រលាកបំពង់កជាប្រយោគមួយដែលលោកអ្នកជាមាតាបិតាតែងតែបានទទួលពីគ្រូពេទ្យនៅពេលដែលកូនលោកអ្នកមានអាការក្ដៅខ្លួនខ្លាំង។ លោកអ្នកមួយចំនួនប្រាកដជាឆ្ងល់ហើយ ហេតុអ្វីបានជារលាកបំពង់ក?ព្រោះមានកុមារខ្លះរលាកបំពង់កញឹកញាប់ រហូត២ឬ៣ដងក្នុងមួយខែក៏មាន។ តើការរលាកបំពង់កញឹកញាប់បែបនេះមានគ្រោះថ្នាក់ដែរឬទេ?
លោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសជម្ងឺកុមារ នៅមន្ទីរពេទ្យកុមារជាតិ នឹងជម្រាបជូនមិត្ដអ្នកអានជាពិសេស ឪពុកម្ដាយទាំងឡាយឱ្យបានជ្រាប និងស្វែងយល់ឱ្យកាន់តែច្បាស់តាមរយៈទស្សនាវដ្ដី សុខភាពយើងអំពីអាការរលាកបំពង់ករបស់ កុមារនេះ។
អាការរលាកបំពង់ក
តាមពិតអាការរលាកបំពង់កជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើននៃជម្ងឺផ្ដាសាយដែលតែងធ្វើឱ្យកុមារមាន កម្ដៅឡើងខ្លាំងពី៣៨ទៅ៤០អង្សាសេ តឹងច្រមុះ ហៀរសម្បោរ ឈឺឆ្អឹងឆ្អែងជាដើម។ អាការរលាកបំពង់កបណ្ដាលមកពីមេរោគ ម្យ៉ាងឈ្មោះស្រិបតូកុស។
រោគសញ្ញារលាកបំពង់ក
ជាដំបូងនៃអាការរលាកបំពង់ក កុមារច្រើនពិបាកក្នុងការបៅ ឬបរិភោគអាហារហើយកម្ដៅក្នុងខ្លួនឡើងខ្លាំងពី៣៨ទៅ ៤០អង្សាសេ ជាហេតុធ្វើឱ្យកុមារឡេះឡះ ហើយអាចបបណ្ដាលឱ្យកុមារប្រកាច់ផងក៏អាចមាន។ នៅពេលពិនិត្យដោយការបើកបំពង់ កឃើញមានពណ៌ក្រហមខុសពីធម្មតាដែលជាសញ្ញានៃការលាក។ ជាងនេះទៅទៀតកុមារអាចមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួន ដូចជាអាការឈឺក្បាល ធុំអាហារ ក្អួត អស់កម្លាំងជាដើមពេលខ្លះអាចទៅជារាករូសផងក៏មាន។
មូលហេតុរលាកបំពង់ក
រលាកបំពង់កអាចបណ្ដាលមកពីវីរុស ពពួកបាក់តេរី និងពួកផ្សិតដែលរីករាលដាលដោយកង្វះអនាម័យក្នុងការរស់នៅប្រ ចាំថ្ងៃ រួមមានការទទួលទានអាហារមិនមានអនាម័យ កង្វះអាហារូបត្ថម្ភកុមារលេងដីធ្វើឱ្យមេរោគងាយជ្រៀតចូលតាមរយៈដៃជើង និងសម្លៀកបំពាក់ជាដើម។
វិធីព្យាបាលអាការរលាកបំពង់ក
ដើម្បីព្យាបាលការរលាកបំពង់ក លោកអ្នកត្រូវព្យាបាលជម្ងឺផ្ដាសាយជាមុនសិន។ ចំពោះការព្យាបាលអាការរលាកបំពង់ក ឬក៏ផ្ដាសាយចាំបាច់ត្រូវប្រើថ្នាំបញ្ចុះកម្ដៅដើម្បីទប់ទល់កុំឱ្យកុមារប្រកាច់បាន។ លោកអ្នកជាឪពុកម្ដាយមិនត្រូវប្រើថ្នាំផ្ដេសផ្ដាស ដោយខ្លួនឯងឡើយ ថ្នាំដែលសមស្របបំផុត គឺប្រភេទប៉ារ៉ាសេតាម៉ុលដោយប្រើទៅតាមកម្រិតអាយុនិងទម្ងន់របស់កុមារ ព្រោះថា បើប្រើហួសកម្រិតធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម។ ជាងនេះទៅទៀត លោកអ្នកត្រូវយកកន្សែងឬក្រមាជ្រលក់ទឹកធម្មតា(មិន មែនទឹកកក ព្រោះធ្វើឱ្យកុមាររងា)មកដណ្ដប់លើរាងកាយកុមារដើម្បីបន្ថយកម្ដៅបានខ្លះ។
បន្ទាប់ពីនោះ វិធីដ៏ល្អបំផុតលោកអ្នកត្រូវនាំកូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលដោយគ្រូពេទ្យជំនាញត្រឹម ត្រូវ។ លោកអ្នកមិនអាចប្រើថ្នាំផ្សំដើម្បីព្យាបាលបានទេ ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ មួយវិញទៀតអាការរលាក បំពង់កអាចកើតឡើងសារជាថ្មី ប្រសិនបើការព្យាបាលមិនទាន់បានជាសះស្បើយត្រឹមត្រូវ។ លោកអ្នកជាមាតាបិតាមួយចំនួននៅ ពេលដែលកម្ដៅខ្លួនរបស់កុមារ ឬទារកចុះថយតែងតែបញ្ឈប់ការផ្ដល់ថ្នាំជាបន្ដទៀត។ តាមពិតនៅរយៈពេលពីរ ឬបីថ្ងៃដំបូង មេ រោគគ្រាន់តែសម្ងំមិនទាន់ងាប់នៅឡើយទេ ទាល់តែប្រើថ្នាំគ្រប់ចំនួនទៅតាមវេជ្ជបញ្ជាទើបមេរោគត្រូវបានសម្លាប់ទាំងស្រុង។
វិធីការពារអាការរលាកបំពង់ក
ដើម្បីការពារបញ្ហារលាកបំពង់ក លោកអ្នកត្រូវការពារមូលហេតុដែលនាំឱ្យមានជម្ងឺផ្ដាសាយផងដែរ។ នៅពេលមានអា កាសធាតុត្រជាក់ លោកអ្នកត្រូវចាំបាច់ស្លៀកពាក់ឱ្យកុមារឱ្យបានជិតរាងកាយដោយពាក់អាវដៃវែង។ បើអាចគួរតែមានមួក ឬស្រោមដៃស្រោមជើងនោះរិតតែប្រសើរនិង សូម ដណ្ដប់រាងកាយធ្វើយ៉ាងណាឱ្យរាងកាយបានកក់ក្ដៅកុំឱ្យខ្លួនទទេ។ សូមព្យាយាម ធ្វើអនាម័យដល់កូនឱ្យបានត្រឹមត្រូវ និងទៀងទាត់ កុំដាក់ឱ្យកូនលេងដីផ្ទាល់ និងផ្ដល់ចំណីអាហារឱ្យបានគ្រប់គ្រាន់។ សូមចៀសវាង ប្រភេទចំណីអាហារដែលត្រជាក់ ឬក្លាស្សេ ឬអាហារផ្អាប់ និងកុំទទួលទានទឹកកក។
ផលប៉ះពាល់នៃការរលាកបំពង់ក
បញ្ហារលាកបំពង់កអាចធ្វើឱ្យកុមារជួបប្រទះ នឹងបញ្ហាមួយចំនួនក្រោយពេលកើតដូចជាអាចធ្វើឱ្យកុមារមិនស្រួលខ្លួន ក្ដៅ ខ្លួន រមាស់នៅត្រង់បរិវេណក ពិបាកក្នុងការបៅ និងទទួលទានអាហារជាហេតុនាំឱ្យកុមារប្រឈមមុខចំពោះការចុះស្គម និងកង្វះ អាហារូបត្ថម្ភ។ អាការទាំងនេះអាចនឹងធូរស្រាល បន្ទាប់ពីកុមារបានជាសះស្បើយត្រឹមត្រូវ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកកុំបីមានការធ្វេសប្រហែសចំពោះកូនលោកអ្នក។ ពេលខ្លះជម្ងឺផ្ដាសាយអាចជាបញ្ហាបន្ដិចបន្ដួចប៉ុន្ដែមេរោគឱកាសនិយមអាចបង្កគ្រោះថ្នាក់ដល់កូនរបស់លោកអ្នក។ សូមយកចិត្ដទុកដាក់ទៅលើសុខភាពកូនដោយគិតជាចម្បងចំពោះផ្នែកអនាម័យ និងរបបអាហារឱ្យបានល្អ។ ចៀសវាងការព្យាបាលក៏ដូចជាការជ្រើសរើសឱសថដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply