សូណា​បញ្ចេញ​ញើស ដើម្បី​សុខភាព

សុខភាព​ជាបញ្ហា​ដ៏សំខាន់​ដែល​លោកអ្នក​រមែង​យកចិត្ដ​ទុកដាក់ និងប្រុង​ប្រយ័ត្ន។ មនុស្ស​ជាអ្នក​បង្កើត​វប្បធម៌ថ្មីៗ រួមផ្សំ នឹង​បច្ចេកវិទ្យា​ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ ក៏ដូច​ជាដើម្បី​ការពារខ្លួន​ពីធម្មជាតិ។ នៅបណ្ដា​ប្រទេស​ជឿន​លឿន​មួយចំនួន ពិសេស​តំបន់ ដែល​មានអាកាស​ធាតុត្រជាក់ ពួកគេ​បានខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ការពារខ្លួន​ពីភាព​ត្រជាក់ ដើម្បី​ថែរក្សា​សុខភាព និងការ​សន្សំ​ដំណើរ ជីវិតឱ្យ​វែង​អន្លាយ​រហូតបាន​លេចចេញ​ជាសមិទ្ធិផល​យ៉ាងគាប់​ប្រសើរ គឺបន្ទប់​សូណា​សម្រាប់​ធ្វើសូណា​ខ្លួន។ តើសូណា​ជាអ្វី? មាន អត្ថប្រយោជន៍​យ៉ាងណា​សម្រាប់​សុខភាព​របស់​លោកអ្នក?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ឡុង ស៊ីវ៉ាន់ អ្នកគ្រប់​គ្រងក្លឹប​វីអាយភី ចូលរួម​ជម្រាប​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាបថា​អ្វីទៅ​ជាសូណា ហើយ​មានប្រ យោជន៍​យ៉ាងណា​ចំពោះ​សុខភាព​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

សូណា ជាអ្វី?

សូណា ជាភាសា​បរទេស​ដែលមាន​ន័យប្រហាក់​ប្រហែល​និងពាក្យ​ខ្មែរថា​ឆ្ពុងដែរ គ្រាន់តែ​ប្លែកគ្នា​ត្រង់ថា​សូណា​គេធ្វើ​នៅ ក្នុង​បន្ទប់ធំ​ល្មមសម្រាប់​មនុស្ស​ច្រើននាក់។ យើងអាច​និយាយ​បានថា​សូណាជា​វិធីឆ្ពុង​ម្យ៉ាង​ដែលធ្វើ​ឱ្យកម្ដៅ​ពីថ្មដុត​ជ្រាបចូល​ទៅក្នុង ស្បែក​ដើម្បី​ឱ្យញើស​បែកបញ្ចេញ​ជាតិពុល​ចេញមក​ក្រៅ។

របៀបធ្វើសូណា

តាមពិត​សូណា​ជាដំណាក់​កាលចុង​ក្រោយ​មួយបន្ទាប់​ពីលោកអ្នក​ហាត់​កីឡារួច។ ការចូល​ទៅធ្វើ​សូណា គឺដើម្បី​បញ្ចេញ ញើស​ពីក្នុងខ្លួន​ដោយ​គ្រាន់តែ​លោកអ្នក​ចូលទៅ​ក្នុងបន្ទប់​សូណា​ដែលមាន​ថ្មដុតកម្ដៅ​ហើយយក​ទឹកដែល​មានជាតិ​ម៉ង់តុល​ជះ ឬស្រោច ទៅលើថ្ម​ដុតនោះ​ដើម្បីឱ្យ​កម្ដៅ​ភាយ​ឡើងជា​ការស្រេច។ លោកអ្នក​អាចអង្គុយ​ក្នុងបន្ទប់​សូណានោះ​ទៅតាម​លទ្ធភាព​ដែល​លោកអ្នក អាចទ្រាំ​នឹងកម្ដៅ​បានដោយ​មិនគិតពី​រយៈពេល​ឡើយ។

អត្ថ​ប្រយោជន៍​របស់​សូណា

ការធ្វើ​សូណា​ឬឆ្ពុងនឹង​កម្ដៅ​ថ្មដុត​គឺដើម្បី​បង្ខំឱ្យ​ញើសដែល​នៅក្នុង​ខ្លួនបញ្ចេញ​មកក្រៅ។ ការបែក​ញើស ឬហូរ​ញើស​ចេញពី ក្នុងខ្លួន​ពិតជា​មានសារ​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​រាងកាយ និងសុខភាព ព្រោះញើស​ដែលហូរ​ចេញមក​នោះបាននាំ​ជាតិពុល​ពីក្នុង ខ្លួនមក​ជាមួយ​ផងដែរ។ ម្យ៉ាង​ទៀត​ការធ្វើ​សូណា​អាចឱ្យ​លោកអ្នក​មាន​អារម្មណ៍​ធូរស្រាល កម្ចាត់​ភាពហត់​នឿយ។ ហើយ​ថែមទាំង អាច​ជួយ​រំលាយ​ជាតិខ្លាញ់​ដែលកក​នៅក្នុង​ខ្លួនទៀត​ផង។

ដំបូន្មាន​អ្នកប្រឹក្សា

លោកអ្នក​ប្រាកដជា​ចង់បាន​សុខភាពល្អ ហើយ​ខិតខំស្វះ​ស្វែងរក​នូវយុទ្ធសាស្ដ្រ​ផ្សេងៗ​ដើម្បី​ហ្វឹកហាត់។ ការបញ្ចេញ​ជាតិ ពុល​ពីក្នុងខ្លួន​ជារឿង​សំខាន់ណាស់​សម្រាប់​សុខភាព និង​រូប​រាងកាយ។ ជាមួយ​នឹងការ​ធ្វើសូណា​លោកអ្នក​អាចទទួល​បាន​ជោគជ័យ ប៉ុន្ដែ​ក៏ត្រូវ​មានប្រការ​ជាច្រើន​ដែល​លោកអ្នក​ត្រូវសិក្សា​ស្វែងយល់​បន្ថែមមុន​នឹង​សម្រេច​ចិត្ដ។ ម្យ៉ាង​ទៀត​សូមធ្វើ​សូណា​ដើម្បីសុខ ភាព និង​ទៅតាម​លទ្ធភាព​របស់​លោកអ្នក​ដែល​អាចទ្រាំ​នឹង​កម្ដៅ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *