ការដកធ្មេញមិនមែនជារឿងធម្មតា និងងាយស្រួលដូចដែលលោកអ្នកធ្លាប់គិតនោះទេ។ ការដកធ្មេញទាមទារឱ្យអនុវត្ដ ដោយប្រុងប្រយ័ត្ន និងត្រូវការជំនាញច្បាស់លាស់ ដើម្បីចៀសវាងការប៉ះពាល់ ឬគ្រោះថ្នាក់ដោយប្រការណាមួយដែលមិនត្រូវមើល រំលង ឬមិនបានយកចិត្ដទុកដាក់។ ការដកធ្មេញមិនសុទ្ធតែអ្នកណាក៏អាចធ្វើទៅបាននោះទេ។
លោកទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធានក្រុមគ្រូពេទ្យ នៃមន្ទីរព្យាបាលធ្មេញបស្ចឹម នឹងបកស្រាយអំពីបញ្ហានេះជូនមិត្ដអ្នក អានជាមួយទស្សនាវដ្ដី សុខភាពយើង។
មូលហេតុដកធ្មេញ
ការដកធ្មេញមិនមែនធ្វើទៅតាមតែការនឹកឃើញចង់ដកនោះទេ តែត្រូវមានមូលហេតុច្បាស់លាស់ដែលចាំបាច់ត្រូវតែដក។
- ធ្មេញដែលមានឬសពុកអស់ មិនអាចយកឬសមកប្រើការបានទៀត
- ឬសធ្មេញមិនអាចព្យាបាលបាន ដូចជាឬសក្ងិចក្ងក់ ហើយមិនអាចទុកបាន ព្រោះអាចបង្កគ្រោះថ្នាក់ដល់ធ្មេញដទៃទៀត
- ធ្មេញមានដំបៅ និងមិនអាចធ្វើការវះកាត់យកដំបៅចេញពីធ្មេញនោះបាន
- ធ្មេញដែលងាយធ្វើឱ្យរលាកអញ្ចាញខ្លាំង ក៏ជាធ្មេញដែលត្រូវដកចេញដែរ
- ធ្មេញដែលត្រូវពត់ ត្រូវការចន្លោះដើម្បីពុតធ្មេញ ទោះជាធ្មេញនោះល្អក៏ដោយ ក៏ត្រូវដកចោលដែរ។ ទាំងនេះសុទ្ធតែជា បញ្ហា និងមូលហេតុសំខាន់ៗដែលចាំបាច់ត្រូវដកធ្មេញ។
តើគួរដកធ្មេញយ៉ាងដូចម្ដេច?
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ឬគុណវិបត្ដិដែលអាចកើតឡើង លោកអ្នកមិនគួរដកធ្មេញដោយខ្លួនឯងនោះទេ។ ព្រោះឬស ធ្មេញមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើដកធ្មេញមិនបានត្រឹមត្រូវ អាចធ្វើឱ្យមានឈាមហូរមិនឈប់។ យកល្អលោកអ្នកគួរទៅ រកគ្រូពេទ្យជំនាញដើម្បីដកធ្មេញ ព្រោះមានតែអ្នកជំនាញពិតប្រាកដតែប៉ុណ្ណោះ ដែលអាចដឹងថាធ្មេញនោះអាចដកបាន ឬក៏អត់ ហើយគួរដកយ៉ាងដូចម្ដេច។
តើគួរដកធ្មេញនៅពេលណា?
ការដកធ្មេញចែកចេញជាពីរដំណាក់កាល គឺដកធ្មេញទឹកដោះ និងដកធ្មេញស្រុក។
1. ដកធ្មេញទឹកដោះ៖ មានន័យថាដកធ្មេញកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ព្រោះវ័យនេះធ្មេញទឹកដោះរបស់កុមារនឹង ត្រូវផ្លាស់ប្ដូរមកជាធ្មេញស្រុកវិញ។ ឯការដកធ្មេញទឹកដោះនេះ ត្រូវធ្វើទៅតាមអាយុរបស់មនុស្ស ដូចជាធ្មេញមុខក្រោមត្រូវដកនៅ អាយុ៦ឆ្នាំ និងធ្មេញមុខលើត្រូវដកនៅអាយុ៧ឆ្នាំ។ ចំពោះធ្មេញដទៃទៀត គួរតែដក និងពិនិត្យមើលទៅតាមលេខរៀង ប្រការ ចាំបាច់គួរឱ្យគ្រូពេទ្យពិនិត្យនៅពេលកុមារមានអាយុ៦ឆ្នាំ។
2. ដកធ្មេញស្រុក៖ ចំពោះបញ្ហាធ្មេញស្រុកនេះ មិនមានអ្វីចាំបាច់ត្រូវដកទេ ប្រសិនបើធ្មេញនោះគ្មានបញ្ហា ដូចជាដង្កូវស៊ី ពុក ប្រហោង ខូច ឬមានឬសមិនល្អ ពិសេសចំពោះធ្មេញដែលមានបញ្ហាដូចបានរៀបរាប់មកខាងលើជាដើម។
គុណសម្បត្ដិនៃការដកធ្មេញ
មានគុណសម្បត្ដិច្រើនចំពោះការដកធ្មេញទឹកដោះ ព្រោះការដកធ្មេញទឹកដោះបានត្រឹមត្រូវក៏ធ្វើឱ្យធ្មេញស្រុកដុះបានល្អ និងមានសោភ័ណភាពស្អាត ព្រមទាំងទទួលបាននូវធ្មេញដែលមានសុខភាពល្អថែមទៀតផង ជាពិសេសមិនចាំបាច់ចំណាយថវិកាក្នុង ការដាក់ធ្មេញនោះឡើយ។ ដោយឡែកចំពោះការដកធ្មេញស្រុកវិញ ក៏ផ្ដល់ជាគុណសម្បត្ដិច្រើនដែរ ប្រសិនបើធ្មេញដែលត្រូវដកនោះ ជាធ្មេញខូច មានរបួស ដែលអាចនាំឱ្យមានផលប៉ះពាល់សុខភាព។
គុណវិបត្ដិនៃការដកធ្មេញ
ការដកធ្មេញអាចផ្ដល់ជាគុណវិបត្ដិ ប្រសិនបើការដកធ្មេញនោះប្រព្រឹត្ដិទៅដោយមិនត្រឹមត្រូវតាមអាយុកាល ជាពិសេស ចំពោះធ្មេញទឹកដោះ។ ការដកធ្មេញមុនអាយុបានផ្ដល់នូវផលប៉ះពាល់មួយចំនួន ដូចជាធ្វើឱ្យធ្មេញដុះមកធំ មិនត្រង់ជួរ ជួនកាល ធ្មេញដុះថ្មី ឬធ្មេញស្រុកមានជាលក្ខណៈវៀចជាដើម។ ចំពោះការដកធ្មេញស្រុកវិញ ក៏ដូចនោះដែរ ព្រោះថាការដកធ្មេញដោយមិន បានប្រុងប្រយ័ត្ន និងថែរក្សាឬសធ្មេញទុក ធ្វើឱ្យលោកអ្នកកាន់តែមានការឈឺចាប់។ អ្វីដែលកាន់តែពិសេសនោះ គឺការដក ធ្មេញ(ធ្មេញស្រុក)អាចធ្វើឱ្យមុខផត មិនស្រស់ស្អាត ហើយមើលទៅឃើញចាស់មុនអាយុថែមទៀតផង។
ការប្រើប្រាស់ថ្នាំស្ពឹកបន្ថយការឈឺចាប់ក្នុងការដកធ្មេញក៏មានផលប៉ះពាល់ដែរ ប្រសិនបើការប្រើមិនបានត្រឹមត្រូវ ព្រោះ វាអាចធ្វើឱ្យរលាកអញ្ចាញធ្មេញ។ ជាពិសេសបំផុតនោះ ការដកធ្មេញមិនបានត្រឹមត្រូវ និងមិនមានអនាម័យជាឱកាសនៃការឆ្លង មេរោគអេដស៍ និងមេរោគផ្សេងៗទៀតផងដែរ។
ដំបូន្មានអ្នកជំនាញ
សូមនាំបុត្រធីតារបស់លោកអ្នកទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញពិតប្រាកដដើម្បីពិភាក្សាអំពីការថែរក្សាធ្មេញ និងដកធ្មេញនៅពេលមានអាយុ៦ឆ្នាំ។ មានតែអ្នកជំនាញច្បាស់លាស់ប៉ុណ្ណោះដែលអាចផ្ដល់ប្រឹក្សា និងព្យាបាលធ្មេញជូនលោកអ្នក បាន។ សូមថែរក្សាធ្មេញរបស់លោកអ្នកឱ្យបានល្អ ដោយការដុសសម្អាតជាប្រចាំជាមួយផលិតផលដែលអាចជួយការពារធ្មេញ ដើម្បី កុំឱ្យធ្មេញខូច ឬពុក និងបញ្ចៀសបានការឈានទៅរកការដកធ្មេញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply