ភ័ព្វសំណាង​១២យ៉ាង​របស់ស្ដ្រី

ជាក្រឹត្យក្រម​ដែល​ធម្មជាតិ​តាក់តែង​មកឱ្យ ស្ដ្រីរស់​នៅមាន​ការកំណត់​សេរីភាព ព្រមទាំង​ការចេះ​សង្រួម​ឥរិយាបទ មាន ភារៈ​ជាច្រើន​ដែលបុរស​មិនអាច​ធ្វើបាន​រហូតដល់​មានអ្នកខ្លះ​ពោលថា កើតមក​ជាស្រី​ពិតជា​រងកម្ម​មែន មិន​អាចធ្វើអ្វី​តាម​ទំនើងចិត្ដ។ មានទស្សនៈ​ជាច្រើន​សូម្បីតែ​ស្ដ្រីខ្លួនឯង​ក៏យល់​ឃើញថា​ការកើត​មកជាមនុស្ស​ស្រីសែន​លំបាកខ្លាំង​ណាស់ ព្រោះត្រូវ​មានឈាមរដូវ ពពោះ មើល​ថែកូន ប្ដី​ផ្ទះសម្បែង​ជាដើម។ ផ្ទុយមកវិញ​មិនមែនអ្វីៗ​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះទេ ព្រោះស្ដ្រី​កើតមក​បានភ្ជាប់មក ជាមួយ​នូវភ័ព្វ​សំណាង​មួយចំនួន​ដែល​បុរសគ្មាន​វាសនាមាន ដោយ​មិនដឹងខ្លួន​ហើយមិន​ចាំបាច់​ចំណាយ​ពេល​ស្វែងរក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ចូលរួម​ចំណែក​អបអរទិវា​សិទ្ធិនារី​អន្ដរជាតិ​ថ្ងៃទី៨​ខែ​មិនា​ខាងមុខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយក ចំណុច និង​សិទ្ធិមួយ​ចំនួន​ដែលស្ដ្រី​មានសំណាង​ទទួលបាន​ដោយ​មិនបាច់​ប្រកួត​ប្រជែង។

1. ស្ដ្រីមាន​អាទិភាព ទោះនៅ​ទីណាក៏​ដោយ​សុភាព​បុរស​តែងពោលថា“សូមអញ្ជើញ​សុភាពនារី​មុន”នេះជា​ប្រយោគ ដែល​ផ្ដល់​កិត្ដិយស និង​តម្លៃដល់​មនុស្សស្រី​ដែលបុរស​ថ្លៃថ្នូរ​ទាំងឡាយ​មិនគួរភ្លេច។ ការ​ពោល​ប្រយោគ​នេះឡើង​ដោយ​ហេតុផល​ថា ស្ដ្រីត្រូវ​បាន​សង្គម​ចាត់ទុកថា​ជាភេទ​ទន់ខ្សោយ​គ្មានកម្លាំង​សម្រាប់​ការប្រកួត​ប្រជែង។ ព្រោះតែ​បែបនេះ​ហើយ ទើបពិភព​លោកផ្ដល់ សិទ្ធិ​ពិសេស​នេះសម្រាប់​ស្ដ្រី។

2. សំពត់ និង​អាវទ្រនាប់​ជាកម្មសិទ្ធិ​ផ្ដាច់មុខ​របស់ស្ដ្រី ទាំងពីរ​មុខនេះ​បើបុរស​ចង់ជ្រៀត​ជ្រែក​ក៏មិន​បានដែរ។ ទាំង សំពត់​វែង​សំពត់ខ្លី ឆែកមុខ​ឆែកក្រោយ បង្កើនភាព​សិចស៊ី​ស៊ីវិល័យ ដែល​ជាការ​តុបតែង​ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​ពីមនុស្ស​ផងទាំង ពួង ជាពិសេស​បុរស​ដែលគ្មាន​សិទ្ធិ​ស្លៀកសំពត់ និង​ពាក់អាវ​ទ្រនាប់ តែមាន​សិទ្ធិជួយ​ដោះវា​ចេញបាន។ ជាមួយគ្នា​នេះដែរ ស្ដ្រីអាច ស្លៀក​សម្លៀក​បំពាក់​មានភាព​បើកចំហ ដូចជាអាវ​វាលក វាលខ្នង អាវគ្មានខ្សែ អាវស្ដើង​ឃើញសាច់​ខាងក្នុង រ៉ូប ឈុតរាត្រី​បញ្ចេញ គល់ភ្លៅ​ដើមទ្រូង​យ៉ាង​ព្រហើន​តែបើ​បុរស​ហ៊ាន​ស្លៀកពាក់​បែបនេះ​ប្រាកដ​ជាត្រូវចាត់​ចូលក្នុង​ភេទទីបី​មិនខាន​ឡើយ កុំចង់​សាកឱ្យ សោះ។

3. ស្ដ្រីជាកម្ម​សិទ្ធិនៃ​សម្រស់ បុរសណា​ក៏លង់​សម្រស់ស្ដ្រី​ដូចពាក្យ​ដែលបាន​ពោលថា បុរសឈ្នះអស់សត្រូវនៅជុំវិញខ្លួនតែចាញ់តែមនុស្សស្រីម្នាក់ប៉ុណ្ណោះ។ ជាងនេះ​ទៀត​សម្រាប់​ភាសាអង់​គ្លេសថា Beautiful​ន័យថា​សម្រស់ ឬ​ស្រស់ស្អាត ប្រើបាន​ចំពោះ​តែមនុស្ស​ស្រីប៉ុណ្ណោះ ពុំមានភេទ​ណាមួយ​អាចដណ្ដើម​បានទេ។

4. អលង្កការ​ជាគ្រឿង​លំអសម្រាប់​ស្ដ្រីភាគ​ច្រើន គ្រឿង​អលង្កការ​ជាវត្ថុគូ​ជាមួយស្ដ្រី​ដែល​ពួកគេ​តែងតែ​ចាត់ទុកថា ជាវត្ថុ​អាចជួយ​បារមីរាសី និង​ភាព​ស្រស់ស្អាត។ ព្រោះ​តែដូច្នេះ​ហើយ ទើបគ្រប់​ស្ដ្រីទាំង​អស់ឱ្យ​តែមាន​លទ្ធភាព​តែងតែ​ស្រវាចង់​បាន គ្រឿង​អលង្កការ​ណាស់​រហូត​ដល់ស្ដ្រី​មួយចំនួន​បានពោលថា បើគ្មាន​គ្រឿង​អលង្កការ​លំអទេ មិនចេញ​ពីផ្ទះ​ដាច់ខាត។ ខណៈ​ពេលជា មួយគ្នា​នេះដែរ បុរស​មានឱកាស​ត្រឹមតែ​ទិញវត្ថុ​ទាំងនោះ​ប្រគល់ឱ្យ​ស្ដ្រីប៉ុណ្ណោះ មិនអាច​ពាក់ស្អេកស្កះ​ដូចស្ដ្រី​បានទេ បើហ៊ាន​ប្រាកដជា មាន​គេសើច ឬ​ថាវិកល​ចរិក​មិនខាន។

5. ស្ដ្រីអាច​តុបតែងមុខ​ឱ្យស្រស់ស្អាត សព្វថ្ងៃនេះ​ស្ដ្រីបាន​ក្លាយជា​វិចិត្រករ​លាបលំអ​តាក់តែងមុខ​របស់ខ្លួនតាម​បំណង ប្រាថ្នា។ ស្ដ្រីអាច​ឆ្លុះកញ្ចក់​នៅតាមទី​សាធារណៈ និង​ថែមពណ៌ ដើម្បី​ឱ្យបុរស​មើលទៅ​គួរឱ្យ​ស្រឡាញ់ តែបើ​បុរសចង់​ធ្វើតាម ប្រាកដ ជាត្រូវ​គេសើច​មិនខាន​ឡើយ។

6. ដុំខ្លាញ់​មួយគូ​លើដើមទ្រូង​ជារបស់ស្ដ្រី ដុំខ្លាញ់ ឬ​សុដន់មួយ​គូនេះថ្វី​ត្បិតតែអាច​នាំទុក្ខទោស​ឱ្យស្ដ្រី​ដោយ​ជម្ងឺ​តម្កាត់ ផ្សេងៗ​តែវា​ក៏ជួយ​ឱ្យស្ដ្រី​មានអារម្មណ៍ថា​ខ្លួននាង​កាន់តែគួរ​ឱ្យទាក់ទាញ បើសុដន់​របស់នាង​ក្រពុំក្បំ​នោះ។ ចុះបើ​បុរសមាន​ដុំខ្លាញ់នេះ នៅលើ​ដើមទ្រូង​វិញ តើពួកគេ​មានមន្ដ​ស្នេហ៍ទេ?

7. ស្ដ្រីមានអ្នក​សុំជូនដំណើរ មិនមាន​បុរសណា​ដែលមិន​រីករាយ​នៅពេល​ដែល​បានស្រី​ស្រស់ស្អាត​មកអង្គុយ​កៀកក្នុង រថយន្ដ​នោះទេ។ ហេតុនេះ​ហើយ​បុរសមិន​ខុសពីអ្នក​បើកឡាន​ចាំស្ម័គ្រ​ដោយ​រីករាយ​ជូនចៅ​ហ្វាយ​ស្រីដ៏ស្អាត​ដែរ ព្រោះវា​ធ្វើឱ្យ​គេមាន មោទនភាព​ជាខ្លាំង។

8. ស្ដ្រី និង​ស្ដ្រីគ្មានបញ្ហា មិត្ដភាព​រវាងស្ដ្រី និង​ស្ដ្រីនៅតាម​ទីសាធាណៈ ទោះបីកាន់ដៃ កៀកក ឬ​អោបស្មា​ក៏ត្រូវ​គេគិត ថាមិន​មានបញ្ហាទេ។ ផ្ទុយ​ទៅវិញ​បើបុរស​ហ៊ានធ្វើ​បែបនេះ​ប្រាកដជា​ត្រូវគេចោទ​ថាស្រឡាញ់​ភេទដូច​គ្នាមិន​ខានឡើយ។

9. ស្ដ្រីគ្មាន​កំហុស ការនិយាយ​ខ្សឹបខ្សៀវ​ប៉ប៉ាច់​ប៉ប៉ោច​ជារឿង​ធម្មតា​របស់ស្ដ្រី និង​កាន់តែធ្វើ​ឱ្យ​ពកនាង​មានទំនាក់​ទំនង​ទ្វេឡើង។ ជាមួយ​គ្នានេះ​ផងដែរ បើបុរស​ចេះនិយាយ​អេចអូច​ដូចស្រីៗ​វិញ ប្រាកដ​ជាត្រូវ​សើច​រហែកមាត់​មិនខាន​ឡើយ ហើយ​ពួកគេ មិន​សមលក្ខណៈ​ជាប្រុស​ទៀតផង។ ក្នុង​ករណី​ដែលមាន​ជម្លោះ​ប្រកែក​គ្នាជាមួយ​បុរស ស្ដ្រីភាគ​ច្រើន​ត្រូវគេចាត់​ទុកថា​ជាអ្នក​គ្មានកំ ហុស ឬ​ជាអ្នក​ដែល​ទទួលរង​ការរំលោភ​បំពាន​ពីបុរស​ទៅវិញ។ ព្រោះ​លក្ខណៈ​គួរឱ្យ​ស្រឡាញ់ និង​អាណិត​របស់ស្ដ្រី​ត្រូវបាន​គេមើល ឃើញថា​ពួកនាង​ជាមនុស្សល្អ ថ្វីបើ​ករណីខ្លះ​នាងជាអ្នក​ខុសពេញទី​ក៏ដោយ។

10. ស្ដ្រីជាអ្នក​ចាំទទួល ជារឿង​ធម្មតា​ទៅហើយ​ដែលស្ដ្រី​បានទទួល​អំណោយ​ផ្សេងៗ ដូចជា​វត្ថុ​អនុស្សវរីយ៍ វត្ថុ​បញ្ញើរ​សំបុត្រកុន​តម្លៃ​អាហារ​ភេសជ្ជៈ វត្ថុបញ្ចាំចិត្ដ បណ្ដាការ ឬ​ជំនូនផ្សេងៗ​ដែលបុរស​ខំចំណាយ​លុយឥត​ស្ដាយ​មកទិញ​ផ្គាប់ចិត្ដ​ស្ដ្រី។ ក្រៅពីនេះ បុរស​ថែមទាំង​យកចិត្ដ​ទុកដាក់​ការពារ​ស្ដ្រីមិនរារែក​ទៀតផង។ រីឯវត្ថុ​ដែលត្រូវ​តបស្នង​ទៅបុរសវិញ គ្មានអ្វី​ក្រៅពី​បេះដូង បរិសុទ្ធ​មួយ​ប៉ុណ្ណោះ។

11. ទឹកភ្នែក​ស្ដ្រីមាន​ឥទ្ធិពល គ្រប់តំណក់​នៃទឹក​ភ្នែកស្ដ្រី​អាចធ្វើ​ឱ្យបុរស​ហ៊ាន​លះបង់អ្វីៗ​គ្រប់យ៉ាង​ដើម្បីនាង ដោយ មិនចាំបាច់​និយាយ​ច្រើននាំតែ​អស់ទឹកមាត់​នោះទេ។ ទឹកភ្នែកស្ដ្រី​អាចរំលាយ​ភ្នំមួយបាន​ដោយមិន​ចាំបាច់​ប្រើកម្លាំង​កាយបន្ដិច​ឡើយ។

12. ស្ដ្រីអាច​មានសិទ្ធិ​សម្រាក​មាតុភាព​រយៈ​ពេល៣ខែ ស្ដ្រីត្រូវ​ពពោះ​អស់រយៈ​ពេល៩​ខែ១០ថ្ងៃ។ ដោយមាន​ការរួម ចំណែក​ពីបុរស​ទើបសង្គម​បើកឱកាស​ឱ្យស្ដ្រី​អាចឈប់​សម្រាកពី​ការងារ​ចំនួនបីខែ​ក្នុងពេល​សម្រាលកូន។ ស្ដ្រីមាន​សិទ្ធិ​ពេញ​លេញ សម្រាប់​ពេល​សម្រាក​នេះនៅ​ពេលណា​មួយដែល​នាង​ពេញចិត្ដ​ក្នុងឱកាស​សម្រាលកូន​ដោយបាន​ទទួល​ប្រាក់​បៀវត្សរ៍ ឬ​ប្រាក់កម្រៃ ទៀតផង។ មិន​មានស្ថាប័ន​ការងារ​ណាមួយ​ដែលអាច​រំលោភបំពាន​សិទ្ធិនេះ​បានទេ។

ចំណុច​ដែលលើក​មកជម្រាប​ជូនខាង​លើនេះ​គ្រាន់តែ​ចំនួនខ្លះ​ប៉ុណ្ណោះ នៅមាន​ចំនួនច្រើន​ទៀតដែល​ជាសំណាង​របស់​មនុស្ស ស្ដ្រី​ដោយមិន​និយាយពី​ទិវាសិទ្ធិនារី​ដែលមាន​តែនារី​ហើយ​បុរសគ្មាន។ បើគ្មាននារី និង​គ្មាន​សិទ្ធិនារី ក៏គ្មាន​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ ដែល​បុរសអាច​សម្រាក​ជាមួយ​ដែរនោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *