យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសមួយ ស្ថិតនៅក្នុងចំណោមប្រទេសទាំង២២នៅលើពិភពលោក ដែលមានបន្ទុកជម្ងឺរបេងធ្ងន់ធ្ងរ និងមានអត្រាអ្នកកើតជម្ងឺរបេងច្រើនជាងគេ។ របេងជាជម្ងឺឆ្លងមួយដែលអាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់បាន តែវាមិនមែនជាជម្ងឺតពូជនោះទេ។ ហើយមេរោគរបេងនេះ បានយាយីដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ជិត១ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដែលមេរោគជម្ងឺនេះមានឈ្មោះថា បាស៊ីដឺកុក ត្រូវបានរកឃើញកាលពីជាង១០០ឆ្នាំមុន។
លោកស្រីវេជ្ជបណ្ឌិត ម៉ូនីក មូសូហ្វ (Monique Mosotf) ប្រធានការិយាល័យសុខភាព សាធារណៈនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីចុងខែ មិនាថា ជារៀងរាល់ឆ្នាំ នៅក្នុងពិភពលោកមានមនុស្សប្រមាណ៩លាននាក់ឆ្លងជម្ងឺរបេង។ ក្នុងនោះផងដែរ មានប្រជាជនចំនួន ១.៥ លាននាក់បានស្លាប់ដោយសារជម្ងឺរបេង។ ដោយឡែកនៅកម្ពុជាមនុស្សប្រមាណ ៦២,០០០ នាក់ បានឆ្លងជម្ងឺរបេងនិងស្លាប់ដោយសារជម្ងឺនេះមានអត្រាថយចុះគួរឲ្យកត់សម្គាល់។ លោកស្រីបានបន្តថា ទោះជាយ៉ាងណាក៏ដោយកម្ពុជា កំពុងស្ថិតនៅលើផ្លូវត្រូវក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់បានពាក់កណ្តាល ក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៏សហសវត្សន៍ នៅឆ្នាំ២០១៥។
លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិក នៅតែមានការប្តេជ្ញាចិត្តក្នុងការធ្វើការងារក្នុងភាពជាដៃគូជាមួយកម្មវិធីជាតិ កម្ចាត់រោគរបេង និងធ្វើការជាមួយដៃគូពាក់ព័ន្ធជាច្រើនទៀតក្នុងការកាត់បន្ថយបន្ទុកនៃជម្ងឺរបេងនៅកម្ពុជា។
ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្មវិធីជាតិ កម្ចាត់រោគរបេងខិតខំធ្វើយ៉ាងណា ស្រាវជ្រាវករណីជម្ងឺរបេងគ្រប់សណ្ឋានឲ្យបាន ៤០,០០០ ករណី និងអត្រាព្យាបាលជាសះស្បើយលើសពី ៨៥ភាគរយ។ លោកបន្តថា ការងារស្រាវជ្រាវជម្ងឺរបេងលើកុមារ មនុស្សចាស់ និងការស្រាវជ្រាវតាមពន្ធនាគារគួរត្រូវពង្រីកបន្ថែមទៀត ជាមួយភាគីពាក់ពន្ធ័ និងខិតខំកៀងគររកជំនួយដើម្បីបន្តបេសកកម្ម ក្នុងការប្រយុទ្ធនឹងជម្ងឺរបេងពិសេសបង្ការកុំឲ្យមានអ្នកជម្ងឺរបេងសុំានឹងឱសថ។
សូមបញ្ជាក់ផងដែរថា ជម្ងឺរបេង ជាទូទៅតែងតែប៉ះពាល់ទៅលើសួត ដែលបង្កឲ្យទៅជាជម្ងឺរបេងសួត។ មេរោគរបេងក៏អាចប៉ះពាល់ផងដែរទៅលើសរីរាង្គផ្សេងៗទៀតក្រៅពីសួត ដែលហៅថា របេងក្រៅសួត។ សូមចងចាំថា ជម្ងឺរបេងជាជម្ងឺងាយឆ្លងបំផុត គឺឆ្លងតាមរយៈខ្យល់ដែលមានមេរោគរបេង ហើយបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត បើបណ្តែតបណ្តោយមិនព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជម្ងឺរបេង គឺត្រូវទាមទាររយៈពេលយូរ និងមានភាពអត់ធ្មត់នៅពេលប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៣ មេសា ឆ្នាំ ២០១២
Leave a Reply