ភាពគ្រប់គ្រាន់នូវលក្ខណៈសម្បត្ដិរបស់មនុស្សពុំមែនបានមកដោយឯងៗនោះទេ មនុស្សចាំបាច់ត្រូវខិតខំស្វះស្វែងរកដើម្បី បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃ។ គ្រប់ព្រឹត្ដិការណ៍ រឿងរ៉ាវដែលកើតមានឡើងជុំវិញខ្លួនយើង មិនអាចឱ្យយើងចងចាំបានទាំងស្រុង នោះទេ គង់រមែងមានចំណុចណាមួយដែលលោកអ្នកភ្លេចហើយក៏គ្មានការចាប់អារម្មណ៍ដែរ។ ការភ្លេចច្រើន ភ័ន្ដច្រឡំ មិនច្បាស់ លាស់ មិនប្រាកដ មិនប្រក្រតី ឬការចងចាំមិនបានល្អ ទាំងនេះហើយដែលហៅថាវង្វេងវង្វាន់នោះ។
លោកសាស្ដ្រាចារ្យ ផាន់ ចាន់ពៅ អនុប្រធានសមាគមចិត្ដវិទ្យាកម្ពុជា នឹងស្រាយបំភ្ល្លឺអំពីបញ្ហាវង្វេងដែលកើតមានលើ មនុស្សវ័យកណ្ដាលជូនមិត្ដអ្នកអានឱ្យបានជ្រាប និងជាបទពិសោធន៍តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្នកដែលឧស្សាហ៍វង្វេង
ការវង្វេងច្រើនកើតមានឡើងលើមនុស្សគ្រប់រូបដែលមានបន្ទុកការងារច្រើន អ្នកដែលមានការទទួលខុសត្រូវកិច្ចការច្រើន ឬដែលយើងតែងហៅថាអ្នកដែលមានកិច្ចការមួយរយជំពូកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការលំហែ ឬដោះស្រាយបញ្ហាមួយៗឱ្យ ជ្រះស្រឡះ។ ម្យ៉ាងទៀតក៏អាចកើតមានចំពោះលោកអ្នកដែលធ្លាប់មានបញ្ហា ឬវិបត្ដិផ្លូវចិត្ដច្រើន។
មូលហេតុនាំឱ្យវង្វេង
វង្វេងវង្វាន់មិនមែនជាបញ្ហាដែលកើតមានតែមួយថ្ងៃនោះទេ ផ្ទុយទៅវិញវាជារឿងដែលគួរឱ្យព្រួយបារម្ភ និងដែលមាន គ្រោះថ្នាក់បំផុត។ មានមូលហេតុច្រើនយ៉ាងដែលអាចធ្វើឱ្យលោកអ្នកមានបញ្ហាវង្វេងវង្វាន់កើតឡើង។
- បណ្ដាលមកពីការមានបន្ទុក និងការទទួលខុសត្រូវច្រើននៅក្នុងគ្រួសារ និងក្នុងសង្គម(សម្ពាធការងារ)
- បណ្ដាលមកពីកង្វះអាហារូបត្ថម្ភ ទទួលទានមិនគ្រប់គ្រាន់ ឬទទួលទានអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់
- ការទទួលដំណេកមិនគ្រប់គ្រាន់ក៏ជាមូលហេតុធ្វើឱ្យមានបញ្ហាវង្វេងវង្វាន់ដែរ
- ក្រៅពីបីចំណុចដែលបានជម្រាបជូនមកនេះក៏នៅមានកត្ដាជាច្រើនទៀតដែលនាំឱ្យមានបញ្ហាវង្វេងវង្វាន់នេះកើតឡើង ដូចជាការគិតច្រើន ការធ្លាប់មានបញ្ហាផ្លូវចិត្ដ ការប៉ះទង្គិចជាមួយបញ្ហា ឬស្ថានភាពផ្សេងៗទៀតជាច្រើនផងដែរជាដើម។
ផលប៉ះពាល់នៃការវង្វេង
មិនអាចចៀសផុតពីបញ្ហាបានឡើយប្រសិនបើលោកអ្នកមានការវង្វេងវង្វាន់។ មានផលប៉ះពាល់ច្រើនប្រការណាស់ដែល នឹងកើតមាន ដូចជាមានឧបសគ្គក្នុងការងារ ធ្វើឱ្យលោកអ្នកមានការខ្វាយខ្វល់ច្រើន ប៉ះទង្គិចទៅលើបញ្ហាផ្លូវចិត្ដ គ្រប់គ្រងអារម្មណ៍ មិនបានល្អជាដើម និងរហូតធ្វើឱ្យលោកអ្នកក្លាយទៅជាមនុស្សបាត់បង់ការចងចាំថែមទៀតផង។ បន្ដិចម្ដងៗ ប្រសិនបើលោកអ្នកពុំ បានព្យាបាល ឬបែងចែកការងារ និងធ្វើចំណាត់ថ្នាក់ការងារឱ្យបានច្បាស់លាស់នោះទេ លោកអ្នកអាចប្រឈមមុខនឹងការកើតមាន បញ្ហាផ្លូវចិត្ដធ្ងន់ធ្ងរដែលពិបាកនឹងព្យាបាល។
ប្រការគួរប្រតិបត្ដិដើម្បីទប់ទល់ការវង្វេងវង្វាន់
គ្រប់យ៉ាងដែលកើតឡើង ឬបម្រុងនឹងកើតឡើងសុទ្ធតែមានមូលហេតុ កម្រមានអ្វីដែលកើតឡើងដោយឯកឯងនោះ ណាស់។ ដើម្បីបញ្ចៀសពីបញ្ហាវង្វេងវង្វាន់នេះ សូមលោកអ្នកប្រតិបត្ដិតាមប្រការចាំបាច់មួយចំនួន។
- រៀបចំគំនិត និងគិតដោយសន្សឹមៗ ម្ដងមួយៗទៅតាមដំណាក់កាលនៃបញ្ហា
- បែងចែកពេលវេលា និងបញ្ហាឱ្យបានច្បាស់លាស់ និងត្រឹមត្រូវទៅតាមអត្ថិភាពការងារ
- លោកអ្នកគួរទទួលទានអាហារ និងទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
- អ្នកដែលមានបញ្ហាវង្វេងវង្វាន់នេះគួរតែត្រូវបានការយកចិត្ដទុកដាក់ឱ្យបានទ្វេដងពីមនុស្សដែលនៅជុំវិញ ព្រមទាំងជួយ ចែករំលែកការងារដូចជាជួយរកដំណោះស្រាយជាដើម
- ត្រូវចេះចែករំលែកការងាររបស់ខ្លួនឱ្យដល់អ្នកដទៃ និងទុកឱកាសឱ្យអ្នកដទៃធ្វើកិច្ចការ ឬដោះស្រាយបញ្ហាជំនួសខ្លះផង
- ត្រូវចេះបន្ធូរការងារកុំធ្វើឱ្យកិច្ចការនោះក្លាយជាបញ្ហាស្មុគស្មាញសម្រាប់លោកអ្នក។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកមេត្ដាចេះជួយខ្លួនឯង មិនត្រូវពឹងពាក់អ្នកដទៃឱ្យជួយដោះស្រាយបញ្ហានោះទេ លោកអ្នកត្រូវចេះបែងចែក កាលវិភាគ បែងចែកពេលវេលា និងការងារឱ្យច្បាស់លាស់។ ប្រសិនបើលោកអ្នកមានបញ្ហាវង្វេងកើតឡើងសូមមេត្ដាស្វែងរកដំ- ណោះស្រាយ កុំបណ្ដោយឱ្យកាន់តែមានសភាពធ្ងន់ធ្ងរ ព្រោះអាចឱ្យមានផលអាក្រក់សម្រាប់រូបលោកអ្នកផ្ទាល់ និងអ្នកដទៃដែលនៅ ជុំវិញខ្លួន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply