ការតុបតែងខ្លួនរបស់និសិ្សតមិនមែនជារឿងមួយដែលអាក្រក់នោះទេ លើកលែងតែនិសិ្សតធ្វើការតុបតែងខ្លួនផ្ទុយពីច្បាប់របស់សាលារៀនតែប៉ុណ្ណោះ ដូចជាស្លៀកសំពត់ខ្លីជ្រុល លាបពណ៌សក់ស្រស់ពេក ធ្វើការតុបតែមុខជ្រុលហួសហេតុ ពាក់ស្បែកជើងកែងខ្ពស់ជាដើម។ និសិ្សតមិនចាំបាច់តុបតែងអ្វីច្រើននោះទេ។ ការតុបតែងក៏មិនមែនជារឿងដែលលំបាកនោះដែរ បើសិនជាអនុវត្ដន៍ទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
ប្រការគួរយល់ដឹងសម្រាប់និសិ្សត
សព្វថ្ងៃនេះ ការតុបតែងខ្លួនរបស់និសិ្សតឃើញថាមានការខុសឆ្គងជាច្រើន ព្រោះតែមានការហូរចូលនូវវប្បធម៌បរទេស មួយចំនួនដែលផ្ទុយពីប្រពៃណីខ្មែរ។ មាននិសិ្សតមួយចំនួនបានតុបតែងខ្លួនដូចជានិសិ្សតបរទេស ដោយស្លៀកសម្លៀកបំពាក់សិចស៊ី ហើយការតុបតែងមុខក៏សិចស៊ីដែរ កត្ដាទាំងនេះពុំត្រឹមត្រូវឡើយ។ តាមពិតសម្រាប់និសិ្សតខ្មែរគឺត្រូវគោរពទៅតាមប្រពៃណី គោរពទៅតាមច្បាប់របស់សាលារៀន ដោយតុបតែងខ្លួនឱ្យសុភាពសមជាស្ដ្រីខ្មែរ សមជានិសិ្សត មិនត្រូវធ្វើទៅតាមវប្បធម៌ បរទេសនោះទេ។
របៀបតុបតែងខ្លួនរបស់និសិ្សត
ការតុបតែងខ្លួនរបស់និសិ្សតមិនមែនជារឿងដែលលំបាកនោះទេ។ សម្រាប់និសិ្សត ការតុបតែងគឺផ្ដោតសំខាន់ទៅលើ សម្លៀកបំពាក់តែមួយមុខគត់ ហើយសម្លៀកបំពាក់នេះហើយគឺអាចបញ្ជាក់ពីភាពថ្លៃថ្នូររបស់និសិ្សតបានថែមទៀតផង។
– សម្លៀកបំពាក់ ៖ សម្រាប់និសិ្សត សម្លៀកបំពាក់គឺជាផ្នែកមួយដ៏សំខាន់បំផុត។ សម្លៀកបំពាក់ត្រូវប្រើអាវស ឬខៀវ ដៃវែង ឬក៏ដៃខ្លី ចំណែកឯសំពត់ត្រូវតែជាពណ៌ខ្មៅ អាចជាសំពត់វែងឬក៏ខ្លីក្រោមក្បាលជង្គង់ តែមិនត្រូវស្លៀកលើជង្គង់ឡើយ។ សម្លៀកបំពាក់ត្រូវតែមានក្លិនក្រអូប និងមានភ្លីជានិច្ច។
– ការតុបតែងមុខ ៖ ចំពោះនិសិ្សត ការតុបតែងមុខមិនមែនជារឿងមួយដែលសំខាន់នោះទេ ដោយគ្រាន់តែលុបលាងមុខ ឱ្យបានស្អាត ហើយលាបឡេការពារពន្លឺព្រះអាទិត្យ ឬក៏លាបក្រែមរលោងនៅលើបបូរមាត់បន្ដិចនោះវាជាការស្រេច។ ក្នុងនាម ជានិសិ្សត មិនត្រូវតុបតែងមុខដូចជាស្ដ្រីដែលធ្វើការ ឬក៏ជាស្ដ្រីមេផ្ទះឡើយ ព្រោះខុសនឹងប្រពៃណីខ្មែរ។
– ការតុបតែងសក់ ៖ និសិ្សតដែលមានសក់រួញគួរតែបួងឡើង ឬក៏ចងឱ្យបានស្អាត។ តែសម្រាប់និសិ្សតស្រីដែល មានសក់រលោងត្រង់ស្អាតត្រូវចងលើកឡើងឱ្យខ្ពស់ល្មមសមនឹងទម្រង់មុខ មិនត្រូវទម្លាក់សក់នោះទេ។
- ក្រចកដៃក្រចកជើង ៖ មិនត្រូវទុកក្រចកដៃក្រចកជើងវែងពេកនោះទេ ហើយក៏មិនត្រូវលាបពណ៌ក្រចកដែរ។ ជាពិសេសត្រូវតែឧស្សាហ៍សម្អាតក្រចកដៃជើងឱ្យបានស្អាតជានិច្ច ដោយនៅក្នុងមួយសប្ដាហ៍ត្រូវតែធ្វើការសម្អាតពី២ទៅ៣ដង ឬក៏ ត្រូវកាត់សាច់ម្ដងទើបជាការប្រសើរ។
– ស្បែកជើង ៖ និសិ្សតស្រីគួរប្រើស្បែកជើងដែលមានកែងបន្ដិចឬក៏ស្បែកជើងរាបស្មើល្មម តែមិនត្រូវប្រើកែងខ្ពស់ពេក នោះទេ។
ដំបូន្មានអ្នកជំនាញ
ក្នុងនាមជានិសិ្សតស្រីការតុបតែងខ្លួនវាក៏ជារឿងមួយដែលសំខាន់ តែមិនត្រូវធ្វើការតុបតែងខ្លួនឱ្យហួសហេតុពេកនោះទេ។ ជាពិសេសនៅមុនពេលចេញទៅសាលារៀនត្រូវពិនិត្យមើលខ្លួនឯងឱ្យបានគ្រប់កន្លែងទាំងអស់ រួមទាំងសម្ភារៈសិក្សាផងដែរ ដើម្បី កុំឱ្យមានចំណុចខ្វះខាត ចៀសវាងកើតមានបញ្ហានៅពេលដែលទៅដល់សាលារៀន។
Leave a Reply