចពន្លឺថ្ងៃរហូតបើកភ្នែកពុំរួចទៀតផង។ លុះឆ្លងកាត់ការពិនិត្យទើបឃើញថា មានពណ៌ក្រហមនៅជុំវិញកញ្ចក់ ភ្នែក គំហើញថយចុះមធ្យម កញ្ចក់ភ្នែកដាច់ស្រទាប់អេពីតេលីយ៉ូម។ ហើយមានជាប់ពណ៌លឿង កាលណាយើងបន្ដក់ថ្នាំហ្លូអេរេស សេអ៊ីន។
វិធីព្យាបាលជម្ងឺភ្នែកក្រហម
ដោយសារជម្ងឺភ្នែកក្រហមមានច្រើនប្រភេទ និងបណ្ដាលមកពីមូលហេតុផ្សេងៗគ្នា នាំឱ្យការព្យាបាលក៏តម្រូវទៅតាម មូលហេតុបង្កនីមួយៗនោះដែរ។ ជម្ងឺភ្នែកក្រហមខ្លះអាចព្យាបាលបានដោយការសម្អាតលើផ្ទៃមុខរួចបន្ដដាក់ថ្នាំបន្ដក់។ ប៉ុន្ដែជម្ងឺភ្នែក ក្រហមខ្លះទៀតតម្រូវឱ្យព្យាបាលដោយការវះកាត់។ ទោះជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយអ្នកឯកទេសជំនាញមុននឹងសម្រេចជ្រើសរើសឱសថព្យាបាល។
វិធីបង្ការជម្ងឺភ្នែកក្រហម
ជម្ងឺភ្នែកក្រហមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឆ្លងពីភ្នែកម្ខាងទៅភ្នែកម្ខាងទៀត។ ដូចនេះលោក អ្នកគួរមានវិធានការនិងវិធីទប់ស្កាត់ដើម្បីចៀសវាងពីជម្ងឺនេះ ដោយការធ្វើអនាម័យខ្លួនប្រាណ អនាម័យមុខមាត់មិនត្រូវប្រើប្រាស់ របស់របរឡូកឡំគ្នា ឬប្រើឱសថមួយដបសម្រាប់គ្នាច្រើនឡើយ។ លោកអ្នកអាចប្រើប្រាស់វ៉ែនតា ឬរបាំងការពារភ្នែកចៀសវាងមិន ឱ្យធូលីដី ឬកម្ទេចកម្ទីរចូលភ្នែក។ សូមប្រញាប់ទៅព្យាបាលជម្ងឺភ្នែកក្រហម ពេលកើតលើភ្នែកម្ខាង ដើម្បីការពារកុំឱ្យរីករាលដាល ដល់ភ្នែកម្ខាងទៀត។
ផលវិបាករបស់ជម្ងឺភ្នែកក្រហម
គ្រប់ប្រភេទនៃជម្ងឺភ្នែកក្រហម កាលណាមិនបានយកចិត្ដទុកដាក់ក្នុងការព្យាបាលនោះទេ វាអាចនឹងបណ្ដាលឱ្យអ្នកជម្ងឺ ក្លាយទៅជាពិការភាពបាន។ ពីព្រោះជម្ងឺភ្នែកក្រហមអាចបណ្ដាលឱ្យមានដំបៅលើកញ្ចក់ភ្នែក មានខ្ទុះក្នុងគ្រាប់ភ្នែក និងស្វិតសរសៃ បាតភ្នែកដែលជាផលវិបាកមួយធ្ងន់ធ្ងរសម្រាប់អ្នកជម្ងឺ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកចងចាំថាថ្វីត្បិតតែជម្ងឺភ្នែកក្រហមជាជម្ងឺដ៏សាមញ្ញ ប៉ុន្ដែវាអាចធ្វើឱ្យលោកអ្នកពិការបាន។ បន្ទាប់មក ពិការ ភាពអាចជះឥទ្ធិពលចំពោះគ្រួសារ និងសង្គម។ សូមលោកអ្នកមេត្ដាការពារភ្នែករបស់លោកអ្នក និងសូមរួសរាន់ទៅព្យាបាល និងពិនិត្យជាមួយអ្នកឯកទេសជំនាញពិតប្រាកដ។ គួរចៀសវាងការប្រើប្រាស់ឱសថដោយពុំមានវេជ្ជបញ្ជា។ ភ្នែករបស់លោកអ្នកគឺអាយុជីវិតរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply