ជាធម្មតាការទទួលទានដំណេករបស់ក្មេង តែងតែមានការប្រែប្រួលនៅពេលដែលគេកាន់តែចម្រើនវ័យ។ ប៉ុន្ដែបើការប្រែប្រួលមានកម្រិតខ្លាំងហួសហេតុពេកនោះ ក៏មិនមែនជាការល្អប្រសើរប៉ុន្មាននោះទេ សម្រាប់សុខភាព និងការលូតលាស់របស់កុមារ។ ហេតុនេះហើយទើបទាមទារឱ្យលោកអ្នកជាឪពុកម្ដាយ ឬក៏អ្នកមើលថែទាំកុមារមានវិធីសាស្ដ្រមួយចំនួន សម្រាប់ជាជំនួយដល់ការ ទទួលទានដំណេករបស់ពួកគេ ដើម្បីឱ្យការធំលូតលាស់របស់គេបានរលូន និងមានសុខភាពល្អ។
ដំណេកត្រឹមត្រូវ សុខភាពល្អ
ការធំលូតលាស់របស់កុមារមានកត្ដាពីរយ៉ាងជាសំខាន់ គឺការបរិភោគ និងការទទួលទានដំណេក។ ប្រសិនបើកត្ដាទាំងពីរនេះមិនដើរស្របគ្នា ឬបាត់បង់មួយណានោះ ប្រាកដជាមានបញ្ហាមិនខាន ជួនកាលអាចធ្វើឱ្យកូនលោកអ្នកមានជម្ងឺផ្សេងៗ ឬបើមិនដូច្នោះទេ លោកអ្នកអាចបាត់បង់កូនជាទីស្រឡាញ់ថែមទៀត ដោយសារតែការថែទាំមិនបានដិតដល់។ ដំណេកជារឿងដែលលោក អ្នកគួរយកចិត្ដទុកដាក់ និងតាមដានអំពីអាការៈផ្សេងៗរបស់ក្មេង ដើម្បីឱ្យពួកគេដេកបានគ្រប់គ្រាន់ទៅតាមវ័យដែលគេកំពុងលូតលាស់។
១ . ដាក់ឱ្យដេកភ្លាម បើឃើញថាក្មេងងងុយដេកហើយ
ការលំបាកក្នុងការឱ្យកូនដេក ជួនកាលក៏មកពីការបង្ខំឱ្យក្មេងដេកមិនចំពេលដែលក្មេងចង់ដេក។ ពេលវេលាដ៏ប្រសើរក្នុងការដេក គឺជាលក្ខណៈដោយឡែក និងចំណុះទៅលើកុមារម្នាក់ៗដោយផ្ទាល់។ បើដល់ពេលក្មេងងងុយដេកហើយនោះ យើងមិនឱ្យដេក ធ្វើឱ្យក្មេងជ្រុលដំណេក។ ហេតុនេះត្រូវរង់ចាំមួយម៉ោងក្រោយទៀត ទើបកុមារចាប់ផ្ដើមងងុយដេកឡើងវិញ។
២ . បញ្ចុកចំណី និងឱ្យលេងត្រឹមត្រូវតាមម៉ោងកំណត់
សម្រាប់កូនក្មេង ពេលបញ្ចុកចំណី ពេលងូតទឹក និងពេលឱ្យលេង ត្រូវតែកំណត់ឱ្យបានទៀងទាត់ បើមិនដូច្នោះទេ នឹងធ្វើឱ្យក្មេងនោះគ្មានទម្លាប់ល្អ។ ជាពិសេសដល់ពេលលេងមិនត្រូវឱ្យក្មេងលេងយូរ រហូតធ្វើឱ្យក្មេងលែងចង់ដេកគិតតែពីលេង ហើយជួន កាលភ្លេចចំណីអាហារថែមទៀតក៏មានដែរ។
៣ . បង្កនូវអារម្មណ៍នឹងនរដល់ក្មេង
មុនពេលឱ្យក្មេងដេក លោកអ្នកជាឪពុកម្ដាយក៏គួរតែមានបទចម្រៀង ឬរឿងនិទានខ្លីមួយឱ្យកុមារស្ដាប់មុនពេលចូលគេង ធ្វើឱ្យក្មេងចាកផុតពីភាពឯកោ ឬមានទម្លាប់ដេកបានលក់ស្កប់ល្អ ក្នុងពេលវេលាកំណត់មួយ។
៤ . ទម្លាប់ឱ្យក្មេងដេកតែម្នាក់ឯង
ធ្វើដូច្នេះដើម្បីឱ្យក្មេងមានភាពស៊ាំនឹងវត្ថុនៅជុំវិញខ្លួនវា ដែលមានតែមុង ភួយ ខ្នើយ គ្រែជាដើម ព្រមទាំងធ្វើឱ្យបន្ទប់ដេក របស់ក្មេងក្លាយជាទីតាំងដ៏ស្និទ្ធស្នាល។ ពេលភ្ញាក់នៅពេលយប់ក៏មិនមានការភ័យខ្លាច ព្រោះរបស់អស់ទាំងនេះស៊ាំនឹងក្មេងទៅហើយ និងធ្វើឱ្យក្មេងដេកជាបន្ដទៀតដោយមិនចាំបាច់អន្ដរាគមន៍ពីម្ដាយឡើយ។
៥ . ពេលខ្លះត្រូវនិយាយដាច់ខាតថា “ទេ”
មានពេលខ្លះក្មេងតែងហៅម្ដាយមកដេកជិតនៅពេលយប់ ហើយដល់ម៉ោងចូលដេកមិនព្រមចូលដេកឡើយ។ លោកអ្នកត្រូវសម្ដែងនូវអាកប្បកិរិយាម៉ឺងម៉ាត់ ដោយមិនឱ្យក្មេងធ្វើអ្វីស្រេចតែនឹងចិត្ដរបស់គាត់នោះទេ។ ភាពម៉ឺងម៉ាត់របស់យើងជួយក្មេងឱ្យមានការរីកចម្រើនទៅថ្ងៃក្រោយ។
ប្រការគួរចៀសវាងពេលក្មេងដេក
ក្រៅពីវិធីជាជំនួយខាងលើក៏នៅមានប្រការគួរចៀសវាងមួយចំនួន ដើម្បីអនុវត្ដនៅពេលដែលកូនទទួលទានដំណេកផងដែរ។
១ . មិនត្រូវរំខានដំណេកក្មេង
ខ្នើយឱប កន្ទប រូបភាព ឬខោអាវរបស់ម្ដាយ សុទ្ធតែជួយឱ្យក្មេងយល់ថា មានការលេចចេញនូវរូបភាពរបស់ម្ដាយពេលវា កំពុងដេកនៅលើគ្រែតែម្នាក់ឯង។ របស់អស់ទាំងនេះជួយឱ្យក្មេងដេកលក់បានស្កប់ស្កល់ និងជួយបង្កនូវភាពម្ចាស់ការឱ្យក្មេងថែមទៀតផង។ ប្រការសំខាន់បំផុតនោះ ពេលក្មេងដេកលក់មិនត្រូវដាស់ក្មេងឡើង ទោះជាមានការអ្វីក៏ដោយ។
២ . មិនត្រូវឱ្យក្មេងបរិភោគ ឬផឹកភ្លាមទេ ពេលទើបក្រោកពីដេក
ក្មេងទើបអាយុបាន៦ខែ សុខភាពរបស់ក្មេងល្អណាស់ មិនចាំបាច់ឱ្យក្មេងបៅនៅពេលយប់ឡើយ។ ដូច្នេះមិនចាំបាច់ត្រៀមទឹកដោះគោឱ្យក្មេងបៅនៅរាល់ពេលភ្ញាក់នៅដំណេកពេលយប់ឡើយ ព្រោះប្រការនេះនឹងធ្វើឱ្យក្មេងគិតថា កាលណាមិនឱ្យក្មេងបៅក្មេងមិនដេកលក់ឡើយ ហើយនេះក៏ជាទម្លាប់អាក្រក់ និងអាចធ្វើឱ្យសរីរាង្គក្មេងចុះខ្សោយផង។
៣ . មិនត្រូវចាប់អារម្មណ៍ខ្លាំងចំពោះការភ្ញាក់ពេលយប់របស់ក្មេង
ការភ្ញាក់ពេលយប់របស់ក្មេងគឺជារឿងធម្មតា។ បើក្មេងយំ លោកអ្នកក៏មិនត្រូវធ្វើដឹងឮដែរ ព្រោះបន្ដិចទៅក្មេងនឹងដេក វិញហើយ តែបើលោកអ្នកចង់ក្រោកមើលកូន ក៏ត្រូវក្រោកដោយស្ងៀមស្ងាត់ដែរ មិនត្រូវបើកភ្លើង ឬលើកបីឡើងដើម្បីកុំឱ្យក្មេងធ្លាប់។
៤ . មិនត្រូវឱ្យដេកថ្ងៃយូរពេកទេ
សម្រាប់ក្មេងក្រោមអាយុ២ឆ្នាំ ការដេកពេលថ្ងៃមានសារៈសំខាន់ណាស់ តែការដេកថ្ងៃយូរពេកជះឥទ្ធិពលដល់ការដេកនៅពេលយប់របស់ក្មេង។ ក្មេងម្នាក់ដេកពេលថ្ងៃអស់៦ម៉ោង ធ្វើឱ្យម្ដាយមានការពិបាកយ៉ាងខ្លាំងក្នុងការលួងឱ្យដេកនៅពេលយប់។
៥ . ចៀសវាងនូវការប្រើហិង្សាមុនពេលចូលដេក
ការដែលឱ្យក្មេងលេងជ្រុល ឬការប្រើពាក្យសម្ដីធ្ងន់ៗ ការឈ្លោះប្រកែកសុទ្ធសឹងជាប្រការដែលត្រូវចៀសវាង ព្រោះអស់ ទាំងនេះវាសុទ្ធតែរំខានដល់ការដេករបស់ក្មេង។
បណ្ដាំផ្ញើ
លោកអ្នកជាឪពុកម្ដាយ គប្បីចិញ្ចឹមកូនដោយការមានវិន័យត្រឹមត្រូវ ធ្វើឱ្យក្មេងក្លាយទៅជាមនុស្សដែលមានសណ្ដាប់ធ្នាប់ នៅពេលដែលគេធំឡើង។ ទោះបីជាយ៉ាងក៏មិនទាមទារឱ្យលោកអ្នកផ្ដាច់ការចំពោះកូនពេកដែរ សំខាន់ឱ្យតែពេលលេងពេលបរិភោគ ពេលទទួលទានដំណេក ត្រូវបែងចែកឱ្យដាច់ដោយឡែកពីគ្នាបានហើយ។
Leave a Reply