“យី! អាកូនក្បាលរឹង! អាកូនចង្រៃ! ហេតុអីក៏ឯងមិនស្ដាប់បង្គាប់ឪពុកម្ដាយសោះយ៉ាងនេះ?”ឃ្លាទាំងនេះលោកអ្នកប្រហែលជាធ្លាប់ឮញឹកញាប់ណាស់ ហើយក៏ប្រហែលជាលោកអ្នកធ្លាប់ប្រទះផងក៏មិនដឹង។ មានវិធីច្រើនយ៉ាងណាស់ដែលមាតាបិតា ឬអាណាព្យាបាលអាចជ្រើសរើសក្នុងការអប់រំណែនាំកូនឱ្យដើរតាមគន្លងធម៌ដ៏ប្រពៃ។ ប៉ុន្ដែការអប់រំណែនាំកូនដោយវិធីហិង្សាជាប្រ ការមួយដែលបុត្រធីតាមិនអាចទទួលយកបាន ជាពិសេសទៅលើបញ្ហាផ្លូវចិត្ដ ហើយដែលមាតាបិតានិងអាណាព្យាបាលគ្រប់រូបគួរ ពិចារណា និងស្វែងយល់ឱ្យបានច្បាស់អំពីបញ្ហានេះ។ តើការប្រើអំពើហិង្សាទៅលើកូនមានផលប៉ះពាល់យ៉ាងណាទៅលើបញ្ហាផ្លូវចិត្ដ?
លោកវេជ្ជបណ្ឌិត យឹម សុបុត្រាអ្នកឯកទេសវិកលវិទ្យានៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតនឹងស្រាយបំភ្លឺអំពីបញ្ហានេះជូន មិត្ដអ្នកអានសម្រាប់ជាបទពិសោធន៍តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្នកដែលប្រើអំពើហិង្សាលើកូន
ការរំលោភបំពានលើកុមារមានច្រើនប្រភេទច្រើនសណ្ឋាន រួមទាំងការរំលោភសេពសន្ថវៈផងដែរ។ ប៉ុន្ដែអ្វីដែលលោកអ្នក នឹងជ្រាបនៅពេលនេះគឺការប្រើអំពើហិង្សាទៅលើកូនដែលទាក់ទងទៅនឹងបញ្ហាផ្លូវចិត្ដ។ ការប្រៀនប្រដៅការទូន្មាននិងការអប់រំ កូនមិនមែនមានតែមាតាបិតាប៉ុណ្ណោះនោះទេ បុគ្គលផ្សេងទៀតជាច្រើនក៏មាននាទីក្នុងការអប់រំនិងប្រដៅកូនរបស់លោកអ្នកផងដែរ ដូចជាបងប្អូន មាមីង ជីដូនជីតាជាដើមរហូតដល់លោកគ្រូអ្នកគ្រូនិងអ្នកភូមិផងរបងជាមួយថែមទៀតផង។ អ្នកទាំងអស់នេះហើយក៏ ជាបុគ្គលដែលអាចប្រើអំពើហិង្សាទៅលើកូនរបស់លោកអ្នកបានដែរ។
ប្រភេទអំពើហិង្សាទៅលើកូន
អំពើហិង្សាមានច្រើនរូបភាពណាស់ដែលតែងកើតមានរវាងឪពុកម្ដាយនិងកូនៗ។ ការរំលោភបំពានផ្លូវកាយនិងផ្លូវអា រម្មណ៍ជាផ្នែកដ៏សំខាន់ ហើយមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត។ ឪពុកម្ដាយខ្លះអាចរំលោភបំពានដោយផ្ទាល់ទៅលើផ្លូវចិត្ដ ឬអ្នកខ្លះក៏ប្រើជាអំពើហិង្សាទៅលើកូនដើម្បីចង់ឱ្យកូនដើរតាមគន្លងធម៌ ឬដើម្បីបំពេញបំណងដែលខ្លួនចង់បានហើយដែលបញ្ហានេះ មានការប៉ះទង្គិចធ្ងន់ធ្ងរទៅលើកូនពិសេសបញ្ហាផ្លូវចិត្ដ។ មានរូបភាពមួយចំនួនដែលបង្ហាញឱ្យឃើញពីការប្រើអំពើហិង្សា។
- ការប្រើអំពើហិង្សាដោយផ្ទាល់ទៅលើកូន ដូចជាតាមរយៈការវាយដំទាត់ធាក់ មួល ក្ដិចជាដើមនិងការវាយដោយឧបករណ៍ផ្សេងៗដូចជារំពាត់ ខ្សែភ្លើងជាដើម។ មិនត្រឹមតែប៉ុណ្ណោះមានគ្រួសារខ្លះវាយកូនដោយមិនមានការគិតពិចារណាប្រទះអី វាយហ្នឹងទោះជាវត្ថុនោះអាចមានគ្រោះថ្នាក់ដល់កូនក៏ដោយ។
- ការរំលោភបំពានផ្នែកអារម្មណ៍ជាកត្ដាធ្វើឱ្យប៉ះពាល់ផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរ។ ការស្ដីបន្ទោស បន្ដុះបង្អាប់ជេរប្រទេចបណ្ដា សា ការប្រមាថមើលងាយ និងការប្រើពាក្យសម្ដីមិនសមរម្យមួយចំនួនទៀតពីសំណាក់ឪពុកម្ដាយ បងប្អូននិងសាច់ញាតិដទៃទៀត ជាដើម។ ទាំងនេះជារូបភាពមួយដែលងាយនឹងធ្វើឱ្យកុមាររងគ្រោះផ្នែកផ្លូវចិត្ដ។
ផលប៉ះពាល់នៃការប្រើហិង្សាលើកូន
គ្រប់រូបភាពនៃការប្រើអំពើហិង្សា ការរំលោភបំពានទាំងផ្នែករាងកាយនិងផ្នែកអារម្មណ៍សុទ្ធតែផ្ដល់នូវផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កូនទាំងបច្ចុប្បន្ន និងទៅអនាគតថែមទៀតផង។ ការប៉ះពាល់ទៅលើរាងកាយជាចំណែកមួយដ៏អាក្រក់ប៉ុន្ដែអ្វីដែលគួរឱ្យ បារម្ភនោះគឺការប៉ះពាល់ដល់ផ្លូវចិត្ដ និងផ្លូវអារម្មណ៍របស់កូន។
1. ផលវិបាកផ្នែករូបរាងកាយ ៖ ផលវិបាកដែលកើតឡើងដោយការប្រើអំពើហិង្សាដែលប៉ះពាល់ទៅលើរូបរាងកាយ នោះមានបន្សល់ទុកនូវស្លាកស្នាមនៅលើរូបរាងកាយ ដូចជាជាំ ស្នាមដាច់រលាត់ ឬមានរបួសនិងរហូតធ្វើឱ្យបាត់បង់ផ្នែកសោភ័ណ ភាពផងដែរ។ ការប្រើអំពើហិង្សារបស់ឪពុកម្ដាយមួយចំនួនមានលក្ខណៈធ្ងន់ធ្ងរដូចជាមានរហូតដល់បាក់ឆ្អឹង គ្រេច ថ្លោះ ដាច់សរសៃ ឈាមជាដើម។ ពេលខ្លះក៏មានប៉ះពាល់ទៅដល់ផ្នែកក្បាលនិងអាចបង្កទៅជាជម្ងឺដ៏មានគ្រោះថ្នាក់មួយចំនួនដូចជាដាច់សរសៃឈាម ខួរក្បាល ប្រេះឬស្រាំលលាដ៏ក្បាល ឈាមដក់ក្នុងខួរក្បាលនិងជម្ងឺផ្សេងៗទៀតដែលអាស្រ័យទៅលើទំហំនៃការប៉ះទង្គិច។
2. ផលវិបាកផ្នែកផ្លូវចិត្ដ និងអារម្មណ៍ ៖ ជាការប៉ះពាល់ខ្លាំងក្លាបំផុតអាចធ្វើឱ្យកូនភ័យខ្លាចបង្កើតជាជម្ងឺឆាប់ភ័យ មាន អារម្មណ៍តក់ស្លុត និងធ្វើឱ្យកូនមានតែការចងកំហឹងជាប់ក្នុងខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យកូនចុះខ្សោយខាងផ្នែកស្មារតី បង្ក ជាជម្ងឺបាត់ការចងចាំ ឆាប់ភ្លេចជាដើម។ ម្យ៉ាងទៀតក៏អាចធ្វើឱ្យកូនមានជម្ងឺបាក់ស្បាតអស់សង្ឃឹម ធ្លាក់ទឹកចិត្ដ ធ្វើឱ្យការសិក្សា ធ្លាក់ចុះឬជាមនុស្សឯកោជាដើម។ កត្ដាទាំងអស់នេះជាដើមហេតុនាំឱ្យកូនឈានទៅដល់ចំណុចធ្ងន់ធ្ងរមួយ គឺអស់សង្ឃឹម និងចង់ធ្វើ អត្ដឃាតថែមទៀតផង។
ជារួមការប្រើអំពើហិង្សា និងការរំលោភបំពានទៅលើកូនមិនត្រឹមតែផ្ដល់នូវផលប៉ះពាល់ចំពោះកូនលោកអ្នកផ្ទាល់នោះទេ លទ្ធផលចុងក្រោយគឺមានផលប៉ះពាល់ទៅដល់ជីវភាពគ្រួសារលោកអ្នកនិងប៉ះទង្គិចខ្លាំងក្លាទៅលើសង្គមថែមទៀតផង។
ដំបូន្មានអ្នកប្រឹក្សា
ការប្រើអំពើហិង្សាទៅលើកូនមិនមែនជាវិធីក្នុងការអប់រំនោះទេ ផ្ទុយទៅវិញវាផ្ដល់នូវគុណវិបត្ដិជាច្រើន។ ដូចនេះសូម លោកអ្នកជាមាតាបិតា ឬអាណាព្យាបាលគ្រប់រូបចៀសវាងប្រើអំពើហិង្សាទៅលើកូនៗរបស់លោកអ្នក។ សូមលោកអ្នកជ្រើសរើស ការទូន្មានដោយសន្ដិវិធី ការលើកទឹកចិត្ដនិងការផ្ដល់កម្លាំងចិត្ដដើម្បីកសាងបុត្រធីតារបស់លោកអ្នកឱ្យក្លាយជាបុគ្គលដ៏ល្អម្នាក់ សម្រាប់លោកអ្នក ខ្លួនគេផ្ទាល់ និងដើម្បីសង្គម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply