សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម ក្រៅពីការថែរក្សាសុខភាពឱ្យបានល្អហើយ ទាមទារឱ្យមានការយកចិត្ដទុកដាក់ទៅលើចំណីអាហារជាចាំបាច់។ ជាពិសេសចំណីអាហារដែលមិនធ្វើឱ្យមានផលប៉ះពាល់ទៅលើជាតិស្ករ។ របបអាហារសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមពិតជាមានសារៈសំខាន់។ សម្រាប់សុខភាពពេលទទួលទានចំណីអាហារ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ។ មិនគួរបរិភោគទៅ តាមអ្វីដែលនឹកឃើញនោះទេ។ តើចំណីអាហារបែបណា ដែលអ្នកជម្ងឺទឹកនោមផ្អែមគួរបរិភោគ?
សន្ទស្សន៍ជាតិស្ករដែលមាននៅក្នុងចំណីអាហារ
ដើម្បីកុំឱ្យអត្រាជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង អ្នកជម្ងឺទឹកនោមផ្អែមត្រូវជ្រើសរើសយកចំណីអាហារណាដែលមានសន្ទស្សន៍ជាតិស្ករទាបជាងគេ។ ចំណីអាហារទាំងអស់មានសន្ទស្សន៍ជាតិស្ករខុសៗគ្នាដែលគិតជាភាគរយតាមកម្រិតពី(ក)ដល់(ឃ)គឺមានកម្រិតជាតិស្ករពីតិចទៅច្រើន។
ប្រភេទក ៖ សន្ទស្សន៍ទាបជាងគេ គឺក្រោម៤០ភាគរយ។ ប្រភេទនេះធ្វើឱ្យអត្រាជាតិស្ករក្នុងឈាមឡើងយឺត។
ប្រភេទខ ៖ សន្ទស្សន៍ទាបមធ្យម គឺលើសពី៤០ភាគរយ។ ប្រភេទនេះធ្វើឱ្យអត្រាក្នុងឈាមឡើងយឺតមធ្យម។
ប្រភេទគ ៖ សន្ទស្សន៍ខ្ពស់ គឺលើសពី៦០ភាគរយ។ ប្រភេទនេះធ្វើឱ្យអត្រាក្នុងឈាមឡើងលឿន។
ប្រភេទឃ ៖ សន្ទស្សន៍ខ្ពស់ខ្លាំង គឺ១០០ភាគរយ។ ប្រភេទនេះធ្វើឱ្យអត្រាក្នុងឈាមឡើងលឿនខ្លាំង។
ចំណីអាហារដែលអ្នកជម្ងឺទឹកនោមផ្អែមគួរបរិភោគ
1. អាហារក្រុមទី១ ៖ ចំណីអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ អ្នកជម្ងឺទឹកនោមផ្អែមគួរបរិភោគតិចតួចបំផុត រួម មាននំប៉័ងដំឡូងបំពង បាយស ទឹកក្រូចគ្រប់ប្រភេទ ស្ករស ឪឡឹក ម្នាស់ នំដែលមានជាតិប្រេង ឬខ្លាញ់ ដំណាប់ កូកាជាដើម។
2. អាហារក្រុមទី២ ៖ អ្នកជម្ងឺទឹកនោមផ្អែមអាចបរិភោគច្រើនបាន មានដូចជាមី គុយទាវ តាំងហ៊ុន នំប៉័ងខ្មៅ បាយអង្ករ សម្រូបគ្រាប់សណ្ដែកគ្រប់ប្រភេទ។
3. អាហារក្រុមទី៣ ៖ ទាក់ទងនឹងបន្លែដែលអ្នកជម្ងឺទឹកនោមផ្អែមបរិភោគច្រើនបានមានដូចជាផ្កាខាត់ណា ម្ទេសបោ្លកសណ្ដែកហោឡាំងតាវ មើមស្ពៃក្រហម ខ្ទឹមស ត្រាវ ឃ្លោក ជីវ៉ាន់ស៊ុយ ក្រូចឆ្មារ អារទីសូត៌ ខ្ញី ពោត ផ្សិត សណ្ដែកបារាំង ត្រឡាច មើមឆៃថាវននោងម្រះ ត្រប់ ប៉េងប៉ោះជាដើម។
4. អាហារក្រុមទី៤ ៖ ពពួកផ្លែឈើដែលអ្នកជម្ងឺទឹកនោមផ្អែមបរិភោគច្រើនបានដូចជាប៉ោម សារី ស្វាយ ស្ទ័រប៊ឺររី ចេក ល្មុតទំញំងបាយជូរ កន្ទឹម ល្ហុងជាដើម។
ចំពោះខ្លាញ់ត្រី អ្នកជម្ងឺទឹកនោមផ្អែមគួររបរិភោគឱ្យបានច្រើន។ មិនថាតែត្រីទឹកសាប ឬត្រីទឹកប្រៃនោះទេ វាមានលក្ខណៈពិសេសមួយខុសពីខ្លាញ់សត្វដទៃ។ ខ្លាញ់ត្រីអាចជួយការពារជម្ងឺបេះដូង សរសៃឈាម និងជម្ងឺផ្សេងៗ។ ពពួកគ្រឿងសមុទ្រអ្នកជម្ងឺទឹកនោមផ្អែមអាចបរិភោគបាន ព្រោះវាមិនសូវសម្បូរជាតិខ្លាញ់ ឬមានជាតិខ្លាញ់តិច មានដូចជាលៀស គ្រំ ខ្ចៅ ខ្យង ក្ដាមជា ដើម។ ចំណែកឯការប្រើប្រាស់ប្រេងដែលបានមកពីប្រភពធម្មជាតិ បន្លែផ្លែឈើមានគុណភាពល្អជាងខ្លាញ់សត្វ។ ដូច្នេះអ្នកជម្ងឺទឹក នោមផ្អែមគួរចេះជ្រើសរើសយកប្រេងរុក្ខជាតិណាដែលផ្ដល់ប្រយោជន៍ មុននឹងទិញត្រូវមើលទៅលើផ្លាក និងស្វែងយល់ពីប្រភព របស់វា។ ប្រេងទាំងនោះមានប្រេងសាហ្វហ្លូវ័រ ប្រេងបន្លែរុក្ខជាតិប្រេងផ្កាឈូករត្ន័ ប្រេងអូលីវជាដើម។
ចំណីអាហារដែលអ្នកជម្ងឺទឹកនោមផ្អែមមិនគួរបរិភោគ
ចំណីអាហារទាំងនោះមានឪឡឹក ម្នាស់ ល្ពៅ ទៀប ខ្នុរ ធូរេន អំពៅ មៀន ការ៉ុតឆ្អិន និងដំឡូងបារាំងគ្រប់ប្រភេទ។ ប្រសិនបើលោកអ្នកចង់បរិភោគខ្លាំងដោយមិនអាចតមបាន គួរបរិភោគតិចតួចបានហើយ ជាពិសេសនៅក្រោយពេលទទួលទានបាយ រួចភ្លាម។
ចំពោះសាច់សត្វ ឬខ្លាញ់សត្វដែលអ្នកជម្ងឺទឹកនោមផ្អែមមិនគួរបរិភោគ មានដូចជាសាច់គោ សាច់ចៀម មាន់ ទា ក្ងានជា ដើម។ តែបើលោកអ្នកចង់បរិភោគមិនអាចតមបាន គួរជ្រើសរើសសាច់កន្លែងណាដែលមិនសូវសម្បូរខ្លាញ់ ដូចជាសាច់ដើមទ្រូងជា ដើម។ គួរចៀសវាងនូវការបរិភោគស្បែកសត្វ ស្លាបសត្វ និងជើងសត្វជាដើម ព្រោះសម្បូរទៅដោយខ្លាញ់។ ជាពិសេសគួរធ្វើការចម្អិន ដោយចំហុយ ស្ងោរ និងអាំងព្រោះអាចជួយកាត់បន្ថយជាតិខ្លាញ់បានយ៉ាងប្រសើរ។ ចៀសវាងការទទួលទានសុរា ឬបារីច្រើនពេក បើអាចបញ្ឈប់បានរិតតែល្អ។
ប្រការដែលអ្នកជម្ងឺទឹកនោមផ្អែមគួរប្រតិបត្ដិ
មនុស្សទូទៅបរិភោគចំណីអាហារប្រចាំថ្ងៃ៣ដងក្នុងមួយថ្ងៃ គឺពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចយ៉ាងទៀងទាត់ពេល។ ចំពោះអ្នកជម្ងឺទឹកនោមផ្អែមចំណីអាហារ គួរបរិភោគតិចៗបានហើយ តែច្រើនដងអាច៤ ឬ៥ដងក្នុងមួយថ្ងៃ ហើយក៏ត្រូវឱ្យទៀងទាត់ពេលវេលាដែរ។ ព្រោះវាអាចជួយឱ្យអត្រាជាតិស្ករក្នុងឈាមមានលំនឹងល្អ ចៀសវាងនូវអត្រាជាតិស្ករឡើងខ្ពស់។ ម្យ៉ាងទៀតវា អាចជួយការពារការខ្វះជាតិស្ករឬអត្រាស្ករក្នុងឈាមធ្លាក់ចុះខ្លាំង។ ការទទួលទានម្ហូបអាហារត្រូវកំណត់ពេល។
- ចំនួនដង ៖ បើលោកអ្នកទទួលទានអាហារ៣ ឬ៤ដងក្នុងមួយថ្ងៃ ត្រូវធ្វើឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
- កំណត់ម៉ោង ៖ គួរកំណត់ម៉ោងឱ្យបានច្បាស់ ពេលព្រឹកបរិភោគនៅម៉ោងប៉ុន្មាន ពេលថ្ងៃ ពេលល្ងាច និងពេលយប់ ត្រូវឱ្យទៀងទាត់ជារៀងរាល់ថ្ងៃ។ ទោះបីរវល់យ៉ាងណាក៏ដោយ ឬមិនទាន់ឃ្លានក្ដី ត្រូវតែបរិភោគទៅតាមពេលកំណត់។
ក្រៅពីចំណីអាហារ អ្នកជម្ងឺទឹកនោមផ្អែមក៏ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ត្រូវបង្កើនសកម្មភាពពលកម្មក្នុងជីវ ភាពប្រចាំថ្ងៃនិងការកម្សាន្ដផ្សេងៗឱ្យបានកាន់តែច្រើន។ សកម្មភាពទាំងនោះគឺផ្លាស់ប្ដូរពីការធ្វើដំណើរដោយយានយន្ដមកដើរ(បើមានពេលដែលអាចធ្វើបាន)ព្រមទាំងឡើងជណ្ដើរដោយជើង ជាជាងប្រើដោយជណ្ដើរយន្ដ លេងកីឡាដូចជារត់ លោត ធាក់កង់ វាយកូនគោលជាដើម។ ចំពោះសកម្មភាពប្រចាំថ្ងៃដូចជាបោសផ្ទះ ជូតផ្ទះ ដើរកម្សាន្ដ រាំកម្សាន្ដ ហែលទឹក ឬដើរទិញឥវ៉ាន់ជាដើម ជាចំណែកជួយឱ្យអត្រាជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម និងសម្ពាធឈាមថយចុះបានមួយកម្រិត។ ហើយវាក៏អាចជួយការពារមិនឱ្យមានកំណកខ្លាញ់ ក្នុងសរសៃឈាមនិងជួយកាត់បន្ថយនូវការប្រើប្រាស់ថ្នាំទឹកនោមផ្អែម ថ្នាំលើសឈាម ថ្នាំលើសជាតិខ្លាញ់ជាដើម។
បណ្ដាំផ្ញើ
ចំណីអាហារដែលបានរៀបរាប់ខាងលើ អាចមានគុណសម្បត្ដិ និងគុណវិបត្ដិសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម។ ចំណីអាហារ មួយចំនួនអ្នកជម្ងឺទឹកនោមផ្អែមអាចបរិភោគបានគ្រាន់តែតិច ឬច្រើនទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ។ គួរបរិភោគចំណីអាហារឱ្យមានការកំណត់មួយសមស្រប មិនគួរបរិភោគអ្វីទៅតាមនឹកឃើញ និងចង់ហួសហេតុនោះទេ ដូចពាក្យមួយឃ្លាបានពោល ថា “កុំហូបតាមឃ្លាន កុំហ៊ានតាមចង់”។ គួរឧស្សាហ៍សង្កេតទៅលើទម្ងន់ខ្លួនជាប្រចាំ មិនត្រូវឱ្យឡើងទម្ងន់ហួសហេតុពេកទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧
Leave a Reply