កុមារជាវ័យមួយដែលកំពុងមានការលូតលាស់ខ្លាំងទាំងផ្នែកប្រាជ្ញាស្មារតី និងរាងកាយ។ ស្ថិតក្នុងវ័យនេះ កុមារមានកាតព្វ កិច្ចដែលត្រូវបំពេញ គឺខិតខំសិក្សាក្រេបជញ្ជក់យកនូវចំណេះវិជ្ជា ដើមី្បក្លាយជាសសរទ្រូងសម្រាប់សង្គម និងគ្រួសារ នាពេលអនាគត។ ការសិក្សារបស់កុមារត្រូវធានាឱ្យបាននូវសុខុមាលភាព។ សាលារៀនគឺជាគ្រឹះស្ថានដ៏រឹងមាំមួយដែលកុមារទាំងឡាយត្រូវក្រេបជញ្ជក់ យកចំណេះដឹង។ តើសុខុមាលភាពរបស់កុមារនៅតាមសាលារៀនមានអ្វីខ្លះ?
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបញ្ហាសុខភាពរបស់កុមារនៅតាមសាលារៀនមកធ្វើការបកស្រាយជូនប្រិយមិត្ដ អ្នកអាន ពិសេសមាតាបិតាធ្វើការស្វែងយល់។
កត្ដាធានាសុខុមាលភាពកុមារនៅតាមសាលារៀន
នៅផ្ទះ កុមារាកុមារីទាំងឡាយត្រូវទទួលបានការគ្រប់គ្រងពីសំណាក់មាតាបិតា ឬអាណាព្យាបាល។ នៅពេលគ្រប់អាយុ ចូលសិក្សា មាតាបិតាតែងបញ្ជូនបុត្រធីតារបស់ខ្លួនឱ្យទៅសិក្សានៅតាមសាលារៀន ដើម្បីទទួលបានចំណេះដឹងទូលាយ។ ដើម្បី សិក្សាបានល្អ កុមារត្រូវមានសុខភាពល្អជាចម្បង។ ដូច្នេះហើយនៅសាលារៀន ក្រៅពីការសិក្សាក្រសួងអប់រំបានរៀបចំ ឱ្យសិស្សានុសិស្សធ្វើសកម្មភាពមួយចំនួន ដើម្បីជំនួយដល់សុខភាពឱ្យមានភាពរឹងមាំ។ សកម្មភាពទាំងនោះមានការហាត់ប្រាណ ការ ហាត់កីឡា ការដើរកម្សាន្ដ ការធ្វើពលកម្មជាដើម។
- ការហាត់ប្រាណ ៖ នៅតាមសាលារៀន ការហាត់ប្រាណត្រូវធ្វើឡើងជាលក្ខណៈសាមញ្ញៗទៅតាមលទ្ធភាពរបស់កុមារ និងកាលវិភាគប្រចាំសប្តាហ៍របស់កម្មវិធីសិក្សា។ សិស្សានុសិស្សអាចហាត់ប្រាណ ឬលេងកីឡា លើកដុំដែក រត់ លោត បាល់ ទះ បាល់បោះ បាល់ទាត់ ឡើងខ្សែពួរ និងលេងល្បែងប្រជាប្រិយនានាជាដើម ដែលនាំឱ្យកុមារមានសុខភាពល្អមាំមួន។ ចំពោះសិស្ស តូចៗ លោកគ្រូអ្នកគ្រូគ្រាន់តែឱ្យលើកដៃ លើកជើងបន្ដិចបន្ដួចប៉ុណ្ណោះ។ ជាមួយគ្នានេះដើម្បីឱ្យខួរក្បាលរបស់កុមារហាត់ប្រាណបាន ដែរនោះ លោកគ្រូអ្នកគ្រូណែនាំឱ្យកុមារលេងល្បែងកម្សាន្ដ ដូចជាលេងរែក អុក ឬដោះប្រស្នាជាដើម។ ប៉ុន្ដែសាលារៀនត្រូវបង្រៀន កុមារឱ្យមានចិត្ដស្មោះត្រង់ និងមានវិន័យ។
- ការដើរកម្សាន្ដ ៖ ដើម្បីឱ្យសុខភាពផ្លូវចិត្ដ ផ្លូវកាយ និងប្រាជ្ញាស្មារតីរបស់កុមារមានការរីកចម្រើន គ្រូបង្រៀនត្រូវរក ពេលវេលាមួយសម្រាប់នាំសិស្សដើរកម្សាន្ដ ធ្វើទស្សនកិច្ចសិក្សាទៅតាមលទ្ធភាព។
- ការធ្វើពលកម្ម ៖ ដើម្បីទ្រទ្រង់សុខភាពកុមារ ផ្អែកលើបរិស្ថានសាលារៀន និងថ្នាក់រៀន គ្រូគួរណែនាំំកុមារឱ្យធ្វើ អនាម័យបោសសម្អាត និងធ្វើពលកម្ម។ ក្រោយពីពេលធ្វើពលកម្ម គ្រូត្រូវនាំសិស្សសម្អាតដៃជើងជាមួយសាប៊ូ និងណែនាំសិស្សឱ្យចេះ លាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ និងមុនពេលទទួលទានបាយ។ គ្រូត្រូវណែនាំសិស្សឱ្យចេះជួយធ្វើការងារឪពុកម្ដាយតាម កម្លាំង ព្រោះវាជាការហាត់ប្រាណនៅផ្ទះមួយដែរ។
- តួនាទីឪពុកម្ដាយ ឬគ្រូបាអាចារ្យក្នុងការអប់រំ ៖ សុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់កុមារជាការសំខាន់ណាស់។ សុខភាព ផ្លូវកាយ គឺកុមារត្រូវការហូបចុកឱ្យបានគ្រប់គ្រាន់សមស្របទៅតាមតម្រូវការនៃការលូតលាស់របស់រាងកាយ។ ដើម្បីឱ្យសុខភាពផ្លូវ ចិត្ដកុមារលូតលាស់ល្អ ឪពុកម្ដាយត្រូវផ្ដល់ការថ្នាក់ថ្នមថែទាំ ផ្ដល់កម្លាំងចិត្ដឱ្យកូនគ្រប់ពេលវេលា។ បណ្ដុះឱ្យកូនតូចៗមានគំនិតធ្វើអ្វី ដែលល្អ។
គ្រូត្រូវផ្ដល់ជាគំរូល្អ ទាំងពាក្យសំដី ទាំងកាយវិការទៅឱ្យកុមារដើម្បីឱ្យគេទទួលយកភាពល្អទាំងនោះតទៅអនាគត។ កុមារនឹងរស់នៅក្នុងគំរូមួយល្អ ធ្វើឱ្យកុមារនោះពេលក្លាយទៅជាមនុស្សពេញវ័យ មានឥរិយាបថសមរម្យ។ ប្រសិនបើឪពុកម្ដាយ ឬគ្រូមានចរិតច្រងេងច្រងាងនាំឱ្យកុមារនោះក្លាយទៅជាមនុស្សបែបនោះដែរ គ្រាន់តែច្រើនឬតិច ដូចជាពាក្យស្លោកថា “ឪពុកម្ដ្ដាយ បែបណាកូនបែបនោះ ឬស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”។ ជារួមការអប់រំសិស្ស ឬកុមារតូចត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួន មេត្ដា ករុណា មុទិតា ឧបេក្ខា។ ពោលត្រូវមានការសន្តោសប្រណីគ្រប់ពេលវេលា ទៅលើកុមារ។ ទាំងឪពុកម្ដាយ លោកគ្រូអ្នកគ្រូ និងមហាជនទូទៅត្រូវប្រកាន់ឱ្យខ្ជាប់ក្នុងការអប់រំកូន ដើម្បីឱ្យផ្លូវចិត្ដកុមារលូតលាស់បានល្អ។
កត្ដាខ្វះខាតក្នុងសាលារៀន
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន សាលាបឋមសិក្សាមួយចំនួននៅខ្វះបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់។ ចំណីអាហារដែល ដាក់លក់នៅតាមសាលារៀនមិនសូវមានអនាម័យល្អទេ។ តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាលនៅឆ្នាំ២០០២ ទៅលើចំ ណីអាហារដែលដាក់លក់នៅតាមសាលាបឋមសិក្សានានានៅក្នុងរាជធានីភ្នំពេញ បានបង្ហាញថាអាហារជាង៦៣%គ្មានអនាម័យ និង មានមេរោគ។ កត្ដាទាំងនេះនាំឱ្យប៉ះពាល់ដល់សុខភាព និងប្រាជ្ញាស្មារតីរបស់សិស្សានុសិស្ស។ តាមរយៈការអង្កេតនេះ យើងអាច សន្និដ្ឋានបានថាការខ្វះអនាម័យលើចំណីអាហារក៏មានដូចគ្នាដែរនៅតាមទីប្រជុំជននានាគ្រប់ខេត្ដក្រុងទូទាំងប្រទេស។ ការប្រើប្រាស់ គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ត្រូវបានហាមឃាត់នៅក្នុងសាលារៀន។ បច្ចុប្បន្ននេះ ការលើកកម្ពស់សុខភាពនៅតាមសាលា រៀនបាននឹងកំពុងអនុវត្ដជាបណ្ដើរៗហើយ។
វិធានការរបស់សាលាបឋមសិក្សានរោត្ដម(ភ្នំពេញ)
ចំពាះសាលាបឋមសិក្សានរោត្ដម សុខភាពកុមារត្រូវបានយកចិត្ដទុកដាក់ជាចម្បង។ លោកស្រី លឹម ស្រីផល្លា នាយិកា រងបានឱ្យដឹងថា សុខភាពកុមារជារឿងសំខាន់ដែលត្រូវយកចិត្ដទុកដាក់ ប៉ុន្ដែដោយសារទីធ្លាចង្អៀត ការហាត់ប្រាណរបស់សិស្សនៅទី នោះ មានតែមួយលើកក្នុងមួយសប្ដាហ៍ រាល់ក្រោយពេលគោរពទង់ជាតិ។ គ្រូបង្រៀនឱ្យសិស្សលើកដៃជើងធ្វើចលនា ដើម្បីឱ្យសរសៃ ឈាមរត់បានស្រួល។ ចំពោះការហូបចុករបស់កុមារ លោកគ្រូអ្នកគ្រូបានណែនាំសិស្សានុសិស្សទម្លាប់យកទឹកឆ្អិនពីផ្ទះមក ដើម្បីចៀស វាងនូវការទទួលទានទឹកផ្ដេសផ្ដាស។ ក្រៅពីនោះ សាលាបានសង្កេតទៅលើការទទួលទានអាហាររបស់សិស្សផងដែរ ដោយណែនាំ សិស្សឱ្យទទួលទានអាហារ ដូចជាមី បាយ ឬនំប៉័ងឱ្យឆ្អែតជាមុនសិន មុននឹងបរិភោគចំណីអាហារក្រៅផ្សេងទៀត។ លើសពីនេះ សា លាមិនអនុញ្ញាតឱ្យលក់ចំណីអាហារណាដែលមិនសមស្រប ដូចជាម្ជូរត្រាំ ឬអាហារដែលមានមេស្ករជាដើម។ ជារៀងរាល់ខែ សាលា បឋមសិក្សានរោត្ដមតែងកោះហៅអ្នកលក់មកណែនាំអំពីការលក់អាហារឱ្យប្រកបដោយអនាម័យ។ ក្រៅពីនោះ សាលាក៏បាន បង្រៀនកុមារឱ្យយកចិត្ដទុកដាក់លើសុខភាពមាត់ធ្មេញ ដោយឱ្យសិស្សនាំមកជាមួយនូវច្រាសដុះធ្មេញ ដើម្បីដុះសម្អាតធ្មេញក្រោយ ពេលបរិភោគអាហាររួច។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីធានាឱ្យបាននូវសុខុមាលភាពល្អរបស់កុមារឱ្យសមនឹងពាក្យថា កុមារជាសសរទ្រូងរបស់ប្រទេសជាតិនោះ ការចូលរួម ចំណែកពីឪពុកម្ដាយ និងសាលារៀនជាកត្ដាសំខាន់បំផុត។ ឪពុកម្ដាយត្រូវដើរស្របគ្នាជាមួយសាលា តាមដានការសិក្សារបស់កូន ឱ្យកូនអនុវត្ដកម្មវិធីសិក្សានៅផ្ទះ និងយកចិត្ដទុកដាក់លើការទទួលទានរបស់កូនផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply