មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់ធ្វើជាម្ដាយរបស់កូន ទោះបីជាដឹងថាភារៈជាម្ដាយលំបាកយ៉ាងណាក៏ដោយ។ ដើម្បីក្លាយខ្លួនជាម្ដាយ ស្ដ្រីចាំបាច់ត្រូវយល់ដឹងពីបញ្ហាមួយចំនួនដែលអាចកើតមានឡើងនៅពេលមានផ្ទៃពោះជាមុនសិន ជាពិសេស សម្រាប់អ្នកម្ដាយថ្មីថ្មោងទាំងឡាយ។ គ្រាន់តែពពោះសោះ តើចាំបាច់ត្រូវដឹងពីអ្វីខ្លះទៅ?
ទាក់ទងនឹងការត្រៀមខ្លួនយ៉ាងណាៗសម្រាប់ស្ដ្រីដែលចង់ធ្វើជាម្ដាយនោះ លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតចូលរួមបកស្រាយជម្រាបជូនតាមរយៈទស្សនាវដ្ដី សុខភាពយើង នៅពេលនេះ។
បញ្ហាដែលអាចកើតមាននៅពេលមានផ្ទៃពោះ
មិនមែនជារឿងងាយស្រួលដូចដែលស្ដ្រីមួយចំនួនក៏ដូចលោកអ្នកមួយចំនួនគិតនោះទេ។ នៅពេលមានផ្ទៃពោះ ស្ដ្រីមាន ភារៈត្រូវធ្វើនិងទទួលច្រើនយ៉ាង ដូចជាការចំណាយប្រាក់កាក់ដើម្បីទ្រទ្រង់ការចាប់កំណើតរបស់កូន ឬឬត្រៀមដើម្បីទប់ទល់ជាមួយ បម្រែបម្រួលផ្សេងរបស់រាងកាយជាដើម។
- ការចាញ់កូន ៖ កើតអាការក្អួតចង្អោរ ឬរង៉ាក់រងើចង់ក្អួតចំពោះស្ដ្រីដែលចាប់ផ្ដើមមានគភ៌។ អាការបែបនេះមានជាប្រ ចាំក្នុងអំឡុងពេលគភ៌មានអាយុពីសប្ដាហ៍ទី៤ ដល់ទី១២។ រោគសញ្ញាបែបនេះមានសភាពធ្ងន់ធ្ងរនៅពេលព្រឹកព្រលឹម។ ស្ដ្រីមួយចំនួន ជួបប្រទះអាការចាញ់កូនពេញមួយថ្ងៃក៏មាន។ សុដន់រីកកាន់តែធំឡើង និងក្បាលសុដន់ប្រែពណ៌ ៖ ស្ដ្រីចាប់ផ្ដើមមានគភ៌ សុដន់ទាំងគូរបស់ស្ដ្រីកាន់តែរំញោចអារម្មណ៍ជាងពេលមុន ងាយប្រឈមមុខនឹងការឈឺចាប់ណាស់ពេលរងការប៉ះទង្គិច។ រយៈពេល២សប្ដាហ៍ដំបូងនៃអាយុគភ៌ សុដន់និងក្បាលសុដន់កាន់រីកធំជាបណ្ដើរ ហើយក្បាលសុដន់ទៀតសោតក៏ប្រែពណ៌ទៅជាក្រម៉ៅជាងមុន។
- ការអស់កម្លាំងល្ហិតល្ហៃ ៖ គ្រប់ស្ដ្រីទាំងអស់នៅពេលមានផ្ទៃពោះសុទ្ធតែទទួលអារម្មណ៍បែបនេះ ព្រោះថានៅដំណាក់ កាលនេះ រាងកាយរបស់ស្ដ្រីបានខិតខំបញ្ចេញចរន្ដឈាមគ្រប់ទីកន្លែងទាំងអស់ ដើម្បីទៅចិញ្ចឹមបំប៉នគភ៌។ ហេតុនេះទើបបេះដូងរបស់ ស្ដ្រីមានផ្ទៃពោះប្រឹងធ្វើការជាងមុនដើម្បីសម្របសម្រួលទៅនឹងចលនាឈាមរត់ក្នុងខ្លួន។ ជាធម្មជាតិនៅពេលដែលស្ដ្រីចាប់ផ្ដើមមាន គភ៌រាងកាយក៏ចេះសម្របសម្រួលដោយខ្លួនឯងទាំងតម្រូវការជាតិទឹក ទាំងជាតិស្កររួមជាមួយជាតិខ្លាញ់ផងដែរ។ រាល់ការបម្រែ បម្រួលអស់ទាំងនេះរួមចំណែកធ្វើឱ្យរាងកាយរបស់ស្ដ្រីទៅជាខ្សោះកម្លាំង ល្ហិតល្ហៃ ឬខ្ជិលច្រអូស។
- ការឡើងទម្ងន់ខ្លួន ៖ ក្នុងរយៈពេល២សបា្ដហ៍ដំបូងនៃពេលមានគភ៌ ស្បូនចាប់ផ្ដើមប្រែប្រួលដោយកាន់តែរីកធំឡើង រីឯ សរសៃឈាមក៏កាន់តែពង្រីកខ្លួនកាន់តែរីកធំដើម្បីបន្ដចរន្ដទៅចិញ្ចឹមទារកដែលកំពុងតែលូតលាស់ជាលំដាប់។
- បញ្ហាផ្សេងទៀត ៖ ក្រៅពីបញ្ហាដែលបានរៀបរាប់ជូនខាងលើនេះ អ្នកម្ដាយទាំងឡាយអាចជួបនូវការប្រែប្រួលជាច្រើន ទៀត ដូចជាបត់ជើងតូចច្រើនដង គ្រុនក្ដៅស្រៀវស្រាញ ចុកចាប់តាមសរសៃពួរជើង ទទួលទានដំណេកមិនលក់ជាដើម។
ការត្រៀមខ្លួនសម្រាប់ពេលមានផ្ទៃពោះ
ការងារសម្រាប់ម្ដាយមិនមែនទាល់តែកូនកើតមកទើបហៅថាម្ដាយនោះទេ។ ម្ដាយទាំងឡាយត្រូវទ្រាំទ្រការលំបាកសព្វ បែបយ៉ាងតាំងពីថ្ងៃដំបូងនៃការតាំងគភ៌។ ដើម្បីទទួលយកការងារជាម្ដាយនេះ សុភាពនារីទាំងអស់ត្រូវត្រៀមខ្លួនសព្វយ៉ាង។
- បញ្ហាជីវភាព ៖ ដោយការពពោះ និងការសម្រាលសុទ្ធសឹងតែត្រូវការចំណាយ ម្ល៉ោះហើយលោកស្រីអ្នកនាងត្រូវមាន ជីវភាពមួយដែលមានតុល្យភាពទើបធានាបាននូវការចំណាយក្នុងពេលមានផ្ទៃពោះ ពេលសម្រាលនិងក្រោយពេលសម្រាល។ មិន មែនមានន័យថាគ្មានប្រាក់មិនអាចមានផ្ទៃពោះបានទេ ប៉ុន្ដែបើមានប្រាក់ គ្រប់យ៉ាងមិនសូវជួបបញ្ហាស្មុគស្មាញទេ។
- បញ្ហាសុខភាព ៖ ការមានផ្ទៃពោះមិនមែនទាមទារឱ្យតែស្ដ្រីជាម្ដាយមានសុខភាពល្អនោះទេ ចំណែកបុរសជាឪពុកក៏ត្រូវ មានសុខភាពល្អដូចគ្នាដែរ។ អ្នកទាំងពីរព្យាយាមកុំឱ្យមានរោគឆ្លងផ្សេងៗ ជាពិសេសជម្ងឺកាមរោគ ជម្ងឺអេដស៍ជាដើម ដើម្បីបង្កើត កូនម្នាក់មានសុខភាពល្អបានមិនមានផលវិបាកដល់កូន។ ប្រការល្អបំផុត គួរតែទៅធ្វើតេស្ដឈាមរោគមេរោគអេដស៍ មុនសម្រេចចិត្ដ ថាមានកូន។ អ្នកជាម្ដាយត្រូវចាក់ថ្នាំបង្ការ ដូចជាថ្នាំបង្ការជម្ងឺតេតាណូសជាដើម ដើម្បីនៅពេលដែលមានផ្ទៃពោះ និងសម្រាលកូន មានសុវត្ថិភាព។ មានស្ដ្រីមួយចំនួនមិនធ្លាប់មានជម្ងឺស្អូចពីមុនមក តែនៅពេលមានផ្ទៃពោះ មានជម្ងឺនេះ ធ្វើឱ្យមានការប៉ះពាល់ដល់ ទារកក្នុងផ្ទៃបាន។ ដូចនេះត្រូវដឹងអំពីប្រវត្ដិជម្ងឺឱ្យច្បាស់លាស់។
- ស្វែងរកព័ត៌មាន ៖ ព្យាយាមស្វែងយល់អំពីព័ត៌មានផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះតាមរយៈអត្ថបទទស្សនាវដ្ដី ឬឯកសារផ្សេងៗ។ គប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីការថែរក្សាសុខភាព មុនពេលមានផ្ទៃពោះ របបចំណីអាហារនិងការ ប្រើប្រាស់ថ្នាំផ្សេងៗ។ សូមសាកសួរអ្នកមានបទពិសោធន៍ក្នុងការពពោះដើម្បីធ្វើការកត់ចំណាំ និងស្វែងយល់។
- សុខភាពផ្លូវចិត្ដ ៖ ដើម្បីឱ្យកូនកើតមកមានសុខភាពល្អប្រាជ្ញាឆ្លាតវៀងវៃនោះ អ្នកម្ដាយគួរតែធ្វើចិត្ដឱ្យសប្បាយរីក រាយ។ ព្រោះថាអាម្មរណ៍ដែលកើតមានចំពោះម្ដាយមានឥទ្ធិពលដល់ការលូតលាស់ផ្លូវប្រាជ្ញា និងអត្ដចរឹករបស់ទារក តាំងពីនៅក្នុងផ្ទៃ រហូតដល់ពេលពេញវ័យ។ ក្រៅពីនេះ អ្នកដែលនៅជុំវិញស្ដ្រីមានផ្ទៃពោះទាំងអស់ជាពិសេសបុរសជាស្វាមីគប្បីរក្សាសុខភាពផ្លូវចិត្ដ របស់ស្ដ្រីមានផ្ទៃឱ្យសប្បាយរីករាយគ្រប់ពេល ទើបប្រសើរ។
ដំបូន្មានអ្នកជំនាញ
សូមស្ដ្រីដែលត្រៀមខ្លួនធ្វើជាម្ដាយទាំងអស់អនុវត្ដតាមអ្វីដែលបានជម្រាបជូនខាងលើនេះ នោះលោកស្រីអ្នកនាងនឹងទទួល បានសុខភាពល្អ សុវត្ដិភាព និងកូនតូចគួរឱ្យស្រឡាញ់មិនខានឡើយ។ ក្រៅពីនេះ ការពិនិត្យផ្ទៃពោះជាប្រចាំតាមការណែនាំរបស់ គ្រូពេទ្យពេទ្យជំនាញ ក៏ជាប្រការមិនអាចខ្វះបានដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply