ផ្ដើមចេញពីគ្រួសារកសិករក្រីក្រ ខាត់ សុឃីមបានតស៊ូរើបម្រះពីភាពលំបាកក្នុងគ្រួសារ ដោយខំប្រឹងត្រដរមករស់នៅទី ក្រុងភ្នំពេញប្រកបការងារជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋាននាពេលរាត្រី។ ការតស៊ូព្យាយាមរបស់អ្នកនាង ខាត់ សុឃីម ធ្វើឱ្យ សម្រេចបាននូវគោលបំណងមួយចំនួនដែលបានប៉ងប្រាថ្នា។ រហូតមកដល់សព្វថ្ងៃ សុឃីមមានឈ្មោះល្បីព្រមទាំងមមាញឹកក្នុងការងារ ដូចជាពិធីអាពាហ៍ពិពាហ៍ កាត់សក់ កាត់នំ ថតចម្រៀងខារ៉ាអូខេ សម្ដែងនៅតាមកម្មវិធីទូរទស្សន៍ជាដើម។ ប៉ុន្ដែទោះបីជាមមាញឹក ជាមួយការងារយ៉ាងណាក៏ដោយសុឃីមមិនដែលធ្វេសប្រហែសថែរក្សាសម្រស់ទេ ព្រោះសុឃីមយល់ថាសម្រស់ជាកក្ដាចម្បង។
លោកអ្នកមួយចំនួនមានចម្ងល់ថា តើអ្នកនាង ខាត់ សុឃីម មានវិធីថែរក្សាសម្រស់យ៉ាងដូចម្ដេចដែរបានជានៅតែស្រស់ ស្អាតបែបនេះ? ទស្សនាវដ្ដី សុខភាពយើង សូមលើកយកពីវិធីថែរក្សាសម្រស់របស់អ្នកនាង ខាត់ សុឃីម មកបកស្រាយជូនលោក អ្នកឱ្យបានជ្រាប។
ប្រវត្ដិក្នុងអាជីពសិល្បៈ
អ្នកនាងមានដើមកំណើតនៅក្នុងស្រុកពញាឮ ខេត្ដកណ្ដាល មានបងប្អូនចំនួន៩នាក់ អ្នកនាងជាកូនទីមួយនៅក្នុងគ្រួសារ។ អ្នកនាងបានចូលច្រៀងនៅក្នុងវង់ភ្លេងខ្មែរតាំងពីអាយុ៥ឆ្នាំជាមួយក្រុមគ្រួសារដែលមានឪពុកម្ដាយជាអ្នកភ្លេងមកម្ល៉េះ។ ដោយសារ ភាពក្រីក្រក្នុងគ្រួសារទើបធ្វើឱ្យសុឃីមចាកចេញពីគ្រួសារតាំងពីអាយុ១៦ឆ្នាំមករស់នៅក្នុងទីក្រុងភ្នំពេញ ហើយបានចូលច្រៀងតាម ភោជនីយដ្ឋាន និងច្រៀងផ្នែកសិល្បៈបុរាណដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព។ រហូតមកដល់ឆ្នាំ១៩៩៦ ខាត់ សុឃីម បានក្លាយជាអ្នក ចម្រៀងដែលមានការគាំទ្រ និងទទួលស្គាល់។ ភាពប៉ិនប្រសព្វ និងពូកែសម្ដែងទើបធ្វើឱ្យអ្នកនាងមានឱកាសបានចូលខ្លួនធ្វើជាពិធីករ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជាក្នុងកម្មវិធីនាទីចុងក្រោយ និងស្ថានីយទូរទស្សន៍ផ្សេងៗទៀតជាបន្ដបន្ដាប់។ ជាពិសេសទៅទៀត អ្នក នាងធ្លាប់បានចេញទៅសម្ដែងនៅក្រៅប្រទេស ដូចជាប្រទេសអូស្ដ្រាលី បារាំង ញូសាឡេន និងសហរដ្ឋអាមេរិក។ នៅពេលនេះ ខាត់ សុឃីម បានបង្កើតនូវអាជីពមួយទៀត គឺច្រៀងកាត់សក់ក្នុងពិធីមង្គលការនានា។
ការថែរក្សាសម្រស់
ការថែរក្សាសម្រស់រូបរាងកាយរបស់មនុស្សគ្រប់រូបតែងតែអនុវត្ដដើម្បីភាពស្រស់ស្អាត ខាត់ សុឃីមក៏ដូចគ្នាដែរ។ ពេល នេះសូមក្រឡេកមកមើលពីវិធីថែរក្សាសម្រស់រូបរាងកាយរបស់អ្នកនាង។ តើមានអ្វីពិសេសទៅ?
- ការថែរក្សាសក់ ៖ អ្នកនាងមានការមមាញឹកនៅក្នុងអាជីព ២ទៅ៣ថ្ងៃទើបកក់សក់ចេញម្ដង។ ម្យ៉ាងវិញទៀតសក់ ក្បាលរបស់អ្នកសិល្បៈត្រូវការតុបតែងជារៀងរាល់កម្មវិធី ធ្វើឱ្យសក់មិនសូវលូតលាស់ល្អឡើយ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សុឃីមនៅតែឆ្លៀតពេលក្នុងការថែរក្សាសក់ ដោយជ្រើសរើសសាប៊ូកក់សក់ម្យ៉ាងកក់ជាជំនួយដល់សរសៃសក់ និងដើម្បីការពារជម្ងឺ ស្ងួតស្បែកក្បាល និងទប់ស្កាត់បញ្ហាសំណើមលើស្បែកក្បាល តែចំពោះការអប់សក់មួយសប្ដាហ៍ទើបមានពេលអប់ម្ដង។
- ការថែរក្សាស្បែកមុខ ៖ ពេលទំនេរ សុឃីមចូលចិត្ដអនុវត្ដតាមបែបធម្មជាតិ ដោយយកត្រសក់កិនឱ្យម៉ត់ហើយលាយ ជាមួយម្សៅទឹកដោះគោកូនក្មេងរាវប៉ិៗយកមកលាបនៅលើផ្ទៃមុខ។ លើសពីនេះទៅទៀតអ្នកនាងប្រើផលិតផលសម្រាប់ជំនួយ ស្បែកមុខទាំងពេលយប់ និងពេលថ្ងៃ ព្រោះស្បែកមុខរបស់សុឃីមស្ដើងហើយត្រូវប្រឈមកម្ដៅថ្ងៃ និងពន្លឺភ្លើងហ្វារទើបត្រូវការ ផលិតផលជំនួយស្បែកមុខបន្ថែម។ ម្យ៉ាងវិញទៀតដើម្បីចៀសវាងការប្រតិកម្មនៃស្បែកមុខ ដូចជាស្ងួតបែកស្រកាជាដើម។ ចំណែក ការតុបតែងមុខចូលរួមក្នុងកម្មវិធីផ្សេងៗ អ្នកនាងតែងតែលាបឡេការពារស្បែកមុខមួយជាន់ ទើបផាត់ម្សៅពីលើ។ ក្រោយបញ្ចប់ កិច្ចការ សុឃីមត្រូវលុបលាងមុខចេញភ្លាមដោយយកឡេម្យ៉ាងសម្រាប់ជូតឱ្យអស់ជាតិម្សៅ បន្ទាប់មកទើបប្រើសាប៊ូលាងមុខតាម ក្រោយ។ រៀងរាល់ព្រឹកក្រោកពីដំណេកសុឃីមមានសាប៊ូម្យ៉ាងទៀតសម្រាប់សម្អាតជាតិខ្លាញ់លើផ្ទៃមុខ និងធ្វើឱ្យមុខស្រស់ថ្លា។
- ការថែរក្សាស្បែកខ្លួន ៖ ទោះបីជាមានការរវល់យ៉ាងណាក៏ដោយ អ្នកនាងតែងតែឆ្លៀតចន្លោះពេលធ្វើការអនុវត្ដតាម បែបធម្មជាតិដែរ។ ការប្រតិបត្ដិធ្វើឡើងនៅពេលដែលវដ្ដនៃការមករដូវអស់ បន្ទាប់មកគឺលាបនិងឆ្ពុងពន្លៃ។ ក្រៅពីអនុវត្ដន៍បែបនេះ អ្នកនាងនៅមានឡេម្យ៉ាងទៀតដែលលាយដោយខ្លួនឯងផ្ទាល់យកមកលាបជារៀងរាល់យប់ លាបជាមួយឡេម្យ៉ាងទៀតជួយជំនួយ ដល់ស្បែកសម្រាប់លាបការពារកម្ដៅថ្ងៃនៅពេលចេញទៅសម្ដែង និងថត។ ប៉ុន្ដែទោះជាបែបនេះក៏ដោយសុឃីមនៅតែមានវិធីរក្សា ប្រអប់ដៃប្រអប់ជើងដែរ គឺជើងមានឡេសម្រាប់លាបផ្សេង និងដៃមានលាបផ្សេងទៀត ព្រោះជួយឱ្យស្បែកដៃទន់ស្រឡូន។
ការថែរក្សាសុខភាពរាងកាយ
ជារៀងរាល់៣ខែ សុឃីមទៅពិនិត្យសុខភាពម្ដង។ ចំណែកឯការទទួលទានអាហារមានកំណត់ ក្នុងមួយថ្ងៃអ្នកនាងទទួល ទាន២ដងប៉ុណ្ណោះ គឺពេលព្រឹក និងពេលថ្ងៃត្រង់ ចំពោះពេលយប់មិនទទួលទានឡើយ។ ប៉ុន្ដែការបរិភោគ គឺអ្នកនាងមិនតមទេ ព្រោះ សុឃីមយល់ឃើញថាការមមាញឹកធ្វើឱ្យហត់អស់កម្លាំង ដូចនេះហើយត្រូវតែទទួលទានចៀសវាងមានជម្ងឺ និងបាក់កម្លាំង។ សម្រាប់ ការទទួលទានដំណេក គឺមិនដែលបានគ្រប់គ្រាន់ឡើយ មានថ្ងៃខ្លះសម្រាកបាន៤ម៉ោង ហើយមានថ្ងៃខ្លះទៀតមិនបានសម្រាកក៏មាន ដែរ។ ហេតុនេះហើយនៅពេលទំនេរ សុឃីមតែងតែសម្រាកភ្លាមដើម្បីសងបង្គ្រប់។ ចំពោះការហាត់ប្រាណ អ្នកនាងអនុវត្ដជារៀង រាល់ព្រឹក ដោយចំណាយពេល១០ទៅ១៥នាទី ជាមួយកាយវិការលោត លើកដៃ ពត់ជើង រត់ដោយខ្លួនឯង ព្រោះអ្នកនាងមិនមាន ពេលគ្រប់គ្រាន់ទៅហាត់នៅក្លឹបឡើយ។ វិធីថែរក្សាទម្ងន់ខ្លួន សុឃីមមិនដែលអនុវត្ដន៍ទេ ព្រោះសុឃីមគិតថាសព្វថ្ងៃអ្នកនាងហត់ និងទទួលទានទៀងពេល ហេតុដូចនេះទម្ងន់ខ្លួនមិនអាចឡើងច្រើនឡើយ។ ក្រោកពីទទួលទានដំណេក ការសម្អាត និងថែរក្សាធ្មេញ សុឃីមមិនដែលបំភ្លេចឡើយ សម្អាតធ្មេញក្នុងមួយថ្ងៃចំនួន៣ដង។ ព្រោះអ្នកនាងគិតថាធ្មេញមានសារៈសំខាន់ណាស់ ពេលញញឹម ជំហ៊ានដំបូង គឺមើលធ្មេញ ហើយធ្មេញនេះទៀតសោតក៏ជាការលើកសម្រស់ផងដែរ។
បំណងអនាគត
មនុស្សគ្រប់រូបតែងត្រូវការអាជីពមួយដ៏ពិតប្រាកដទៅថ្ងៃអនាគត។ ចំពោះខាត់ សុឃីម ក្រៅពីមានអាជីពជាអ្នកសិល្បៈ សម្រាប់ទៅថ្ងៃអនាគត អ្នកនាងចង់ពង្រីកហាងកែសម្ផស្ស និងកាត់សម្លៀកបំពាក់ឱ្យមានលំនឹង ព្រោះអ្នកនាងគិតថានៅពេលដែល មានវ័យរាងចំណាស់បន្ដិច ការសម្ដែងក៏ថយចុះទៅតាមវ័យដែរ ដូចនេះចាំបាច់ត្រូវតែមានមុខរបរមួយដោយឡែក។
បណ្ដាំផ្ញើរបស់ខាត់ សុឃីម
សូមបងប្អូនស្ដ្រីទាំងអស់ថែរក្សាសុខភាព និងខ្លួនប្រាណឱ្យបានត្រឹមត្រូវ មិនគួរបណ្ដោយខ្លួនឱ្យបាត់បង់សម្រស់នោះទេ។ សូមគិតថាការថែរក្សាសម្រស់ធ្វើឱ្យស្បែករក្សាភាពស្អាតបានយូរ មិនឆាប់ជ្រីវជ្រួញ។ ជាពិសេសការទទួលទានអាហារត្រូវកំណត់ និង ទៀងពេលវេលាផងដែរ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់អ្នកនាង ខាត់ សុឃីមតែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈោ្មះ ៖ ខាត់ សុឃីម
- អាយុ ៖ ២៩ឆ្នាំ
- កម្ពស់ ៖ ១,៥៧ម៉ែត្រ
- ទំហំទាំងបី ៖ ៣៤, ២៥, ៣៣
- បងប្អូន ៖ ៩នាក់ (ជាកូនទី១)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply