កុមារងាយទទួលរងនូវជម្ងឺផ្សេងៗជាច្រើន បើលោកអ្នកជាមាតាបិតាមិនបានប្រុងប្រយ័ត្ន និងថែរក្សាឱ្យបានដិតដល់។ ខ្វាក់មាន់ជាជម្ងឺមួយប្រភេទដែលអាចធ្វើឱ្យកុមារមានគ្រោះថ្នាក់ដល់ពិការភ្នែកបាន បើព្យាបាលមិនទាន់ពេលវេលា។ ខ្វាក់មាន់ជាជម្ងឺ អាចបង្ការបាន ដោយគ្រាន់តែលោកអ្នកព្យាយាមអនុវត្ដនូវប្រការមួយចំនួនតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសរោគកុមារ នៃមន្ទីរពេទ្យកុមារជាតិ នឹងបកស្រាយបំភ្លឺអំពីបញ្ហានៃជម្ងឺខ្វាក់ មាន់នេះជូនមិត្ដអ្នកអាន ជាពិសេសមាតាបិតាដើម្បីជាជំនួយក្នុងការថែរក្សាសុខភាពកូនៗជាទីស្រឡាញ់របស់លោកអ្នក។
ខ្វាក់មាន់ ជាអ្វី?
ខ្វាក់មាន់ជាជម្ងឺមួយប្រភេទដែលច្រើនកើតលើកុមារ ធ្វើឱ្យកុមារមើលមិនឃើញ ឬមើលមិនច្បាស់នៅពេលយប់ ហើយ មានសភាពពិបាកក្នុងការសម្លឹងមើលអ្វីមួយ។
មូលហេតុជម្ងឺខ្វាក់មាន់
កង្វះអាហារូបត្ថម្ភ និងកង្វះជីវជាតិអា ជាមូលហេតុចម្បងតែមួយគត់ដែលនាំឱ្យកុមារមានជម្ងឺខ្វាក់មាន់។ កង្វះអាហារូបត្ថ ម្ភ ពុំមែនគ្រាន់តែបណ្ដាលមកពីខ្វះចំណីអាហារតែប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចបណ្ដាលមកពីការខ្វះការថែទាំគ្រប់គ្រាន់ពីមាតាបិតា ខ្វះអនា ម័យ ពុំមានការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យឱ្យបានត្រឹមត្រូវផងដែរ។ បើកុមារខ្វះជីវជាតិអាដែលជាជីវជាតិចាំបាច់សម្រាប់ ទ្រទ្រង់ដល់ភ្នែក ការលូតលាស់ និងការវិវឌ្ឍន៍ ព្រមទាំងជួយដល់សព៌ាង្គកាយដើម្បីប្រឆាំងនូវជម្ងឺមួយចំនួនទៀត។
រោគសញ្ញាជម្ងឺខ្វាក់មាន់
បើទារកក្រោមអាយុមួយឆ្នាំមានជម្ងឺខ្វាក់មាន់ ទាំងគ្រូពេទ្យជំនាញទាំងឪពុកម្ដាយពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់។ ព្រោះជាទូទៅការរកមុខសញ្ញាត្រូវពឹងផ្អែកទៅលើការនិយាយប្រាប់ពីអ្នកជម្ងឺ និងការសាកល្បងនូវការមើលឃើញរបស់អ្នកជម្ងឺ។ ជម្ងឺ ខ្វាក់មាន់ធ្វើឱ្យកុមារមើលអ្វីមិនឃើញនៅពេលយប់ មានអារម្មណ៍ហាក់ដូចជាមានអ្វីមួយមកបាំងមុខ ព្រិលស្រអាប់មើលមិនច្បាស់។ ពេលនោះហើយដែលកុមារខំប្រឹងសម្លឹងដោយដើរច្រើនងើយមើលទៅលើ ព្រមទាំងបើកភ្នែកសម្លឹងធំៗ។ កុមារមានការឈឺចាប់នៅ ក្នុងកែវភ្នែក ភ្នែកប្រែពណ៌ពីថ្លាទៅជាល្អក់។ ជាពិសេសកុមារដែលកើតជម្ងឺនេះមិនសូវមានភាពក្លាហាន ដំណើរមួយៗ មិនស្វាហាប់ ដូចកុមារទូទៅទេ។
ជម្ងឺនេះមានការវិវឌ្ឍន៏ជាបន្តបន្ទាប់វាធ្វើឲស្រអាប់កញ្ចក់ភ្នែកកែវភ្នែករបស់កុមារមានសភាពស្ងួត។ ជម្ងឺកាន់តែវិវឌ្ឍន៏ទៅរហូតធ្វើឲមានដំបៅនៅក្នុងកញ្ចក់ភ្នែកបើមិនមានការព្យាបាលទេដែលទីបំផុតធ្វើឲកុមារខ្វាក់ភ្នែកតែម្តង។
ការព្យាបាលជម្ងឺខ្វាក់មាន់
ការព្យាបាលជម្ងឺខ្វាក់មាន់ត្រូវពឹងផ្អែកទៅលើការសហការពីឪពុកម្ដាយ ព្រោះវាជាប្រភេទជម្ងឺដែលត្រូវបំពេញបន្ថែមនូវ សារជាតិបំប៉ន ជាពិសេសជីវជាតិ ឬវីតាមីនអា។ ជាធម្មតាអ្នកម្ដាយត្រូវនាំកូនមកមន្ទីរពេទ្យក្រោយពេលបានដឹងនូវការមើលឃើញ មិនប្រក្រតីរបស់កូន។ ចំពោះការព្យាបាល គ្រូពេទ្យនឹងផ្ដល់ថ្នាំជីវជាតិអានៅថ្ងៃទី១ ថ្ងៃទី២ និងថ្ងៃទី១៤ បូករួមជាមួយនឹងផ្ដល់បន្ថែម នូវជីវជាតិអាតាមរយៈចំណីអាហារមួយចំនួន។ អាហារដែលសម្បូរទៅដោយជីវជាតិអា មានដូចជាសាច់សត្វ ថ្លើមសត្វ ពងមាន់ផ្នែក លឿង ប្រេងឆាជាដើម ព្រមជាមួយនឹងពពួកបន្លែមួយចំនួនទៀត ដូចជាស្លឹកបាស ស្ពៃ ល្ពៅ ស្វាយ ខ្នុរជាដើម។ ក្រៅពីនេះ ឪពុក ម្ដាយរបស់កុមារដែលមានជម្ងឺខ្វាក់មាន់ ត្រូវបន្ថែមការប្រុងប្រយ័ត្នរាល់សកម្មភាពទាំងឡាយរបស់កុមារ ព្រោះអាចបង្កគ្រោះថ្នាក់ បានដោយការមើលមិនសូវច្បាស់របស់គេ។ ការផ្ដល់ជីវជាតិអាតាមការកំណត់របស់គ្រូពេទ្យជាវិធីដ៏ល្អបំផុតសម្រាប់ព្យាបាលជម្ងឺខ្វាក់ មាន់។ ខាងក្រោមនេះ គឺជាកម្រិតជីវជាតិអាដែលត្រូវផ្ដល់ឱ្យកុមារទៅតាមអាយុរបស់គេ។
- ទារកអាយុក្រោម៦ខែ ផ្ដល់ជីវជាតិអា៥០០ ០០០ខ្នាតអន្ដរជាតិ
- ទារកអាយុពី៦ខែដល់១ឆ្នាំ ផ្ដល់ជីវជាតិអា១០០ ០០០ខ្នាតអន្ដរជាតិ
- ទារកអាយុពី១ឆ្នាំឡើងទៅ ផ្ដល់ជីវជាតិអា២០០ ០០០ខ្នាតអន្ដរជាតិ
វិធីបង្ការជម្ងឺខ្វាក់មាន់
ខ្វាក់មាន់ជាជម្ងឺដែលអាចការពារបាន ដោយគ្រាន់តែលោកអ្នកជាមាតាបិតាយកចិត្ដទុកដាក់ក្នុងការផ្ដល់ចំណីអាហារឱ្យបាន គ្រប់គ្រាន់ដល់កូន និងនាំកូនទៅទទួលថ្នាំបង្ការ និងជីវជាតិផ្សេងៗ ដើម្បីឱ្យកូនលោកអ្នកចៀសផុតពីជម្ងឺខ្វាក់មាន់និងជម្ងឺជាច្រើន ទៀតដែលអាចបង្កគ្រោះថ្នាក់ដល់កូនលោកអ្នកបាន។ ជាទូទៅសម្រាប់ជីវជាតិអាត្រូវផ្ដល់សម្រាប់ទារកចាប់ពីអាយុ៦ខែឡើងទៅ ក្នុងមួយឆ្នាំពីរដង។
- ចំពោះទារកតាំងពីចាប់កំណើតរហូតដល់អាយុ៦ខែ ត្រូវឱ្យទារកបៅដោះម្ដាយឱ្យបានច្រើន គួរគប្បីកុំផ្ដល់ចំណីអាហារ ផ្សេងៗឱ្យទារក។ ពិសេសត្រូវផ្ដល់ចំណីអាហារឱ្យបានគ្រប់គ្រាន់ដល់ម្ដាយ ដើម្បីឱ្យមានជីវជាតិទៅដល់កូន។
- ចំពោះកុមារមានអាយុចាប់ពី៦ខែឡើងទៅ ត្រូវផ្ដល់អាហារបន្ថែមឱ្យបាន៣ដងក្នុងមួយថ្ងៃ ក្នុងនោះរួមមានអង្ករពីរ ស្លាបព្រាបាយ សាច់មួយស្លាបព្រាបាយ ថ្លើមប៉ុនមេដៃ ពងមាន់យកផ្នែកលឿងមួយចំហៀង ប្រេង ឬខ្លាញ់មួយស្លាបព្រាកាហ្វេ។ ចំពោះបបរ ត្រូវមានលក្ខណៈឱ្យរាវល្អ ស្អិតជាប់ស្លាបព្រា ធ្វើម្ដងហូបម្ដង រីឯចំណុះត្រូវកម្រិតទៅតាមអាយុរបស់កុមារ។ ក្រោមអាយុ ១ឆ្នាំ ត្រូវការកន្លះចាន បើ១ឆ្នាំឡើងទៅ គឺមួយចានកន្លះ។ នៅចន្លោះពេលបបរ ត្រូវឱ្យកូនបៅ និងផ្ដល់ផ្លែឈើជាជំនួយផង។
ដំបូន្មានអ្នកជំនាញ
លោកឪពុកអ្នកម្ដាយគ្រប់រូបគួរមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់វីតាមីនអាដោយខ្លួនឯង គ្មានការពិគ្រោះជាមួយ គ្រូពេទ្យឱ្យបានត្រឹមត្រូវ ឬគ្មានក្បួនខ្នាតច្បាស់លាស់។ សូមលោកឪពុកអ្នកម្ដាយគ្រប់រូបយកចិត្ដទុកដាក់ឱ្យបានល្អចំពោះកូន បើឃើញ កូនមានសភាពមិនស្រួល ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply