គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ក្នុង​ពេលចូល​ឆ្នាំថ្មី​នេះ

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ តែងកើត​មាននៅ​ពេលមាន​ពិធីបុណ្យ​ជាតិ​មកដល់។ នៅឆ្នាំថ្មី​នេះ គ្រោះថ្នាក់​ចរាចរណ៍​គិតចាប់​ពីថ្ងៃទី១២ មេសា ដល់ថ្ងៃទី១៦ឆ្នាំ២០១២ ឆ្នាំនេះ មានការ​ថយចុះ ហើយ​ចំនួន​មនុស្ស​ស្លាប់ក៏​មានការ​ថយចុះ​ផងដែរ បើ​ប្រៀប​ធៀបទៅនឹង​រយពេល​ចូលដូចគ្នា​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មីកាល​ពីឆ្នាំ២០១១​កន្លង​ទៅ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

អត្រានៃ​ចំនួន​ជនរង​គ្រោះ​ឆ្នាំ២០១២

ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល៥​ថ្ងៃ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១២ មាន​ចំនួន ១៦៥​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៨​នាក់ របួស​ធ្ងន់ ២១៤​នាក់ និង​របួស​ស្រាល ១៣០​នាក់។ ចំនួន​គ្រោះថ្នាក់​ទាំង​នេះ បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១១ កន្លង​ទៅ គឺ​មាន​ការ​ថយ​ចុះចំនួន ២២%។

មូល​ហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០១២

មូលហេតុ​ដោយសារ​ល្មើស​ល្បឿន ​៥០​ភាគរយ ​ស្រវឹង​ ១៣​ភាគរយ ​ប្រជែង​គ្រោះថ្នាក់ ​និង​មិន​គោរព​សិទ្ធិអទិភាព​ដប់​ភាគរយ ​មិន​ប្រកាន់​ស្ដាំ​ប្រាំបី​ភាគរយ ​ការ​បត់ឆ្វេង​ស្ដាំ​មិន​ប្រយ័ត្ន​បី​ភាគរយ​ ក្មេង​រត់ឆ្លង​ផ្លូវ​បី​ភាគរយ ងងុយគេង​កត្តាផ្លូវ ​និង​យានយន្ដ​មួយភាគរយ។ ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ លោក ហឹម យ៉ាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ថា ខែត្រ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ មាន​នៅ​ខែត្រ​កំពង់ចាម ខែត្រ​តាកែវ និង​ខែត្រ​បាត់ដំបង។ ដោយសារ​តែ​បញ្ហា​ល្បឿន និង​បញ្ហា​សេព​គ្រឿង​ស្រវឹង​ដែល​ជា​បញ្ហា​សំខាន់ ហើយ​បញ្ហា​ទាំង​នេះ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ៖ «យុវវ័យ​ភាគ​ច្រើន​ មាន គ្រោះថ្នាក់​ ដោយសារ​គាត់​មិន​ដែល​បាន​យល់ បាន​រៀន​អំពី​ច្បាប់​សោះ។ ទី​ពីរ​ ពួកគាត់​ដឹង​ពី​ច្បាប់ តែ​គាត់​មិន​អនុវត្ត​ដូច​ជា​ការ​បើក​ល្បឿន​លើស​កំណត់ ជាដើម»។

អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ២០១១

សូមគូសបញ្ជាក់ផងដែរថា នៅ​ក្នុង​រយៈពេល ៥​ថ្ងៃ​ដូច​គ្នា​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១១ កន្លង​ទៅ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ២១១​ករណី និងបាន​បណ្ដាល​ឲ្យ​មនុស្ស ៥៨​នាក់​ស្លាប់ របួស​ធ្ងន់​ចំនួន ២៧៩​នាក់ របួស​ស្រាល ២០៥​នាក់។

មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ២០១១

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោកបាន​រក​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើត​មាន​ឡើងនោះ ដោយសារ​តែ​អ្នកបញ្ជា​យានយន្ត​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់។ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ធ្វេសប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍ អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព មិន​ប្រកាន់ខ្ជាប់​តាម​គន្លង​ផ្លូវ ឬ​ចំណែក​ផ្លូវ ដែល​តម្រូវ​សម្រាប់​យាន​របស់​ខ្លួន​ជា​ដើម​។ រីឯ​អ្នក​ថ្មើរជើង​ក៏​មាន​ការ​ធ្វេសប្រហែស មិន​បាន​ដើរ​អែប​ចិញ្ចើមថ្នល់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ឆ្លងកាត់​ថ្នល់ជាដើម។

មតិ​ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី

អ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អង្គការ​ជន​ ពិការ​បែលហ្សិក (Handicap) កញ្ញា សាន សុជាតា បាន​ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​ដែល​នៅ​តែ​គ្រោះ​ចរាចរណ៍​កើត​មាន បញ្ហា​ដដែលៗ​នោះ ដោយសារ​ការ​គោរព​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ពីព្រោះ​ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​មាន​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​ទីប្រជុំជន​មួយ​ចំនួន​ប៉ុណ្ណោះនោះទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ លោក ហឹម យ៉ាន បាន​ពន្យល់​ថា នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ក្រសួង​មហាផ្ទៃ មាន​ផែនការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ ទាប​បំផុត។ យុទ្ធសាស្ត្រ​ទាំង​នោះ មាន​ដូច​ជា ការ​ត្រួត​ពិនិត្យ​គោលដៅ​ដើម​ទី​មិន​ឲ្យ​មាន​ការ​ដឹក​លើស​ចំណុះ ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត ត្រួត​ពិនិត្យ​លិខិត​ស្នាម ប័ណ្ណ​បើកបរ រឹត​បន្តឹង​បើកបរ​លើស​ល្បឿន​កំណត់ រឹត​បន្តឹង​ការ​បើក​បរក្រោយ​សេព​គ្រឿង​ស្រវឹង បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅ​គ្រប់​ទី​កន្លែង រឹត​បន្តឹង​ការ​ពាក់​មួក​សុវត្ថិភាព និង​កញ្ចក់ ព្រម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត។

ថ្វី​បើ​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​ ចុះថយ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរ​ ក៏ដោយ​ក៏មន្ដ្រី​របស់​អង្គការ​ជនពិការ​អន្ដរជាតិ​បែលហ្ស៊ីក​ចាត់​ទុក​ថា ​នេះ​គ្រាន់តែ​ជា​តួលេខ​ផ្លូវការ​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។

កញ្ញា ​សាន ​សុជាតា ​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរ​របស់​អង្គការ​នេះ​បញ្ជាក់​ថា ​តួលេខ​ពិតប្រាកដ​ប្រចាំ​ឆ្នាំ​នឹង​ត្រូវ​បូក​បញ្ចូល និង​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ទិន្នន័យ​បាន​មក​ពី​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព​នានា​នៅ​ទូទាំង​ប្រទេស​ផងដែរ។ «នេះ​គឺ​ជា​លទ្ធផលដំបូង​ដែល​យើង​អាច​ទទួល​យក​បាន​ខ្លះៗ​ ពី​ក្រសួង​មហាផ្ទៃ​ ប៉ុន្ដែ​មិនមែន​ជា​តួលេខ​ចុងក្រោយ​នៅ​ឡើយ​ពីព្រោះ​ត្រូវ​រង់ចាំ​បូក​សរុប​ ទិន្នន័យ​ពី​ខាង​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព​តាមរយៈ​ក្រសួង​សុខាភិបាល»។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ១៩ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *