ថ្នាំពុល​គីមី​បំផ្លាញ​បរិស្ថាន

ការរីក​ចម្រើន​នៃវិទ្យាសាស្ដ្រ​ធ្វើឱ្យ​មនុស្ស​អាចបង្កើត​បាននូវ​ថ្នាំពុល​សម្រាប់​បម្រើ​ក្នុង​វិស័យក​សិកម្ម ដែលផ្សំ​ទ្បើង​ដោយ សារ​ធាតុគីមី​ដែល​មាន​ប្រសិទ្ធ​ភាពខ្ពស់។ ក៏ប៉ុន្ដែ​គួរឱ្យ​សោកស្ដាយ​ថ្នាំពុល​គីមី​ដែល​បម្រើក្នុង​វិស័យក​សិកម្មនោះ បាននាំមក​នូវបញ្ហា ឬផល​វិបាកមួយ​ចំនួនធំ​ចំពោះ​កសិករ​ផ្ទាល់ ក្រុមគ្រួសារ អ្នកជិត​ខាង អ្នក​បរិភោគ​ជាដើម។ ជាងនេះ​ទៅទៀត​ថ្នាំពុលគីមី​ទាំងនេះ ក៏ បានបំពុល​ដល់បរិស្ថាន​រស់នៅ​របស់​មនុស្ស​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក គាម មករាឌី មន្ដ្រីផ្នែក​ស្រាវជ្រាវ នៃមជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បានចូលរួម​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​បកស្រាយ​អំពី​បញ្ហា​របស់ថ្នាំពុល​កសិកម្ម និង​បរិស្ថាន​រស់នៅ។

ថ្នាំពុល​កសិកម្ម ជាអ្វី?

ថ្នាំកសិកម្ម ថ្នាំគីមី ថ្នាំពុលគីមី ថ្នាំការពារ​ដំណាំ ថ្នាំពុល​ការពារ​ដំណាំសុទ្ធ​តែជា​ឈ្មោះ​ដែល​កសិករ​យើង​និយម​ហៅ ដោយ ទ្បែក​សម្រាប់​ពេលនេះ​ទស្សនាវដ្ដី សុខភាពយើង សូមប្រើ​ពាក្យ​ថ្នាំពុល​កសិកម្ម ដើម្បី​ងាយ​ស្រួល​យល់ ព្រោះវា​មានន័យ​ជាថ្នាំ ហើយ​មានពាក្យ​កសិកម្ម។

ថ្នាំពុល​កសិកម្ម គឺជាថ្នាំ​ដែល​ប្រើប្រាស់​សម្រាប់​សម្លាប់ ឬបណ្ដេញ​កត្ដា​ចង្រៃ​របស់​ដំណាំ និង​កសិផល។ ថ្នាំពុល​ប្រើសម្រាប់ ការពារ​ដំណាំ តែអាច​បង្កផល​ប៉ះពាល់​ដល់​បរិស្ថាន។

ផលប៉ះ​ពាល់​របស់​ថ្នាំពុល​កសិកម្ម​ដល់បរិស្ថាន

ការប្រើ​ប្រាស់ថ្នាំ​ពុលកសិកម្ម​នាំមកនូវ​ផលវិបាក ឬបញ្ហា​ជាច្រើន ដែល​មានឥទ្ធិពល​មិនល្អដល់​បរិស្ថាន ដូចជានាំ​មកនូវភាព កខ្វក់​ដល់ទឹក និងសម្លាប់​នូវសត្វ​មាន​ប្រយោជន៍​ផ្សេងៗ បង្កឱ្យ​មានភាព​ស៊ាំទៅ​នឹងថ្នាំ ការផ្ទុះ​ឡើង​នូវកត្ដា​ចង្រៃ និងភាព​បន្សល់ទុក នូវកាក​សំណល់​ថ្នាំក្នុង​បរិស្ថាន​ធម្មជាតិរយៈ​ពេលយូរ​អង្វែង។

1. ថ្នាំពុល​កសិកម្ម​នាំភាព​កខ្វក់ដល់​ទឹក

នៅពេល​ដែល​កសិករបាញ់​ថ្នាំ​បរិមាណ​យ៉ាងច្រើន​មិនបាន​ទៅនៅទំ​លើដំណាំ​ទាំងអស់​នោះទេ គឺវាធ្លាក់​មកលើដី។ នៅពេល ធ្លាក់​មកលើដី ជាតិថ្នាំ​ជ្រាបចូល​ក្នុងដី ឬហូរ​ទៅកន្លែង​ផ្សេងៗ ដូចជាថ្លុក ត្រញំង ស្រះ ប្រឡាយ បឹង ស្ទឹង ទន្លេជាដើម។ ជួនកាលថ្នាំ ពុល​កសិកម្ម​អាចជ្រាប​ចូលដល់​ទឹកអណ្ដូង ប្រសិនបើ​អណ្ដូង​គ្មាន​លូការពារ។ នៅពេល​ដែលកសិករ​បាញ់ថ្នាំ​រួចយក​ធុងថ្នាំ​ទៅលាង និង ចោល​សម្បក​ថ្នាំតាមទឹក និងក្នុង​ទឹកពេល​នោះជាតិ​ថ្នាំពុល​ក៏បង្កឱ្យ​មានភាព​កខ្វក់​ដល់​ទឹកបាន។ ភាពកខ្វក់​នៃទឹក​ក៏ធ្វើឱ្យ​មនុស្ស និង សត្វពុល​បានដែរ​នៅពេល​យើង​បរិភោគ​ទឹកនោះ។ មាន​ឧទាហរណ៍​ជាក់ស្ដែង​មួយនៅ​ក្នុង​សហរដ្ឋអាមេរិក​នៅឆ្នាំ​១៩៨៦ គេ​បានរក ឃើញថា​មានថ្នាំ​ពុលកសិកម្ម​ចំនួន១៩​ប្រភេទ​នៅក្រោម​ដី ក្នុងរដ្ឋ​ចំនួន២៤។ បញ្ហានេះ​ហើយទើប​នៅកន្លែង​ខ្លះ គេមិនអាច​បរិភោគ​ទឹក នៅ​តំបន់​របស់​គេបាន​ទេ ទាល់តែនាំ​ទឹកមក​ពីតំបន់​ផ្សេងវិញ។ ប្រការ​គ្រោះថ្នាក់​បំផុត គឺកើត​នៅពេល​ដែល​កសិករ ឬក្មេងៗ​ឃ្វាល​គោ បរិភោគ​ទឹក​នៅក្នុង​ពេល​ដែលទើប​នឹងបាញ់​ថ្នាំហើយ។ ត្រី ក្ដាម ខ្យង និងសត្វ​ដទៃទៀត​ដែល​រស់នៅ​ក្នុងទឹក​ក៏ពុល​តាមរយៈ​ភាព​កខ្វក់ នេះដែរ។ ជាពិសេស​សត្វទាំង​នេះឆាប់​ចាញ់ជាតិ​ពុលណាស់។ ទឹកដែល​មានជាតិ​ពុលមិន​សម្លាប់​មនុស្ស​ភ្លាមៗ​មែន តែវា​អាច​ពុលដល់​ សត្វ ជួនកាល​នៅពេល​ដែល​កសិករ​យកសត្វ​ទាំងនេះ​មក​បរិភោគ​ក៏បង្កឱ្យ​មាន​គ្រោះថ្នាក់​បានដែរ។

2. សម្លាប់​សត្វមាន​ប្រយោជន៍

នៅពេល​កសិករ​បាញ់ថ្នាំ ជាតិថ្នាំ​ដែលនៅ​ទើរលើ​រុក្ខជាតិ ដី និងក្នុង​ទឹកក៏អាច​ពុលដល់​សត្វផ្សេងៗ​ទៀត ដែល​កសិករ​គ្មាន បំណង​សម្លាប់។ សត្វដែល​មាន​ប្រយោជន៍​សំខាន់​មានដូច​ជាសត្វឃ្មុំ​(ពពួកញំ​លម្អងផ្កា)​ជាដើម។ ឃ្មុំជា​សត្វមួយ​ដែលមាន​សារៈ​ប្រយោជន៍​ដល់​រុក្ខជាតិ​ឱ្យបង្កាត់​មានផ្លែផ្កា។ ដូចនេះ​ប្រសិនបើ​បរិមាណ​ឃ្មុំថយចុះ ឬបាត់​បង់ធ្វើ​ឱ្យរុក្ខជាតិ​មួយចំនួន​មិនសូវ​មាន​ផ្លែផ្កាល្អ ។ មាន​សត្វ​មាន​ប្រយោជន៍​ផ្សេងៗទៀត ដូចជា​ពីងពាង កន្ទុំរុយ កង្កែប ពស់ ចាបជាដើម។ សត្វ​ទាំងនោះ​ជួយស៊ី​សត្វចង្រៃ​ដែល បំផ្លាញ​ដំណាំ។ បើយើង​បាញ់ថ្នាំ​ទៅងាប់​ទាំងសត្វ​មាន​ប្រយោជន៍​នោះ ដំណាំ​របស់យើង​នឹងអស់​អង្គរក្ស​ការពារ​ហើយ។ អ្វីដែល​គួរឱ្យ ពិចារណា​មួយ​ទៀត​នោះ គឺឥទ្ធិពល​នៃការ​ប្រើប្រាស់​ថ្នាំពុល​លើត្រី ត្រីមិន​ត្រឹមតែ​ជាមិត្ដ​របស់​កសិករទេ តែវា​ជាអាហារ​ចាំបាច់​សម្រាប់ កសិករ​ទៀតផង។ ដូចនេះ​ដើម្បី​ចៀស​វាងកុំឱ្យ​បាត់បង់​នូវសត្វ​មាន​ប្រយោជន៍ និង​ចៀសវាង​កុំឱ្យមាន​ការផ្ទុះ​ទ្បើងនូវ​កត្ដា​ចង្រៃ សូម ពិចារណា​ជាមុន មុនប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3. ការបន្សល់​ទុកនូវជាតិ​ថ្នាំក្នុង​បរិស្ថាន

មាន​ថ្នាំពុល​កសិកម្មខ្លះ មិនអាច​រលាយ​សាប​អស់​ដោយ​ងាយទេ បន្ទាប់​ពីប្រើ​ហើយ វាអាចនៅ​សល់ក្នុង​ដី ទឹក និងរាង​កាយ របស់​សត្វ និងមនុស្ស​រហូត​ដល់​រាប់ឆ្នាំ។ ដូចនេះ​ពេលវា​ធ្លាក់ចូល​ដល់​ក្នុងទឹក បរិមាណថ្នាំ​ត្រូវទើរ​នៅលើ​រុក្ខជាតិ និង​សត្វល្អិត វាអាចធ្វើ ឱ្យក្លិន​របស់​ថ្នាំពុល​សាយភាយ​ពាស​ពេញភូមិ ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់សុខភាព​អ្នកជិត​ខាង ជួនកាល​បង្កជា​ទំនាស់​ប្ដឹងផ្ដល់​គ្នាទៀត ផង។

ដំបូន្មាន​អ្នកជំនាញ

ដោយ​សារថ្នាំ​មិនងាយ​រលាយ​ក្នុងទឹក ហើយចេះ​តែស្ថិត​នៅយូរ​អង្វែង នាំមកនូវ​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​សុខភាព​របស់ យើង។ ដើម្បី​ចៀស​វាងនូវ​បញ្ហា​ដែល​កើតមាន​ទ្បើង​ដោយសារ​ថ្នាំពុល​កសិកម្ម មានតែ​ផ្លូវម្យ៉ាង​ទេ គឺកុំ​ប្រើតែ​ម្ដង។ មាន​មធ្យោ​បាយ ជាច្រើន​ដែលអាច​ឱ្យយើង​ចៀសពី​ការប្រើ​ថ្នាំពុល​បាន ឬក៏ប្រើវា​ក្នុងកម្រិត​ទាបបំផុត។ បើប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម សូមប្រុង​ប្រយ័ត្ន ក្នុង​ពេល​បាញ់ និង​ក្រោយ​ពេល​បាញ់ ក៏ដូចជា​ការទុក​ដាក់ថ្នាំ ឬសម្រក​ថ្នាំ ការលាង​សម្អាត​ធុងថ្នាំ​ជាដើម។ ចំពោះ​ក្រុម​គ្រួសារ ក៏ ដូចជា​អ្នកនៅ​ក្នុង​សហគមន៍ សូមចៀស​ឱ្យផុតពី​កន្លែង​បាញ់ថ្នាំ ឬកុំ​ប្រើប្រាស់​ទឹកដែល​មានប្រភព​ជិតកន្លែង​បាញ់ថ្នាំ កុំបរិភោគ​សត្វ ដែល​ចាប់ពី​កន្លែង​បាញ់ថ្នាំ។ កសិករ​ដែល​ប្រើប្រាស់​ថ្នាំពុល​គួរតែ​មានការ​ដាក់សញ្ញា​សម្គាល់ ដើម្បីឱ្យ​ដឹងថា​ស្រែ ឬចំការ​មានបាញ់​ថ្នាំ ពុល ចៀស​វាង​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

 

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *