នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក្រើន​រំឮក​ដល់​មហាជន​អំពី​ជម្ងឺ​គ្រុន​ចាញ់

ការប្រារព្ធទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ នៅថ្ងៃទី២៥ មេសា ឆ្នាំ២០១២ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​​បាន​​ក្រើន​​រំឮក​​ដល់មហា​ជនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ឲ្យពិចារណាបន្ថែមទៀត អំពីជំហានឆ្ពោះទៅរកការលុបបំបាត់ជម្ងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុង​សារ​លិខិត ចុះ​ថ្ងៃ​ទី​១៨​មេសា ឆ្នាំ​២០១២ សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ដើម្បី​ឆ្ពោះទៅរក​ការលុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់ នៅ​កម្ពុជា សម្រាប់​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ ថ្ងៃទី​២៥​មេសា យើង​ត្រូវ​ពិចារណា​លើ​បញ្ហា​មួយ​ចំនួន រួម​មាន​៖

1. ការចម្លង​ជម្ងឺគ្រុនចាញ់ ចំពោះ​ប្រជាជន​ផ្លាស់​ទីលំនៅ​ពី​តំបន់ ដែល​គ្មាន​ជម្ងឺគ្រុនចាញ់ ទៅ​តំបន់ដែល​មាន​ជម្ងឺគ្រុនចាញ់ ​មាន​កម្រិត​ខ្ពស់ នៅក្នុង​ប្រទេស។ ជាពិសេស​ការដ្ឋាន​ចំការកៅស៊ូ ចំ​ការដំ​ទ្បូង ការដ្ឋាន​ថាមពល​អគ្គិសនី ការដ្ឋាន​សាងសង់​ស្ពាន ជាដើម​។

2. ភាព​ស្មុគ​ស្មាញ​មួយទៀត គឺថា ភ្នាក់ងារ​ចម្លង​នូវ​ជម្ងឺ​គ្រុនចាញ់ កំពុង​បង្ហាញ​នូវ​និន្នាការ​ផ្លាស់ប្តូរ​លក្ខណៈ​របស់​វា ដែល​បង្ក​ឲ្យមាន​ភាព​សុំា ទៅ​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត​។

3.​ ប៉ារ៉ាស៊ីត​ជម្ងឺគ្រុនចាញ់ នៅ​តាម​កន្លែង​ខ្លះ ចាប់ផ្តើម​មាន​ភាព​សុំា នឹង​ថ្នាំ​ប្រឆាំង​ជម្ងឺ​គ្រុនចាញ់ ដ៏​មាន​ប្រសិទ្ធភាព ដូចជាថ្នាំ​អារ​មេ​មិ​ស៊ិនីន​ជាដើម។

4.​ ការយល់​ដឹង​របស់​ប្រជាជន​មួយ​ចំនួន​អំពី​ការ​ការពារ​ខ្លួន ពី​ជម្ងឺ​គ្រុន​ចាញ់ នៅមាន​កម្រិត។ ជាក់​ស្តែង​ចំនួន​ប្រជាជន ដែល​ប្រើ​ប្រាស់​មុង​ជ្រលក់​ថ្នាំ ក៏​មាន​កម្រិត​នៅ​ទ្បើយ បើទោះបី​ជាស្ទើរតែ ១០០ ភាគរយ នៃ​គ្រួសារ​ទាំងអស់ មាន​មុង​ជ្រលក់​ថ្នាំរួចហើយក្តី​។​
សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ វិស័យ​ឯក​ជន សង្គម​ស៊ីវិល អង្គការ​សាសនា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន សហគមន៍​ជាតិ អន្តរជាតិ ​និង​ដៃគូ​អភិវឌ្ឍ ពិសេស​ប្រជាពលរដ្ឋ​គ្រប់​រូបបន្ត​​ចូលរួម និង​គាំទ្រ​ដល់​បេសកកម្ម​ក្រសួង​សុខាភិបាល ក្នុង​ការលុបបំបាត់​ជម្ងឺគ្រុន​ចាញ់ ឆ្នាំ​២០២៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យទទួល​បាន​ជោគជ័យ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ លុប​បំបាត់​ជម្ងឺគ្រុនចាញ់​ឆ្នាំ​២០២៥ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋា​ភិបាល​។ ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជម្ងឺគ្រុនចាញ់ គឺជា​កូនសោ​មួយ ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហ​សវត្ស ដែល​ត្រូវបាន​ព្រម​ព្រៀង​កាលពី​ឆ្នាំ​២០០០ ដោយ​ប្រទេស​ដែល​ជា​សមាជិក ​អង្គការ​សហប្រជា​ជាតិ ចំនួន ១៩៣។ ​ក្នុងនោះ​ រួមមាន​ប្រទេស​​កម្ពុជា​ រួម​ជាមួយ​អង្គការ​អន្តរជាតិ​ចំនួន ២៣ ផ្សេងទៀត​។
សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា អត្រា​ស្លាប់ ក្នុង​ចំណោម​អ្នក​ជម្ងឺគ្រុនចាញ់ ១០០ នាក់ តាម​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស ដែល​បាន​កំណត់​ជាមុន​ថា នឹង​បន្ថយ​មក​នៅត្រឹម ០.៤០ ភាគរយ នៅ​ត្រឹម​ឆ្នាំ​២០១៥។ ប៉ុន្តែ​ជាក់ស្តែង​យើង​បាន​បញ្ចុះ​ពី ០.៤៤ ភាគរយ នៅ​ឆ្នាំ​១៩៩៨ មក​នៅត្រឹម ០.១៥ ភាគរយ នៅ​ឆ្នាំ​២០១១ ដោយ​សម្រេច​នូវ​គោល​ដៅ ៤ ឆ្នាំ មុន​កាល​កំណត់​។ ចំណែក​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស នៅ​ឆ្នាំ​២០១៥ យើង​បាន​កំណត់​ថា នឹង​បញ្ចុះ​អត្រា​ស្លាប់ មក​នៅត្រឹម ០.៧៨ ភាគរយ​ក្នុង​ចំណោម​ប្រជាជន ១០០.០០០នាក់។ ប៉ុន្តែ​ជាក់ស្តែង​យើង​បាន​បញ្ចុះ​ពី ៦.២៩ មក​នៅត្រឹម ០.៦៧ ភាគរយ នៅ​ឆ្នាំ​២០១១ ដោយ​សម្រេច​គោលដៅ ៤​ឆ្នាំ មុន​កំណត់​។​ ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុប​បំបាត់​ជម្ងឺ​គ្រុនចាញ់ ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៥ របស់​រាជរដ្ឋា​ភិបាល ដែល​បាន​កំណត់​ថា នឹង​សម្រេច​ឲ្យបាន ៩៥ ភាគរយ នៅ​ឆ្នាំ​២០១៤។ ក៏​ប៉ុន្តែ​លទ្ធផលជាក់ស្តែង​បាន​សម្រេច​ជិត ១០០ ភាគរយ នៅ​ឆ្នាំ​២០១២ តាមរយៈ​យុទ្ធនាការ​ចែក​មុង​ចំនួន ២៧.០០០.០០០ មុង ជូន​ប្រជាពលរដ្ឋ​ចំនួន ៨១២.០០០ គ្រួសារ ដែល​មាន​ប្រជាជន​ចំនួន ៣.០៤០.០០០ នាក់។  ​ការចែកមុងនេះ ​ក្នុង​រយៈកាល ៤​ខែ ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១២ បានសម្រេច​លើស​ផែនការ និង​បី​ឆ្នាំ មុន​កាលកំណត់​។​
គួររំឮក​ផងដែរ​ថា ​បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ជម្ងឺគ្រុនចាញ់​ បានឲ្យដឹងថា ជម្ងឺគ្រុនចាញ់បាន​សម្លាប់​មនុស្ស ៩៨ នាក់ នៅ​ឆ្នាំ​២០១១​។ ចំនួន​នេះ បាន​ថយចុះ ៣៥ ភាគរយ បើ​ធៀបទៅ​នឹង​ឆ្នាំ​២០១០ ដែល​មាន​អ្នកស្លាប់​ ចំនួន ១៥១ នាក់​ ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៤ មេសា ឆ្នាំ​ ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *