កាតាបគឺវត្ថុសម្រាប់ផ្ទុកនូវសម្ភារៈសិក្សាផ្សេងៗដើម្បីផ្តល់នូវភាពងាយស្រួលយកទៅតាមខ្លួន។ ក្រៅពីអាចច្រកសម្ភារៈសិក្សាបានហើយនោះ កាតាបក៏ផ្តល់ភាពងាយស្រួលក្នុងការច្រករបស់របរផ្សេងៗទៀតបានយ៉ាងល្អប្រសើរផងដែរ។ ទន្ទឹមនឹងភាពងាយស្រួលនេះ កាតាបក៏ផ្តល់នូវភាពគ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ផងដែរប្រសិនបើលោកអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។
ដោយសារតែអត្រានៃចំនួនកុមារ និងយុវវ័យដែលមានបញ្ហាឈឹឆ្អឹងខ្នងនៅលើពិភពលោក មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គេហទំព័រសុខភាពកម្ពុជាសូមលើកយកវិធីសាស្ត្រ និង របាយការណ៍ទាក់ទងទៅនឹងបញ្ហាឈឺឆ្អឹងខ្នងរបស់កុមារ និងយុវវ័យមកជម្រាបជូនប្រិយមិត្តអ្នកអាន។
កុមារ គឺជាវ័យដែលត្រូវការថាមពលផ្សេងៗជាច្រើនដើម្បីភាពលូតលាស់របស់សារពាង្គកាយ។ ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់កុមារគឺជាប្រការសំខាន់របស់មាតាបិតាគ្រប់រូប។ ជាធម្មតាកុមារ និងយុវជននៅក្នុងប្រទេសកម្ពុជា ការសិក្សារបស់ពួកគេនៅថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ភាគច្រើនត្រឹមតែមួយវេនតែប៉ុណ្ណោះ។ ហើយការសិក្សានោះទៀតសោតតម្រូវឲ្យកុមារ និងយុវជនទាំងនោះយកសៀវភៅទៅសិក្សាច្រើនមុខវិជ្ជា រួមផ្សំជាមួយនឹងសៀវភៅពុម្ពបន្ថែម។
បើយោងតាមរបាយការណ៏របស់គេហទំព័រសារព័ត៌មានប៊ីប៊ីស៊ីបានឲ្យដឹងថាចំនួនកុមារដែលមានជម្ងឺឈឺឆ្អឹងខ្នងមានការកើនឡើងគួរឲ្យកត់សម្គាល់។ មន្ទីរពេទ្យ Da Costal និងមន្ទីរពេទ្យសកលវិទ្យាល័យ Son Dureta បានរាយការណ៏រំឭកថា សូមអាណាព្យាបាលទាំងឡាយគួរកុំឲ្យកុមារ ស្ពាយកាបូបឬកាតាបដែលផ្ទុកទៅដោយសម្ភារៈធ្ងន់ៗហើយមានទម្ងន់លើសពីទម្ងន់ខ្លួនរបស់ពួកគេចាប់ពី១០%ឡើងទៅនោះទេ។ ព្រោះថាទម្ងន់នៃសម្ភារៈសិក្សាទាំងនោះអាចជាដើមហេតុក្នុងការធ្វើឲ្យឆ្អឹងខ្នងរបស់កុមារមានការឈឺចាប់ និងអាចផ្តល់គ្រោះថ្នាក់ចំពោះកុមារទៅថ្ងៃអនាគត។ ចំពោះគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះទៅទៀត គឺកុមារី នៅពេលដែលកុមារីស្ពាយកាតាបទៅសាលារៀនដែលមានផ្ទុកទៅដោយសម្ភារៈច្រើនហួសកំណត់នោះឆ្អឹងខ្នងរបស់ពូកគេ នោះនឹងត្រូវរងគ្រោះថ្នាក់ធ្ងន់ធ្ងរច្រើនជាងកុមារា ដោយសារតែឆ្អឹងខ្នងរបស់ក្មេងស្រីមានសភាពផុយស្រួយមិនរឹងមាំដូចឆ្អឹងខ្នងរបស់ក្មេងប្រុសនោះទេ។
បើយោងតាមរបាយការណ៍របស់ស្ថាប័ន Sean McDougal វិញ បានឲ្យដឹងបន្ថែមថាក្នុងចំណោមក្មេងៗនៅក្នុងប្រទេសអង់គ្លេសមានចំនួន១៥-២០% ដែលមានបញ្ហាឈឺឆ្អឹងខ្នង។ សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ គេសង្កេតឃើញថាកុមារភាគច្រើនតែងស្ពាយកាបូប ឬកាតាបដែលមានទម្ងន់ធ្ងន់ និងមានដាក់សៀវភៅច្រើននៅក្នុងកាតាបនោះតែម្តង។ កុមារា កុម្ភៈ ដែលជាសិស្សថ្នាក់ទី៥ រៀននៅសាលាបឋមសិក្សាមួយបានប្រាប់ និងបង្ហាញចំនួនសៀវភៅដែលកំពុងស្ពាយដល់ គេហទំព័រសុខភាពកម្ពុជាថា នៅក្នុងមួយថ្ងៃៗគាត់យកសៀវភៅទៅសិក្សាច្រើនក្បាល យ៉ាងហោចណាស់ក៏មានចំនួនច្រើនជាង១០ក្បាលដែរ។ រីឯកុមារី ស្រីពេជ្រ ដែលកំពុងសិក្សាជាមួយកុមារាខាងលើដែរនោះ បានឲ្យដឹងថាក្នុងមួយថ្ងៃនាងត្រូវយកសៀវភៅយ៉ាងតិចចំនួន១០ក្បាលសម្រាប់សិក្សា។ ចំពោះមូលហេតុវិញ នាងបានប្រាប់ថាពីព្រោះដោយសារមានមុខវិជ្ជាដែលត្រូវសិក្សាតាមកាលវិភាគមានច្រើន និងយល់មិនច្បាស់លាស់ ជួនត្រូវគ្រូឲ្យយកសៀវភៅលំហាត់ឡើងមកសសេរ ជួនឲ្យយកសៀវភៅគំនូរសៀវភៅប្រលង សៀវភៅកត់មេរៀន និងសៀវភៅផ្សេងៗទៀត ដែលគ្រូតម្រូវឲ្យដាក់ផ្សេងៗគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងការសិក្សា។ ចំណែកអ្នកគ្រូម្នាក់ដែលបង្រៀននៅសាលាបឋមសិក្សាមួយដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា សូម្បីតែកូនគាត់ក៏ចូលចិត្តយកសៀវភៅទៅសិក្សាច្រើនដែរ ព្រោះថាដើម្បីងាយស្រួនៅពេលគ្រូឲ្យលើកយកសៀវភៅមុខវិជ្ជាណាមួយមកសសេរ ឬធ្វើលំហាត់។ អ្នកគ្រូបានបន្តទៀតថា គាត់តែងតែប្រាប់កូនរបស់គាត់ណាស់ដែរតែកូនរបស់គាត់តែងនិយាយទៅគាត់វិញថាខ្លាចច្រឡំ ឬភ្លេចសៀវភៅដែលកាលវិភាគតម្រូវឲ្យសិក្សា។ ហេតុដូច្នេះហើយទើបបណ្តាលឲ្យកូនរបស់គាត់យកសៀវភៅទៅសាលាគ្រប់មុខវិជ្ជារួមទាំងសៀវភៅពុម្ពមួយចំនួនផងដែរ។ អ្នកគ្រូដដែល បន្តទៀតថាអ្នកគ្រូនឹងព្យាយាមពន្យល់ប្រាប់កូនសិស្ស រួមទាំងកូនរបស់អ្នកគ្រួ ឲ្យយកសៀវភៅមកសាលារៀនឲ្យបានត្រឹមត្រួវតាមកាលវិភាគប្រចាំថ្ងៃដែលខាងសាលាបានដាក់ឲ្យ។
នៅក្នុងប្រទេសកម្ពុជាសម្រាប់អត្រានៃចំនួនកុមារដែលមានបញ្ហាទាក់ទងទៅនឹងជម្ងឺឆ្អឺងខ្នងនៅមិនទាន់ឃើញមានរបាយការណ៍ណាមួយសិក្សាស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ហើយគេសង្កេតឃើញថាសិស្ស និស្សិតកម្ពុជាចូលចិត្តប្រើកាបូបស្ពាយនៅស្មាតែម្ខាង ច្រើនជាកាបូបស្ពាយដោយប្រើស្មាទាំងសងខាង។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២២ មេសា ឆ្នាំ ២០១២
Leave a Reply