រត់​ត្រឹកៗ ជួយកាយ​សម្បទា​រឹងមាំ

ការរត់​មានច្រើន​ប្រភេទ ហើយ​នរណា​ក៏អាច​រត់បាន​ដែរ សូម្បី​តែក្មេង​អាយុ២​ឆ្នាំ។ ការរត់​មានលក្ខណៈ​ផ្សេងៗគ្នា​ដូចជា ការរត់​ធម្មតា និងរត់​តាមបែប​ហាត់កីឡា។ ការរត់​បែបកីឡា​បានប្រព្រឹត្ដ​ទៅតាម​កម្លាំង មនុស្ស​តូចធំ ធាត់ និងស្គម។ វាអាច​ផ្ដល់នូវ អត្ថ​ប្រយោជន៍៎​ជាច្រើន ប៉ុន្ដែ​ការរត់​ក៏អាច​ផ្ដល់នូវ​ផលវិបាក ប្រសិន​បើមិន​បានគោរព​ទៅតាម​ការណែនាំ​ពីអ្នក​បច្ចេក​ទេសឱ្យ​បានត្រឹម ត្រូវនោះទេ វាអាច​បណ្ដាល​ឱ្យមាន​បញ្ហាច្រើន​ទៅថ្ងៃ​ក្រោយ​ជាមិនខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យកាន់​តែជ្រាប​ច្បាស់​ទាក់ទង​ទៅនឹង​សុខភាព​កីទ្បានៃ​ការរត់ ទស្សនាវដ្ដី សុខភាពយើងសូមបង្ហាញ​ជូនលោកអ្នក តាមរយៈ​បទសម្ភាសន៍​ជាមួយ​លោក ឡុង ស៊ីវ៉ាន់ អ្នកគ្រប់​គ្រងនៅ​ក្លឹបកីឡា វីអាយភី បានធ្វើ​ការបក​ស្រាយ​និងផ្ដល់​ជូនចំណេះដឹង ស្ដីពី​កីឡារត់។

កីឡា​រត់ត្រឹក ជាអ្វី?

រត់ជា​កាយវិការ​មួយឈាន​ឆ្ពោះទៅមុខ ដែលមាន​លក្ខណៈ​ប្លែកៗ​ពីគ្នា​ទៅតាម​ការជ្រើស​រើសរបស់​មនុស្សម្នាក់ៗ។ ការរត់ មានច្រើន​បែបច្រើន​សណ្ឋាន ដូចជា​ការរត់​យឺត ការរត់​លឿន រត់ប្រយោល​ជាដើម។ ការរត់​យឺតៗ​គឺជា​ចលនា​មួយដែល​ប្រកបទៅ ដោយភាព​សន្សឹមៗ​ដែលធ្វើ​ឡើងដោយ​កម្លាំង​ខ្សោយ និងយឺត សមស្រប​សម្រាប់​មនុស្សធាត់​និងស្គម។

ពេលវេលា​ដែលត្រូវ​ហាត់រត់​ត្រឹកៗ

ទោះបីជា​លោកអ្នក​មានការ​មមាញឹក និងការងារ​ប្រចាំថ្ងៃ​យ៉ាងណា​ក៏ដោយ ក៏លោកអ្នក​គួរចេះ​ប្រើវេលា​មួយរយៈតូច ដោយ​ចំណាយ​ពេលប្រ​ហែលពី​១៥ទៅ​២០នាទី ធ្វើការ​ហាត់ប្រាណ​សម្រាប់​ចលនា​ដើម្បី​រាងកាយ។ លោកអ្នក​អាចចាប់​ផ្ដើមហាត់​រត់ យឺតៗ​នៅពេល​ព្រឹកព្រលឹម និងពេល​រសៀល ព្រោះវេលា​នេះជា​ពេលដែល​លោកអ្នក​សម្រាក​ពីការងារ​និងជា​ពេលវេលា​មួយសម ស្របសម្រាប់​វឹកហាត់​ផងដែរ។

  • រត់នៅពេលព្រឹកព្រលឹម ៖ ជាវេលា​ដែលលោក​អ្នកទើប​តែភ្ញាក់​ពីដំណេក អារម្មណ៍​នៅមិនទាន់​ជ្រះស្រឡះ​រីឯ​ចលនា ឈាម និងសរសៃ​ដៃជើង​ក៏ត្រូវ​ចាប់ផ្ដើម​ដំណើរការ នៅខណៈ​នោះដែរ។ ព្រឹកព្រលឹម​ជាវេលា​ដែលលោក​អ្នកទទួល​បាននូវ​ភាពស្រស់ បំព្រង​ពីអំណោយ​ធម្មជាតិ និងបរិយា​កាសល្អ​បរិសុទ្ធ​ហើយ​ស្មារតី​ក៏មាន​ភាពភ្លឺ​ថ្លាជាង​ពេលណា​ៗទាំង​អស់។ លោកអ្នក​គួរចាប់ផ្ដើម អនុវត្ដន៍​លំហាត់​ប្រាណដោយ​រត់យឺតៗ​សន្សឹមៗ​បន្ដិចម្ដងៗ កុំរត់​ដោយបង្ខំ ព្រោះអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់ចង្វាក់ បេះដូង។
  • រត់នៅពេលរសៀល ៖ ប្រសិនបើ​តុល្យភាព​ចំណី​អាហារ​ក្នុងសារ​ពាង្គកាយ​របស់លោក​អ្នកបាន​ពីការ​ទទួលទាន​អាហារ ពេលថ្ងៃ​ត្រង់​គ្រប់គ្រាន់​បរិបូរណ៍ លោកអ្នក​អាចធ្វើ​ការហាត់​ប្រាណ​ដោយរត់​យឺតៗ​ហើយ​លោកអ្នក​មិនគួរ​ទទួលទាន​ចំណី​អាហារ បន្ថែម​នៅពេល​រសៀល​នោះទេ។

អត្ថ​ប្រយោជន៍​នៃការ​រត់ត្រឹកៗ

ការរត់​ត្រឹកៗ ឬយឺតៗ​មានផល​ប្រយោជន៍​ច្រើន​សម្រាប់​លោកអ្នក ដូចជា ៖

  • ជួយ​សម្រួល​ដល់ដំណើរ​ឈាម​រត់ចុះឡើង​បានល្អ
  • ជួយ​រក្សា​ចង្វាក់​បេះដូង​ឱ្យមាន​សភាព​ប្រក្រតី
  • ទប់ស្កាត់​ការឡើង​ទម្ងន់ និងជួយ​បញ្ចេញ​ជាតិខ្លាញ់ និងជាតិ​ពុលពី​ខាងក្នុង​សរីរាង្គ​មកខាងក្រៅ
  • អាចទប់​ស្កាត់ការ​ឱនងើប​មិនរួច​នៅពេល​ចាស់ជរា
  • សម្រួល​ដល់ចលនា​ដង្ហើម និងសរីរាង្គ​គ្រប់ផ្នែក​ឱ្យមាន​ភាពល្អ​ប្រសើរ។

ប្រការ​គួរចៀស​វាងពេល​រត់ត្រឹកៗ

ការរត់​យឺតៗ​ធ្វើឱ្យ​លោកអ្នក​មានអារម្មណ៍​ភ្លឺថ្លា កាយ​សម្បទា​រឹងមាំ និងមាន​សុខភាពល្អ បើការ​ហាត់រត់​របស់​លោកអ្នក បានប្រព្រឹត្ដិ​ទៅដោយ​ភាពត្រឹម​ត្រូវតាម​លក្ខណៈ​បទដ្ឋាន។ ផ្ទុយ​ទៅវិញ​បើការ​អនុវត្ដន៍​របស់​លោកអ្នក​មិនបាន​ត្រឹមត្រូវ លោកអ្នក​នឹង ជួបនូវ​បញ្ហាខ្លះៗ​មិនខាន។ ផលប៉ះ​ពាល់នៃ​កីឡាដែល​ធ្លាប់កើត​ឡើងជា​រឿយៗ​មានដូចជា ៖

  • ការទទួលទានអាហារហើយចាប់ផ្ដើមហាត់ភ្លាម ៖ ជាផល​អាក្រក់​ចំពោះ​សុខភាព​បំផុត កាលណា​លោកអ្នក​ទទួល​ទានអា ហារ​ហើយ​លោកអ្នក​ហាត់រត់​ភ្លាមៗ​តែម្ដង នោះអាច​បង្កឱ្យ​លោកអ្នក​មានជម្ងឺ​ឈឺក្រពះ​ជាមិនខាន​ឡើយ។
  • សម្ភារៈកីឡាមិនត្រឹមត្រូវ ៖ សម្ភារៈ​មួយចំនួន​សម្រាប់​ប្រើប្រាស់​មានដូចជា​ស្បែកជើង​សម្រាប់​ហាត់កីឡា​គួរមាន​បង្កប់ ខ្យល់ ព្រោះវា​អាចជំនួយ​ដល់សរីរាង្គ​លោកអ្នក​នៅពេល​ចាស់់ជរា លោកអ្នក​មិនគួរ​ចេះតែ​ពាក់ស្បែក​ជើងតាម​ចិត្ដនឹក​ឃើញ​នោះទេ ព្រោះវា​អាចបណ្ដាល​ឱ្យលោក​អ្នកជួប​នូវបញ្ហា​រលាកឆ្អឹង​កែងជើង ឆ្អឹងខ្នង និងឆ្អឹង​ជង្គង់​ជាដើម។
  • សម្លៀកបំពាក់កីឡា ៖ នៅពេល​ធ្វើកីឡា ទោះជា​កីឡា​ប្រភេទ​ណាក៏ដោយ​ក៏អាច​ជួយបញ្ចេញ​ជាតិញើស​ពីខាង​ក្នុងមក ដែរ ដូចនេះ​លោកអ្នក​គួរ​ជ្រើសរើស​សម្លៀក​បំពាក់​ដែលផលិត​ពីក្រណាត់​យឺត​ព្រោះវា​ជាចំណែក​មួយដែល​អាចជួយ​បង្ខំជាតិ​ញើសជា សារធាតុ​ពុលនៅ​ក្នុងខ្លួន​ចេញមក​ខាងក្រៅ។ ម្យ៉ាងទៀត​ក្រណាត់​យឺតបឺត​យកជាតិ​ញើសចូល​ទៅក្នុង​សាច់ក្រណាត់​បានល្អ​ទប់ស្កាត់​ជម្ងឺ មួយចំនួន​ដែលអាច​កើតមាន ថែមទាំង​ផ្ដល់ភាព​ងាយស្រួល​នៅពេល​ហាត់ទៀត​ផង។

ដំបូន្មាន​អ្នកជំនាញ

លោកអ្នក​ដែលពុំ​សូវមាន​ពេលវេលា​ទំនេរ​គ្រប់គ្រាន់ គួរគប្បី​ចំណាយ​ពេលពី​២០ទៅ​៣០នាទី ដើម្បី​ហាត់ប្រាណ​សម្រាប់ សុខភាព និងរាង​កាយរបស់​លោកអ្នក។ លោកអ្នក​គួរតែ​អញ្ជើញ​ទៅជួប​ជាមួយ​គ្រូបង្វឹក​កីឡា ឬអ្នក​ជំនាញ​ដើម្បីទទួល​ព័ត៌មាន​ខ្លះៗ ស្ដីពី​ការលេង​កីឡា​គ្រប់ប្រភេទ មុនចាប់​ផ្ដើមហាត់​កីឡា។ ម្យ៉ាងទៀត​លោកអ្នក​គួរពិនិត្យ​មើលទម្ងន់​នៃដង​ខ្លួន កម្លាំង និងសម្ភារៈ កីឡា​ដែលត្រូវ​ប្រើប្រាស់​ជាមុនសិន មុនចាប់​ផ្ដើមហាត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *