ការកើនទ្បើងដ៏ច្រើននៃចំនួនយានយន្ដនៅក្នុងទីក្រុងភ្នំពេញបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស។ ទន្ទឹមនោះការពុលខ្យល់ក៏មានសន្ទុះកើនទ្បើងដែលធ្វីឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ទៅវិញដែរ។ នៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ មិនថាពេលណា ជាពេលណាទេ យើងសង្កេតឃើញថាការកកស្ទះយានយន្ដមានស្ទើរគ្រប់ផ្លូវទាំងអស់។ ការកកស្ទះពិតជាអាចបង្កផលវិបាកយ៉ាងធ្ងន់ ធ្ងរណាស់សម្រាប់បរិស្ថានរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ។
អង្គការសុខភាពពិភពលោកបានធ្វើការប៉ាន់ស្មាននូវចំនួនអ្នកស្លាប់ប្រចាំឆ្នាំប្រមាណ៨០ម៉ឺននាក់ដោយសារការរងនូវការបំពុលខ្យល់ក្នុងទីក្រុង ក្នុងនោះប្រមាណជា៥០ម៉ឺននាក់ជាប្រជាពលរដ្ឋក្នុងតំបន់អាស៊ី។ សូមមិត្ដអ្នកអានទាំងអស់ស្វែងយល់ជាមួយ ទស្សនាវដ្ដី សុខភាពយើងតាមរយៈការបកស្រាយរបស់លោក ហេង ណារ៉េត ប្រធាននាយកដ្ឋានគ្រប់គ្រងការបំពុលបរិស្ថាននៃ ក្រសួងបរិស្ថានស្ដីអំពីការបំពុលបរិស្ថានដោយផ្សែងយានយន្ដ។
ផ្សែងយានយន្ដជាផ្សែងពុល
គ្រប់យានយន្ដទាំងអស់ដែលប្រើប្រាស់សាំង ម៉ាស៊ូត ឧស្ម័នធម្មជាតិ ឬផលិតផលឥន្ធនៈដ៏ទៃទៀតអាចដំណើរការទៅបាន ដោយសារចំហេះនៃប្រេងឥន្ធនៈទាំងនោះនៅក្នុងផ្នែកនៃម៉ាស៊ីន។ ចំណែកឯការបញ្ចេញនូវឧស្ម័នពុលច្រើន ឬតិចចូលទៅក្នុងខ្យល់ គឺ អាស្រ័យទៅលើការប្រើប្រាស់ប្រភេទ ឬគុណភាពរបស់ប្រេងឥន្ធនៈ និងបច្ចេកវិជ្ជាគ្រឿងយន្ដ។ ឧទាហរណ៍យានយន្ដដែលប្រើប្រាស់ ប្រេងសាំងមានគំរូសារធាតុបំពុលផ្សេងខុសពីយានយន្ដដែលប្រើម៉ាស៊ូត។ ចំពោះចំហេះម៉ាស៊ីនពីរបានបញ្ចេញប្រេងរំអិលច្រើនជាង រថយន្ដដែលមានចំហេះម៉ាស៊ីនបួន។
ការបំពុលខ្យល់នៅតាមទីក្រុងអាចបណ្ដាលមកពីប្រភពផ្សេងៗគ្នា ដូចជាប្រភពចល័ត និងប្រភពអចល័ត។ ប្រភពចល័តរួម មានយានយន្ដ និងមធ្យោបាយធ្វើដំណើរផ្សេងៗដែលប្រើប្រាស់ដោយគ្រឿងម៉ាស៊ីន។ ប្រភពអចល័តមានរោងចក្រសហគ្រាស និងប្រ ភពចេញមកពីការដុតសម្រាម។ល។ នៅទីក្រុង ប្រភពចល័តបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពុលខ្យល់ ជាពិសេសភាគល្អិតតូច ដែលអណ្ដែតក្នុងខ្យល់ កាបូនម៉ូណូអុកស៊ីត នីដ្រូសែនអុកស៊ីត សារធាតុទាំងអស់នេះហើយដែលជានិច្ចជាកាលមិនឆ្លើយតបទៅនឹង ស្ដង់ដាគុណភាពរបស់ខ្យល់។
ផ្សែងពុលបំផ្លាញបរិស្ថាន
ផ្សែងពុលយានយន្ដមានសារធាតុផ្សំជាច្រើន ដូចជាភាគល្អិតតូចៗនៃលម្អងផ្សែងធូលីដែលបង្កើតជាភាគល្អិតអណ្ដែតក្នុង ខ្យល់។ នៅពេលដែលខ្យល់បញ្ចេញមកក្រៅ ធ្វើឱ្យប៉ះពាល់ដល់បរិសា្ថនរស់នៅ។
- សារធាតុនីដ្រូសែនអុកស៊ីត ៖ សារធាតុនេះបានរួមចំណែកដល់ការបង្កើតឱ្យមាននូវទឹកភ្លៀងដែលបំផ្លាញដល់រុក្ខជាតិនៅ តំបន់ខ្ពង់រាប និងធ្វើឱ្យកើនទ្បើងជាតិអាស៊ីតនៅក្នុងបឹងទន្លេហើយដែលបង្កគ្រោះថ្នាក់ដល់ជីវចម្រុះរស់នៅក្នុងទឹក។ ការបញ្ចេញ ឧស្ម័ននីដ្រូសែនអុកស៊ីតអាចជាចំណែកដល់ការកើនទ្បើងកម្រិតភាគល្អិតតូចៗដោយការបម្លែងទៅជាអាស៊ីតនីទ្រីតនៅក្នុងបរិយាកាសនិងបង្កើតជាភាគល្អិតនីត្រាត។
- សារធាតុអូសូន ៖ សារធាតុនេះត្រូវបានគេទទួលស្គាល់ថាមានឥទ្ធិពលមិនល្អចំពោះបរិស្ថាន រួមមានធ្វើឱ្យទិន្នផលដំណាំ (បន្លែផ្លែឈើ) និងព្រៃឈើដែលមានលក្ខណៈសេដ្ឋកិច្ច(ប្រព័ន្ធអេកូស៊ីទ្បូស៊ី និងរុក្ខជាតិ)ជះឥទ្ធិពលទៅលើស្មៅ ផ្កា និងដើមឈើលម្អ នៅតាមទីក្រុងបន្ថយទិន្នផលឈើដែលផ្ដល់គ្រាប់ និងធ្វើឱ្យកាន់តែមានភាពងាយ និងទទួលយករបស់រុក្ខជាតិនូវការបំផ្លាញពីសត្វល្អិត ចង្រៃ។
- សារធាតុសំណ ៖ សំណដែលអណ្ដែតក្នុងបរិយាកាសអាចធ្លាក់មកលើដី និងទឹក។ ដូចនេះសំណអាចទៅដល់មនុស្សតាម ចង្វាក់ចំណីអាហារ និងតាមរយៈការទទួលទានទឹក។
ផ្សែងពុលបំផ្លាញសុខភាព
យោងតាមការស្រាវជ្រាវដែលបានធ្វើទ្បើងនៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងការទទួលរងនៃការបំពុលខ្យល់ និងបញ្ហាសុខភាព មានដូចជាជម្ងឺសរសៃឈាមបេះដូង ជម្ងឺហឺត ជម្ងឺរលាកផ្លូវដង្ហើមផ្សេងៗ ទៀតជាដើម។
- កាបូនម៉ូណូអុកស៊ីត ៖ ជាប្រភេទឧស្ម័នគ្មានក្លិន គ្មានរូបរាងមើលមិនឃើញ។ វាអាចរារាំង ឬបង្អាក់ការធ្វើដំណើររបស់អុកស៊ីសែនដែលស្រូបចូលទៅក្នុងឈាម។ កម្រិតនៃការស្រូបយកកាបូនម៉ូណូអុកស៊ីតក្នុងបរិមាណដ៏តិចតួចត្រឹមតែ១០០ផផម (មាន ន័យថា ១០០ភាគនៃកាបូនម៉ូណូអ៊ីតក្នុងភាគលាននៃខ្យល់)ក៏អាចធ្វើឱ្យមនុស្សមានអារម្មណ៍ស្ពឹកស្រពន់ ងងុយដេក និងធ្វើឱ្យមានការ ចុះខ្សោយដល់ភាពរហ័សរហួនខាងស្មារតី។ ក្នុងករណីដែលស្រូបយកក្នុងបរិមាណច្រើន អាចធ្វើឱ្យសន្លប់បាត់ស្មារតី ជួនកាលអាច បណ្ដាលឱ្យស្លាប់ក៏អាចមាន។ ស្ដ្រីមានផ្ទៃពោះ និងអ្នកដែលមានជម្ងឺបេះដូងជាអ្នកដែលប្រឈមមុខច្រើនជាងគេ ព្រោះភាពដូចគ្នានៃ គ្រាប់ឈាមក្រហមមាន២០០ដងសម្រាប់កាបូនម៉ូណូអុកស៊ីត និងអុកស៊ីសែនច្រើនជាងមនុស្សធម្មតា។
- នីដ្រូសែនអុកស៊ីត ៖ ជាប្រភេទឧស្ម័នមានពណ៌ត្នោត និងមានក្លិនឈ្លក់ វាមានការទាក់ទងយ៉ាងច្រើន និងបញ្ហាបរិស្ថាន ដែលផ្ដល់ផលអាក្រក់ដល់សុខុមាលភាពរបស់មនុស្សទៅលើប្រព័ន្ធដកដង្ហើម។ តាមការសិក្សាបានបង្ហាញថាទោះបីស្រូបយកនីដ្រូសែន អុកស៊ីតក្នុងរយៈពេលខ្លីក៏មានផលអាក្រក់ដល់ការដកដង្ហើម ដូចជាជម្ងឺក្អក ហៀរសំបោរ ឈឺបំពង់កជាដើម។
- អូសូន ៖ ជាប្រភេទឧស្ម័នគ្មានពណ៌មានក្លិនឆួល វាកើតចេញពីប្រតិកម្មរវាងអាសូតឌីអុកស៊ីតជាមួយពពួកអ៊ីដ្រូកាបួប្រ ហើរ និងកម្ដៅ ឬពន្លឺព្រះអាទិត្យ។ នៅពេលដែលយើងស្រូបយកអូសូន អាចបណ្ដាលឱ្យមានបញ្ហាប្រព័ន្ធដកដង្ហើមធ្ងន់ធ្ងរ ដូចជា ជម្ងឺហឺត ឈឺចុកចាប់ក្នុងទ្រូង ជម្ងឺក្អក រលាកសួតជាដើម និងធ្វើឱ្យថយចុះប្រព័ន្ធភាពស៊ាំការពាររាងកាយដែលធ្វើឱ្យយើងងាយទទួល រងនូវជម្ងឺផ្លូវដង្ហើម ជាពិសេសចំពោះកុមារ និងមនុស្សចាស់។
- អ៊ីដ្រូកាបួរ ៖ គឺជាភាគល្អិតតូចៗនៃចំហេះមិនសព្វរបស់ប្រេងឥន្ធនៈ។ ជាទូទៅវាមានក្លិនដែលមិនគួរឱ្យពេញចិត្ដ មានសារធាតុគីមីមួយចំនួនដែលភ្ជាប់សម្ព័ន្ធជាមួយអ៊ីដ្រូកាបួរ។ ហើយវាបង្កឱ្យរោលរលាកដល់ភ្នែក និងបំពង់ក នៅពេលខ្លះអាចបង្កជា ជម្ងឺមហារីកទៀតផង។
- សំណ ៖ វាមានឥទ្ធិពលលើសរីរាង្គ ដូចជាធ្វើឱ្យប្រែប្រួលនៃកោសិកាតូចៗ ប៉ះពាល់ការអភិវឌ្ឍន៍សរសៃប្រសាទ ប្រែប្រួលភាពរហ័សរហួនខាងស្មារតី ធ្វើឱ្យចុះថយតួនាទីរបស់តម្រងនោមជាដើម។
- ស្ពាន់ធ័រឌីអុកស៊ីត ៖ ជាប្រភេទឧស្ម័នគ្មានពណ៌ ប៉ុន្ដែមានក្លិនឆួលខ្លាំងប៉ះពាល់ដល់ផ្លូវដង្ហើម។ នៅពេលដែលស្រូបចូល ទៅច្រើនអាចបណ្ដាលឱ្យកើតជម្ងឺផ្ដាសាយ ក្អក និងជម្ងឺសួត ជាពិសេសចំពោះកូនក្មេង និងមនុស្សចាស់។ ឧស្ម័នប្រភេទនេះច្រើនបញ្ចេញពីយានយន្ដដែលប្រើប្រេងម៉ាសូត ជាពិសេសនៅពេលស្ទះចរាចររថយន្ដតាមដងផ្លូវសាធារណ។
ដំណោះស្រាយលើការបំពុលដោយយានយន្ដ
ដើម្បីដោះស្រាយបញ្ហានេះបានទាល់តែយើងទាំងអស់គ្នារួមគ្នាទើបបានសម្រេច ព្រោះទាក់ទងទៅនិងកត្ដាមួយចំនួន។
- ការធ្វើឱ្យប្រសើរទ្បើងនូវកម្រិតកំណត់ស្ដង់ដារនៃការបញ្ចេញឧស្ម័ន និងបច្ចេកវិជ្ជា
- កែលម្អការត្រួតពិនិត្យធ្វើអធិការកិច្ច និងការថែទាំយានយន្ដ
- ប្រើប្រាស់ប្រេងដែលមានគុណភាពល្អ
- ធ្វើឱ្យប្រសើរទ្បើងនូវផែនការដឹកជញ្ជូន និងការគ្រប់គ្រងចរាចរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply