បញ្ហាជើង និងស្បែកមានក្លិនស្អុយជាបញ្ហាដែលច្រើនជួបប្រទះនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ បច្ចុប្បន្ននេះនៅក្នុង ការពិគ្រោះជម្ងឺសើស្បែក បានជួបប្រទះបញ្ហាក្លិនជើង និងស្បែកជើងនេះកាន់តែមានចំនួនច្រើនឡើង។ បើលោកអ្នកមានបញ្ហាក្លិន ជើងនេះហើយមិនចាប់អារម្មណ៍ លោកអ្នកនឹងក្លាយទៅជាបុគ្គលដែលនៅឆ្ងាយពីអ្នកដទៃដោយសារតែក្លិនមិនប្រសើរនេះ ជួនកាល វាអាចឱ្យលោកអ្នកមានជម្ងឺទៀតផងក៏មាន។
លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នកឯកទេសផ្នែកជម្ងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះកុសមៈចូលរួមបកស្រាយ ជម្រាបជូនលោកអ្នកអានអំពីបញ្ហាក្លិនជើង តាមរយៈទស្សនាវដ្ដី សុខភាពយើង។
មូលហេតុដែលបណ្ដាលឱ្យមានក្លិនជើង
ក្លិនជើងកើតឡើងដោយសារការទម្លាប់រស់នៅប្រចាំថ្ងៃ និងដោយការពាក់ស្បែកជើងបិទជិត ជាពិសេសពពួកស្បែកជើង ដែលផលិតពីស្បែកសត្វគ្រប់ប្រភេទ។ ជាធម្មតាស្បែកនៅបាតដៃ និងបាតជើងរបស់មនុស្សតែងមានក្រពេញបញ្ចេញញើសច្រើនជាង កន្លែងដទៃទៀត។ ញើសដែលបញ្ចេញនៅបាតដៃត្រូវបានខ្យល់បរិយាកាសសម្ងួតអស់ តែញើសនៅបាតជើងត្រូវបៀមទុកដោយ ស្បែកជើង និងស្រោមជើង។ ការបៀមទុកនេះបានផ្ដល់ឱកាសឱ្យមានបាក់តេរីមួយចំនួនរីកដុះដាលដោយសំណើមនៃញើសនៅស្បែក ជើង និងស្រោមជើង។ ពពួកបាក់តេរីទាំងអស់នោះហើយដែលជាអ្នកបង្កក្លិនស្អុយដល់ជើង ស្បែកជើង និងស្រោមជើង។
វិធីបំបាត់ក្លិនជើង
ប្រសិនបើជើង ស្បែកជើង និងស្រោមជើងរបស់លោកអ្នកមានក្លិនស្អុយនោះ លោកអ្នកចាំបាច់ត្រូវតែរកវិធានការដើម្បីទប់ ទល់ និងបំបាត់ក្លិនទាំងនោះឱ្យបាន។ ជាដំបូង លោកអ្នកត្រូវកាត់បន្ថយការបញ្ចេញញើស និងកាត់បន្ថយចំនួនបាក់តេរី។
1. កាត់បន្ថយការបញ្ចេញញើស
- លោកអ្នកត្រូវមានទម្លាប់ពាក់ស្រោមជើងដែលបោកស្អាតជានិច្ច ប្ដូរស្រោមជើងជារៀងរាល់ថ្ងៃ
- មិនត្រូវពាក់ស្បែកជើងដដែលៗរាល់ថ្ងៃ
- ទុកស្បែកជើងដែលពាក់រួចឱ្យត្រូវខ្យល់ឱ្យបាន២៤ម៉ោង ដើម្បីឱ្យញើសដែលជាប់នៅនឹងស្បែកជើងស្ងួត
- មិនគួរគប្បីពាក់ស្រោមជើងបិទជិតពេកទេ គួរពាក់ស្បែកជើងណាដែលអាចឱ្យខ្យល់ចេញចូលបានល្អ
- សូមជ្រើសរើសស្រោមជើងដែលផលិតចេញពីក្រណាត់កូតុង
- ត្រូវប្រើប្រាស់សារធាតុដែលកាត់បន្ថយការបញ្ចេញញើស។
2. កាត់បន្ថយចំនួនបាក់តេរី
- លាងជើងដោយសាប៊ូកម្ចាត់មេរោគ និងជូតជើងឱ្យស្ងួត ជាពិសេសនៅចន្លោះម្រាមជើង
- ប្រើប្រាស់ម្សៅដើម្បីបំបាត់ក្លិនដែលអាចបំបាត់ក្លិនជើងផង និងអាចស្រូបយកញើសផង
- ឧស្សាហ៍ត្រាំជើងរបស់លោកអ្នកក្នុងទឹករយៈពេលយ៉ាងតិច៣០នាទីព្រោះសារធាតុអាស៊ីតតានីកដែលមាននៅក្នុងទឹក អាចសម្លាប់មេរោគបាន។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នករក្សានូវទម្លាប់ល្អឱ្យបាន ដើម្បីចៀសវាងនូវបញ្ហាដែលអាចកើតមានទ្បើងនិងដែលធ្វើឱ្យរំខានដល់ការទំនាក់ ទំនងរបស់លោកអ្នកក្នុងជីវភាពប្រចាំថ្ងៃ។ ក្រៅពីនេះ បើលោកអ្នករស់នៅមិនមានអនាម័យជម្ងឺតម្កាត់ផ្សេងៗងាយយាយីដល់សុខ ភាពរបស់លោកអ្នក ជួនកាលអាចឆ្លងដល់អ្នកដទៃទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply