ដករោមដៃរោមជើងមានការពិបាកសម្រាប់លោកអ្នកដែលសម្បូរទៅដោយរោមច្រើន។ ធម្មជាតិបង្កើតមនុស្សមកមិន ដូចគ្នានោះទេ អ្នកខ្លះសម្បូរទៅដោយរោមច្រើនស្អេកស្កះ តែអ្នកខ្លះវិញមានតិចតួច សឹងតែថាគ្មានតែម្ដង។ ប៉ុន្ដែសូមលោកអ្នកកុំ ព្រួយបារម្ភ បច្ចុប្បន្នវិទ្យាសាស្ដ្រមានការរីកចម្រើន ត្រឹមតែការដករោមគ្មានអ្វីដែលខ្វាយខ្វល់នោះទេ។ លោកអ្នកអាចជ្រើសរើសនូវ វិធីណាមួយដែលងាយស្រួលសម្រាប់អនុវត្ដ ដូចជាការដករោមដោយការប្រើថ្នាំលាបដើម្បីជម្រុះជាដើម។
ដើម្បីជាការស្វែងយល់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយកញ្ញា ហេង សុវណ្ណារី មេជាងនៅមជ្ឈមណ្ឌល ថែរក្សាសម្ផស្ស សាលីណា។
ការដករោមដៃរោមជើង
ការដករោមដៃរោមជើងអាស្រ័យទៅលើប្រភេទរោម ព្រោះមានរោមខ្លះស្ដើង និងរោមខ្លះទៀតក្រាស់ ហើយរឹង។ ភាគ ច្រើនលោកអ្នកដែលមានរោមស្ដើងមិនសូវខ្វល់ខ្វាយពីបញ្ហានៃការដកនោះទេ តែសម្រស់អ្នកដែលមានរោមក្រាស់រឹង ហើយវែង ឯណោះទេ ដែលមានបញ្ហាទាមទារឱ្យមានការជម្រុះចេញ។
ការដករោមមានច្រើនបែបសម្រាប់លោកអ្នកធ្វើការជ្រើសរើស។ វិធីទាំងនោះរួមមាន ដកដោយលាបថ្នាំជម្រុះ ដោយ កោរ ដោយតម្បៀត និងការប្រើថ្មដុស។ ការដករោមដៃរោមជើងដោយប្រើថ្នាំមានភាពងាយស្រួល ចំណាយពេលតិច ហើយមានប្រ សិទ្ធភាព។ ជាពិសេសជួយធ្វើឱ្យស្បែកដៃជើងមានភាពរលោងស្អាត និងមានការចាប់អារម្មណ៍សម្រាប់មនុស្សគ្រប់រូប។
របៀបដករោមដៃរោមជើង
- ការប្រើថ្នាំ ៖ ការលាបថ្នាំជម្រុះ ឬបកមានភាពងាយស្រួល គ្រាន់តែចំណាយថវិកានិងពេលវេលាបន្ដិចបន្ដួច ថែមទាំង គ្មានផលរំខានទៀតផង។ លោកអ្នកអាចជ្រើសរើសប្រភេទថ្នាំមកលាបនៅកន្លែងដែលសម្បូររោម រួចទុកមួយរយៈឱ្យជាតិថ្នាំស្ងួត បន្ដិច សឹមបកចេញវិញ។ ពេលនោះសរសៃរោមនីមួយៗនឹងរបកតាមថ្នាំមកដោយងាយ។ ម្យ៉ាងទៀតការប្រើថ្នាំបកនេះមិនងាយនឹង ធ្វើឱ្យរោមដុះត្រឡប់មកវិញទេ អាចពី២ទៅ៣ខែជាធម្មតា។
- ការកោរ ៖ កោរមានលក្ខណៈស្រួល តែមានគុណវិបត្ដិច្រើន ជួនកាលអាចបណ្ដាលឱ្យមុតស្បែក និងឆាប់ដុះរោមត្រឡប់ មកវិញ។ ជាពិសេសក្រោយពេលកោរហើយ សរសៃរោមដុះត្រឡប់មកវិញមានសភាពខុសពីពេលមិនទាន់កោរ ដូចជាធ្វើឱ្យសរសៃ រោមខ្មៅ វែងជាងមុន រឹងជាដើម។ នៅមុនពេលកោរ លោកអ្នកអាចលាបម្សៅហុយ ឬដុសសាប៊ូ ដើម្បីឱ្យសរសៃរោមនីមួយៗទន់។
- ការប្រើតម្បៀត ឬបង់ស្អិត ៖ វិធីនេះតម្រូវឱ្យមានភាពអំណត់បន្ដិច ព្រោះពេលដែលដកធ្វើឱ្យមានឈឺចាប់ខ្លាំងនៅតាម រន្ធរោម ជួនអាចបណ្ដាលឱ្យមានឈាមនៅតាមរន្ធរោមទៀតផង។ ការដករបៀបនេះអាចបណ្ដាលឱ្យសាច់ឡើងកន្ទួលក្រហម និងមាន ការឈឺចាប់ ដែលមានលោកអ្នកមួយចំនួនជ្រើសរើសប្រើថ្នាំស្ពឹកយកមកលាបដើម្បីបន្ថយការឈឺចាប់។
- ការប្រើថ្មដុស ៖ អ្នកខ្លះជ្រើសរើសថ្មសម្រាប់ដុសឱ្យជ្រុះរោម។ ពេលលោកអ្នកយកថ្មមកដុសនៅលើអវៈយវៈជារៀង រាល់ថ្ងៃ ធ្វើឱ្យរោមជ្រុះបន្ដិចម្ដងៗ។
គុណប្រយោជន៍និងគុណវិបត្ដនៃការដករោមដៃរោមជើង
ការដករោមដោយប្រើថ្នាំជួយឱ្យស្បែកលោកអ្នកមានភាពរលោង ហើយមិនមានកន្ទួលក្រហមនោះទេ។ ជាពិសេសជួយ ឱ្យរោមជ្រុះអស់រលីងស្អាត ហើយរោមដែលដុះមកវិញមានសភាពធម្មតាមិនធ្វើឱ្យរឹង ឬខ្មៅនោះឡើយ។
ចំណែកឯការដកដោយប្រើតម្បៀត កោរ និងដោយប្រើថ្មដុស ជួនកាលអាចបណ្ដាលឱ្យស្បែកមានបញ្ហា ដូចជាធ្វើឱ្យរន្ធ រោមបើកធំ និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ពេលដែលដករោមអស់ ធ្វើឱ្យស្បែកបាត់បង់កោសិការនាំងសម្រាប់ការពារស្បែក និង ធ្វើឱ្យស្បែកស្ដើងឆាប់ទទួលប្រតិកម្មពីកម្ដៅថ្ងៃ។
ការថែរក្សាស្បែកក្រោយពេលដករោមដៃរោមជើង
ក្រោយពីដករោមហើយ លោកអ្នកត្រូវចេះថែរក្សាស្បែកឱ្យបានត្រឹមត្រូវ។ គួរជ្រើសរើសផលិតផលដើម្បីជួយចិញ្ចឹម កោសិកាស្បែក និងជួយការពារស្បែក ធ្វើឱ្យស្បែកសទៀតផង។ គួរលាបឡេជាប្រចាំនៅរាល់ពេលធ្វើដំណើរកណ្ដាលថ្ងៃក្ដៅ។
ដំបូន្មានអ្នកជំនាញ
ការដក កោរ ឬលាបថ្នាំដើម្បីឱ្យជ្រុះរោមក្ដី ទាមទារឱ្យមានការប្រុងប្រយ័ត្ន និងថែរក្សាស្បែកដៃជើងឱ្យបានល្អ។ ការជ្រើ សរើសយកថ្នាំសម្រាប់ជម្រុះរោម ឬផលិតផលជំនួយស្បែកក៏ដោយ ត្រូវពិនិត្យពីគុណភាពឱ្យបានត្រឹមត្រូវ។ គប្បីទៅពិគ្រោះជាមួយ អ្នកជំនាញដើម្បីធ្វើការដករោម ចៀសវាងកុំធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply