ក្បួន​ថែរក្សា​គភ៌ ៖ ការពិនិត្យ​ផ្ទៃពោះ​(ត)

សព្វថ្ងៃនេះមានស្ដ្រីខ្មែរចំនួន​តិច​តួច​នៅ​ឡើយ​ ​ដែល​សម្រេច​ចិត្ដ​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរ​ពេទ្យ​ ​ក្នុង​កំឡុង​ពេល​មាន​គភ៌​។​ ប្រ​ហែល​ជាដោយ​សារ​ទម្លាប់​តៗ​គ្នា​ពី​ដូនតា​ មិន​ទម្លាប់​ទៅ​មន្ទីរ​ពេទ្យ​ ​ដោយ​ទទួល​ការ​ថែទាំ​ ​និងព្យាបាល​ខ្លួន​ប្រាណ​ ​និង​ទារកក្នុងផ្ទៃតាមបែបទម្លាប់ចាស់។ តើជាការត្រឹមត្រូវឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

តាម​ពិត​ការ​មាន​ផ្ទៃពោះ​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​ប្រែប្រួល​នូវ​រូប​រាង​កាយ​យ៉ាង​ខ្លាំង​។ ​រូបរាង​កាយ​របស់​ស្ដ្រី​ផ្លាស់​ប្ដូរ​មិន​ ​ឈប់​ឈរ​ ​និង​ចង់​បាន​នូវ​លំនឹង​ថ្មី​មួ​យ​។ ​គោល​ដៅ​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​តាម​បែប​វេជ្ជ​សាស្ដ្រ​ ​គឺចង់​រក​ឱ្យ​ឃើញ​ ​និង​កែ​តម្រូវ​កំ​សោយ​ ​លំនឹង​ជា​យថា​ហេតុ។ ​នៅ​ពេល​នេះ​នៅ​លើ​ទំព័​រ​ទស្សនា​វដ្ដី​ ​សុខភាពយើង​ ​យើង​ខ្ញុំ​នឹង​លាត​ត្រដាង​ឱ្យ​បាន​ដឹង​អំពី​ការ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ ​មុន​សម្រាល​ ​ការ​ពិនិត្យ​អម​វេជ្ជ​សាស្ដ្រ​ ​និង​ការ​តាម​ដាន​សុខ​ភាព​ប្រចាំថ្ងៃ​របស់​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ ។

តើអ្វីទៅជាការពិនិត្យផ្ទៃពោះមុនសម្រាល?

នៅប្រទេសកម្ពុជា បានតម្រូវឱ្យ​ស្ដ្រីដែល​ចាប់​មាន​គភ៌​ទៅ​ពិនិត្យ​ផ្ទៃពោះ​ចាប់​ពី​ខែ​ដំបូង​ ​រហូត​ដល់​ពេល​សម្រាល​ឱ្យ​បាន​៤​​ដង​យ៉ាង​តិច​បំផុត​។ ​ស្ដ្រី​គ្រប់​រូប​អាច​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខ​ភាព​ ​មន្ទីរ​សម្ភព​នៃ​មន្ទី​រពេទ្យ​ និ​ង​កន្លែង​ពិនិត្យ​រោគ​ស្ដ្រី​-​ផ្ទៃពោះ​នា​នា​។ ​រីឯ​នៅ​ប្រទេស​ជឿន​លឿន​ឬ​ប្រទេស​អ្នកមាន​ ​ការពិនិត្យ​ពិគ្រោះ​សុខ​ភាព​របស់​ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​ធ្វើ​ឡើង​១​ខែ​ម្ដង​។ ​ចាប់​ពី​ខែ​ ​ទី​៨​ទៅ​ ​ការ​ពិគ្រោះ​ពិនិត្យ​ផ្ទៃ​ពោះ​ត្រូវ​ធ្វើ​ឡើង​រឹត​តែ​ញឹក​ញាប់​។ ​ការ​ពិគ្រោះ​ពិនិត្យ​ដែល​ស្ទើរ​តែ​មិន​តម្រូវ​ឱ្យ​បង់​ថ្លៃ​ ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព​ ​និង​ឆ្មប។ ​ពេល​នោះ​គ្រូពេទ្យ​បាន​ពិនិត្យ​គភ៌​ ​រាង​កាយ​ ​វាស់​កម្ពស់​ ​ថ្លឹង​ទម្ងន់​ ​និង​វិភាគ​ឈាម​ ​ទឹកនោម​។ ​គោល​បំណង​នៃការ​ពិនិត្យ​ ​គឺ​តាម​ដាន​សុខ​ភាព​របស់​ស្ដ្រី​ ​និង​សុខ​ភាព​របស់​ទារក​ក្នុង​ផ្ទៃ​ ​ត្រួត​ពិនិត្យ​ការ​វិវឌ្ឍន៍​រីក​លូត​លាស់​នៃ​គភ៌​ ​និង​វាយ​តម្លៃ​លក្ខ​ខណ្ឌ​នៃ​ការ​សម្រាល​នៅ​ពេល​ជិត​គ្រប់​ខែ​។

ពីមួយខែទៅមួយខែ ការពិនិត្យវេជ្ជ​សាស្ដ្រ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ស្ដ្រី​ ​និង​គភ៌​របស់​ខ្លួន​។ ​លោក​ស្រី​អ្នក​នាង​ ​ដែល​ជា​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ឆ្លៀត​ទទួល​យក​ឱ្យ​បាន​នូវ​អត្ថ​ប្រយោជន៍​ទាំង​នេះ​ ​លោក​អ្នក​នាង​មាន​ឱកាស​ច្រើន​ដង​ក្នុង​ការ​សាក​សួរ​ ​អំពី​ចម្ងល់​ទាំង​ឡាយ​ ​ទទួល​យក​ដំបូន្មាន​ ​និងលើក​ជា​សំណួរ​ណាដែល​ធ្វើ​ឱ្យលោក​ស្រី​អ្នក​នាង​ព្រួយ​បារម្ភ​។

ដើម្បី​ផ្ដល់​ជា​អត្ថ​ប្រយោជន៍​ដល់​សុខភាព​លោក​ស្រី​អ្នក​នាង​ផ្ទាល់​ ​និង​ទារក​ក្នុង​ផ្ទៃ​ ​លោក​ស្រី​អ្នក​នាង​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ ជា​ប្រចាំ​ ​ទើប​មាន​ន័យ​ថាលោក​ស្រី​អ្នក​នាង​យក​ចិត្ដ​ទុក​ដាក់​ពី​ទារក​ក្នុងផ្ទៃ​។ ​នេះជា​ការ​ធ្វើ​ដើម្បី​ទារក​ក្នុង​ផ្ទៃ​ ​ទទួល​បាន​សុខភាព​ល្អ​ ​សំណាង​ល្អ​។ ​ម្យ៉ាង​ទៀត​ការ​ឆាប់​ទៅ​ពិនិត្យ​ផ្ទៃពោះ​ក៏ជា​​ប្រការ​សំខាន់​មួយ​ផង​ដែរ​។ ​ជា​អាទិ​នៅ​ពេល​ដែល​លោកស្រី​អ្នកនាង​បាត់​រដូវ​ ភ្លាម​ ​និងតេស្ដ​គភ៌​បញ្ជាក់​ថា​វិជ្ជ​មាន​ ​នោះ​ត្រូវ​ធ្វើកា​រណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​លោក​អ្នក​ជា​បន្ទាន់​ ​ឬ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ មណ្ឌល​សុខ​ភាព​ ​ឬ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ​មាន​មធ្យោបាយ​ដើម្បី​កំណត់​ឱ្យ​បាន​ថា​ ​លោក​ស្រី​អ្នក​នាង​មាន​ផ្ទៃ​ពោះ​ពិត​ប្រាកដ​ឬ​យ៉ាង​ ​ណា។​ ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ទាន់​ពេល​វេលា​ ​ទម្លាយ​អស់​នូវ​អាថ៌​កំបាំង​ដែល​ជា​ចម្ងល់​ ​ជាប្រយោជន៍​ ​បើ​មាន​គភ៌​ត្រូវ​សម្រប​តម្រូវ​ ​អនាម័យ​ជីវិត​ ​និង​ចាត់​ចែង​មធ្យោបាយ​វិធាន​ចាំបាច់​ ​សម្រាប់​ដំណើរ​ការ​នៃការ​វិវឌ្ឍន៍​របស់​គភ៌​។

ការពិនិត្យផ្ទៃពោះលើកដំបូង

​ពិតជា​សំខាន់​ខ្លាំង​ណាស់​ ​ការ​ពិនិត្យ​ផ្ទៃពោះ​លើក​ដំបូង​គឺ​ផ្ដល់​ឱកាស​ឱ្យ​មាន​ជំនួប​ជាមួយ​គ្រូពេទ្យ​របស់​លោក​អ្នក​។ ​ដើម្បី​ លើក​ទឹក​ចិត្ដ​ ​និង​ស្គាល់​គ្នា​ឱ្យកាន់​តែ​ច្បាស់​ ​ជំនួប​នេះ​គួរ​តែ​មាន​រយៈ​ពេល​វែង​។ ​ជាទូទៅ​គ្រូពេទ្យ​ធ្វើការ​ពន្យល់​ដល់​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ នូ​វ​ការ​ពិនិត្យ​ផ្ទៃពោះ​ដែល​មាន​ជា​ដំណាក់​កាល​ ​កាល​វិភាគ​ពិនិត្យ​ផ្ទៃពោះ​ ​ការ​ពិនិត្យ​វិភាគ​ទៅតាម​ករណី​របស់​លោក​ស្រីអ្នក​នាង​ ​របៀប​សម្រាល​បុត្រ​ជាដើម​។ ​គ្រូពេទ្យ​នឹង​ចោទ​ជា​សំណួរ​ជា​ច្រើន​ទៅកាន់​លោក​ស្រី​អ្នក​នាង​អំពី​ជម្ងឺ​ធ្លាប់​កើត​មាន​ ​ប្រវត្ដិ​គ្រួសារ​ ​ទម្លាប់​រស់​នៅ​ ​លក្ខ​ខណ្ឌ​ការ​ងារ​ជា​ដើម​។ ​គ្រូពេទ្យ​នឹង​ចាប់​ផ្ដើម​ផ្ដល់​ដំ​បូន្មាន​ ​ឬ​យោបល់​ដំបូង​ៗ​ ​បើ​សិន​ជា​លោក​ស្រី​អ្នក​នាង​ជា​អ្នក​ ​ជក់​បារី​ ​អ្នក​ប្រកប​វិជ្ជា​ជីវៈ​ហត់​នឿយ​ ​ឬ​បើ​លោក​ស្រី​អ្នក​នាង​ជា​អ្នក​ចូល​ចិត្ដ​ធ្វើ​ដំណើរ​ច្រើន​ជាដើម​។

​ជារួម​កិច្ច​ពិភាក្សា​រវាង​គ្រូពេទ្យ​ ​និង​ស្ដ្រី​មាន​ផ្ទៃពោះ​ អាច​ផ្ដល់​ជា​អត្ថ​ប្រយោជន៍​ ៖

​- ធ្វើឱ្យស្ដ្រីមានផ្ទៃពោះមានស្ថាន​ភាព​នឹង​ន

– តេស្ដស្រាវជ្រាវរក និងព្យាបាល​ជម្ងឺ​ដែល​កើត​មាន​ឡើងដោយមិន​ដឹងខ្លួន​ទាន់​ពេល​វេលា​

– អាចដឹងថាស្ដ្រីមានការប្រឈម​នឹង​ប្រការ​គ្រោះ​ថ្នាក់​ដល់​ផ្ទៃ​ពោះ​ ឬ​ក៏​អត់​

– ជម្រុញ​ឱ្យមាន​ការ​ពិនិត្យ​តាម​ដាន​វេជ្ជ​សាស្ដ្រ​មួយ​ស៊ីជ​ម្រៅ​ ​ក្នុង​ករណី​ចាំ​បាច់​។​

​ក្រោយពីការ​ពិគ្រោះ​ឬ​សន្ទនា​រវាង​គ្រូពេទ្យ​និង​ស្ដ្រី​មាន​ផ្ទៃពោះ ​ការ​ត្រួត​ពិនិត្យ​ជាច្រើន​ត្រូវ​ធ្វើ​ឡើង​ជា​បន្ដ​បន្ទាប់​ដូច​ត​ទៅ​ ​គឺការ​ពិនិត្យ​រោគ​ស្ដ្រី​ ​ការ​ពិនិត្យ​​រាង​កាយ​ទូទៅ​ និង​ការ​វិភាគ​ឈាម​។

១ – ការពិនិត្យរោគស្ដ្រី

គ្រូពេទ្យរោគស្ដ្រី ពិនិត្យដោយលូក​ទ្វារ​មាស​។ ​គាត់​អាច​មើល​ឃើញ​សភាព​ទ្វារ​មាស​ ​និង​មាត់​ស្បូន​ ​ដោយ​ប្រើ​ឧបករណ៍​​ ​ស្ពេ​គុយ​ឡុម​ ​ឬ​ចំពុះ​ទា​។ ​ករណី​មាន​ផ្ទៃ​ពោះ​គឺ​ភ្នាស​មុយ​កឺ​ទ្វារ​មាស​ ​មាន​សម្បុរ​ពណ៌​ផ្កាឈូក​ដិត​ជាង​ធម្មតា​ ​ទឹក​រំអិល​មាត់​ស្បូន​ ​មាន​សភាព​ស្អិត​ ​និង​ក្រាស់​ជាង​មុន​ ​មាត់​ស្បូន​ទន់​ ​និង​លូត​វែង​។​

២ – ការពិនិត្យខ្លួនប្រាណទូទៅ

គ្រូពេទ្យព្យាបាលវាស់សម្ពាធ​ឈាម​អាក​ទែរ​ ​ស្ទាប​ពោះ​ ​ស្ដាប់​ចង្វាក់​បេះ​ដូង​ ​និង​ថ្លឹង​ទម្ងន់​។ ​ទម្ងន់​ខ្លួន​ដើម​ទី​របស់​លោក​ស្រី​ ​អ្នក​នាង​ផ្ដល់​នូវ​ការ​តាម​ដាន​ ​ការ​វិវឌ្ឍន៍​ ឬ​ឡើង​ទម្ងន់​ចាំ​បាច់​មួយ​ដើម្បី​ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខ​ភាព​ល្អ។​ ​ជា​ទូទៅ​អនាគត​ម្ដាយ​ ​របស់​ទារក​ឡើង​ទម្ងន់​ខ្លួន​ប្រមាណ​ពី​៨​ទៅ​១២​គីឡូ​ក្រាម​។ ​ស្ដ្រី​អាច​ចូល​បន្ទប់​ទឹក​ ​ត្រង​យក​ទឹក​នោម​យក​មក​ពិនិត្យ​វិភាគ​អាច​ដឹង​បាន​ ​ថា​មាន​ផ្ទៃពោះ​ឬ​ក៏​អត់​។

៣ – ការវិភាគឈាម

ក្នុងពេលពិនិត្យផ្ទៃពោះលើកដំបូងនេះ ​ការ​បូម​ឈាម​យក​ទៅ​វិភាគ​ត្រូវ​ធ្វើ​ឡើង​ផង​ដែរ​។ ​មន្ទីរ​ពិសោធន៍​វេជ្ជ​សាស្ដ្រ​ដើរ​ ​តួនាទី​វិភាគ​ឈាម​ ​និង​ផ្ទៀង​ផ្ទាត់​ប្រភេទ​ក្រុម​ឈាម​របស់​ស្ដ្រី​មាន​ផ្ទៃ​ពោះ​នោះ​។ ​ប្រសិន​បើ​ស្ដ្រី​ជា​អនាគត​មាតា​នោះ​មាន​ប្រភេទ​ ​ឈាម​រ៉េស៊ីស​អវិជ្ជ​មាន​ ​រីឯ​ឪពុក​មាន​ប្រភេទ​ឈាម​វិជ្ជមាន​ ​ស្ដ្រីមាន​ផ្ទៃពោះ​អាច​ផលិត​អង្គ​បដិ​បក្ខ​ ​ឬ​អង់​ទីគ័រ​ដែល​មាន​គ្រោះ​ថ្នាក់​ ​សម្រាប់​បុត្រ​។ ​កម្រិត​បរិមាណ​អង្គ​បដិ​បក្ខ​ប្រាណ​ ​ត្រូវ​បាន​ត្រួតត្រា​ពេញ​ពេល​មា​នគភ៌​។ ​​ការ​បូម​ឈាម​ក៏អាច​ផ្ដល់​លទ្ធភាព​ឱ្យ​មាន​ ​វិភាគ​ស្រាវ​ជ្រាវ​រក​អង្គ​បដិ​បក្ខ​ប្រាណ​ប្រឆាំង​នឹង​ជម្ងឺ​អុត​ ​និង​ជម្ងឺ​តុក​សូ​ប្លាស់​ស្មូស​។ ​បើគ្មាន​អង្គ​បដិ​បក្ខ​ប្រាណ​ ​លោក​អ្នក​ត្រូវ​បង្កើន​ ​ការ​ប្រុង​ប្រយ័ត្ន​។​ ​ការធ្វើ​តេស្ដ​រក​មេរោគ​អេដស៍​មិន​មែន​ជា​កំហិត​នោះ​ទេ​ ​ប៉ុន្ដែ​ជា​ទូទៅ​គ្រូពេទ្យ​បាន​ទូន្មាន​ឱ្យ​ធ្វើ​ ​ប្រយោជន៍​ ​ទទួល​បាន​នូវ​កម្ម​វិធី​កាត់​បន្ថយ​ការ​ឆ្លង​ពីម្ដា​យ​ទៅ​កូ​ន​។ ​នៅ​ប្រទេស​កម្ពុជា​ ​កម្ម​វិធី​កាត់​បន្ថយ​ការ​ឆ្លង​ពីម្ដាយ​ទៅកូន​នេះ ​មិន​ត្រូវ​បាន​គិត​ថ្លៃ​នោះ​ទេ។​

ការធ្វើតេស្ដរកមេរោគជម្ងឺរលាកថ្លើម​ប្រភេទ​បេក៏​ត្រូវ​តែ​គិត​គូរ​ផង​ដែរ​។ ​ជម្ងឺ​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ចំពោះ​ទារក​នេះ​ អាច​ ​ចម្លង​ទៅកាន់​ទារក​ដោយ​ម្ដាយ​នៅពេល​សម្រាល​។ ​ប្រសិន​បើ​ស្ដ្រី​ជា​ម្ដាយ​ត្រូវ​បាន​ធ្វើតេ​ស្ដ​ឃើញមា​ន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ​នេះ​ ​ទារក​ត្រូវ​តែមាន​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​ក្រោយ​ពេល​សម្រាល​។ ​ថ្នាំ​បង្ការ​ ​និង​ថ្នាំ​ចាក់​ជាអង្គ​បដិបក្ខ​ប្រាណ​ប្រឆាំង​នឹង​ជម្ងឺ​រលាក​ ​ថ្លើម​ប្រភេទ​បេ ​អាច​ការពារ​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ​

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *