កាកសំណល់សម្រាមដែលសល់ពីការប្រើប្រាស់ លោកអ្នកប្រាកដជាយកទៅបោះចោលដោយមិនធ្លាប់គិតថារបស់ទាំងនោះ អាចនៅមានតម្លៃពេលក្រោយឡើយ។ ជាការពិត សម្រាមនិងកាកសំណល់ទាំងអស់សុទ្ធតែមានគុណសម្បត្ដិដោយឡែកមួយផ្សេង ទៀតបន្ទាប់ពីត្រូវបានយកទៅកែច្នៃ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ធូ ផល្លាមន្ដ្រីអភិវឌ្ឍន៍ធនធានមនុស្សនៃអង្គការកែច្នៃនិង អនាម័យសហគមន៍អំពីអត្ថប្រយោជន៍របស់សម្រាម។
សម្រាមនិងការកែច្នៃ
សម្រាម គឺជាវត្ថុដែលមនុស្សប្រើប្រាស់ហើយ រួចយកទៅបោះចោលលែងត្រូវការ។ ឯសម្រាមកែច្នៃគឺជាការយកកាកសំ ណល់សម្រាមទាំងនោះយកទៅច្នៃជាគុណប្រយោជន៍ជារបស់ប្រើប្រាស់ និងគ្រឿងតាំងលម្អផ្សេងៗទៀត។
ប្រភពនិងប្រភេទសម្រាម
សម្រាមដែលយកមកកែច្នៃបានមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ដូចជាតាមគេហដ្ឋាន រោងចក្រ សហគ្រាសក្រុមហ៊ុន ទីផ្សារ វត្ដអារាម ភោជនីយដ្ឋាន សណ្ឋាគារជាដើម និងតាមទីសាធារណៈផ្សេងទៀត ដូចជាសួនច្បារមាត់ទន្លេជាដើម ក៏គេអាចប្រមូ លសម្រាមបានដែរ។ សម្រាមឬកាកសំណល់ដែលយកមកប្រើសម្រាប់ធ្វើការកែច្នៃបែងចែកចេញជាពីរប្រភេទ គឺសម្រាមស្ងួត និង សម្រាមសើម។
1. សម្រាមសើម ៖ ជាសម្រាមដែលផ្អាប់ទឹក មានជាតិទឹក ឬមានសំណើម ដូចជាកាកសំណល់ផ្ទះបាយកាកអំពៅ កាកដូង បន្លែ ផ្លែឈើដែលរលួយ កាកសំណល់ចេញពីទីផ្សារជាដើម។
2. សម្រាមស្ងួត ៖ សម្រាមស្ងួតអាចចែកចេញជាពីរប្រភេទផ្សេងទៀតផងដែរ គឺប្រភេទស្រាល និងប្រភេទធ្ងន់ឬរឹង។ សម្រាមស្ងួតប្រភេទស្រាលមានដូចជាក្រដាសកាសែត សៀវភៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូសម្បកកំប៉ុងជាដើម និងរបស់របរ ជាច្រើនប្រភេទទៀតដែលអាចយកមកកែច្នៃទៅតាមតម្រូវការ និងចំណង់ចំណូលចិត្ដ។ ចំណែកឯសម្រាមប្រភេទធ្ងន់ ឬរឹងមានដូច ជាសម្បកកង់ឡាន អំបែងកែវ សម្បកដប ដែក និងប្រភេទលោហៈធាតុដូចជាឆ្នាំងបែកបាក់ជាដើម។
របៀបកែច្នៃសម្រាម
សម្រាមដែលប្រមូលបានមកដោយអ្នករើសសម្រាម ត្រូវធ្វើការបែងចែកទៅតាមប្រភេទសម្រាមនីមួយៗ។ សម្រាមខ្លះ យកទៅកែច្នៃដោយគ្រឿងម៉ាស៊ីន (ម៉ាស៊ីនកិនកំប៉ុង)ប៉ុន្ដែភាគច្រើនធ្វើដោយដៃផ្ទាល់។ របៀបកែច្នៃគឺជាការយកសម្រាមនិងកាក សំណល់ដែលប្រើប្រាស់ហើយទៅធ្វើជារបស់ផ្សេងៗ ហើយដែលអាស្រ័យទៅលើការរចនា និងការច្នៃប្រឌិតឱ្យចេញជារូបរាងការនិយ មចូលចិត្ដ និងទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯប្រភេទសម្រាមស្ងួតរឹងមួយចំនួនត្រូវយកទៅស្លដោយម៉ាស៊ីនទើបយកទៅ កែច្នៃទៅតាមប្រភេទសម្រាមនីមួយៗ។
ផលិតផលបានពីការកែច្នៃ
លោកអ្នកប្រហែលជាធ្លាប់គិតថាសម្រាមជាវត្ថុគ្មានប្រយោជន៍ និងជារបស់ដែលគេបោះចោល។ សម្រាប់ប្រទេសជឿន លឿន គេអាចយកសម្រាមទៅកែច្នៃបានជាប្រយោជន៍ច្រើនប្រការ។ បច្ចុប្បន្នប្រទេសកម្ពុជាក៏កំពុងតែធ្វើការទាញយកប្រយោជន៍ដ៏ ច្រើនពីការកែច្នៃសម្រាម និងកាកសំណល់ដែលប្រើប្រាស់រួចផងដែរ។
1. កាកសំណល់សើម ៖ សំណល់ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និងផ្លែឈើរលួយអាចយកទៅធ្វើជាជីកំប៉ុសសម្រាប់ ស្រោចស្រពទៅលើដំណាំកសិកម្ម ស្រែចំការជាដើម។
2. កាកសំណល់ស្ងួត ៖ អាចយកទៅកែច្នៃបានជារបស់របរច្រើនយ៉ាង ជាសម្ភារៈប្រើប្រាស់ក្នុងការិយាល័យនិងអាចប្រើ ជាលម្អក្នុងគេហដ្ឋានបានគ្រប់ផ្នែក។ ក្រដាស និងថង់ប្លាស្ទិកអាចច្នៃធ្វើជាស៊ុមរូបថត ស្រោមសំបុត្រកាតជូនពរសឺមីសម្រាប់ដាក់ឯក សារ គ្រឿងអលង្ការ ធ្វើជាកន្ដ្រក មួក កម្រាលតុ កាបូប ស្រោមទូរស័ព្ទ ប្រដាប់ជូតជើងជាដើម។ សម្បកកង់ឡាន និងកង់ម៉ូតូអាច យកទៅធ្វើជាថូផ្កា ធុងដាក់សម្រាម ថូដាក់ប៊ិចជាដើម។ សម្បកដបនិងអំបែងកែវដែលខូចអាចយកទៅស្លហើយផលិតជាដបនិងកែវ សម្រាប់ប្រើប្រាស់វិញបាន។ ដូចគ្នានឹងការស្លលោហៈធាតុផ្សេងៗដើម្បីផលិតបានជាផលិតផលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះនៅមានផលិតផលជាច្រើនទៀតដែលកើតចេញពីការយកសម្រាម ឬកាកសំណល់ទៅកែច្នៃ។
ការចូលរួមរបស់ប្រជាពលរដ្ឋ
សម្រាមគ្រប់ប្រភេទដែលប្រមូលបានក៏អាស្រ័យលើការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយនេះក៏ជាយុទ្ធសាស្ដ្រមួយ ក្នុងការសន្សំបន្ថែមលើផ្នែកសេដ្ឋកិច្ចគ្រួសារ។ ពួកគាត់អាចយកសម្រាមទាំងនោះទៅលក់ឱ្យអ្នកទិញអេតចាយ ហើយអ្នកទិញអេតចា យឬអ្នករើសសម្រាមអាចប្រមូលរបស់ទាំងអស់នោះទៅលក់បន្ដទៀតដើម្បីជាការដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារ។
ការកែច្នៃសម្រាមមានគុណសម្បត្ដិច្រើនជាងគុណវិបត្ដិ
ទន្ទឹមនឹងផលិតផលច្រើនប្រការដែលកើតចេញពីការកែច្នៃសម្រាម កិច្ចការនេះក៏ផ្ដល់ជាគុណសម្បត្ដិច្រើនប្រការផងដែរ។
- ការកែច្នៃសម្រាមអាចបង្កើតជាមុខរបរសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ ដូចជាអ្នករើសសម្រាមអ្នករើសអេតចាយជា ដើម។ ម្យ៉ាងទៀត វាអាចធ្វើឱ្យអ្នកទាំងនោះមានជំនាញមួយពិតប្រាកដប្រចាំជីវិត។ ហើយទៅថ្ងៃអនាគតពួកគាត់អាចយកចំណេះ នេះទៅចិញ្ចឹមជីវិតបានថែមទៀតផង។
- ការកែច្នៃសម្រាមជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។ តាមរយៈលទ្ធផលទាំងអស់នេះអ្នករើសសម្រាមអាចទទួលបាន ប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាព។
- ផលិតផលដែលកើតចេញពីការកែច្នៃសម្រាមអាចប្រើជាគ្រឿងលម្អគេហដ្ឋាននិងផលប្រយោជន៍ក្នុងការងារផងដែរ។
ការកែច្នៃសម្រាមពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយ ព្រោះសម្រាមទាំងអស់សុទ្ធតែឆ្លងកាត់ការសម្អាតដោយទឹកសា ប៊ូរួចជាមុន។ ប៉ុន្ដែវាអាចមានគ្រោះថ្នាក់ដល់សុខភាពបន្ដិចបន្ដួចនៅពេលដែលអ្នករើសសម្រាមទាំងនោះដើររើស និងប្រមូលសម្រាម ដូចជាមានកន្ទួលរមាស់ ជម្ងឺសើស្បែកបញ្ហាផ្លូវដង្ហើមដែលបណ្ដាលមកពីក្លិនមិនល្អពីសម្រាមជាដើម។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកមេត្ដាគ្រប់គ្រងសម្រាមនៅតាមគ្រួសារឱ្យមានរបៀបរៀបរយ និងផ្ដល់ភាពងាយស្រួលក្នុងការប្រមូលសម្រា ម។ សម្រាមមិនមានតម្លៃសម្រាប់លោកអ្នកប៉ុន្ដែវាមានតម្លៃសម្រាប់អ្នកក្រីក្រមួយចំនួនដែលប្រកបមុខរបរជាអ្នករើសសម្រាម និង ជាអ្នករើសអេតចាយ។ ពួកគាត់អាចរើសយកសម្រាមទាំងអស់នោះទៅកែច្នៃដើម្បីបម្រើផលប្រយោជន៍ក្នុងគ្រួសារ និងសហគមន៍។ សម្រាមក៏ជាវត្ថុមានតម្លៃសម្រាប់លោកអ្នកក្រោយពីកែច្នៃរួច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply