សម្រាម ជាវត្ថុដែលគេបោះបង់ចោលលែងត្រូវការ។ សម្រាមអាចជាទីជម្រកនៃមេរោគគ្រប់ប្រភេទ ជាអាទិវាស្ថិតនៅ កន្លែងដែលកខ្វក់។ សម្រាមបង្កនូវគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្សតាមរយៈការប៉ះពាល់វាដោយផ្ទាល់ ឬតាមរយៈការសា យភាយនៃក្លិនសម្រាមដែលស្អុយរលួយ។ តើសម្រាមប៉ះពាល់សុខភាពមនុស្សដូចម្ដេចខ្លះ?
កាលពីលេខមុនៗ ប្រិយមិត្ដអ្នកអានធ្លាប់បានជ្រាបខ្លះមកហើយអំពីជម្ងឺមួយចំនួនដែលបង្កឡើងដោយសម្រាម និងវិធីទុក ដាក់សំណល់នានា។ ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពីផលវិបាកដែលបង្កឡើងពីសម្រាមចំពោះសុខភាព ទស្សនាវដ្ដី សុខភាពយើង បាន លើកយកប្រធានបទសម្រាមបង្កជម្ងឺ មកបកស្រាយបន្ថែមនៅក្នុងទំព័រលំនៅដ្ឋាន និងបរិស្ថាននេះជាបន្ដទៀតតាមរយៈកិច្ចសម្ភាសជា មួយលោកវេជ្ជបណ្ឌិត ឈូវ គង់ផល្លី ប្រធានកម្មវិធីសុខុមាលភាពទីក្រុងភ្នំពេញនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ប្រភេទសម្រាម ឬកាកសំណល់
សម្រាមជាប្រភេទកាកសំណល់ដែលយើងបានបញ្ចេញពីលំនៅដ្ឋាន មន្ទីរពេទ្យ អគារសាធារណៈ រោងចក្រ ទីផ្សារ អគារ ពាណិជ្ជកម្ម ភោជនីយដ្ឋាន ឬពីទីកន្លែងកម្សាន្ដនានា។ ប្រភេទកាកសំណល់ទាំងនេះត្រូវបានគេប្រមូលទុកយ៉ាងដិតដល់។ បើតាម បច្ចេកទេសនៃការសិក្សា សម្រាមត្រូវបានបែងចែកជាបីប្រភេទ។
1. កាកសំណល់រឹង ៖ គឺសំដៅដល់សំណល់រឹងដែលជាផលិតផល ឬជាកម្ទេចកម្ទីរដែលត្រូវបានគេបោះបង់ចោល ដូចជា សម្បកដប កែវ លោហៈធាតុ កំប៉ុងជាដើម។
2. កាកសំណល់រាវ ៖ វត្ថុរាវដែលជាផលិតផល និងជាសារធាតុរួមផ្សំនឹងសារធាតុរឹងខ្លះដែលត្រូវគេបង្ហូរចោលជាប្រចាំ ទៅតាមបណ្ដាញប្រព័ន្ធលូផ្សេងៗ។
3. កាកសំណល់ ដែលបង្កគ្រោះថ្នាក់ ៖ សំដៅដល់សារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារ ធាតុឆេះជាដើម។ សំណល់ទាំងនេះភាគច្រើនមានប្រភពពីរោងចក្រឬសហគ្រាស។
ផលវិបាករបស់សម្រាមចំពោះសុខភាព
សម្រាមអាចផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះសុខភាព។
- សារធាតុពុលនៅក្នុងសម្រាម ៖ សារធាតុប្រភេទនេះប៉ះពាល់ដល់ស្បែក ធ្វើឱ្យមនុស្សកើតមានជម្ងឺសើស្បែក ជម្ងឺភ្នែក ជម្ងឺរលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម ជម្ងឺរលាកសួតជាដើម និងជួនកាលអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទផងដែរ ដោយ សារតែការសាយភាយនៃក្លិន និងការចម្លងមេរោគពីសម្រាម។
- មេរោគនៅក្នុងសម្រាម ៖ សម្រាមមានមេរោគច្រើនប្រភេទ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កើតឱ្យមានជម្ងឺ រាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និងជម្ងឺផ្សេងទៀត។ ប្រសិនបើជម្ងឺទាំងនោះក្លាយជារ៉ាំរ៉ៃ ដោយមិនធ្វើអនាម័យបាន ជាប្រចាំទេនោះ វាអាចបង្កជាជម្ងឺមហារីកក៏ថាបាន។ ម្យ៉ាងវិញទៀត សារធាតុមុតស្រួចដែលមាននៅក្នុងសម្រាមអាចបង្កជារបួស ស្នាមរហូតក្លាយជាដំបៅរ៉ាំរ៉ៃផងដែរ។ ប្រសិនបើដំបៅមានលក្ខណៈរ៉ាំរ៉ៃយូរហើយ មុខរបួសឋិតនៅជាមួយសម្រាមស្អុយរលួយជាប្រ ចាំទៀតនោះ ធ្វើឱ្យមេរោគរាលដាលចូលដល់ក្នុងឈាម ហើយសាច់ដំបៅអាចរលួយក្លាយជាដំបៅធ្ងន់ធ្ងរ។ ការមុតមានដោយមេរោគ មួយចំនួន ដូចជាមេរោគតេតាណូសជាដើម។
- សារធាតុគីមី ៖ សារធាតុគីមីទាំងនេះអាចបង្កជាជម្ងឺផ្សេងៗ ជាពិសេសជម្ងឺមហារីក។ ហើយវាក៏អាចធ្វើឱ្យមានអុកស៊ីដ កម្មលើសារធាតុគីមីដ៏ទៃទៀត ដែលនាំគ្រោះថ្នាក់ដល់មនុស្ស រុក្ខជាតិ និងសត្វដែលមាននៅក្នុងបរិស្ថានទៀតផង។
វិធីទុកដាក់ និងគ្រប់គ្រងសម្រាម
ដើម្បីចៀសផុតពីការកើតជម្ងឺដែលបង្កមកពីសម្រាម ប្រជាពលរដ្ឋម្នាក់ៗត្រូវមានភារៈកិច្ចទុកដាក់សម្រាមធ្វើយ៉ាងណាកុំ ឱ្យមេរោគចេញពីសម្រាមចម្លងទៅដល់មនុស្សបាន។ វិធីទាំងនោះរួមមានដូចខាងក្រោមនេះ។
- លោកអ្នកមិនត្រូវបោះចោលសម្រាមរឹង ឬរាវនៅតាមដងផ្លូវសាធារណៈ ផ្សារ កន្លែងកម្សាន្ដ តំបន់ប្រភពទឹកប្រើប្រាស់ និងប្រព័ន្ធលូនោះទេ។
- ត្រូវរៀបចំដាក់ផ្លាកសញ្ញាហាមឃាត់ការទុកដាក់ និងបោះចោលសម្រាមសំណល់រឹង ឬរាវ។
- សូមកំណត់ និងរៀបចំកន្លែងស្ដុកសំណល់សម្រាមជាបណ្ដោះអាសន្នឱ្យបានសមស្រប ធានាមិនបង្កបញ្ហាប៉ះពាល់ដល់ ចរាចរណ៍ សុខភាពសាធារណៈ សោភ័ណភាព និងសណ្ដាប់ធ្នាប់សង្គម។
- មុននឹងចោលសម្រាម ត្រូវបែងចែកប្រភេទសម្រាមឱ្យបានជាមុន ត្រូវបែងចែករវាងសម្រាមធម្មតា និងសម្រាមចេញពី មន្ទីរពេទ្យ ព្រោះសម្រាមដែលចេញពីមន្ទីរពេទ្យអាចមានការចម្លងមេរោគនិងជម្ងឺ។ ត្រូវប្រើប្រាស់ឡទំនើបៗក្នុងការដុតបំផ្លាញ សម្រាមឱ្យមានលក្ខណៈបច្ចេកទេសច្បាស់លាស់ និងចំណុះសមល្មមដើម្បីកុំឱ្យសាយភាយ និងដើម្បីកុំឱ្យឆ្លងមេរោគ។
ដំបូន្មានអ្នកប្រឹក្សា
សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវបរិស្ថានរស់នៅល្អ ស្អាត។ នៅតាមគេហដ្ឋានក្ដី កន្លែងធ្វើការងារក្ដីគួរមានធុងសម្រាមដែលមានគម្របបិទជិតត្រឹមត្រូវ។ ការទុកដាក់ និងបែងចែក សម្រាមបានត្រឹមត្រូវ គឺផ្ដល់ភាពងាយស្រួលដល់អ្នកប្រមូលសម្រាមផង បរិស្ថានល្អស្អាតផង ហើយក្រុមគ្រួសារលោកអ្នកមានសុខ ភាពល្អ។ ចំណែកឯសេវាកម្មប្រមូលសម្រាមវិញ គួរធ្វើការប្រមូលសម្រាមឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ ព្រោះបើប្រមូលមិន ទាន់ពេលវេលា នាំឱ្យសម្រាមនៅរាយប៉ាយពាសពេញផ្លូវថ្នល់ ជាហេតុធ្វើឱ្យមេរោគមានឱកាសចម្លងទៅមនុស្ស និងធ្វើឱ្យខូចសណ្ដាប់ ធ្នាប់សាធារណៈ។
ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកវិធីកែច្នៃសម្រាមមកជម្រាបជូនគ្រាន់ជាការយល់ដឹងបន្ថែមទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply