ផ្ទៃមុខដ៏ស្រស់ស្អាតពិតជាគួរឱ្យស្រឡាញ់ពេញចិត្ដណាស់សម្រាប់មនុស្សគ្រប់រូប។ ហេតុនេះហើយទើបបច្ចុប្បន្នមានវិធី និងឧបករណ៍ជាច្រើនផលិតឡើងដើម្បីជាជំនួយក្នុងផ្នែកថែរក្សាសម្រស់ និងកែសម្ផស្សនេះ។ ក្នុងនោះស្ទីមមុខក៏ជាវិធីមួយក្នុងចំណោមវិធីទាំងនោះ ដែលអាចជួយឱ្យលោកអ្នករក្សាភាពស្រស់ស្អាតរបស់លោកអ្នកបាន។ តើស្ទីមជួយអ្វីបានខ្លះ?
រឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងការស្ទីមនេះ លោកអ្នកបានទទួលជ្រាបរួចមកហើយនៅក្នុងការចេញផ្សាយកាលពីលេខ មុនរបស់ទស្សនាវដ្ដី សុខភាពយើងស្ដីអំពីការស្ទីមខ្លួន។ ឥឡូវនេះដើម្បីឱ្យកាន់តែច្បាស់លោកអ្នកនឹងបានជ្រាបអំពីការស្ទីមមុខវិញ ម្ដង តាមរយៈការបកស្រាយរបស់កញ្ញា ទូច សុគន្ធាអ្នកជំនាញនៅហាងកែសម្ផស្សម្កុដមាសតារាពិភពលោកជាមួយទស្សនាវដ្ដី សុខភាពយើងជាបន្ដទៅទៀត។
ស្ទីមមុខ ជាអ្វី?
ស្ទីមជាវិធីម្យ៉ាងដែលស្រូប ឬបាញ់ចំហាយឬផ្សែងនៅលើផ្ទៃមុខដែលកំពុងពេញនិយមទាំងបុរសទាំងនារីដើម្បីជាប្រយោជន៍ដល់ការរក្សាសម្រស់របស់ខ្លួន។ ស្ទីមមុខមានពីរប្រភេទ គឺស្ទីមក្ដៅ និងស្ទីមត្រជាក់។ ការជ្រើសរើសយកវិធីស្ទីមមុខមួយណាគឺអាស្រ័យទៅលើស្ថានភាពស្បែកមុខរបស់មនុស្សម្នាក់ៗ។ ប្រសិនបើផ្ទៃមុខស្រស់ស្អាតគ្មានបញ្ហាហើយលោកអ្នកគ្រាន់តែចង់ផ្ដល់សំណើមឱ្យស្បែកនោះ លោកអ្នកគួរតែស្ទីមត្រជាក់។ ផ្ទុយទៅវិញបើស្បែកមុខមានបញ្ហាមុនឬស្នាមកន្ទួល នោះគួរជ្រើសរើសយកការ ស្ទីមក្ដៅទើបទទួលបានលទ្ធលល្អ។
វិធីសាស្ដ្រក្នុងការស្ទីមមុខ
ជំហានដំបូងនៃការស្ទីម លោកអ្នកត្រូវសម្អាតស្បែកមុខឱ្យស្អាតជាមុនសិន។ ទោះជាលោកអ្នកចង់ស្ទីមត្រជាក់ឬក្ដៅក៏ដោយ។ បន្ទាប់ពីសម្អាតស្បែកមុខរួចរាល់ហើយ លោកអ្នកត្រូវលាបក្រែមសម្រាប់ស្ទីមឱ្យសព្វផ្ទៃមុខរួចគេងឱ្យត្រង់ដោយដាក់មុខឱ្យចំនឹងចំហាយ ឬផ្សែងដែលចេញពីម៉ាស៊ីនស្ទីម។ ការសម្រាកស្ទីមនេះត្រូវចំណាយពេលយ៉ាងតិចបំផុត១០នាទី។ ផុតរយៈពេលនេះ បន្ទាប់ពីទុកស្បែកមុខឱ្យត្រជាក់(បើលោកអ្នកស្ទីមក្ដៅ) លោកអ្នកត្រូវសម្អាតមុខឱ្យស្អាតជាថ្មី។ បន្ទាប់ពីនោះសូមលាបក្រែមសម្រាប់ថែរក្សាស្បែកមុខជាកាស្រេច។
ផលប្រយោជន៍នៃការស្ទីមមុខ
ស្ទីមស្បែកមុខប្រៀបដូចជាការសម្អាតស្បែកមុខមួយប្រភេទដែរ ដោយវាអាចជួយឱ្យស្បែកមុខស្រស់ស្អាតចាកផុតពីល្អង ធូលីមួយចំនួនដែលមកទំជាប់។ ម្យ៉ាងទៀត ស្ទីមជួយឱ្យចលនាឈាមរត់ទៅចិញ្ចឹមស្បែកធ្វើដំណើរបានល្អនិងក្នុងករណីបើមានស្លាក ស្នាមផ្សេងៗ ដូចជាស្នាមអុចខ្មៅ កន្ទួលរមាស់ ឬរលាកស្បែកផ្សេងៗអាចធូរស្រាលបានច្រើន។ ក្រៅពីនេះ ស្ទីមអាចជួយឱ្យស្បែកមុខ មានសំណើម និងបង្កើនភាពស្រស់ស្អាតបានមួយកម្រិត។
ដំបូន្មានអ្នកជំនាញ
ទោះបីជាស្ទីមមុខមានផលប្រយោជន៍យ៉ាងនេះក្ដី លោកអ្នកមិនអាចស្ទីមស្បែកមុខរាល់ថ្ងៃបានទេ។ គួរតែស្ទីមត្រឹមតែពីរ ដងក្នុងមួយសបា្ដហ៍ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ បើមិនដូច្នោះទេអាចធ្វើឱ្យខូចស្បែកមុខទៅវិញក៏ថាបាន។ ការកំណត់កម្ដៅ សម្រាប់ការស្ទីមក៏ជារឿងសំខាន់ដែរ បើកម្ដៅខ្លាំងពេក និងធ្វើឱ្យស្បែកជ្រីវជ្រួញ។ ហើយបើកម្ដៅទាបពេកការស្ទីមចាត់ទុកជា អសារបង់ ព្រោះមិនអាចជួយអ្វីដល់ស្បែកឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧
Leave a Reply