កក់សក់ជារឿងងាយស្រួលបំផុតសូម្បីតែក្មេងអាយុបីឆ្នាំក៏ចេះកក់សក់ដែរ។ លោកអ្នកមួយចំនួនអាចយល់ដូចនេះមែន ប៉ុន្ដែមិនអាចត្រឹមត្រូវទាំងស្រុងនោះទេ។ ព្រោះបើលោកអ្នកមានវិធីក្នុងការកក់សក់នេះលោកអ្នកនឹងទទួលបានសក់ដែលស្អាតមាន សុខភាពល្អ គួបផ្សំនឹងមិនមានបញ្ហាដល់ស្បែកក្បាលទៀតផង។ តើកក់សក់ដូចម្ដេចទើបត្រឹមត្រូវ?
កាលពីលើកមុន លោកអ្នកបានទទួលជ្រាបរួចមកហើយអំពីការជ្រើសរើសសាប៊ូកក់សក់។ ដោយឡែកសម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងជម្រាបជូនលោកអ្នកអំពីវិធីកក់សក់វិញម្ដង។
សរសៃសក់ស្រស់ស្អាត
សក់មិនគ្រាន់តែរក្សាសម្រស់របស់ធម្មជាតិប៉ុណ្ណោះទេ។ សក់សម្ដែងឡើងនូវបញ្ហាសុខភាពមួយចំនួនរបស់មនុស្សទៀត ផង។ លោកអ្នកដែលមានសុខភាពល្អ ជានិច្ចជាកាលសរសៃសក់ភ្លឺផ្លេករលោងស្រិល។ ក្នុងមួយថ្ងៃ សក់អាចដុះប្រហែល១,២ទៅ ១,៣មីលីម៉ែត្រ។ ចំពោះកូនក្មេងដែលមានសុខភាពល្អ សក់លូតលាស់យ៉ាងឆាប់រហ័ស ចំណែកមនុស្សចាស់ខ្សោយមានជម្ងឺ សក់ដុះ យឺតយ៉ាវបំផុត។
របៀបសម្អាតសក់
ការសម្អាតសក់ជារឿងដែលមិនអាចមើលរំលងបាន។ មិនមែនថាកក់សក់ដោយគ្រាន់តែអេះៗឱ្យតែរួចរាល់បាននោះទេ។ ព្រោះការដែលលោកអ្នកមានគំនិតថាគ្រាន់តែធ្វើឱ្យសក់ស្អាតនោះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកអ្នកត្រូវផ្ដោតការយកចិត្ដ ទុកដាក់ទៅលើស្បែកក្បាលផងដែរ។ ដើម្បីសក់មានសុខភាពល្អ និងមានឬសរឹងមាំ លោកអ្នកត្រូវអនុវត្ដវិធីកក់សក់ងាយៗមួយចំនួន ។
- សូមយកទឹកក្ដៅឧណ្ហៗចាក់លើសរសៃសក់ឱ្យជោក ព្រោះថាទឹកក្ដៅឧណ្ហៗនឹងជួយឱ្យឈាមមានលំហូរចុះឡើងបានល្អ ធ្វើឱ្យមានអារម្មណ៍ធូរស្បើយ
- ចាក់សាប៊ូកក់សក់់លើបាតដៃញីឱ្យសាច់សាប៊ូរាយប៉ាយពេញដៃ ហើយយកបាតដៃកក់ញីសក់ពីផ្នែកខាងលើបំផុត ដោយ ប្រើម្រាមដៃញីសាប៊ូកក់សក់ឱ្យសព្វស្បែកក្បាល និងសរសៃសក់
- សម្អាតសក់ដោយញីថ្នមៗឱ្យសព្វស្បែកក្បាល តែកុំអេះ ឬញីខ្លាំងពេក ព្រោះអាចធ្វើឱ្យស្បែកក្បាលរលាត់
- ទីបំផុតសូមលាងពពុះសាប៊ូចេញដោយទឹកក្ដៅឧណ្ហៗរហូតទាល់តែស្អាត ហើយលើកកញ្ចុំសក់ទៅក្រោយដើម្បីកុំឱ្យជំពាក់គ្នា។ ប្រសិនបើលោកអ្នកមានក្រែមដើម្បីបន្ទន់សក់ លោកអ្នកចាំបាច់ត្រូវអនុវត្ដតាមវិធីខាងលើនេះដែរ ទើបសរសៃសក់អាច ជ្រាបជាតិក្រែមបានល្អ។
ពេលវេលាកក់សក់ទៅតាមប្រភេទសក់
សក់ធម្មជាតិជាសរសៃសក់ទន់ល្មើយស្ទាបទៅត្រជាក់ដៃ។ សក់ស្ងួតស្ទាបទៅឃើញគគ្រើម ហើយរឹងដែលគេច្រើនហៅថា សក់រឹងដូចឬស្សី។ ចំណែកសក់បែកប្រេង ឬសក់រអិល គឺជានិច្ចកាលសក់នោះមើលទៅសើម ហើយក្រាស់ឃ្មឹកមានក្លិនមិនល្អ ជាងនេះ ទៅទៀតពិបាកសិតបត់បែនទៅតាមចំណង់។ សក់ចែកចេញជាបីប្រភេទ គឺសក់ធម្មតា សក់ស្ងួត សក់បែងប្រេង ឬសក់រអិល ដែល ទាមទារឱ្យមានកាថែរក្សាខុសគ្នាទៅតាមប្រភេទនីមួយៗ។
1. សក់ធម្មតា ៖ ចំពោះមនុស្សដែលមានសរសៃសក់ធម្មតា ការថែទាំគ្មានអ្វីពិបាកនោះទេដោយគ្រាន់តែកក់សក់ពីរ ឬបីថ្ងៃម្ដងជាការស្រេចទៅហើយ។
2. សក់បែកប្រេង ឬសក់រអិល ៖ នៅពេលដែលស្ទាបទៅមានភាពរអិលជាប់ដៃ លោកអ្នកចាំបាច់ត្រូវកក់សក់។ ព្រោះ សក់រអិលងាយជាប់ធូលីធ្វើឱ្យសក់កខ្វក់ និងពុកជើង ឬឬសសក់។
3. សក់ស្ងួត ៖ សក់ប្រភេទនេះងាយបែកបាក់ ពេលនៅក្រោមកម្ដៅថ្ងៃចាំបាច់ត្រូវពាក់មួកដើម្បីកុំឱ្យសក់រឹតតែស្ងួត។ បើ សិនជាអាច គួរកក់សក់មួយសប្ដាហ៍ម្ដង។
បណ្ដាំផ្ញើ
សក់អាចធ្វើឱ្យរង្វង់មុខកាន់តែស្អាតឡើងមួយកម្រិត ប្រសិនបើមានការថែរក្សាបានល្អ។ ជាងនេះទៅទៀតការប្ដូរពណ៌ សក់ និងសាប៊ូកក់សក់ញឹកញាប់ក៏អាចបណ្ដាលឱ្យសក់ខូចផងដែរ។ សរសៃសក់ប្រៀបបានដូចជារុក្ខជាតិទាល់តែឧស្សាហ៍ស្រោចទឹក ថែទាំទើបលូតលាស់បានល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply