អ៊ិន វរលក្ខណ៍ទេពី ៖ សម្រស់​ស្អាត​មិន​អាស្រ័យ​លើការ​កែច្នៃ

ខេត្ដ​បន្ទាយ​មានជ័យ​ជាទី​កន្លែង​ផ្ដល់​កំណើត​របស់​កញ្ញាអ៊ិន វរលក្ខណ៍ទេពី​ដែល​ជាស្រី​ស្អាត​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយប្រ ចាំ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន នា​ឆ្នាំ២០០៥។ ភាព​ស្រស់​ស្អាត​ពីធម្មជាតិ​បានធ្វើ​ឱ្យ​ទេពី​ទទួល​ជ័យលាភី​នាំមុខ​គេក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រកួត​ជាច្រើន​នាក់។ សម្ផស្ស​របស់​នាង​បានធ្វើ​ឱ្យ​ទស្សនិកជន​និង​បណ្ដា​ផលិត​កម្ម​ចាប់​អារម្មណ៍​យ៉ាងខ្លាំង។ តើទេពី​មានវិធី ថែរក្សា​សម្រស់​បែប​ណាខ្លះ ទើប​អាច​ទទួល​បាន​តំណែង​ជាស្រី​ស្អាត​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ចង់ដឹង​ការពិត​នោះ ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​កញ្ញា អ៊ិន វរលក្ខណ៍ទេពី​ធ្វើការ​បក ស្រាយ​នូវ​បញ្ហា​អស់ទាំង​នេះ​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប។

ប្រវត្ដិ​មុនចូល​វិស័យ​សិល្បៈ

នាពេល​បច្ចុប្បន្ននេះ​លោកអ្នក​មួយ​ចំនួន​បានស្គាល់​កញ្ញា អ៊ិន វរលក្ខណ៍ទេពី​ដែល​ជាប់​ចំណាត់​ថ្នាក់​ស្រីស្អាត​លេខ១​ជាមិន ខាន​ឡើយ។ ក្រោយ​ពីទទួល​បាន​ចំណាត់​ថ្នាក់ជា​ស្រីស្អាត ទេពី​បានចូល​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ដោយ​មាន​តំណែង​ជាពិធី ការិនី។ មុន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ទេពី​ជាសិស្ស​ថ្នាក់ទី១១​ក្នុងទី​រួមខេត្ដ​បន្ទាយ​មានជ័យ។ ស្រប​ពេល​ជាមួយ​គ្នា​ទូរទស្សន៍ ស៊ីធីអិន បាន​រៀបចំ​កម្មវិធី​ប្រឡង​ស្រីស្អាត​និង​ប្រុស​ស្អាត​គ្រប់​បណ្ដា​ខេត្ដ​ក្រុង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ដោយ​សារ​មាន​ការ​ជួយ ជ្រោម​ជ្រែង​ពី​សំណាក់​លោក​ឪពុក​អ្នក​ម្ដាយ ជាពិសេស​គឺអ្នក​មីង​ទេពី​បាន​សម្រេច​ចិត្ដ​ដាក់​ពាក្យ​ប្រឡង។ ក្រោយ​ពីជាប់​ចំណាត់​ថ្នាក់ លេខ១ ទេពី​ត្រូវ​បានព្យួរ​ការសិក្សា​មួយ​រយៈ​ធំ​ដើម្បី​បម្រើ​ការងារ​ក្នុងស្ថានី​យ​ទូរទស្សន៍​ស៊ីធីអិន ចាប់​តាំង​ពីឆ្នាំ​២០០៥ រហូត​មក​ដល់ សព្វ​ថ្ងៃនេះ។

វិធី​ថែរក្សា​សម្រស់

សព្វថ្ងៃ ទេពី គឺជា​ពិធីករ​ដ៏ស្រស់​ស្អាត​មួយរូប​ដែល​មានការ​គាំទ្រ​ពី​ទូរទស្ស​និកជន​ក្នុង​និង​ក្រៅ​ប្រទេស។ ក្រៅពី​ពេល​ទំនេរ ពីការ​ងារ ទេពី​តែងតែ​ឆ្លៀត​ពេល​សិក្សា​ភាសា​អង់គ្លេស​បន្ថែម​ទៀត។ ជាពិសេស​ទៅទៀត​នោះ​ទេពីក៏​មិន​ធ្វេស​ប្រហែស​ក្នុងការ​ថែ រក្សា​សម្រស់ និង​ថែរក្សា​រូបកាយ​ឡើយ។ ឥឡូវ​នេះ​សូម​ក្រឡេក​មកមើល​ពីវិធី​ថែរក្សា​សម្រស់​របស់​កញ្ញា​ស្រីស្អាត​ទេពីវិញ​ម្ដង។

  • ការ​ថែរក្សា​សក់ ៖ ទេពី​មាន​សរសៃសក់​ស្អាត​បែប​ធម្ម​ជាតិ​ហេតុ​ដូចនេះ​ហើយ​ទើបទេពី​មិន​សូវ​ខ្វាយខ្វល់​ពីបញ្ហា​សក់ ប៉ុន្មាន​ឡើយ។ ដោយ​គ្រាន់តែ​នៅពេល​កក់រួច ទេពី​លាប​ក្រែម​បន្ទន់​សក់​ធម្មតា​តែ​ប៉ុណ្ណោះ។ ចំពោះ​ការ​ប្រតិបត្ដិ​កក់​សក់​ទេពី​ធ្វើវា​ក្នុង មួយ​សប្ដាហ៍​ពីរដង ហើយ​អប់សក់​ម្ដង។ សរសៃ​សក់​របស់​ទេពីល្អ​មិន​ប្រកាន់​សាប៊ូកក់​សក់​អាច​កក់​បាន​ទាំង​អស់។ ពេល​ចូល​រួមក​ម្មវិធី និង​ឡើង​ឆាក ទេពី​ចូលចិត្ដ​តុបតែង​សក់​បែប​សាមញ្ញ​ធម្មតា។
  • ការ​ថែរក្សា​រោម​ចិញ្ចើម រោមភ្នែក និងភ្នែក ទេពី​មិន​ចូលចិត្ដ​កោរ​រោម​ចិញ្ចើម​ទេ​ព្រោះ​នាង​ស្រឡាញ់​រោម​ចិញ្ចើម បែប​ធម្មជាតិ ហើយ​ចំពោះ​ការគូស​វិញ​ក៏នាង​មិនចូល​ចិត្ដដែរ។ នៅពេល​ចូលរួម​កម្មវិធី​ទេពី​មិន​ចូលចិត្ដ​គូស​ចិញ្ចើម​ដិត​ពេកទេ គ្រាន់ តែគូស​សើៗ​ប៉ុណ្ណោះ។ នាង​និយម​លាប​ម៉ាស្ការា​បណ្ដុះ​រោមភ្នែក និង​ដើម្បី​ការពារ​មិនឱ្យ​ជ្រុះ​រោម​ភ្នែក។ នៅ​ពេល​ចេញ​ទៅខាង​ក្រៅ ទេពី​តែងតែ​ប្រើវ៉ែនតា​ការពារ​ភ្នែក​មិនឱ្យ​ឈឺ​ព្រោះ​ជា​សិល្បករ​ត្រូវ​ប្រឈម​នឹង​ពន្លឺ​ភ្លើង​ហ្វា​ក៏ដូច​ជាពន្លឺ​ថ្ងៃច្រើន។ ជាពិសេស​នៅពេល យប់ ទេពី​តែងតែ​ប្រើថ្នាំ​ម្យ៉ាង​សម្រាប់​លាង​សម្អាត​ភ្នែក។
  • ការ​ថែរក្សា​បបូរ​មាត់ ទេពី​មិនចូល​ចិត្ដ​លាប​បបូរមាត់​ជាប្រចាំ​ឡើយ ព្រោះ​នាងគិត​ថា​ការ​លាប​រាល់ថ្ងៃ​ធ្វើឱ្យ​បបូរ​មាត់​ងាយ​ខ្មៅ ហើយ​ជួនកាល​ថែមទាំង​ប្រេះស្បែក​មាត់​ទៀតផង។ នៅពេល​លាប​បបូរ​មាត់​នាង​តែង​លាប​ទឹកឃ្មុំ​ឬឡេ​លាប​ការពារ ស្បែក​បបូរមាត់​មួយជាន់​ហើយ ទើប​លាប​ក្រែម​ពណ៌​រាងស្រាល​ពីលើ​បន្ថែម​ទៀត។ សម្រាប់​ពេល​យប់​នាង​ចូលចិត្ដ​លាប​ក្រែម​ជំនួយ បបូរ​មាត់។
  • ការ​ថែរក្សា​ធ្មេញ ទេពី​ជាពិធីករ​មួយ​រូប​មាន​ទស្សនិកជន​ចាប់​អារម្មណ៍​ច្រើន​ដូចនេះ​ហើយ​ធ្មេញ​ក៏ជា​បញ្ហា​សំខាន់ សម្រាប់​នាង។ ជារៀង​រាល់៥ខែ​ទៅ​មួយ​ឆ្នាំ នាង​ទៅពិនិត្យ​សុខភាព​ធ្មេញ​ម្ដង ដើម្បី​ចង់ដឹង​ថាធ្មេញ​មាន​បញ្ហា​ឬ​អត់។ ម្យ៉ាង​ទៀត នាង​ឧស្សាហ៍​ទៅលាង​សម្អាត​ធ្មេញ​ដើម្បី​បំបាត់​កំណក និង​កម្អែល​នៅលើ​ធ្មេញ ឬ​ក្នុង​ធ្មេញ។
  • ការ​ថែរក្សា​ស្បែកមុខ ពេល​ឡើង​កម្មវិធី ទេពី​ចូលចិត្ដ​ផាត់មុខ​បែប​ធម្មជាតិ​គឺផាត់​ដោយ​ខ្លួន​ឯង។ មុន​នឹង​ផាត់​មុខ នាង តែងតែ​ប្រើ​ឡេ​ការពារ​ស្បែកមុខ​មួយ​ជាន់​ទើប​ផាត់​ម្សៅ និង​គ្រឿង​តុបតែង​មុខជា​ក្រោយ។ មុន​ចូល​ទទួល​ទាន​ដំណេក ទេពី​គ្រាន់តែ ប្រើ​សាប៊ូ​ដុសមុខ​កម្ចាត់​ជាតិក្អែល​តែប៉ុណ្ណោះ ដោយ​មិនប្រើ​ផលិតផល​អ្វីបន្ថែម​ឡើយ​ព្រោះ​នាង​មាន​ស្បែក​មុខស្អាត​ពី​កំណើត។ ពេល ក្រោក​ពីដំណេក​តែង​ដុស​សាប៊ូ​ម្យ៉ាង​ដែល​អាច​កម្ចាត់​ជាតិខ្លាញ់​ពីលើ​ស្បែក​មុខបាន។
  • ការថែរ​ក្សា​ស្បែក​ខ្លួន នៅពេល​ចេញទៅ​ខាង​ក្រៅ នាង​ចូលចិត្ដ​លាបឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​ការពារ​ស្បែក​មិនឱ្យ ប្រែ​ប្រួល។ បើពេល​នៅផ្ទះ​វិញ ទេពីមិន​លាបឡេ​ការពារ​អ្វីឡើយ ព្រោះ​ស្បែក​របស់ទេពី​គ្មាន​បញ្ហា​មិន​ចាំបាច់​លាប​ក៏បាន​ដែរ។ ក្នុង ការ​សម្អាត​ខ្លួន​ពេល​ងូតទឹក​នាងចូល​ចិត្ដ​ប្រើសាប៊ូ​ដុសខ្លួន​ម្យ៉ាង​សម្រាប់​បំបាត់​ជាតិ​បាក់តេរី​ពីសារ​ពាង្គ​កាយ​ជាការ​ស្រេច។

វិធី​ថែរក្សា​រូបរាង​កាយ

ទោះបី​ជាមាន​ពេលខ្លះ​រវល់​ច្រើន​បន្ដិច​មែន ទេពី​នៅតែ​ឆ្លៀត​ពេល​សម្រាក​ទទួល​ទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់​(៨ម៉ោង​ក្នុង ១ថ្ងៃ) ដើម្បី​ចៀស​វាង​រង្វង់​ភ្នែក​ខ្មៅ និង​ផ្ទៃមុខ​មិន​ស្រស់​ថ្លា។ ចំពោះ​ការ​ទទួលទាន​ចំណី​អាហារ​ទេពី​ញ៉ាំ​បាន​គ្រប់មុខ​មិនតម​ឡើយ។  ដោយ​សារ​សម្លេង​នាង​មិន​សូវល្អ ទេពី​មិនសូវ​ទទួលទាន​ប្រហុក​ញឹកញាប់​ឡើយ។ ទេពី​មាន​ក្រិត​ក្រម​ក្នុង​ការ​ទទួល​ទាន​អាហារ មួយ ថ្ងៃ​៣ដង និង​បរិមាណ​ថេរជា​ប្រចាំ។ ចំពោះ​ការហាត់​ប្រាណ​ទេពី​មាន​ឧបករណ៍​ហាត់​នៅផ្ទះ ដើម្បី​ហាត់​សម្រក​ក្បាល​ពោះ និង​ថែរក្សា រូបរាង​កាយ​មិនឱ្យ​ឡើង​ទម្ងន់។ ក្រៅ​ពីហាត់​ដោយ​ឧបករណ៍​នាង​ចូលចិត្ដ​ហាត់​ពត់ដៃ​ពត់ជើង ដើម្បី​សម្រួល​សរសៃ​ឱ្យមាន​ដំណើរ​ការ ល្អ។

បំណង​សម្រាប់​ថ្ងៃ​អនាគត

ឥឡូវនេះ ទេពី​មាន​តំណែង​ជាពិធីករ​មួយរូប​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​ហើយ​នាង​មាន​បំណង​ចង់​បន្ដ​អាជីព​នេះ​ជារៀង រហូត ព្រោះ​នាង​ស្រឡាញ់ និង​ចូលចិត្ដ​មុខងារ​នេះ​ណាស់ បើ​ទូរទស្ស​និកជន​នៅតែ​គាំទ្រ និង​មាន​ឱកាស​ការងារ។ ទេពី​ចង់​បើក អាជីវកម្ម​មួយមុខ​ទៀត​សម្រាប់​ថ្ងៃ​អនាគត ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ ក៏ដូច​ជាខ្លួន​ឯង​ផ្ទាល់​ទេពី​មិនទាន់​ហ៊ាន​ប្រាប់​នៅ​ឡើយ ទេពី​មុខ​ជំនួញ​ដែល​នាង​កំពុង​គិតនោះ ​ព្រោះ​អាស្រ័យ​លើ​ថវិកា​និង​ពេល​វេលា​ជាអ្នក​កំណត់​នាពេល​ខាងមុខ​ទៀត។

បណ្ដាំ​ផ្ញើរបស់​ទេពី

នារី​គ្រប់រូប​មិនមែន​ស្អាត​អាស្រ័យ​លើការ​កែច្នៃ​បន្ថែម​នោះទេ។ ដូចនេះ​ហើយ​ប្រសិន​បើ​មាន​សម្រស់​ស្អាត​ពីធម្មជាតិ​ហើយ គួរតែ​កុំកែច្នៃ​អ្វីឱ្យ​សោះ ព្រោះ​ធ្វើឱ្យ​ឆាប់​ខូច​ស្បែក ជាពិសេស​ប៉ះពាល់​ដល់​សុខភាព។ បើមិត្ដ​នារី​មាន​ពេល​វេលា​គ្រប់​គ្រាន់​នោះ គប្បី ប្រតិបត្ដិ​តាម​វិធី​ធម្មជាតិ នោះ​លោកស្រី​អ្នក​នាងកញ្ញា​ចំណេញ​ទាំង​ពេល​វេលា ថវិកា សុខភាព​ព្រម​ទាំង​សម្រស់​ទៀតផង។

ប្រវត្ដិ​រូបសង្ខេប

  • ឈ្មោះពិត ៖ អ៊ិន វរលក្ខណ៍ទេពី
  • ឈ្មោះក្រៅ ៖ ឌីណា
  • អាយុ ៖ ១៩ឆ្នាំ
  • កម្ពស់ ៖ ១,៦៥ម៉ែត្រ
  • ទម្ងន់ដងខ្លួន ៖ ៥០គីឡូ
  • ទំហំទាំង៣ ៖ ៣៦, ២៧, ៣៤
  • បងប្អូន ៖ ២នាក់ ប្រុសមួយ (ជាកូនពៅ)
  • អាជីព ៖ ជាពិធីករ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *