បេះដូងមានតួនាទីច្របាច់ឈាមស្រោចស្រពពេញសព៌ាង្គកាយដោយនាំយកអុកស៊ីហ្សែន និងសារធាតុដទៃទៀតទៅ ចិញ្ចឹមកោសិកា។ ប្រសិនបើដំណើរការនេះត្រូវរំខាន បង្អាក់ ឬប្រព្រឹត្ដទៅមិនបានត្រឹមត្រូវអាចបណ្ដាលឱ្យមានគ្រោះថ្នាក់។ បេះដូង របស់មនុស្សយើងប្រឈមមុខនឹងជម្ងឺជាច្រើនក្នុងនោះមានជម្ងឺបេះដូងប្រហោងដែលមានមកពីកំណើតតែម្ដង។ ជម្ងឺបានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើលោកអ្នកជាឪពុកម្ដាយធ្វេសប្រហែសក្នុងការថែទាំកូន។
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង អំពីជម្ងឺបេះដូងប្រហោងនេះតាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជ បណ្ឌិត ហាវ រត្ននារី អ្នកឯកទេសជម្ងឺបេះដូងកុមារនៅមជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។
បេះដូងប្រហោង ជាជម្ងឺអ្វី?
ធម្មតាបេះដូងរបស់មនុស្សយើងចែកចេញជាពីរផ្នែក គឺផ្នែកខាងឆ្វេង និងផ្នែកខាងស្ដាំដែលនៅក្នុងមួយផ្នែកមានថតបេះ ដូងមួយ និងថង់បេះដូងមួយ។ បេះដូងផ្នែកខាងឆ្វេងមានតួនាទីទទួលខុសត្រូវចរន្ដឈាមក្រហមរីឯផ្នែកខាងស្ដាំទទួលខុសត្រូវចរន្ដ ឈាមខ្មៅ។ ជាទូទៅនៅចន្លោះបេះដូងទាំងពីរផ្នែកមានសន្ទះមួយសម្រាប់ខណ្ឌដែលហៅថាសន្ទះចន្លោះថតទាំងពីរ កាលណាសន្ទះ ខណ្ឌទាំងពីរនេះបិទមិនជិតនោះ តាមលក្ខណៈវេជ្ជសាស្ដ្រហៅថាបេះដូងប្រហោង។ លក្ខណៈនៃបេះដូងប្រហោងតិច ឬច្រើនអាស្រ័យ លើទីតាំងនៃសន្ទះខណ្ឌនោះដែលបិទមិនជិត។ ទីតាំងបីកន្លែងនៃប្រហោងបេះដូងគឺ៖
- ប្រហោងនៅស្រេបតូមអូហ្សូស៊ីកុងដូម នៅទីតាំងនេះអាចមានអត្រាកើតប្រហែលជា៥០ភាគរយ
- ប្រហោងនៅស្រេបតូមស៊ីម៉ូម
- ប្រហោងនៅស៊ីនុសណឺស៊ីន
ជម្ងឺបេះដូងប្រហោងមានប្រមាណជា៥ទៅ១០ភាគរយក្នុងចំណោមបញ្ហាបេះដូងមិនប្រក្រតីពីកំណើត។
មូលហេតុកើតបេះដូងប្រហោង
បេះដូងប្រហោងគឺជាបញ្ហាពីកំណើតដែលមូលហេតុរបស់វាទាក់ទងទាំងស្រុងទៅនឹងការវិវឌ្ឍន៍របស់អំប្រីយ៉ុងនៅក្នុងតំណាក់កាលកកើតបេះដូងដំបូងដែលសន្ទះបេះដូងបិទមិនជិត។ ជួនកាលវាអាចបណ្ដាលមកពីកត្ដាតំណពូជតែរហូតដល់ពេលនេះមិន ទាន់មានការបញ្ជាក់ថាអាចមានប៉ុន្មានភាគរយនោះទេ។ ក្នុងករណីដែលជីដូនជីតាឪពុកម្ដាយមានជម្ងឺបេះដូងប្រហោង។ មួយវិញទៀតអាចបណ្ដាលមកពីម្ដាយមានជម្ងឺស្អូចអាចទាក់ទងមួយផ្នែកទៅភាពមិនធម្មតានៃបេះដូងពីកំណើតរបស់កូននៅខែទី២ ឬទី៣នៃ គភ៌។
រោគសញ្ញាជម្ងឺបេះដូងប្រហោង
រោគសញ្ញាត្រូវបានបែងចែកទៅតាមលក្ខណៈប្រហោងនៃបេះដូង។
1. ប្រហោងនៅសន្ទះចន្លោះថតទាំងពីរ ៖ ភាគច្រើននៃកុមារតូចដែលមានជម្ងឺបេះដូងប្រហោងមិនបានស្ដែងឡើងនូវរោគ សញ្ញាអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ។ ឪពុកម្ដាយភាគច្រើនយកកូនមកមន្ទីរពេទ្យ ព្រោះតែមើលឃើញពីភាពយឺតយ៉ាវនៃការរីកធំ ធាត់របស់កូន មិនមែនដោយបញ្ហាបេះដូងប្រហោងទេ។ កុមារដែលមានបេះដូងប្រហោងខ្លះអាចមានការរំខានដោយសារការរលាក ផ្លូវដង្ហើមញឹកញាប់។
2. ប្រហោងនៅសន្ទះចន្លោះថង់ទាំងពីរ ៖ បើប្រហោងតូច កុមារគ្មានរោគសញ្ញាអ្វីទាំងអស់សូម្បីតែការរីកធំធាត់ក៏ ធម្មតា។ បើប្រហោងនោះធំ ការវិវឌ្ឍន៍របស់កុមារថយចុះ សកម្មភាពលេងរបស់ក្មេងត្រូវបាត់បង់ជាបណ្ដើរៗហើយអាចមានជម្ងឺ រលាកទងសួតឬផ្លូវដង្ហើមញឹកញាប់។ ក្នុងករណីធ្ងន់ធ្ងរនៅពេលដែលសម្ពាធឈាមនៅក្នុងសួតមានការកើនឡើងខ្លាំង ចរន្ដឈាម រត់បញ្ច្រាសពីខាងស្ដាំទៅឆ្វេងនាំកុមារប្រែពណ៌ទៅជាស្វាយ។
វិធីព្យាបាលជម្ងឺបេះដូងប្រហោង
ការព្យាបាលជម្ងឺបេះដូងប្រហោងទាក់ទងទាំងស្រុងទៅនឹងទំហំប្រហោងចន្លោះថតទាំងពីរ។
- ក្នុងករណីដែលប្រហោងមានទំហំតិចជាង៣មីលីម៉ែត្រនិងប្រហោងនៅត្រង់ស្រេបតូមអូហ្សូស៊ីកុងដូមភាគរយនៃការ វិវឌ្ឍន៍បិទជិតខ្លួនឯងចំពោះកុមារអាយុក្រោម១ឆ្នាំកន្លះអាចមានរហូតដល់១០០ភាគរយ។
- ក្នុងករណីប្រហោងធំចន្លោះពី៣ទៅ៨មីលីម៉ែត្រភាគរយនៃការវិវឌ្ឍន៍បិទជិតខ្លួនឯងអាចមានរហូតដល់៨០ភាគរយ។
ករណីទាំងពីរខាងលើទាមទារការតាមដានសភាពជម្ងឺជាប្រចាំ ដើមី្បឱ្យដឹងនូវរាល់ការវិវឌ្ឍន៍របស់បេះដូង។ បើដំណើរវិវឌ្ឍមិនបានល្អ ចាំបាច់ត្រូវវះកាត់។ ចំពោះការវះកាត់នៅប្រទេសយើងអាចធ្វើបានដូចនៅបណ្ដាប្រទេសជឿនលឿនដែរ ហើយអត្រានៃ ការជោគជ័យមានច្រើនបំផុត។ នៅពេលនោះឪពុកម្ដាយចាំបាច់ត្រូវនាំកូនមកកាន់មន្ទីរពេទ្យដើម្បីពិភាក្សាជាមួយគ្រូពេទ្យ តើត្រូវ ព្យាបាលកុមារដោយវិធីណា ត្រូវវះកាត់បន្ទាន់ឬត្រូវរង់ចាំដល់កុមារមានអាយុច្រើនបន្ដិចទើបវះកាត់?
ក្នុងករណីប្រហោងបេះដូងមានទំហំធំ ហើយកុមារមិនទាន់មានទម្ងន់ខ្លួនគ្រប់គ្រាន់ការវះកាត់ចែកចេញជាពីរដំណាក់កាល គឺៈ
1. ការវះកាត់ដំណាក់កាលទី១ គ្រូពេទ្យមិនទាន់បិទប្រហោងបេះដូងឱ្យជិតទេដោយគ្រាន់តែវះកាត់ចងសរសៃឈាម ដើម្បីកុំឱ្យឈាមបុកទៅសួតខ្លាំងពេក។
2. ការវះកាត់ដំណាក់កាលទី២ ធ្វើឡើងនៅពេលដែលកុមារមានសុខភាព និងលក្ខខណ្ឌទម្ងន់ខ្លួនគ្រប់គ្រាន់នោះគ្រូពេទ្យបិទប្រហោងនោះតែម្ដង។
វិបត្ដិនៃជម្ងឺបេះដូងប្រហោង
ជម្ងឺបេះដូងប្រហោងអាចធ្វើឱ្យបេះដូងរីកធំ(ខ្សោយបេះដូង) វិបត្ដិចង្វាក់បេះដូង(លឿន ឬយឺត)សម្ពាធឈាមនៅក្នុងសរសៃឈាមកើនឡើង និងវិបត្ដិមួយទៀត គឺប៉ះពាល់ទៅដល់ប្រើសបេះដូង។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកជាមាតាបិតាមានការសង្ស័យណាមួយដែលទាក់ទងនឹងរោគសញ្ញាខាងលើ សូមនាំកូនមកកាន់មន្ទីរ ពេទ្យ។ មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលអាចសន្និដ្ឋានពីជម្ងឺដែលទាក់ទងនឹងវិបត្ដិបេះដូងនេះបាន។ សូមព្យាយាមតាមដានរាល់ ស្ថានភាពទាំងឡាយដែលទាក់ទងនឹងការរីកធំធាត់របស់កូនលោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply