ឆ្នាំនេះជាខួបលើកទី៩៧ដែលពិភពលោកទាំងមូលបានផ្ដល់តម្លៃឱ្យស្ដ្រីតាមរយៈការក្រោកឡើងតស៊ូដើម្បីរំលឹកពីការតស៊ូ របស់នារីពលករទូទៅ។ ពិភពលោកទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដន៍សិទ្ធិស្មើរវាងបុរស និងនារី។ ពីមួយឆ្នាំ ទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងអង្គការក្រៅរដ្ឋាភិបាល រៀបចំអបអរសាទរទិវានារីអន្ដរជាតិដើម្បីរំលឹកការតស៊ូរបស់នារីទូទាំងពិភពលោកក្នុងការទាមទារឱ្យសង្គមទទួលសា្គល់សិទ្ធិស្មើភាពរវាងស្ដ្រី និងបុរសនៅក្នុងគ្រប់វិស័យ និងយកមកផ្សព្វផ្សាយជូនសាធារណៈជនដើម្បីបំផុសឱ្យសង្គមចាប់អារម្មណ៍ និងផ្លាស់ប្ដូរទស្សនៈថាស្ដ្រី និងបុរសអាចទទួលបានសិទ្ធិ ស្មើគ្នា និងការប្រើសិទ្ធិប្រកបដោយភាពយុត្ដិធម៌ដើម្បីទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ទម្រង់នៃការរើសអើងទៅ លើស្ដ្រីដែលកំពុងប្រឈមមុខនៅក្នុងសង្គម។
ទស្សនាវដ្ដី សុខភាពយើង សូមចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិនៅថ្ងៃទី៨មីនានេះ ដោយសូមញំនាំប្រសាសន៍ របស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ស្ដីពីយុទ្ធសាស្ដ្រចម្បងមួយចំនួនដែលក្រសួងគ្រោងអនុវត្ដន៍ ឆ្នាំ២០០៧។ យុទ្ធសាស្ដ្រចម្បងដែលបានរៀបចំនោះរួមមានដូចតទៅនេះ។
1. ពង្រឹងសកម្មភាពវិស័យអប់រំ ៖ ក្នុងរយៈពេលកន្លងមក ក្រសួងកិច្ចការនារីបានចូលរួមអនុវត្ដ្ដន៍សកម្មភាពជាមួយក្រសួងអប់រំសំដៅជំរុញគោលនយោបាយ អប់រំសម្រាប់ទាំងអស់គ្នា របស់រាជរដ្ឋាភិបាលទទួលបានសេចក្ដីសម្រេចនៅក្នុងឆ្នាំ២០១៥តាមការគ្រោងទុកក្នុងគោលដៅអភិវឌ្ឍន៍សហវឌ្ឍន៍ (មានន័យថាក្មេងប្រុស និងក្មេងស្រីអាចទទួលការអប់រំ រៀនសូត្រដូចគ្នា)។
2. បញ្ហាជម្ងឺអេដស៍ ៖ ថ្វីបើតាមតួលេខរបស់អាជ្ញាធរជាតិប្រឆាំងជម្ងឺអេដស៍បានបញ្ជាក់ថា ជម្ងឺអេដស៍នៅកម្ពុជាបានធ្លាក់ ចុះក៏ប៉ុន្ដែបើយើងពិនិត្យមើលចំណុចតូចៗវិញនោះ យើងនឹងឃើញថាសមាសភាគមួយមិនមានអត្រាធ្លាក់ចុះ គឺការរងគ្រោះរបស់ស្ដ្រី មេផ្ទះពីជម្ងឺអេដស៍។ ពីមួយឆ្នាំទៅមួយឆ្នាំ ស្ដ្រីមេផ្ទះយ៉ាងច្រើនបានទទួលរងគ្រោះនូវជម្ងឺអេដស៍ ដោយស្វាមីរបស់ខ្លួនដែលមិនបានការពារខ្លួនគាត់(មិនបានប្រើស្រោមអនាម័យ និងមិនទទួលស្គាល់អំពីការប្រព្រឹត្ដនៅក្រៅផ្ទះរបស់ខ្លួន)។ នេះជាបញ្ហាចម្បងដែលក្រសួងកិច្ចការនារីកំពុងតែសហការជាមួយនឹងដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ដ្រកាត់បន្ថយភាពរងគ្រោះ របស់ស្ដ្រីមេផ្ទះ។
3. យុទ្ធនាការផ្សព្វផ្សាយពីបញ្ហាសុខភាព ៖ សំដៅកាត់បន្ថយមរណភាពមាតា និងទារក ក្រសួងកិច្ចការនារីបានរៀបចំយុទ្ធនាការផ្សព្វផ្សាយទៅដល់ភូមិនៅលើផ្នែកសុខភាពបន្ដពូជ អាហារូបត្ថម្ភ និងអនាម័យ ដែលជាកត្ដាសំខាន់ដើម្បីធានាសុខុមាល ភាពក្នុងគ្រួសារជាពិសេសកូនៗរបស់ពួកគេ។
4. ទប់ស្កាត់គ្រប់រូបភាពនៃអំពើហិង្សា ៖ ដើម្បីបង្កើនវប្បធម៌សន្ដិភាពនៅក្នុងសង្គម សង្គមត្រូវចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងទប់ស្កាត់ហិង្សាគ្រប់រូបភាពទៅលើស្ដ្រី។ ហេតុនេះហើយក្រសួងកិច្ចការនារីបានរៀបចំជាមួយនឹងក្រសួងដៃគូនិងអង្គការក្រៅរដ្ឋាភិបាលនូវផែនការសកម្មភាពទប់ស្កាត់អំពើហិង្សាលើកុមារ និងស្ដ្រី រួមមានការជួញដូរ ការរំលោភសេពសន្ថវៈ និងការចែកចាយដោយសេរីនៃវីដេអូអាសអាភាសជាដើម។ ជាពិសេស ជំរុញឱ្យមានយុត្ដិធម៌ក្នុងសង្គមតាមរយៈការដាក់ទោសទៅលើជនល្មើសទៅតាមនិតិវិធីច្បាប់ដោយមិនមានការសម្រួល ឬដកពាក្យបណ្ដឹង ហើយរួចខ្លួននោះទេ។
5. បង្កើនសម្លេងស្ដ្រី ៖ ដោយមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតតំណាងរាស្ដ្រ ក្នុងឆ្នាំ២០០៧ និង២០០៨ខាងមុខ ក្រសួងកិច្ចការនារីបានតស៊ូមតិជាមួយគណៈបក្សនយោបាយ និងក្នុងរាជរដ្ឋាភិបាល សូមឱ្យមានគោលនយោបាយលើកទឹកចិត្ដស្ដ្រីឱ្យចូលរួមឱ្យបានច្រើនក្នុងការបោះឆ្នោះ និងជំរុញឱ្យមានការឈរឈ្មោះរបស់ស្ដ្រី នៅក្នុងលំដាប់ថ្នាក់លេខរៀងខ្ពស់ នៃតារាងឈរឈ្មោះបោះឆ្នោតរបស់គណៈបក្ស។
បន្ថែមទៅលើយុទ្ធសាស្ដ្រចម្បងខាងលើ ក្រសួងកិច្ចការនារីក៏មានការងារផ្សេងច្រើនទៀតដែលជួយជំរុញការអនុវត្ដគោលដៅសមភាពយេនឌ័រដែលចែងនៅក្នុងរដ្ឋធម្មនុញ ច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ថាស្ដ្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និង សង្គមជាតិ។ ក្រសួងកិច្ចការនារីសង្ឃឹមថាសង្គមទាំងមូលដែលមានបុរស និងស្ដ្រីនឹងជួយគាំទ្រគោលដៅនេះ និងចាប់ផ្ដើមអនុវត្ដន៍ សកម្មភាពជាក់ស្ដែងបង្ហាញនៅលើទង្វើពិតប្រាកដដើម្បីលើកស្ទួយស្ដ្រីដូចឃ្លាមួយដែលថា “កុំតែនិយាយ គឺត្រូវមានសកម្មភាព”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply