ស្លាប់៥០​របួស៥១២​ពេលបុណ្យ​ចូលឆ្នាំខ្មែរ​

នៅក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិម្ដង​តែងតែ​ឃើញមាន​ការសប្បាយ​រីករាយ អបអរសាទរ និងគ្រោះ​ថ្នាក់​ដែល​កើត​ពីភាព​​​សប្បាយ​​ទាំងនេះ​បំផ្លាញ​ខ្លួនគេ​ផ្ទាល់ទៅ​វិញជា​ពិសេស​យុវវ័យ។ បញ្ហាគ្រោះថ្នាក់​មានអត្រា​គួរឱ្យ​កត់សម្គាល់ និងយាយី ដល់អាយុជីវិត​ច្រើនជាង​គេ គឺគ្រោះថ្នាក់​ចរាចរណ៍។ នៅប្រទេស​កម្ពុជា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ជាង​ប្រទេសនានា​ក្នុងតំបន់។ ក្នុងមួយឆ្នាំ កំណើន​គ្រោះថ្នាក់​ចរាចណ៍​ដែលកើន​ខ្ពស់ជាង​គេ គឺនៅឱកាស​បុណ្យធំៗ ដូចជា​បុណ្យចូលឆ្នាំ បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដោយយោងតាម​របាយការណ៍​បណ្ដោះអាសន្ន​របស់ក្រសួង​សាធារណៈការ​បានបង្ហាញឱ្យ​ឃើញថា​ពេលចូលឆ្នាំ​ថ្មី២០០៧កន្លងមក​នេះ នៅទូទាំង​ប្រទេសមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន២៧០​លើកដែល​បណ្ដាលឱ្យ​មនុស្សស្លាប់​ចំនួន៥០នាក់​និងរបួស ធ្ងន់ស្រាល​ចំនួន ៥១២នាក់។ បើគិត​ជាមធ្យម ក្នុងមួយថ្ងៃ​មានគ្រោះថ្នាក់​កើតឡើង​ចំនួន៦៧លើក​និងស្លាប់មនុស្ស​១២នាក់។

អត្រាគ្រោះថ្នាក់​ចរាចរ​កើនឡើង

លោក កែវ សាវិន ប្រធាននាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និងជាអគ្គលេខាធិការ​រងនៃគណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរ​ផ្លូវគោក​បានឱ្យដឹងថា​រយៈពេល​ពីថ្ងៃទី១៣​ដល់ថ្ងៃ១៦​មេសា២០០៧​នៃឱកាស​បុណ្យចូលឆ្នាំ​កន្លងទៅនេះ នៅទូទាំង​ប្រទេសកម្ពុជា​មានគ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន២៧០​លើកដែល​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ចំនួន៥០នាក់ របួសធ្ងន់​ចំនួន​២៥៦នាក់ និងរបួស ស្រាល​ចំនួន ២៥៦​នាក់។

ខេត្ដដែល​មានគ្រោះ​ថ្នាក់​ចរាចរណ៏​បង្កឱ្យ​មានមនុស្ស​ស្លាប់​ច្រើនរួម​មានខេត្ដ​កំពង់ធំ​ចំនួន​២៩លើក ស្លាប់​មនុស្ស​ចំនួន១២នាក់ ខេត្ដ​កំពង់ចាម​មានចំនួន​៣២លើក ស្លាប់មនុស្ស​ចំនួន៨នាក់ និង​ខេត្ដ​កណ្ដាល​ចំនួន២៩​លើក​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​៧នាក់។ គ្រោះថ្នាក់​ចរាចរណ៏​បានកើត​ឡើង​បណ្ដាលមក​ពីម៉ូតូ​ចំនួន​៨១.៧៥​ភាគរយ។ បើគិត​ជាមធ្យម ក្នុងមួយ​ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៏​កើត​ឡើង ចំនួន៦៧​លើក​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ចំនួន​១២នាក់ និងមនុស្ស​ចំនួន១២៦នាក់​រងរបួស​ស្រាល ដែល​នៅថ្ងៃ​ធម្មតា​ជាមធ្យម​មាន មនុស្ស​ស្លាប់តែ​៣នាក់ និង​ប្រហែល​២០នាក់​រងរបួស​ប៉ុណ្ណោះ។ គួរបញ្ជាក់​ផងដែរថា​កាលពី​ឱកាស​បុណ្យ​ចូលឆ្នាំ​២០០៦ មានគ្រោះ ថ្នាក់​ចរាចរណ៏​កើត​ឡើង​ចំនួន​២៧១លើក​បណ្ដាល​ឱ្យស្លាប់​មនុស្ស​ចំនួន៤២នាក់។ បើប្រៀប​ធៀប ក្នុងឆ្នាំនេះ​មានអ្នក​ស្លាប់​ដោយគ្រោះ ថ្នាក់​ចរាចរណ៏​ក្នុងពេល​បុណ្យចូលឆ្នាំ​មានចំនួន​ច្រើនជាង​ឆ្នាំណាៗ​ទាំងអស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូល​ហេតុបង្ក​គ្រោះថ្នាក់​ចរាចរណ៏

មានមូល​ហេតុជា​ច្រើន​ដែល​បណ្ដាលឱ្យ​មានគ្រោះថ្នាក់​ចរាចរណ៏​កើតឡើង។ មុខសញ្ញា​សំខាន់​បំផុត​ក្នុងការ​ងាយ​បង្កឱ្យ​មាន ​គ្រោះថ្នាក់​ចរាចរណ៏​នោះ គឺបណ្ដាល​មកពីអ្នក​ប្រើប្រាស់ផ្លូវ ឬអ្នក​បើកបរ​មិនគោរព​ច្បាប់​បើកបរ។ ការបំពាន​ច្បាប់​របស់​អ្នក​ប្រើប្រាស់ ផ្លូវនេះ​មានរហូត​ដល់ទៅ​៩០,៧៥% និងស្ថិត​ក្រោម​រូបភាព​ល្មើស ដូចជាការ​មិនគោរព​សិទ្ធិ​អាទិភាព មិនគោរព​ផ្លាកសញ្ញា ភ្លើង​សញ្ញា ការបើក​បរលើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​(ការសេព​គ្រឿង​ស្រវឹង) ការមិន​ប្រកាន់ស្ដាំ ការ​ឆ្លងកាត់​ផ្លូវខ្វះ​ការប្រុង ប្រយ័ត្ន។ល។ ទន្ទឹមនឹង​នេះដែរ គ្រោះ​ថ្នាក់ចរាចរណ៏​ក៏បណ្ដាលមក​ពីអាកប្បកិរិយា​បើកបរ​ខ្វះសីលធម៌ ខ្វះភាព​យោគ​យល់ ការប្រ ណាំង​ប្រជែង​យានយន្ដ​ខុសច្បាប់ និងស​ភាពភ្លើត​ភ្លើនក៏​បានបង្កឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៏​ដល់ជនស្លូត​ត្រង់ដទៃ​ទៀតដែរ។ ក្រៅពី​នេះ នៅមានមូល​ហេតុផ្សេងៗ​មួយចំនួន​ទៀត ដូចជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ កង្វះ​ចំណត​ជាដើម។

គួរបញ្ជាក់​ផងដែរ​ថានៅ​ពេលថ្មីៗ​នេះ​ពិភពលោក​បានប្រកាស​អាសន្ន​អំពី​កំណើន​គួរឱ្យ​បារម្ភ​ទាក់ទងនឹង​នៃគ្រោះ​ថ្នាក់ចរាចរណ៏​ដែលមាន​អត្រាខ្ពស់​រហូតដល់​ធ្វើឱ្យ​មនុស្ស​បាត់បង់ជីវិត​មួយលាននាក់​ក្នុង​មួយឆ្នាំ។ អត្រានេះ​ខ្ពស់ជាង​អត្រា​អ្នកស្លាប់​ដោយ​សារជម្ងឺ អេដស៍​ទៅទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *