នៅដើមឆ្នាំ២០១២នេះប្រជាពលរដ្ឋរងគ្រោះដោយសារជម្ងឺគ្រុនឈាម មានចំនួនសរុប ១,៣៩៣នាក់។ ចំនួននេះមានការកើនឡើងប្រមាណជាបីដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១១កន្លងទៅ។ ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តផ្សព្វផ្សាយដ៏ផុសផុល ដោយបានបើកយុទ្ធនាការដង្ហែរក្បួន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។
ការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺគ្រុនឈាមឆ្នាំនេះ មានលក្ខណៈផុសផុលខ្លាំងជាងឆ្នាំមុន ដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត-បាណកសាស្រ្ត ក្រសួងពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ បានបើកយុទ្ធនាការដង្ហែក្បួនបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងចែកថ្នាំអាបែត ច្រើន ជាងឆ្នាំ២០១១ រហូតដល់៣០ភាគរយ។
កាលពីថ្ងៃទី១៩ មេសា កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល និងអង្គការជាដៃគូនានា បានប្រារព្ធទិវាប្រយុទ្ធនឹងជម្ងឺគ្រុនឈាម ក្រោមប្រធានបទ “បង្ការជម្ងឺគ្រុនឈាម ជាកាតព្វកិច្ចរបស់យើងគ្រប់ៗរូប”។ ពិធីនេះបានធ្វើឡើង នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការចូលរួមពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងមានអ្នកចូលរួមជាប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៥០០ នាក់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ២០១២នេះ ប្រជាពលរដ្ឋរងគ្រោះដោយជម្ងឺគ្រុនឈាមមានចំនួនសរុប ១,៣៩៣ នាក់ មានការកើនឡើងប្រមាណបីដងច្រើនជាងឆ្នាំមុន (ឆ្នាំ២០១១)។ តែទោះបីជាយ៉ាងណាក៏ដោយ ករណីស្លាប់បានរក្សានៅតិចជាង ១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅ។ ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល ដើម្បីទប់ស្កាត់ជម្ងឺគ្រុនឈាម ត្រូវយកចិត្តទុកដាក់ធ្វើការសម្អាតលំនៅដ្ឋាន កុំឲ្យមានទឹកដក់ កប់ ឬដុតចោលសម្បកដូង សម្បកកំប៉ុង និងវត្ថុដក់ទឹកផ្សេងៗទៀត ហើយនិងបំផ្លាញជម្រកមូស និងដង្កូវទឹក ដែលជាប្រភពបង្កជម្ងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជាក់ស្ដែង កុមាររងគ្រោះដោយសារជម្ងឺគ្រុនឈាម រយៈបីខែដើមឆ្នាំ២០១២ មានគ្រប់ក្រុមអាយុ។ ប៉ុន្តែក្រុមអាយុពី ៥ ដល់ ១៤ឆ្នាំ មានសមាមាត្រដល់ទៅ ៦៨ភាគរយ នៃជម្ងឺគ្រុនឈាមទាំងអស់។ លោកបន្តថា ក្រោយឆ្នាំ២០០៧ ករណីជម្ងឺគ្រុនឈាមបានថយចុះច្រើនភ្លាម នៅឆ្នាំ២០០៨។ ប៉ុន្តែក្រោយមកបានកើនឡើងវិញជាបណ្ដើរជារៀងរាល់ឆ្នាំ ក្នុងនោះឆ្នាំ២០០៩ កើន ២៤ភាគរយ ឆ្នាំ២០១០ កើន ៧ភាគរយ និងឆ្នាំ២០១១ កើន ២៨ភាគរយ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីគ្រុនឈាមនៅដើមឆ្នាំ២០១២នេះ កើតមានចំពោះកុមារសឹងគ្រប់អាយុ។ ប៉ុន្តែ ៦៧.៤ភាគរយ នៃករណីគ្រុនឈាមសរុប ជាកុមារអាយុពី ៥ ដល់ ១៤ឆ្នាំ ភាគច្រើនកំពុងរៀននៅបឋមសិក្សា។ ហេតុនេះ ការចូលរួមរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជម្ងឺគ្រុនឈាម។ ព្រោះថាការយល់ដឹងរបស់សិស្សានុសិស្សអំពីជម្ងឺគ្រុនឈាម មានផលប្រយោជន៍សម្រាប់ខ្លួនឯង មាតាបិតា និងបងប្អូនរបស់ពួកគេនៅឯផ្ទះ។
លោក ច ម៉េងចួ បានលើកឡើងថា នៅឆ្នាំ២០១២នេះ ក្រសួងសុខាភិបាលបានត្រៀមថវិកាចំណាយ ២២ សែនដុល្លារ ដែលក្នុងនោះ ៥០ភាគរយជាថវិកាជាតិ និង ៥០ភាគរយទៀតជាថវិការបស់គម្រោងទ្រទ្រង់វិស័យសុខាភិបាល ដែលមានអង្គការជាដៃគូជំនួយចំនួន ៦ អង្គការ។ ថវិកាចំណាយសម្រាប់ការទប់ស្កាត់ជម្ងឺគ្រុនឈាមសម្រាប់ឆ្នាំ២០១២ មានការកើនឡើងជាងឆ្នាំមុន ៣០ភាគរយ ហើយក្រសួងបានចំណាយថវិកាទិញអាល់បែត ចែកជូនប្រជាពលរដ្ឋចំនួន ២៧០ តោន សម្រាប់ចែកនៅទូទាំងប្រទេស៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២២ មេសា ឆ្នាំ ២០១២
Leave a Reply