សម្រាប់អ្នកម្ដាយមួយចំនួននៅប្រទេសកម្ពុជា នៅតែគិតថាកញ្ជ្រិលជាជម្ងឺធម្មតាមួយប្រភេទដែលតែងតែកើតមានចំពោះ កុមារ។ ហេតុនេះហើយ ទើបបណ្ដាលឱ្យមានការធ្វេសប្រហែសក្នុងពេលដែលកូនកើតជម្ងឺកញ្ជ្រិល។ ជម្ងឺនេះអាចចាត់ទុកជាជម្ងឺមួយ ក្នុងចំណោមជម្ងឺកុមារដទៃទៀតដែលអាចផ្ដាច់ជីវិតកុមារបាន។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពីជម្ងឺកញ្ជ្រិលកុមារ សូមតាមដានអានទស្សនាវដ្ដី សុខភាពយើង លេខនេះ។ លោក វេជ្ជបណ្ឌិត ស្រីសុខុន ប្រធានផ្នែកអគារជម្ងឺឆ្លង នៃមន្ទីរពេទ្យកុមារជាតិបានផ្ដល់បទសម្ភាសន៍លើប្រធានបទជម្ងឺកញ្ជ្រិលកុមារដល់ មិត្ដអ្នកអានឱ្យបានយល់ច្បាស់។
ជម្ងឺកញ្ជ្រិលកុមារ ជាអ្វី?
កញ្ជ្រិលជាជម្ងឺឆ្លងដែលកើតមានចំពោះកុមារអាយុចន្លោះពី៦ខែ ដល់១០ឆ្នាំ។ ជាករណីកម្រ កញ្ជ្រិលអាចកើតមានចំពោះ មនុស្សពេញវ័យ។ កញ្ជ្រិលបណ្ដាលមកពីវីរុសម្យ៉ាង ដែលឆ្លងតាមទឹកមាត់ដោយការនិយាយទាក់ទងគ្នាពីកុមារម្នាក់ទៅកុមារម្នាក់ ទៀត ឬក៏តាមរយៈការប៉ះពាល់អ្នកជម្ងឺ។
រោគសញ្ញាជម្ងឺកញ្ជ្រិលកុមារ
កុមារមានជម្ងឺកញ្ជ្រិលមានអាការគ្រុនក្ដៅខ្លាំងភ្លាមៗ មានសីតុណ្ហភាពពី៣៩ទៅ៤០អង្សាសេ។ កម្ដៅខ្លាំងបែបនេះអាច បណ្ដាលឱ្យកុមារប្រកាច់។ ជាមួយគ្នានេះអាចមានរោគសញ្ញាលាយទ្បំផ្សេងទៀត ដូចជាក្អក កណ្ដាស់ ហៀរសម្បោរ ភ្នែកទ្បើងក្រហម ឈឺចាប់ក្នុងសន្លាក់ ក្អួត ហើយនិងមិនឃ្លានអាហារ។ ក្រៅពីនេះ កុមារមានលេចចេញជាស្នាមកន្ទួលក្រហមតូចៗពាសពេញស្បែក ប៉ុន្ដែស្នាមក្រហមនេះមិនមានពងទឹក ឬខ្ទុះនៅខាងក្នុងទេ វាគ្រាន់តែធ្វើឱ្យកុមាររមាស់ ស្កៀបខ្លួនតែប៉ុណ្ណោះ។ ស្នាមកន្ទួលក្រហមនេះ ចាប់ចេញជាដំបូងនៅលើផ្ទៃមុខ រួចរាលដាលពេញខ្លួនទាំងអស់។ ក្នុងរយៈពេល៣ថ្ងៃក្រោយមក ស្នាមកន្ទួលនេះក៏ហើរបាត់ន្ដិចម្ដងៗ ដោយចាប់ពីផ្ទៃមុខដូចពេលដែលចាប់ផ្ដើមដំបូងដែរ។ ពេលនោះ កម្ដៅក្នុងខ្លួនកុមារថយចុះជាលំដាប់ កុមារនឹងចាប់ផ្ដើមឃ្លានចំណី អាហារទ្បើងវិញ។
ផលវិបាកជម្ងឺកញ្ជ្រិល
ក្នុងករណីខ្លះ ជាពិសេសចំពោះកុមារដែលមិនបានចាក់ថ្នាំជម្ងឺកញ្ជ្រិលនៅពេលដែលគេមានអាយុ៩ខែទេនោះ កុមារអាចកើតមានជម្ងឺកញ្ជ្រិលក្នុងលក្ខណៈធ្ងន់ធ្ងរដែលមានផលវិបាកមួយចំនួន។
- វីរុសជម្ងឺកញ្ជ្រិលអាចឆ្លងចូលដល់ប្រព័ន្ធខួរក្បាល ធ្វើឱ្យកុមារប្រឈមមុខនឹងការរលាកខួរក្បាលដែលអាចឱ្យកុមារស្លាប់ បាន។
- បើកុមារលាប់កញ្ជ្រិល អាចធ្វើឱ្យកុមាររងគ្រោះថ្នាក់ទៅលើផ្លូវដង្ហើម ដូចជារលាកសួត ហើមសួតជាដើម។
- ជម្ងឺកញ្ជ្រិលអាចធ្វើឱ្យប្រព័ន្ធរាងកាយកុមារចុះខ្សោយដោយស្ដែងចេញជាអាការរាកមួលមានលាយឈាម ឬសម្បោរជា ដើម។
- ស្នាមកន្ទួលដោយសារជម្ងឺកញ្ជ្រិលអាចក្លាយជាដំបៅខូងជ្រៅក្នុងមាត់នាំឱ្យកុមារពិបាកក្នុងការទទួលអាហារ ឬក៏ទទួល ទានតិចដូចនេះកុមារអាចប្រឈមមុខនឹងជម្ងឺខ្វះអាហារូបត្ថម្ភ។
- ស្នាមកន្ទួលដោយសារជម្ងឺកញ្ជ្រិលបើកើតមាននៅក្នុងកញ្ចក់កែវភ្នែក អាចបណ្ដាលឱ្យកុមារខ្វាក់ភ្នែកបាន។
ការព្យាបាលជម្ងឺកញ្ជ្រិល
ក្នុងករណីដែលកើតជម្ងឺកញ្ជ្រិលធម្មតា អ្នកម្ដាយអាចព្យាបាលជម្ងឺនេះនៅផ្ទះដោយខ្លួនឯងបាន។ អ្នកម្ដាយត្រូវផ្ដល់ថ្នាំ បញ្ចុះកម្ដៅដល់កូនក្នុងកម្រិតមួយត្រឹមត្រូវទៅតាមអាយុនិងទម្ងន់របស់កូន។ ចៀសវាងការប្រើប្រាស់ថ្នាំហួសកម្រិតដែលបណ្ដាលឱ្យកុមារមានគ្រោះថ្នាក់បាន។ ថ្នាំដែលសមស្របបំផុតសម្រាប់បញ្ចុះកម្ដៅ គឺប្រភេទប៉ារ៉ាសេតាម៉ុល។ អ្នកម្ដាយមិនគួរប្រើថ្នាំផ្សេងពីនេះ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យព្យាបាលទ្បើយ។ ក្រៅពីនេះ អ្នកម្ដាយត្រូវយកក្រណាត់ទទឹកមកជូតដណ្ដប់ឱ្យកូន ប៉ុន្ដែសូមកុំប្រើទឹក កកព្រោះអាចឱ្យកុមារញាក់បាន។ សូមព្យាយាមឱ្យកូនទទួលទានអាហារឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ហើយមិនគួរឱ្យ កុមារតមអាហារទ្បើយ។ កញ្រ្ជិលជាជម្ងឺឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដូចនេះត្រូវដាក់កុមារដែលមានជម្ងឺដោយទ្បែកពីកុមារដទៃទៀត។ ក្នុងករណីធ្ងន់ធ្ងរ ត្រូវប្រញាប់នាំកូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ ជាពិសេសនៅពេលលាប់កញ្ជ្រិលដែលអាចធ្វើឱ្យកុមារស្លាប់ បាន។
ជំនឿចំពោះជម្ងឺកញ្ជ្រិល
ប្រជាពលរដ្ឋខ្មែរភាគច្រើនមានជំនឿថា បើកូនកើតជម្ងឺកញ្ជ្រិលត្រូវឱ្យកូននៅក្នុងផ្ទះមិនឱ្យចេញជួបនរណាផ្ដេសផ្ដាសទ្បើយ ជាពិសេសមនុស្សស្រី។ ព្រោះថាបើជួបមនុស្សស្រីដែលមានរដូវប្រចាំខែនោះ អាចឱ្យកញ្ជ្រិលកុមារនោះចេញមិនអស់ បណ្ដាលឱ្យមាន គ្រោះថ្នាក់។ បញ្ហាត្រូវបានលោកវេជ្ជបណ្ឌិត ស្រី សុខុន បកស្រាយថាវាគ្រាន់តែជាជំនឿតែប៉ុណ្ណោះ គ្មានការអះអាងណាមួយអាច បញ្ជាក់បានថាជម្ងឺកញ្ជ្រិលមានជាប់ពាក់ព័ន្ធនឹងរដូវរបស់ស្ដ្រីទេ។
វិធីបង្ការជម្ងឺកញ្ជ្រិល
គ្មានអ្វីពិបាកក្នុងការការពារជម្ងឺកញ្ជ្រិលទ្បើយ ដោយគ្រាន់តែអ្នកម្ដាយទាំងទ្បាយនាំកូនមកចាក់ថ្នាំការពារកញ្ជ្រិល នៅ ពេលដែលគេមានអាយុ៩ខែ។ ក្រោយពីបានចាក់ថ្នាំការពារជម្ងឺកញ្រ្ជិលរួចហើយ ទោះបីជាកុមារនៅតែកើតជម្ងឺកញ្រ្ជិលក៏មិនមាន លក្ខណៈធ្ងន់ធ្ងរដែរ។
ដំបូន្មានអ្នកជំនាញ
សូមព្យាយាមតាមដានសភាពជម្ងឺរបស់កូនដើម្បីឱ្យដឹងអំពីកម្រិតពិតប្រាកដ។ បើមិនដូច្នោះ មានតែគ្រូពេទ្យជំនាញទេ ដែលអាចជួយលោកអ្នកក្នុងបញ្ហានេះ។ សូមការពារកុំឱ្យកូនតូចៗរបស់លោកអ្នកមានគ្រោះដោយសារអ្វីដែលអាចបង្ការបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply