កុមារប្រៀបដូចជាក្រដាសសមួយផ្ទាំងដែលងាយនឹងប្រឡាក់ណាស់។ ការចង់ឱ្យកូនចៅរបស់ខ្លួនក្លាយទៅជាមនុស្សល្អ គឺ ជាបំណងប្រាថ្នារបស់មាតាបិតាគ្រប់រូប។ កិច្ចការជាដំបូងនោះ គឺត្រូវទម្លាប់ឱ្យពួកគេមានវិន័យតាំងពីតូចៗទៅ។ កុមារងាយនឹង ទទួលឥទ្ធិពលពីបរិយាកាស ឬមនុស្សនៅជុំវិញខ្លួនវាណាស់។ ដូចនេះសម្រាប់លោកអ្នកជាឪពុកម្ដាយចាំបាច់ត្រូវតែព្យាយាមធ្វើយ៉ាង ណាដើម្បីបញ្ចៀសកូនទៅឱ្យឆ្ងាយពីអ្វីដែលលោកអ្នកយល់ថាមិនត្រឹមត្រូវ។
ដើម្បីជាជំនួយដល់មាតាបិតាទាំងទ្បាយក្នុងការអប់រំកូនចៅឱ្យមានវិន័យល្អនោះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយក ចំណុចមួយចំនួនដែលទាក់ទងទៅនឹងការអប់រំកូនចៅមកជម្រាបជូនលោកអ្នក។
ឪពុកម្ដាយត្រូវធ្វើ ដើម្បីអប់រំកូន
ដើម្បីឱ្យកូនចៅក្លាយខ្លួនទៅជាមនុស្សល្អនៅថ្ងៃអនាគតនោះ លោកអ្នកចាំបាច់ត្រូវអប់រំគេពីក្មេងទៅ មិនខុសពីពាក្យដែល ពោលថា “ពត់ដែកទាន់នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេង”។ ការចូលរួមរបស់ឪពុកម្ដាយពិតជាមានសារៈសំខាន់ណាស់សម្រាប់ការ អប់រំកូន។
- ចង់ឱ្យកូនរស់នៅមានវិន័យល្អ ដំបូងបង្អស់ឪពុកម្ដាយត្រូវធ្វើជាគំរូល្អដើម្បីបង្កនូវជំនឿ និងការគោរពចំពោះកូនៗ។ ឪពុក ម្ដាយដែលរស់នៅតាមបែបបណ្ដែតបណ្ដោយនោះតើធ្វើម្ដេចអាចអប់រំកូនកើតទៅបាន។ ឪពុកម្ដាយ និងគ្រួសាររស់នៅមានវិន័យ និង សណ្ដាប់ធ្នាប់ គឺជាបរិស្ថាននៃការអប់រំដ៏មានសារៈសំខាន់សម្រាប់កុមារ។
- នៅពេលសង្កេតឃើញថាចាំបាច់ត្រូវមានការហាត់ពត់ និងដាក់ចេញនូវវិធានការអនុវត្ដអ្វីមួយនោះ ឪពុកម្ដាយត្រូវ តែមានការពិគ្រោះយោបល់គ្នាឱ្យបានល្អិតល្អន់ជាមុនសិនអំពីកម្រិតទោសកំហុសរបស់កុមារ និងដាក់វិនិច្ឆ័យដូចម្ដេចឱ្យបានសមស្រប។ ការពិភាក្សាជាកិច្ចការរបស់ឪពុកម្ដាយ ឬអាណាព្យាបាលដោយគ្មានវត្ដមានរបស់កុមារឡើយ ធ្វើដូច្នេះទើបវិធានការនោះមានប្រសិ ទ្ធភាព ។
- ដាច់ខាតចៀសវាងរឿង “ប្ដីវាយកូន ប្រពន្ធអ្នកលួង” ធ្វើបែបនេះនាំឱ្យកុមាររកមិនឃើញកំហុសដែលខ្លួនវាបានបំពាន។ ព្រោះនៅពេលដែលឪពុកវាយ ម្ដាយទៅលួងលោម ជួនកាលអាចធ្វើឱ្យឪពុកម្ដាយឈ្លោះគ្នានៅចំពោះមុខកូនៗថែមទៀត។ ប្រការ នេះជះឥទ្ធិពលមិនល្អឡើយ គួរចៀសវាងដាច់ខាត។
- ភាពស្និទ្ធស្នាលរវាងឪពុកម្ដាយនឹងកូន ជារឿងដែលមិនអាចខ្វះបាន សូមកុំរួញរាក្នុងការសម្ដែងកាយវិការថ្នាក់ថ្នមចំពោះ កុមារ។ គ្មានអ្វីត្រូវស្ទាក់ស្ទើរនៅពេលឱបថើបកូនទ្បើយ ព្រោះកាយវិការទាំងអស់នេះបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងរង្វង់គ្រួសារ។ ជាពិសេសមិនត្រូវដំឡើងសម្លេងខ្លាំង ទឹកមុខមាំគ្រប់ពេលនោះទេ ត្រូវចេះកសាងបរិយាកាសសប្បាយរីករាយនៅក្នុងគ្រួសារ ប្រលែង លេងជាមួយកូន និយាយរឿងកំប្លែង ដើម្បីឱ្យជីវិតគ្រួសារមានការកក់ក្ដៅជានិច្ច។
វិធីសាស្ដ្រអប់រំកូន
- បើលោកអ្នកចង់ឱ្យការអប់រំចំពោះកុមារមានប្រសិទ្ធភាពនោះ ត្រូវតែមានការជ្រើសរើសដោយសម្រិតសម្រាំងមុនពេល អនុវត្ដ។ ចៀសវាងការនិយាយមុនឥតប្រយោជន៍ ហើយឪពុកម្ដាយមិនហ៊ាន ឬមិនអាចអនុវត្ដបាន ដូចជាការចាប់បង្ខំកុមារ បង្អត់អា ហារជាដើម។ យកល្អលោកអ្នកគួរជ្រើសរើសវិធីសាមញ្ញដែលមានប្រសិទ្ធភាព ដូចជាហាមឃាត់មិនឱ្យក្មេងមើលទូរទស្សន៍ ឬធ្វើកិច្ច ការអ្វីមួយខុសដែលវាចូលចិត្ដ។
- ទោះបីជាវិធានការអ្វីក៏ដោយ លោកអ្នកត្រូវចាំថាការអប់រំកុមារ ត្រូវធ្វើជាប្រចាំ ទាមទារពេលវេលា ចិត្ដអត់ធ្មត់ និង ការព្យាយាមរបស់ឪពុកម្ដាយ។ មានក្មេងខ្លះមានចរិតចង់ផ្ចាញ់ មិនស្ដាប់សម្ដីឪពុកម្ដាយ រងចាំមើលតើឪពុកម្ដាយនឹងធ្វើដូចម្ដេច នៅ ពេលដែលគេមិនធ្វើតាម។
- នៅពេលដាក់វិន័យចំពោះកូនៗ ឪពុកម្ដាយត្រូវមានអាកប្បកិរិយាម៉ឺងម៉ាត់បន្ដិច សូម្បីតែនៅពេលនិយាយពាក្យថា “ម៉ាក់មិនចូលចិត្ដឱ្យកូនធ្វើបែបនេះទេ” ក៏ត្រូវតែម៉ឺងម៉ាត់ដែរ។ ក្មេងមិនចង់ឱ្យឪពុកម្ដាយខឹងនឹងពួកគេទេ ហេតុនេះពួកគេត្រូវតែស្ដាប់ បង្គាប់។
- ការដាក់ពិន័យ និងផ្ដល់រង្វាន់ដល់កុមារ ត្រូវតែច្បាស់លាស់ និងត្រូវពេលវេលា។ ជាពិសេស គួរចៀសវាងការសូកប៉ាន់ ក្មេង ដូចជាសន្យាឱ្យអ្វីមួយជាដើម បើសិនជាធ្វើកិច្ចការមួយបានល្អ។ ប្រការនោះនឹងទម្លាប់ឱ្យក្មេងមានអាកប្បកិរិយាមិនល្អ គឺធ្វើការ ដើម្បីផលចំណេញ។ គួរតែមានរង្វាន់មិនឱ្យដឹងជាមុន ក្រោយពីគេធ្វើកិច្ចការបានសម្រេចល្អ។
- មុនពេលដាក់ទណ្ឌកម្មអ្វីមួយចំពោះកុមារ ឪពុកម្ដាយចាំបាច់ត្រូវតែឱ្យពួកគេដឹងច្បាស់ពីកំហុសរបស់ខ្លួន និងផលអាក្រក់ នៃទង្វើទាំងនោះ ដើម្បីឱ្យកុមារកែប្រែបន្ដិចម្ដងៗ។ ធ្វើយ៉ាងនេះកុមារយល់ថាការដាក់ពិន័យដល់ពួកគេជារឿងសមរម្យណាស់។ ចង់ ឱ្យកុមារឆាប់យល់នូវគុណវិបត្ដិរបស់ពួកវា ហើយធ្វើការកែលម្អ ឪពុកម្ដាយត្រូវចេះអត់ធ្មត់និងចៀសវាងការវាយតប់កូន។
- កុមារជាគោលដៅសម្រាប់មនុស្សវធំវាយលុកនៅពេលណាគេជួបរឿងមិនសប្បាយចិត្ដពីកន្លែងណាមួយ។ ដូចនេះឪពុក ម្ដាយត្រូវចេះសង្កត់ចិត្ដកុំយករឿងមិនសប្បាយចិត្ដរបស់ខ្លួនមកជះលើកុមារឱ្យសោះ។ ចៀសវាងការដាក់ទណ្ឌកម្មកុមារ នៅពេល ដែលកំពុងមានកំហឹង។ កំហឹងរបស់លោកអ្នកអាចរលាយបាត់ តែចំពោះអ្វីដែលឪពុកម្ដាយបង្កដល់កូននោះនឹងនៅដិតដាមជារៀងរ ហូត។
- ឪពុកម្ដាយត្រូវជឿជាក់លើមនោសញ្ចេតនា និងការរំភើបរបស់កូន មិនត្រូវអគតិចំពោះក្មេងទេ។ នៅពេលកុមាររពឹស ឬ ក៏រប៉ិលរប៉ូចនោះ ឪពុកម្ដាយត្រូវចេះលើកលែង។ ជាធម្មតាក្មេងណាក៏រពឹសឬរប៉ិលរប៉ូចដែរ សារជាតិរបស់ក្មេង គឺវាបែបនេះ។ ប៉ុន្ដែ លោកអ្នកចាំបាច់ត្រូវព្យាយាមកែលម្អកូនបន្ដិចម្ដងៗដោយលក្ខណៈម៉ឺងម៉ាត់។ ប្រការល្អបំផុត ឪពុកម្ដាយគប្បីយកចិត្ដទុកដាក់ ដល់កូនជាប្រចាំ។ ប៉ុន្ដែការយកចិត្ដទុកដាក់ជាប្រចាំ មិនមែនមានន័យថាជាការឆ្កឹះឆ្កៀល និងធ្វើអោយបាត់បង់សេរីភាពកូននោះទេ។
បណ្ដាំផ្ញើ
សង្ឃឹមថាអ្វីដែលទស្សនាវដ្ដី សុខភាពយើង លើកមកជម្រាបជូនខាងលើនេះនឹងក្លាយជាទុនសម្រាប់ការអប់រំកូនចៅលោក អ្នកនៅពេលអនាគត ឱ្យក្លាយទៅជាមនុស្សល្អ មានវិន័យ មានការអប់រំខ្ពស់ និងជួយកសាងប្រទេសទាំងអស់គ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply