បង្គន់មានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់គេហដ្ឋាននីមួយៗ ព្រោះថាគ្មាននរណាម្នាក់រស់នៅដោយមិនមានការ បន្ទោរបង់នោះទេ។ បង្គន់ជាកន្លែងដែលសម្បូរទៅដោយមេរោគគ្រប់ប្រភេទ។ ដូច្នេះហើយកន្លែងដែលបន្ទោរបង់ទាមទារឱ្យមាន អនាម័យជានិច្ច ទើបបង្ការបាននូវការឆ្លងមេរោគផ្សេងៗ ដែលមានក្នុងលាមកមកដល់ខ្លួនមនុស្ស។
នៅក្នុងទំព័រលំនៅដ្ឋាននិងបរិស្ថានរបស់ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូមបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់អំពីសារៈសំខាន់់របស់បង្គន់តាមគ្រួសារ។ ជាពិសេសប្រជាពលរដ្ឋដែលនៅតាមទីជនបទដាច់ស្រយាល បច្ចុប្បន្ននេះនៅពុំទាន់មាន បង្គន់ប្រើប្រាស់បានត្រឹមត្រូវនៅឡើយ។
លក្ខណៈទូទៅនៃបង្គន់
ការសាងសង់បង្គន់សម្រាប់ប្រើប្រាស់ គឺអាស្រ័យទៅតាមជីវភាពគ្រួសារនីមួយៗ។ ការប្រើប្រាស់បង្គន់នៅតាមជនបទត្រូវ បានបែងចែកជាពីរប្រភេទខុសពីបង្គន់នៅតាមទីក្រុង ឬទីប្រជុំជននានា ដែលប្រើប្រាស់ប្រភេទបង្គន់អនាម័យមានតម្លៃថ្លៃ។ ប្រជាពលរដ្ឋតាមជនបទមិនអាចមានលទ្ធភាពសាងសង់ដូចបង្គន់នៅទីក្រុង ឬទីប្រជុំជនបានទេ។
1. ប្រភេទបង្គន់ចាក់ទឹកឬបង្គន់អនាម័យ ៖
បង្គន់អនាម័យជាប្រភេទបង្គន់ប្រើប្រាស់ដោយការចាក់ទឹក បង្គន់ប្រភេទនេះត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារដែល មានជីវភាពធូរធារព្រោះវាមានតម្លៃថ្លៃចាប់ពី៥០ ឬ១០០ដុល្លារឡើងទៅក៏មាន ដោយបង្គន់អនាម័យខ្លះមានធ្វើជាអាងទឹកនៅខាង ក្នុងទៀត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់។
2. ប្រភេទបង្គន់់ស្ងួត ៖
បង្គន់ស្ងួតមិនមែនជាប្រភេទបង្គន់អនាម័យទេ ជាបង្គន់ដែលប្រើប្រាស់ដោយការចាក់ផេះ មានន័យថាបន្ទាប់ពីបន្ទោរបង់ ហើយត្រូវចាក់ផេះ។ បង្គន់ប្រភេទនេះប្រើប្រាស់សម្រាប់គ្រួសារដែលមានជីវភាពខ្សត់ខ្សោយ ព្រោះកន្លងមកប្រជាពលរដ្ឋដែលរស់ នៅតាមជនបទដាច់ស្រយាលភាគច្រើនពុំទាន់មានបង្គន់ប្រើប្រាស់បានត្រឹមត្រូវនៅឡើយទេ។ គ្រួសារខ្លះគ្មានបង្គន់ប្រើប្រាស់សម្រាប់ គ្រួសារផ្ទាល់ទេ សមាជិកក្នុងគ្រួសារបានបន្ទោរបង់ពាសវាលពាសកាលជួននៅតាមវាលស្រែ តាមព្រំដីឬព្រៃចេកក្រោយផ្ទះក៏មាន។ល។ ក្រសួងអភិវឌ្ឍន៍ជនបទបានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់ស្ងួតព្រោះបង្គន់ប្រភេទនេះជាជំហានដំបូង ដើម្បីឱ្យ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ស្វែងយល់ពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់ និងការផ្លាស់ប្ដូរទម្លាប់ឈប់បន្ទោរបង់លាមកនៅពាសវាលពាសកាលតទៅទៀត។
ការសាងសង់បង្គន់ស្ងួតអាចធ្វើទៅបានដោយមិនបាច់ចំណាយថវិកាច្រើន ក្នុងការទិញស៊ីម៉ងត៍ លូ ឬក្រួសជាដើមនោះទេ។ គ្រាន់តែយកសម្ភារៈដែលមានស្រាប់នៅក្នុងភូមិ ឬគ្រួសារ ដូចជាពាងបែកប្រើប្រាស់លែងកើតមកធ្វើជាលូបង្គន់ក៏បាន។ បង្គន់ស្ងួត អាចធ្វើបានចាប់ពីតម្លៃ១០០០០រៀល ទៅ២០០០០រៀល(២ទៅ៥ដុល្លារ)តែប៉ុណ្ណោះ។ ជាគោលការណ៍បង្គន់ត្រូវសង់ឱ្យនៅឆ្ងាយពី ប្រភពទឹក ដូចជាអណ្ដូង ស្រះ ត្រញំង ស្ទឹងជាដើម យ៉ាងហោចណាស់ឱ្យបានចម្ងាយពី២០ ទៅ៣០ម៉ែត្រ ដើម្បីការពារប្រភពទឹកកុំឱ្យ ឆ្លងមេរោគផ្សេងៗពីបង្គន់។
អត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់
បច្ចុប្បន្ននេះ កម្រិតនៃការប្រើប្រាស់បង្គន់នៅតាមជនបទក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលនៅមានកម្រិតទាបនៅឡើយ។ ប្រការនេះដោយសារប្រជាពលរដ្ឋមួយចំនួននៅមានទស្សនៈថាត្រូវរង់ចាំជំនួយ ទោះបីជាគាត់មានថវិកាតិចតួចក៏គាត់មិន ធ្វើដែរ។ ដោយឡែកមានប្រជាពលរដ្ឋមួយចំនួនយល់ថាធ្វើបង្គន់ត្រូវមានលូស្ដុកលាមកត្រឹមត្រូវ ឬបំពង់បង្ហូរទៅលូស្ដុកធំៗដូចជា នៅទីក្រុង គាត់គិតទៀតថានឹងមានអង្គការជួយក្នុងបញ្ហានេះដោយមិនចាំបាច់ចេញលុយធ្វើបង្គន់ទេ។ ម្យ៉ាងវិញទៀតប្រជាពលរដ្ឋ មួយចំនួននៅពុំទាន់យល់ច្បាស់អំពីសារៈប្រយោជន៍នៃការប្រើប្រាស់បង្គន់។
ការប្រើប្រាស់បង្គន់បានត្រឹមត្រូវផ្ដល់ផលចំណេញយ៉ាងច្រើនចំពោះគ្រួសារ កាត់បន្ថយនូវការឈឺថ្កាត់ក្នុងគ្រួសារ ដែលកើតឡើងពីភាពកង្វះអនាម័យ។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការរកស៊ី ចំណេញថវិកា ដោយមិនបាច់ចំណាយទៅលើថ្នាំសង្កូវ ព្យាបាលជម្ងឺ។ កូនៗរបស់លោកអ្នកមិនមានជម្ងឺ អាចទៅរៀនសូត្រគ្រប់គ្រាន់ទៀតផង។ លាមកដែលបានមកពីការប្រើប្រាស់បង្គន់ ស្ងួតដែលបន្ទោរបង់រួចអាចរក្សាទុករយៈពេលពី១ទៅ២ឆ្នាំដើម្បីឱ្យមេរោគបាក់តេរីនៅក្នុងលាមកងាប់អស់ មុននឹងយកទៅធ្វើជាជី ដាក់ដំណាំ។
ផលវិបាកនៃការមិនប្រើប្រាស់បង្គន់
ផ្ទុយទៅវិញ ប្រសិនបើគ្រួសារមិនមានបង្គន់ប្រើប្រាស់ទេ នាំឱ្យសមាជិកនៅក្នុងគ្រួសារដូចជាកូនចៅជាដើមនោះទៅបន្ទោរបង់នៅពាសវាលពាសកាល ជួនកាលបន្ទោរបង់នៅក្រោយផ្ទះ ក្នុងគុម្ពចេកជាដើម ជាហេតុធ្វើឱ្យសត្វពាហនៈ មាន់ ទា ជ្រូក ឆ្កែទៅ ឈ្មុសឬស៊ីលាមកនោះ។ ប្រការនេះហើយដែលបង្កជាបញ្ហាផ្សេងៗដល់សុខភាពតាមរយៈការរស់នៅគ្មានអនាម័យ ដែលនាំឱ្យមេរោគ អាចឆ្លងមកក្នុងខ្លួនមនុស្សបានយ៉ាងងាយ។ សមាជិកក្នុងគ្រួសារនឹងប្រឈមមុខនឹងជម្ងឺជាច្រើន ជាពិសេសជម្ងឺរាក អាសន្នរោគ ព្រូន ជាច្រើនប្រភេទ ធ្វើឱ្យកុមារមានសភាពស្លេកស្លាំង មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ។
ការអនាម័យបង្គន់
ប្រសិនបើមានបង្គន់ហើយ ប៉ុន្ដែការប្រើប្រាស់គ្មានអនាម័យល្អនោះ បង្គន់នឹងក្លាយជាទីកន្លែងដែលបោះបង់ចោល។ កុមារឬសមាជិកក្នុងគ្រួសារមិនចង់បន្ទោរបង់ក្នុងបង្គន់នោះទេ បែបនេះវានឹងក្លាយទៅជាមានទម្លាប់បន្ទោរបង់លាមកពាសវាលពាសកាល វិញដដែល។ ដូចនេះទើបទាមទារឱ្យមានអនាម័យជាប្រចាំក្នុងការសម្អាតបង្គន់ កុំឱ្យមានក្លិនស្អុយ ត្រូវមានពាងទឹកនៅជិតបង្គន់ ដើម្បីលាងដៃ ឬផេះគ្រប់គ្រាន់សម្រាប់សម្អាតបង្គន់។ ចំពោះបង្គន់ចាក់ទឹក ត្រូវចាក់ទឹករាល់ពេលបន្ទោរបង់រួចដើម្បីសម្អាតបង្គន់។ រីឯបង្គន់ចាក់ផេះ បន្ទាប់ពីបន្ទោរបង់រួចហើយត្រូវសម្អាតដោយចាក់ផេះនិងមិនត្រូវបន្ទោរបង់លាមកឱ្យប្រឡាក់នៅលើខ្នោះបង្គន់ទេ ដែលនាំឱ្យមានក្លិនស្អុយ និងគ្មានអនាម័យ។
ដំបូន្មានអ្នកប្រឹក្សា
បង្គន់ជាកន្លែងសំខាន់មួយក្នុងការថែរក្សាសុខភាពក្រុមគ្រួសាររបស់លោកអ្នក។ លោកអ្នកអាចសាងសង់បង្គន់បានទៅ តាមលទ្ធភាពធនធានដែលមានដោយមិនចាំបាច់គិតថាទាល់តែមានថវិកាច្រើនទើបធ្វើបង្គន់បានប្រើនោះទេ។ ដើម្បីចៀសវាងនូវជម្ងឺ ទាំងឡាយដែលយាយីដល់សុខភាពគ្រួសារលោកអ្នកគួរណែនាំកូនចៅក្នុងការធ្វើអនាម័យបង្គន់ឱ្យបានស្អាតជាប្រចាំ (ចាក់ទឹក សម្អាតសម្រាប់បង្គន់ចាក់ទឹក ឬចាក់ផេះសម្រាប់បង្គន់ស្ងួត)។ ប្រការសំខាន់មួយទៀតនោះ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬផេះ ជានិច្ចក្រោយពេលចេញពីបង្គន់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply