លោកអ្នកប្រាកដជាជ្រាបហើយថាហេតុអ្វីយើងអាចមើលឃើញពិភពលោកដ៏ស្រស់ត្រកាលនេះបាន។ ចក្ខុវិញ្ញាណជា វិញ្ញាណដ៏សំខាន់សម្រាប់មនុស្ស វាមានគុណប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅ។ ចុះបើភ្នែកមានបញ្ហា ភ្នែកមានជម្ងឺដូចជាជម្ងឺ ប្រែងចាក់ភ្នែកជាដើម តើមានគុណវិបត្ដិយ៉ាងណាសម្រាប់មនុស្ស?ប្រែងចាក់ភ្នែកជាដំណាក់កាលធ្ងន់ធ្ងរនៃជម្ងឺត្រាក់កូម៉ា ហើយ ដែលពុំទាន់មានការចាប់អារម្មណ៍ជាទូទៅនៅឡើយទេ សម្រាប់ប្រជាពលរដ្ឋខ្មែរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ប៉ោក ធនអ្នកឯកទេសជម្ងឺភ្នែកនៃមន្ទីរពេទ្យភ្នែក តាកែវ ដើម្បីធ្វើការស្រាយបំភ្លឺអំពីជម្ងឺប្រែងចាក់ភ្នែកជូនមិត្ដអ្នកអានក្នុងការស្វែងយល់។
ជម្ងឺប្រែងចាក់ភ្នែក ជាអ្វី?
ជម្ងឺប្រែងចាក់ភ្នែកជាផលវិបាកនៃជម្ងឺត្រាក់កូម៉ាដែលកើតឡើងដោយសារមានរោមភ្នែកបត់ចូលទៅចាក់ក្នុងកញ្ចក់កែវភ្នែក សូម្បីរោមភ្នែកតែមួយសរសៃក៏ដោយ ក៏រាប់ថាជាជម្ងឺប្រែងចាក់ភ្នែកដែរ។ ត្រាក់កូម៉ាជាជម្ងឺដែលបង្កដោយមេរោគឈ្មោះថាត្រាក់ កូម៉ាទីស ដែលធ្វើឱ្យរលាកភ្នាសស្ដើងនៃភ្នែក និងធ្វើឱ្យភ្នាសនោះឡើងក្រាស់ បន្ទាប់មកក៏មានការរួញចូល។ បន្ទាប់ពីការរួញរបស់ ភ្នាសស្ដើង ធ្វើឱ្យសាច់ដុំគល់រោមភ្នែកឡើងជាសម្លាកនិងទាញរោមភ្នែកឱ្យចាក់ចូលទៅក្នុងកញ្ចក់កែវភ្នែក ហើយទើបឈានចូលដល់ ដំណាក់កាលជម្ងឺប្រែងចាក់ភ្នែក។
មូលហេតុជម្ងឺប្រែងចាក់ភ្នែក
ប្រែងចាក់ភ្នែកមិនមែនជាជម្ងឺដែលកើតឡើងដោយមេរោគទេ ប៉ុន្ដែជាផលវិបាកដែលបង្កឡើងដោយមេរោគនៅពេលដែល ស្ថិតក្នុងចន្លោះអាយុពី១០ទៅ១៥ឆ្នាំ។ ប្រែងចាក់ភ្នែកជាដំណាក់កាលនៃផលវិបាករបស់ជម្ងឺត្រាក់កូម៉ាដែលជាជម្ងឺឆ្លងនិងកើតឡើង ភាគច្រើនក្នុងតំបន់កង្វះអនាម័យ តំបន់ក្ដៅ ឬជនបទខ្វះទឹកសម្រាប់លុបលាងមុខពិសេសវាច្រើនកើតមាននៅបណ្ដាប្រទេសតំបន់អា ហ្វ្រិក និងអាស៊ី។ ជារួមវាកើតឡើងចំពោះបុគ្គលទាំងឡាយណាដែលខ្វះអនាម័យជាអាទិកូនក្មេងនៅស្រុកស្រែចម្ការដែលចូលចិត្ដ លេងដី សម្រាម ភក់ជ្រាំជាដើម។ ចំពោះអ្នកដែលមិនបានលុបលាងសម្អាតមុខមួយថ្ងៃឱ្យបានពីរដងនោះទេ និងកង្វះអនាម័យ ជាឱ កាសងាយនឹងបង្កឱ្យមានជាជម្ងឺត្រាក់កូម៉ានិងជាដំណាក់កាលធ្ងន់ធ្ងរដែលបង្កបង្កើតឱ្យមានជាជម្ងឺប្រែងចាក់ភ្នែកនេះឡើង។
រោគសញ្ញាជម្ងឺប្រែងចាក់ភ្នែក
ការកើតឡើងនៃជម្ងឺប្រែងចាក់ភ្នែកបានបង្ហាញជារោគសញ្ញាមួយចំនួនដែលអាចកត់សម្គាល់បានដូចជាហៀរទឹកភ្នែកឡើង រកាំភ្នែកដូចជាមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ពិបាកបិទភ្នែក ក្រហាយភ្នែកជាដើម។ ពិសេសធ្វើឱ្យអ្នកកើតជម្ងឺខ្លាចពន្លឺមិនអាចបើក ភ្នែកធម្មតានៅក្រោមពន្លឺបាន នោះគឺដោយសាររោមភ្នែកចាក់ទៅលើកញ្ចក់កែវភ្នែក។ មានរោគសញ្ញាមួយចំនួនទៀតដែលអាចជា រោគសញ្ញានៃជម្ងឺប្រែងចាក់ភ្នែកដែរ ដូចជារលាកកញ្ចក់ភ្នែក រលាកភ្នាសស្ដើងនៃភ្នែកមានអាចម៍ភ្នែកជាប្រចាំជាដើម។
វិធីព្យាបាលជម្ងឺប្រែងចាក់ភ្នែក
មានវិធីព្យាបាលតែមួយគត់ដែលអាចបញ្ចៀសពីជម្ងឺប្រែងចាក់ភ្នែក គឺការវះកាត់ពត់ត្របកភ្នែកដើម្បីកុំឱ្យរោមភ្នែកចាក់ លើកញ្ចក់កែវភ្នែក។ បច្ចុប្បន្ននេះ ការព្យាបាលដោយការវះកាត់ស្ទើរតែ១០០%ដែលទទួលជោគជ័យ។ មិនទាន់មានថ្នាំណាដែល អាចប្រើទៅធ្វើឱ្យរោមភ្នែកពត់ចេញមកក្រៅឈប់ចាក់ទៅលើកែវភ្នែកវិញបានឡើយ។
ផលវិបាកជម្ងឺប្រែងចាក់ភ្នែក
ជម្ងឺប្រែងចាក់ភ្នែកមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះភ្នែក ដូចជាធ្វើឱ្យមានសម្លាកលើកញ្ចក់ភ្នែកជាដើម។ នៅពេលប្រែង ចាក់ភ្នែកច្រើនទៅ ធ្វើឱ្យកញ្ចក់កែវភ្នែកឡើងស ក្នុងដំណាក់កាលនេះធ្វើឱ្យអ្នកជម្ងឺមិនអាចមើលអ្វីឃើញបានទេឬមិនអាចបើកភ្នែក បាននៅពេលមានកម្ដៅថ្ងៃ ឬពន្លឺថ្ងៃ។
ប្រការគួរធ្វើ
- ប្រការគួរចងចាំ អ្នកជម្ងឺមិនត្រូវដករោមភ្នែកនោះទេ ព្រោះការដករោមភ្នែកនោះនឹងធ្វើឱ្យរោមភ្នែកថ្មីដុះហើយរោមភ្នែកថ្មីនោះមានប្រវែងខ្លី ហើយរឹង ដែលងាយនឹងធ្វើឱ្យប៉ះពាល់ដល់កញ្ចក់កែវភ្នែកកាន់តែខ្លាំងឡើងថែមទៀត។ ចំពោះអ្នកដែលកើត ជម្ងឺប្រែងចាក់ភ្នែកនេះ គួរតែមានការថែរក្សាពិសេសមួយសម្រាប់ខ្លួន។
- ក្រោយការព្យាបាលដោយការវះកាត់រួច អ្នកជម្ងឺត្រូវលុបលាងមុខជាពិសេសត្រង់ភ្នែកដោយទឹកស្អាតឱ្យបានស្អាតដើម្បី ការពារកុំឱ្យកើតមានជម្ងឺប្រែងចាក់ភ្នែកនេះជាថ្មីម្ដងទៀត។
- ត្រូវការពារ និងថែរក្សាភ្នែកដោយការធ្វើអនាម័យដើម្បីកុំឱ្យមានជម្ងឺត្រាក់កូម៉ាដែលកើតឡើងដោយមេរោគត្រាក់កូម៉ា ទីស ព្រោះវាជាមូលហេតុនាំទៅដល់ការកើតនូវជម្ងឺប្រែងចាក់ភ្នែក។
វិធីបង្ការជម្ងឺប្រែងចាក់ភ្នែក
យើងដឹងហើយថាជម្ងឺប្រែងចាក់ភ្នែកជាដំណាក់កាលនៃផលវិបាករបស់ជម្ងឺត្រាក់កូម៉ា ដូចនេះការបង្ការគឺត្រូវធ្វើយ៉ាងណា កុំឱ្យមានជម្ងឺត្រាក់កូម៉ាកើតឡើង។ ជម្ងឺត្រាក់កូម៉ាដែលអាចការពារបាន គឺត្រូវបង្កើតអនាម័យសម្រាប់ខ្លួន គ្រួសារនិងសហគមន៍ ដូច ជាការថែទាំផ្ទះសម្បែង បោសសម្អាត ឬចោលសម្រាមឱ្យឆ្ងាយពីផ្ទះពិសេសត្រូវលុបលាងមុខនឹងទឹកស្អាតឱ្យបានយ៉ាងហោចណាស់ ម្ដងក្នុងមួយថ្ងៃ។ ព្រោះតាមការសិក្សានៅបរទេសបានបង្ហាញថាអ្នកដែលបានលុបលាងមុខមួយថ្ងៃម្ដង អាចចៀសផុតពីជម្ងឺត្រាក់កូ ម៉ា បាន៩០%។
ដំបូន្មានអ្នកជំនាញ
សូមប្រជាពលរដ្ឋទូទៅនាំគ្នាធ្វើអនាម័យខ្លួន គ្រួសារ និងសហគមន៍ ជាពិសេសសម្អាតបរិវេណលំនៅស្ថាន។ សូមលុបលាង សម្អាតមុខជាប្រចាំ យ៉ាងហោចណាស់មួយថ្ងៃម្ដងដើមី្បចៀសវាងការកើតឡើងនូវជម្ងឺត្រាក់កូម៉ាដែលជាមូលហេតុចម្បងនៃជម្ងឺ ប្រែងចាក់ភ្នែក។ ចំពោះអ្នកដែលមានអាការឬរោគសញ្ញាណាមួយដែលសង្ស័យថាជារោគសញ្ញានៃជម្ងឺប្រែងចាក់ភ្នែក គួររួសរាន់ទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការវះកាត់ព្យាបាលជាបន្ទាន់មុនមានផលប៉ះពាល់ដល់កែវភ្នែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply