កន្ទាល​ត្រអាក ៖ មូលហេតុ និង​វិធី​ព្យាបាល

កន្ទាល​ត្រអាក​ជាជម្ងឺ​សើស្បែក​មួយ​ប្រភេទ ដែលកើត​មានជា​ញឹកញាប់​លើប្រជាពលរដ្ឋ​ខ្មែរគ្រប់វ័យ។ ជម្ងឺនេះ​កើត​ឡើងដោយ​មូលហេតុ​ជាច្រើន​ផ្សេងៗគ្នា ដែល​មូល​ហេតុខ្លះ​លោកអ្នក​អាចកត់​សម្គាល់​ដោយ​ខ្លួនឯង​បាន។ ហេតុអ្វី​បានជាកើត​មានកន្ទាល ត្រអាក? តើអាចព្យាបាលបានដោយវិធីណាទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមបកស្រាយជូនប្រិយមិត្ដអ្នកអាន អំពីជម្ងឺកន្ទាលត្រអាកនេះ តាមរយៈការជួបសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ឡា ភៀវ ឯកទេសជម្ងឺសើស្បែក និងកាមរោគ។

កន្ទាលត្រអាក ជាអ្វី?

កន្ទាលត្រអាកជាជម្ងឺសើស្បែកមួយប្រភេទ ដែលភាសាបរទេសហៅថា អៀទិខារៀ (Urticaria). ជម្ងឺនេះ​មិនមែន​ជា ជម្ងឺ​ឆ្លងទេ​ វាកើត​ឡើង​ដោយ​សារការ​មាន​ប្រតិកម្ម​ទៅនឹង​អ្វីមួយ ឬជម្ងឺ​អ្វីមួយ។

រោគសញ្ញាកន្ទាលត្រអាក

នៅពេលចេញកន្ទាលត្រអាកលើស្បែក គេសង្កេតឃើញមានផ្ទាំងកន្ទួលប៉ោង ហើយរមាស់។ នៅពេលកាន់តែអេះ វាកាន់ តែប៉ោងឡើង។ លក្ខណៈពិសេសរបស់វាគឺប៉ុន្មានម៉ោងក្រោយពីអេះ ផ្ទាំងកន្ទួល​នោះ​ស្រក​ទៅវិញ​ដោយ​គ្មា​នបន្សល់​ទុកនូវ​ស្លាក​ស្នាម លើ​ស្បែកទេ ហើយ​វាអាច​ចេញ​នៅ​កន្លែង​ផ្សេង​ទៀត។ វាអាចកើតនៅគ្រប់កន្លែងនៃរាង្គកាយរបស់មនុស្ស ហើយមានរាងប្លែកៗ ខ្លះ ចេញជាផ្ទាំងៗធំ មានរាងដូចជាផែនទី ខ្លះជាកន្ទួលតូចៗ។

មូលហេតុកើតកន្ទាលត្រអាក

មូលហេតុដែលនាំឱ្យកើតកន្ទាលត្រអាកមានច្រើនយ៉ាងដូចខាងក្រោមនេះ ៖

  • បណ្ដាលមកពីមេរោគបាក់តេរី ដូចជាមានជម្ងឺរលាកបំពង់ក រលាកច្រមុះរ៉ាំរ៉ៃ រលាកពោះវៀន ឬរលាកនៅកន្លែងណា មួយដែលធ្វើឱ្យចេញកន្ទាលត្រអាក។
  • កើតឡើងដោយសារពួកប៉ារ៉ាស៊ីត ដូចជាព្រូន ឬសត្វល្អិតក្នុងពោះវៀន។
  • បណ្ដាលមកពីមេរោគផ្សិតនៅលើស្បែក ដូចជាអ្នកជម្ងឺភ្លឺ ឬស្រែង។
  • បណ្ដាលមកពីមេរោគវីរុស ជាអាទិអាចកើតមានចំពោះអ្នកដែលមានជម្ងឺរលាកថ្លើមប្រភេទបេ ឬសេ ដែលពេលខ្លះ ធ្វើឱ្យចេញកន្ទាលត្រអាកដែរ។
  • ប្រតិកម្មជាមួយថ្នាំពេទ្យមួយចំនួន (ជាប្រភេទកន្ទាលត្រអាកដែលមានលក្ខណៈធ្ងន់ធ្ងរ)
  • ការប៉ះពាល់ជាមួយធាតុត្រជាក់ ឬក្ដៅ ជួនកាលអាចបណ្ដាលមកពីការត្រូវពន្លឺថ្ងៃផងដែរ
  • អាលែស្ស៊ីជាមួយធូលី ឬលម្អងផ្កា
  • រំញោចនៃស្បែក ដូចជាជូតដុសសម្អាតខ្លួនប្រាណខ្លាំងៗជាមួយកន្សែងជាដើម
  • បញ្ហាផ្លូវចិត្ដ ដូចជាមួហ្មង ស្ដ្រេស្សជាដើម
  • អ្នកជម្ងឺអូតូមីញូម ឬអ្នកមានដុំមហារីកខ្លះ ក៏កើតមានកន្ទាលត្រអាកលើស្បែកញឹកញាប់ផងដែរ។
  • អាលែស្ស៊ីចំណីអាហារជាមូលហេតុមួយ ដែលគេច្រើនជួបប្រទះញឹកញាប់ជាងគេ។ ឧទាហរណ៍ទទួលទានទឹកក្រូច ជាតិ ហឹរ នំមានពណ៌ល័ក្ដ អាហារសមុទ្រ ស៊ុត។ល។ ក៏អាចធ្វើឱ្យកើតមានកន្ទាលត្រអាកដែរ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការព្យាបាលជម្ងឺកន្ទាលត្រអាក

ការព្យាបាលជម្ងឺកន្ទាលត្រអាក មិនមែនជាការងាយស្រួលឡើយ។ អ្នកជម្ងឺតែងតែត្អូញត្អែរថា នៅពេលអស់ថ្នាំលេបភ្លាម នោះ ផ្ទាំងរមាស់ក៏កើតមានវិញដែរ។ ហេតុដូចនេះហើយ ដើម្បីឱ្យការព្យាបាលប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវស្វែងរកមូលហេតុ របស់វាឱ្យឃើញ ជាពិសេស​អ្នកជម្ងឺ​ផ្ទាល់​ត្រូវកត់​សម្គាល់​ខ្លួនឯង​នូវមូល​ហេតុដែល​បាន​រៀបរាប់​ខាងលើ។ ជា​ឧទាហរណ៍​អ្នកដែល​កើត កន្ទាល​ត្រអាក​ដោយសារ​ប៉ះធាតុ​ត្រជាក់ គឺមិន​ត្រូវឱ្យប៉ះ​ធាតុ​ត្រជាក់់​ដោយត្រូវ​ងូតទឹក​ក្ដៅ ឬ​ស្លៀក​ពាក់កម្ដៅ។

សម្រាប់​ការព្យា​បាល​មិនយូរ​ឡើយ ប្រើប្រាស់​ថ្នាំតែ​ពីរទៅបី​ម៉ោង​ប៉ុណ្ណោះ កន្ទាល​ត្រអាកនឹង​ស្រក​ទៅវិញ ហើយ​ត្រូវបន្ដ ព្យាបាល និងតាម​ដាន​រក​មូល​ហេតុ​របស់​វាតទៅ​ទៀត។

ប្រសិន​បើរក​ឃើញ​ថាមាន​រលាកថ្លើម ត្រូវ​ព្យាបាល​ជម្ងឺនោះ។ ប្រសិន​បើមាន​សត្វល្អិត​ក្នុងលាមក ត្រូវប្រើថ្នាំទម្លាក់សត្វ ល្អិតចេញ ហើយ​ប្រសិន​បើរកឃើញ​ថាកន្ទាលត្រអាក​ចេញដោយ​សារការ​ទទួលទាន​អាហារ​ណាមួយ​ដែលមាន​ប្រតិកម្ម គួរតមអាហារ ទាំងនោះ និងប្រើប្រាស់​ថ្នាំបំបាត់​រមាស់។ ប្រសិន​បើរកមូល​ហេតុមិន​ឃើញ​នោះ កន្ទាលត្រអាក​នឹងបន្ដ​ចេញ​តទៅ​ទៀត​នៅពេល​អស់ ជាតិថ្នាំ។

ផលវិបាករបស់ជម្ងឺកន្ទាលត្រអាក

នៅពេលចេញកន្ទាលត្រអាកខ្លាំង ដាច់ខាតត្រូវតែព្យាបាលឱ្យទាន់ពេលវេលា ព្រោះវាអាចចេញគ្រប់កន្លែងតាំងពីត្របក ភ្នែក បបូរមាត់ បំពង់ក បំពង់រំលាយអាហារជាដើម ជាហេតុនាំឱ្យអ្នកជម្ងឺពិបាកលេបចំណីអាហារ ពិបាកដកដង្ហើម ជួនកាលអ្នកជម្ងឺ ឈឺក្នុងពោះទៀតផង។

ដំបូន្មានអ្នកប្រឹក្សា

ទោះបីជាលោកអ្នកមានជម្ងឺកន្ទាលត្រអាករ៉ាំរ៉ៃ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ប៉ុន្ដែអាចមានការរំខានមួយ ចំនួនដល់អ្នកជម្ងឺ ដូចជាពិបាកធ្វើការងារ ឬសម្រាន្ដមិនលក់ ដោយសាររមាស់។ ដូចនេះហើយទើបទាមទារឱ្យមានការរកមូល ហេតុឱ្យឃើញ ទើបព្យាបាលមានប្រសិទ្ធភាព។

ផ្ទុយទៅវិញ ក្នុងករណីខ្លាំងក្លាស្រួចស្រាវ លោកអ្នកអាចហើមមុខ ហើមមាត់ ឬពិបាកដកដង្ហើីម នោះលោកអ្នកគួរប្រញាប់ ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត ជាពិសេសក្នុងទម្រង់កន្ទាលត្រអាកដែលបង្កឡើងដោយសារ ប្រតិកម្មថ្នាំផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *