កីឡាមួយប្រភេទដែលកំពុងទទួលបាននូវការគាំទ្រទូទាំងពិភពលោក និងធ្វើឱ្យមានការរំជើបរំជួលដល់អ្នកទស្សនា ថ្មីៗ នេះតាមកញ្ចក់ទូរទស្សន៍ ពិសេសអ្នកស្នេហាវិស័យកីឡា គឺកីឡាកាស។ លោកអ្នកមិនតិចទេដែលមានចម្ងល់លើការប្រកួតកីឡា ប្រភេទនេះ ព្រោះយើងមិនដែលឃើញនៅប្រទេសកម្ពុជាយើងនោះទេ ទើបតែឃើញប៉ុន្មានឆ្នាំនេះតែប៉ុណ្ណោះ។
ទស្សនាវដ្ដី សុខភាពយើង ស្រាយបំភ្លឺចម្ងល់នេះតាមរយៈកិច្ចសម្ភាសន៍ជាមួយលោក ម៉ា សេរី អ្នកគ្រប់គ្រងកម្មវិធីកីឡា នៃបណ្ដាញស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន។
កីឡាកាស ជាអ្វី?
កីឡាកាសជាការប្រកួតមួយដែលមើលទៅគួរឱ្យខ្លាចរន្ធត់ញាប់ញ័រ ពីព្រោះកីឡាករប្រកួតសុទ្ធតែមានទម្ងន់ធ្ងន់ សាច់ដុំធំៗ ពិសេសពេលខ្លះមានវាយដោយអាវុធគ្រប់ប្រភេទ ដូចជាកៅអី ដំបង ខ្សែលួសជាដើម។ នេះជាការបំភាន់ភ្នែកឱ្យភាន់ច្រឡំតែ ប៉ុណ្ណោះ។ តាមការពិតកីឡាកាសជាសិល្បៈមួយប្រភេទដែលគេរៀបចំសម្ដែង ដូចជាការសម្ដែងភាពយន្ដដូច្នោះដែរ។ ការប្រកួតមាន ការរៀបចំជាមុន ទាំងកីឡាករអាជ្ញាកណ្ដាល កាម៉េរ៉ា និងអ្នកកាន់ភ្លើង និយាយរួមសមាជិកទាំងអស់សុទ្ធតែបានដឹងមុននូវការប្រកួត និងការរៀបចំរួចជាស្រេច។ កីឡាកាសជានាទីកម្សាន្ដមួយដែលបង្កើតឡើងដោយមានអ្នកដឹកនាំរៀបចំការសម្ដែង។ កីឡាកាសកំពុង ជាទីពេញនិយមសម្រាប់បណ្ដាប្រទេសនៅអឺរ៉ុបអាមេរិក និងនៅអាស៊ី។
ប៉ុន្ដែទោះបីជាយ៉ាងណាក៏ពុំមានព័ត៌មានច្បាស់លាស់ណាមួយដែលបង្ហាញឱ្យដឹងថាកីឡាកាសនេះបង្កើតឡើងក្នុងឆ្នាំណា ហើយអ្នកណាជាអ្នកបង្កើតនោះឡើយ។ យើងគ្រាន់តែអាចដឹងបានថាកីឡានេះភាគច្រើនមាននៅអឺរ៉ុប អាមេរិក និងប្រទេសជប៉ុន។
សូមបញ្ជាក់ផងដែរថាកីឡាកាសនេះមិនមែនលេងបានតែបុរសប៉ុណ្ណោះទេ ស្ដ្រីក៏អាចលេងបានដែរ។
លក្ខខ័ណ្ឌនៃការប្រកួត
ថ្វីត្បិតតែកីឡាកាសជាការប្រកួតបែបសិល្បៈ ប៉ុន្ដែក៏មានលក្ខខ័ណ្ឌនៃការប្រកួតត្រឹមត្រូវដែរ។ គ្រាន់តែរាល់លក្ខខ័ណ្ឌ ទាំងនេះពុំសូវឃើញមានកីឡាករណាមួយគោរព និងអនុវត្ដតាមឡើយ។ នេះជាហេតុធ្វើឱ្យយើងមើលទៅឃើញមានភាពមិនប្រក្រតី រញ៉េរញ៉ៃក្នុងការប្រកួតម្ដងៗ។ ជាការពិត ការប្រកួតគេហាមមិនឱ្យមានអ្នកជួយ និងមិនឱ្យប្រើអាវុធ ដូចជាតុ កៅអី ដំបង និង ឧបករណ៍ផ្សេងៗនោះឡើយ។ ការប្រកួតហាមមិនឱ្យក្ដាប់ដៃវ៉ៃ មិនប្រើជង្គង់ កែងដៃ មិនឱ្យលេងខាំជាដើម ប៉ុន្ដែលក្ខខ័ណ្ឌទាំងនេះ ត្រូវកីឡាករមើលរំលង។
កីឡាសិល្បៈមួយនេះតម្រូវឱ្យកីឡាករប្រកួតដោយប្រើបាតដៃ កំភួនដៃ ដើមដៃ និងប្រើស្មា។ ផ្នែកជើងវិញកីឡាករអាច ប្រើភ្លៅ និងទាត់ដោយប្រអប់ជើង។ ទោះបីកីឡាកាសជាសិល្បៈសម្ដែងក៏មែនពិត ប៉ុន្ដែក៏តម្រូវឱ្យកីឡាករមានជំនាញច្បាស់លាស់ ទាំងការប្រកួត ការធ្វើទឹកមុខ និងចេះពីបច្ចេកទេសក្នុងការប្រកួត ឬការសម្ដែងនោះដែរ។ ប្រសិនបើកីឡាករមិនមានចំណេះដឹងផ្នែក នេះក៏មិនអាចធ្វើការសម្ដែងក្នុងការប្រកួតបានដែរ។
លក្ខណៈនៃការប្រកួត
ការប្រកួតកីឡាកាសមានលក្ខណៈច្រើនបែបដូចតទៅ ៖
- ប្រកួតទោល ៖ គឺជាការប្រកួតមួយទល់នឹងមួយ។ ពេលខ្លះឃើញមានប្រកួតដាក់ក្នុងទ្រុងដែកហើយចាក់សោរមិនអាច ឱ្យចេញបានរហូតដល់មានការឈ្នះចាញ់។
- ប្រកួតជាក្រុម ៖ គឺជាការប្រកួតពីរនាក់ទល់នឹងពីរនាក់ បីនាក់ទល់នឹងបីនាក់ ឬបួននាក់ទល់នឹងបួននាក់ជាដើម។ ថ្វីត្បិត តែការប្រកួតជាក្រុមក៏ពិតមែន តែក្នុងសង្វៀនប្រកួត គឺមួយទល់នឹងមួយ ដោយគ្រាន់តែប្ដូរគ្នាបាននៅពេលដែលដៃគូមកប៉ះដៃអ្នក នៅក្រៅសង្វៀន។ ប៉ុន្ដែអ្នកនៅខាងក្រៅសង្វៀនមិនមានសិទ្ធិចូលទៅប៉ះដៃអ្នកក្នុងសង្វៀនបានទេ។ ទាល់តែអ្នកកំពុងប្រកួតមកប៉ះ ដៃ ទើបមានសិទ្ធិប្ដូរចូលប្រកួតបាន។
- ការប្រកួតជម្រុះ ៖ គឺជាការប្រកួតលក្ខណៈចម្រុះមិនមែនជាក្រុម ដោយប្រកួតរហូតទាល់តែនៅសល់តែម្នាក់ចុងក្រោយ ជាអ្នកឈ្នះតែម្ដង។
ការទទួលជ័យជំនះ
ការប្រកួតរមែងមានការចាញ់ឈ្នះ។ ប៉ុន្ដែពេលខ្លះមិនមានការឈ្នះចាញ់នោះទេ ដោយសារអាជ្ញាកណ្ដាលលុបចោលការ ប្រកួតក្នុងករណីមិនប្រក្រតីណាមួយកើតឡើង ដូចជាមិនគោរពលក្ខន្ដិកៈនៃការប្រកួតជាដើម។ កីឡាករមួយរូបដែលអាចលើកដៃ ទទួលជ័យជំនះបានលុះត្រាតែ ៖
- យកឈ្នះលើគូប្រកួតដោយការសង្កត់លើដៃគូមិនឱ្យកម្រើកបាន គឺស្មា និងខ្នងរាបលើកម្រាលសង្វៀន ហើយអាជ្ញា កណ្ដាលរាប់ដល់បី។
- ឈ្នះមួយបែបទៀត ដោយសារដៃគូប្រកួតសុំចុះចាញ់។
- ក្នុងករណីគូប្រកួតមិនអាចងើបឡើងវិញបានទាំងពីរនាក់ អាជ្ញាកណ្ដាលរាប់ដល់ដប់ បើមានម្នាក់អាចងើបឈរបានអ្នកនោះជាអ្នកឈ្នះ។
- ប្រសិនបើកីឡាករណាម្នាក់ចុះពីលើសង្វៀនប្រកួត ហើយអាជ្ញាកណ្ដាលរាប់ដល់ដប់មិនព្រមងើបឡើងមកវិញ អាជ្ញាកណ្ដាលនឹងប្រកាសឱ្យអ្នកលើសង្វៀនជាអ្នកក្នុងការប្រកួតចម្រុះ កីឡាករណាម្នាក់ដែលអាចឈរលើសង្វៀនចុងក្រោយគេ អ្នកនោះជាអ្នកឈ្នះ។ ប៉ុន្ដែមានការ ប្រកួតចម្រុះមួយបែបទៀត ទោះបីជាមានកីឡាករនៅលើសង្វៀនច្រើនក៏ដោយ ប្រសិនបើមានកីឡាករណាម្នាក់សង្កត់លើកីឡាករ ម្នាក់ទៀត ហើយអាជ្ញាកណ្ដាលរាប់ដល់បី កីឡាករនោះជាអ្នកឈ្នះក្នុងការប្រកួតតែម្ដង។
បណ្ដាំផ្ញើអ្នកប្រឹក្សា
កីឡាកាសជាប្រភេទកីឡាសិល្បៈដែលសម្ដែងឡើងដើម្បីជាការកម្សាន្ដ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ សូមលោកអ្នក មេត្ដាកុំព្យាយាមធ្វើតាមឱ្យសោះ ព្រោះជាល្បែងមួយអាចគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតផងដែរ។ សូមលោកអ្នកកម្សាន្ដសប្បាយ ជាមួយការប្រកួតកីឡាកាស ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួន និងក្នុងគ្រួសារ តែមេត្ដាកុំប្រើថ្នាំញៀនដើម្បីឱ្យខ្លាំងដូចអ្នកកីឡាកាស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply