ខ្ញុំស្រឺត

ស្រឺតអាចជាជម្ងឺ​មួយ​ដែល​ទាក់​ទង​ទៅនឹង​ជម្ងឺ​ផ្លូវចិត្ដ​។​ ​លោក​អ្នក​មួយ​ចំនួន​ដែល​ឧស្សាហ៍​វិលមុខ​ ពិបាក​ដកដង្ហើម​ ឈឺក្បាល​ ​ស្រវាំងភ្នែក​ ​រោយក​ ​បេះដូង​ដើរ​ញាប់​ ​ត្រជាក់​ចុង​ដៃចុង​ជើង​ ​ណែន​ដើម​ទ្រូង​ ​​នៅពេល​ដែលជួប​ជា​មួយ​ហេតុ​ការណ៍​ ​អាក្រក់ៗ​អ្វី​មួយ​។​ ​នោះគឺ​អាច​ចាត់​ទុក​ថា​លោក​អ្នក​កើត​មាន​ជម្ងឺ​ស្រឺត​។​ ​ជម្ងឺនេះ​បាន​បង្កឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​អ្នក​ជម្ងឺ​ ​ហើយជួន​កាលបើ​សិនជា​អ្នក​ជម្ងឺ​កើត​មាន​ស្រឺត​ញឹក​ញាប់​ ​ក៏អាច​ធ្វើឱ្យ​អ្នក​ដែល​នៅជុំ​វិញ​ខ្លួន​អ្នក​ជម្ងឺ​នោះ​កើត​មាន​ជម្ងឺ​ស្រឺត​បាន​ផង​ ​ដែរ​ ដោយ​សារ​តែ​មាន​ការ​ភិត​ភ័យ​ ​ស្លន់​ស្លោ​ខ្លាំង​ ​នៅ​ពេល​ដែល​ឃើញ​អ្នក​ជម្ងឺ​ស្រឺត​កើត​មាន​បញ្ហា​នៅ​ចំពោះ​មុខ​បែប​នេះ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​ជួប​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ ​យឹម​ ​សុ​បុ​ត្រា​ ​អ្នក​ឯក​ទេស​វិកល​វិទ្យា​នៃ​គ្លី​និក​សាន់​រ៉ាយ​ ​នឹង​ ​បក​ស្រាយ​អំពី​ជម្ងឺ​ស្រឺត​នេះ​ ​ដើម្បី​ឱ្យ​លោក​អ្នក​នាង​កញ្ញា​បាន​ជ្រាប​ ​និង​យល់​ឱ្យ​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ​។​

អ្វីទៅជាជម្ងឺស្រឺត?

​ស្រឺតគឺជាភាសាសាមញ្ញ​មួយដែល​ប្រជា​ជន​យើង​ច្រើន​តែ​ប្រើនៅ​ពេល​ដែល​មាន​អារម្មណ៍​ស្លុត​ ​ឬក៏​រន្ធត់​ទៅ​នឹង​ស្ថាន​ភាព​ ​ឬ​ ​ហេតុ​ការណ៍​អាក្រក់​អ្វី​មួយ។​ ​ឧទាហរណ៍​ដូចជា​ករណី​កាលពី​ថ្ងៃទី​២២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១០​ ​នា​ពិធី​ប្រារឰ​ពិធី​បុណ្យ​អុំទូក​ ​អកអំបុក​ ​សំពះ​ព្រះ​ខែ​ ​​​ដែល​កើត​មាន​ឧប​ទ្ទវ​ហេតុ​ដែល​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​រាប់​រយ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​។ ​ហេតុ​ការណ៍​នេះ​ក៏​បាន​ធ្វើ​​ឱ្យ​ប្រជាជន​យើង​មួយ​ចំនួន​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ ​ឬក៏​ឃើញ​នៅតាម​កញ្ចក់​ទូរទស្សន៍​ ​និង​ស្ដាប់​តាម​វិទ្យុ​ក្ដី​ ​ធ្វើ​ឱ្យ​អារម្មណ៍​ ​របស់​លោក​អ្នក​នាង​កញ្ញា​កើត​មាន​លក្ខណៈ​មួយ​រន្ធត់​ ​ហើយ​បុគ្គល​ខ្លះ​នោះ​ក៏​ឈាន​ដល់​ដំ​ណាក់​កាល​មួយ​ដែល​ហៅថា​ស្រឺត​បាន​ដែរ​។ ​ជម្ងឺស្រឺត​ធ្វើឱ្យ​អារម្មណ៍​របស់​លោក​អ្នក​មាន​ការ​រន្ធត់​ភ័យ​ខ្លាំង​ ​បេះដូង​ដើរញាប់​ ​ត្រជាក់​ចុង​ដៃចុង​ជើង​ ​ហើយ​ឈាន​ទៅដល់​ងងឹត​មុខ​ ​ស្រវាំងភ្នែក​ ​វិលមុខ​ ​ហើយអាច​នឹង​ដួល​តែម្ដង​។​ ​ជា​ភាសា​របស់​ប្រជាជន​សាមញ្ញ​និយម​ហៅថា​ស្រឺត​។​

​សម្រាប់អ្នកឯកទេស​ពាក្យថា​ស្រឺត​គឺមាន​ន័យថា​ ​គឺជា​ជម្ងឺមួយ​ក្នុង​ចំណោម​ជម្ងឺ​ថប់​អារម្មណ៍​ផ្សេង​ទៀត​។ ​នៅក្នុង​ចំណោម​ ​ជម្ងឺថប់​អារម្មណ៍​ ​វាមាន​ជម្ងឺ​ច្រើន​ណាស់​ ​ប៉ុន្ដែ​នៅក្នុង​នោះ​វា​ក៏​មាន​ជម្ងឺ​មួយ​ដែល​លោក​​អ្នក​ហៅថា​ជម្ងឺស្រឺត​ ​ឬស្លន់​ស្លោ​។ ​ទាក់​ទង​ទៅ​​នឹង​ជម្ងឺ​ចាញ់​​ច្រាប​ខ្លាច​មនុស្សច្រើន​នៅពេល​ដែល​បុគ្គល​ម្នាក់នេះ​ខ្លាចមនុស្ស​ច្រើន​ ​ខ្លាចខ្លាំង​អាចធ្វើ​ឱ្យ​ស្លន់​ស្លោ​ ​ភ័យខ្លាច​ ​បេះដូងដើរ​ញាប់​ ​ត្រជាក់​ចុងដៃ​ចុងជើង​ហើយបង្ក​ទៅជា​ស្រឺត​តែម្ដង​។ ​​មានជម្ងឺ​ច្រើនទៀត​ដែលមាន​នៅក្នុង​ជម្ងឺថប់​អារម្មណ៍​ ​ដែល​មាន​រោគ​ ​សញ្ញា​ស្រឺត​ ​ក៏មាន​ជម្ងឺស្រឺត​ខ្លួនឯង​ផ្ទាល់ផង​ដែរ​។ ​វាចាប់​ផ្ដើម​ភ្លាមៗ​ ​គ្មានការ​ព្រៀង​ទុក​នោះ​ទេ​ ​ធ្វើឱ្យបុគ្គល​នោះចាប់​ផ្ដើមរន្ធត់​ ​បេះដូង​ ​ដើរញាប់​ ​ត្រជាក់​ចុងដៃ​ចុងជើង​ ​ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​ទៅ​ជា​ដួល​តែម្ដ​ង​។ ​ជម្ងឺស្រឺត​នេះអាច​ចែកជា​កម្រិត​ ​វាមាន​កម្រិត​ ​ស្រាល​ ​កម្រិតមធ្យម​ ​និងកម្រិត​ធ្ងន់ធ្ងរ​ ​ទៅតាម​សកម្មភាព​របស់ជម្ងឺ​ ​វាកើត​ញឹកញាប់​ឬមិន​ញឹកញាប់​។ ​ឧទាហរណ៍​បុគ្គល​ខ្លះ​​មាន​លក្ខណៈ​មួយខែ​កើតមាន​ជម្ងឺ​ស្រឺត​បួន​ដង​ ​ប៉ុន្ដែក៏​មានអ្នក​ខ្លះមួយ​សប្ដាហ៍មាន​លក្ខណៈស្រឺត​បីទៅ​បួនដង​ ​មានបុគ្គល​ខ្លះកើត​ ​ជម្ងឺស្រឺត​នេះ​ធ្ងន់ធ្ងរ​ ​អាចកើត​មួយថ្ងៃ​មួយដង​ ​ឬមួយថ្ងៃពីរ​ដងក៏មាន​ដែរ​។​ ​នេះគឺជា​លក្ខណៈនៃ​ជម្ងឺស្រឺត​ ​ហើយជម្ងឺនេះ​អាចកើត​មាន​ ​ញឹកញាប់​ជាងគេ​ ​ភាគច្រើន​ទៅលើ​ស្ដ្រី​ភេទ​។ ​

មូលហេតុដែលបង្កឱ្យកើតជម្ងឺស្រឺត

មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺស្រឺតមានដូចជា ៖

១ . ​បញ្ហាសង្គម ៖ ​ជួបជាមួយ​នឹងបញ្ហា​ភ័យ​រន្ធត់​តក់​ស្លុត​ ​ដែលកើត​មាន​នៅក្នុង​ជីវិត​របស់បុគ្គល​ដែល​ជា​អ្នក​ជម្ងឺ​ផ្ទាល់​ ​ហើយរឿង​ភ័យរន្ធត់​តក់​ស្លុត​នេះ​តែង​តែ​កើត​មាន​ជា​ញឹកញាប់​ ​ជាហូរហែ​ ​ទោះបីជា​ហេតុការណ៍​នេះវា​កន្លងផុត​ជាច្រើន​ខែជា​ច្រើនឆ្នាំ​ក៏​ ​ដោយ​។ ​ប៉ុន្ដែខួរ​ក្បាល​បានថត​ទុក​គ្រប់​សកម្មភាព​ ​គ្រប់រូប​ភាពអាក្រក់​ ​ដែលកើត​មានចំពោះ​បុគ្គល​នេះ​រហូត​។ ​ជួនកាល​នៅពេល​ ​ដែល​បុគ្គល​ម្នាក់​នេះជួប​ជាមួយ​ហេតុការណ៍​ភ័យ​រន្ធត់​អ្វី​មួយ​ ​នោះ​អារម្មណ៍​ក៏បាន​គិតទៅ​ដល់​ហេតុ​ការណ៍​កាល​ពី​អតីត​ ​ដូចនេះ​វា​ងាយ​ ​នឹង​បង្ក​ឱ្យ​កើត​មាន​ស្រឺត​បំផុត​។​

២ . ​កត្ដា​ជីវសាស្ដ្រ​ ​ដោយសារ​កត្ដា​ជីវសាស្ដ្រ​នៅក្នុង​ខួរក្បាល​មានការ​បំលាស់​ប្ដូរ​នៅក្នុង​ប្រព័ន្ធ​ខួរ​ក្បាល​ ​និង​ដោយ​សារ​ ​ជាតិ​គីមី​ ​ឬក៏​អតុល្យភាព​នៃសារ​ជាតិ​គីមី​នៅ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ក៏​ជា​ដើម​ហេតុ​ឱ្យ​មាន​លក្ខណៈ​ស្រឺត​ដែរ​។

៣ . កត្ដាចិត្ដសាស្ដ្រ ៖ ​បុគ្គល​ខ្លះមាន​កត្ដា​ចិត្ដសាស្ដ្រ​ទន់ខ្សោយ​ដោយសារ​ការ​លូតលាស់​ផ្នែក​ចិត្ដសាស្ដ្រ​ពី​នាយ​មក​មិន​ ​ប្រក្រតី​។ ​ដូចនេះ​ធ្វើឱ្យ​កត្ដា​ចិត្ដ​សាស្ដ្រ​ទន់​ខ្សោយ​ ​ដែលងាយ​ឱ្យ​បុគ្គល​ប្រភេទ​នេះ​ឆាប់​ភ័យ​ខ្លាច​ ​ឆាប់​រន្ធត់​ ​ឆាប់​ស្រឺត​ ​ឆាប់តក់ស្លុត​ ​ជាដើម។​

រោគសញ្ញាជម្ងឺស្រឺត

រោគសញ្ញានៃជម្ងឺស្រឺតនេះមានពីរ​ប្រភេទ​គឺ​សញ្ញា​ផ្នែក​រាង​កាយ​ ​និង​អារម្មណ៍​។

– សញ្ញាផ្នែករាងកាយ ៖ ​វាស្ដែង​ឡើង​ឱ្យ​ដឹង​តាម​រយៈ​អាការៈ​ ​ដូចជា​ឈឺក្បាល​ ​ស្រវាំងភ្នែក​ ​រោយក​ ​ស្ងួតមាត់​ ​ថប់ដង្ហើម​ ​បេះដូង​ដើរញាប់​ ​ត្រជាក់​​ចុងដៃ​ចុងជើង​ ​តឹង​ដើម​ទ្រូង​ ​ណែនដើម​ទ្រូង​ ​ជួនកាល​វា​មាន​អារម្មណ៍​ចុកឆ្អល់​នៅក្នុង​ពោះ​ ​ហើយ​សញ្ញា​ ​ទាំងនេះ​វាកើត​ឡើង​យ៉ាង​រហ័ស​បំផុត​។

– សញ្ញាអារម្មណ៍ ៖ ​ធ្វើឱ្យ​អារម្មណ៍​អ្នកជម្ងឺ​ភាំងៗ​មួយ​រំពេច​​ ​ធ្វើឱ្យ​អ្នក​ជម្ងឺ​លែង​ស្គាល់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ ​ធ្វើឱ្យ​ការ​តាំង​ ​អារម្មណ៍​មិនបាន​ល្អ​ ​ធ្វើឱ្យ​ការ​ចងចាំ​មិនបាន​ល្អ​ ​ប្រុង​ប្រយ័ត្ន​មិនបាន​ល្អ​ ​ហើយ​ធ្វើ​ឱ្យ​ភ័យ​រន្ធត់​ខ្លាំង​រហូត​ដល់​គិត​ខ្លួន​ឯង​ថា​អាច​នឹង​ស្លាប់​ ​អាច​នឹង​ដាច់ខ្យល់​ភ្លាមៗ​ នេះ​គឺ​ជា​សញ្ញា​ដែល​ទាក់ទង​ទៅ​នឹង​អារម្មណ៍​។​

វិធីព្យាបាលជម្ងឺស្រឺត

ដូច​ដែល​បាន​រៀបរាប់​ខាងលើនេះមក​ហើយ​ថា​ ​ជម្ងឺ​ស្រឺត​នេះ​មាន​បី​កម្រិត​ ​ស្រាល​ ​មធ្យម​ ​និង​ធ្ងន់ធ្ងរ​ ​ដូចនេះ​ការ​ព្យាបាល​ ​គឺព្យាបាល​ទៅ​តាម​កម្រិត​របស់​ជម្ងឺ​។ ​បើ​សិន​ជា​អ្នក​ជម្ងឺ​កម្រិត​ស្រាល​ ​អ្នកជម្ងឺ​ត្រូវ​រៀន​ហាត់​ពត់​លត់​ដំ​ខ្លួនឯង​។ ​នៅពេល​ដែល​មាន​ ​បញ្ហា​កើត​ឡើង​ត្រូវ​ពង្រឹង​ស្មារតី​ ​ត្រូវ​ចេះ​ទប់​អារម្មណ៍​ ​ហើយ​ធ្វើ​ចង្វាក់​ដក​ដង្ហើម​ចេញ​ចូល​ឱ្យ​វែងៗ​ ​ក្នុង​រយៈ​ពេល​ពី​១០​ទៅ​១៥​នាទី​។​ ​ហើយ​បើ​លោក​អ្នក​កំពុង​តែ​ធ្វើ​ដំណើរ​នៅតាម​ផ្លូវ​ ​គួរតែ​រក​កន្លែង​សមគួរ​សម្រាក​ដើម្បី​ឱ្យ​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ​។​ ​បើសិន​ជា​​លោកអ្នក​​នាង​កញ្ញា​ដែល​ឧស្សាហ៍​កើត​មាន​បញ្ហា​ទាំងនេះ​គួរតែ​រកពេល​សម្រាក​ឱ្យ​បានច្រើន​ ​ជា​ពិសេស​គឺ​ផ្នែក​អារម្មណ៍​ ​និង​ផ្លូវចិត្ដ​ ​ហើយ​ក៏​ត្រូវ​ធ្វើ​លំហាត់​ប្រាណឱ្យ​បាន​ច្រើន​ផងដែរ​។ ​ប៉ុន្ដែ​បើសិន​ជាលោក​អ្នក​កើត​មាន​ស្រឺត​កម្រិត​មធ្យម​ ​ឬ​កម្រិត​ធ្ងន់​ ​​លោក​អ្នក​គួរ​ ​តែស្វែង​រក​គ្រូពេទ្យ​ឯក​ទេស​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​កុំ​ឱ្យ​ជម្ងឺ​ស្រឺត​នេះនៅ​បន្ដ​ទៅ​ទៀត​ ​ព្រោះ​ជម្ងឺ​នេះបើ​សិនជា​មិន​ព្យាបាល​ ​គឺវា​នៅកើត​មាន​ជាប់​រហូត​។ ​ជួនកាល​វាអាច​មាន​បញ្ហា​ទៅថ្ងៃ​ក្រោយ​ទៀត​ ​ដែលធ្វើ​ឱ្យ​លោកអ្នក​ខាតបង់​ពេល​វេលា​ ​និង​ថវិកា​​បើសិន​ជាលោក​អ្នក​​មិន​​បាន​​មក​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់​ពេល​វេលា​នោះ។

ផលប៉ះពាល់នៃជម្ងឺស្រឺត

​ជាការពិត​ណាស់​ជម្ងឺ​ស្រឺតនេះ​ក៏បានបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ​សម្រាប់​អ្នក​ជម្ងឺ​ ​ក៏ដូចជា​អ្នក​ដែល​នៅជុំ​វិញ​អ្នក​ ​ជម្ងឺផង​ដែរ​ដូចជា ៖

– ​បើសិន​ជាអ្នក​ជម្ងឺ​កើត​មាន​ជម្ងឺ​ស្រឺត​ញឹក​ញាប់​នោះ​ ​អាចជា​ដើម​ហេតុ​ដែលអាច​បង្កឱ្យ​អ្នកជម្ងឺ​ស្រឺតនេះ​​កើត​មាន​ជម្ងឺ​ ​បេះដូង​ផង​ដែរ​។​

-​ ​ចំពោះ​ក្រុម​គ្រួសារ​ឬ​បង​ប្អូន​ដែល​នៅ​ជុំវិញ​អ្នក​ជម្ងឺ​ស្រឺត​ ​នៅពេល​ដែលឃើញ​អ្នក​ជម្ងឺ​ស្រឺត​រហូត​ដល់​ដួល​សន្លប់​នោះ​ ​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក​ជម្ងឺ​នោះ​អាច​មាន​ការ​ភ័យ​ស្លន់​ស្លោ​រន្ធត់​តាម​អ្នក​ជម្ងឺ​ដែរ​ ​ហើយ​ក៏​អាច​កើត​មាន​ជម្ងឺ​ស្រឺត​បាន​ផង​ដែរ​។ ​

– ​កាលណា​និយាយ​ពី​ស្រឺត​គឺ​វា​ទាក់​ទង​ទៅ​នឹង​ផ្លូវ​ចិត្ដ​ដែលអាច​ធ្វើ​ឱ្យ​បេះដូង​ដើរញាប់​ ​ដូចនេះ​ជា​បញ្ហា​មួយ​ដែល​មាន​ ​គ្រោះថ្នាក់​។ ​បើសិន​ជា​បុគ្គល​ដែល​តែង​តែ​កើត​មាន​ជម្ងឺ​ស្រឺត​ញឹក​ញាប់​ ​ហើយ​ធ្លាប់​កើត​មាន​ជម្ងឺ​បេះដូង​ស្រាប់​ទៀត​នោះ​ ​នៅពេល​ ​ដែល​ជួប​រឿង​អ្វី​មួយ​ដែល​រន្ធត់​អាច​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺស្រឺត

យើង​ដឹង​ហើយ​ថា​ ​បញ្ហា​ជម្ងឺ​ផ្លូវ​ចិត្ដ​កើត​ចេញ​ពី​បញ្ហា​សង្គម​ ​បញ្ហា​ជីវ​សាស្ដ្រ​ ​និង​បញ្ហា​ចិត្ដ​សាស្ដ្រ​។ ​ដើម្បី​ការ​ពារ​ខ្លួន​ឱ្យ​ ​ចៀស​ផុត​ពី​ការ​កើត​មាន​ជម្ងឺ​ស្រឺត​នេះ​ ​លោក​អ្នក​ត្រូវ​តែ​ដឹងថា​ស្រឺត​គឺ​កើត​ឡើង​ដោយ​សារ​បុព្វ​ហេតុ​ ​គឺដោយ​សារ​ជួប​រឿង​អាក្រក់​ ​ជួប​ ​រឿង​ភ័យ​រន្ធត់​តក់​ស្លុត​នៅ​ក្នុង​ជីវិត​។ ​បើសិន​ជាលោក​អ្នក​អាច​ចៀស​វាង​បាន​ ​លោក​អ្នក​គួរ​តែ​ចៀស​វាង​ ​ដើម្បី​កុំ​ឱ្យ​អារម្មណ៍​ប្រឈម​​​ទៅនឹង​​ភាពតក់​ស្លុតភ័យ​រន្ធត់​ញឹក​ញាប់​ពេក​។ ​នៅ​បរទេស​ ​គេបាន​ហាម​មិន​ឱ្យ​កុមារ​មើល​វីដេអូ​រឿង​ភ័យ​តក់​ស្លុត​ ​បាញ់​កាប់ចាក់​​នោះទេ​ ​ព្រោះ​​នៅ​ពេល​ដែល​ពួកគេ​ធំ​លូតលាស់​ ​ខួរក្បាល​របស់​ពួកគេអាច​ថត​ចម្លង​ទុក​រឿង​អាក្រក់​ ​នៅពេល​ដែល​ជួប​ជាមួយ​នឹង​ ​បញ្ហា​អ្វីមួយ​ ​អាចធ្វើ​ឱ្យ​​អារម្មណ៍​របស់​ពួក​គេ​ឆាប់​ភ័យ​តក់ស្លុត​ ​និង​ឆាប់​ឆេវ​ឆាវ​ជាដើម​។​ ​ចំពោះ​អ្នក​ដែល​មិន​ទាន់​កើត​មាន​ជម្ងឺ​ស្រឺត​ ​ត្រូវតែ​អនុវត្ដន៍​តាម​ការ​ណែនាំ​ខាង​លើ។​ ត្រូ​វ​ចង​ចាំថា​សុខភាព​ល្អមិន​មែនស្ថិត​តែនៅ​លើសុខ​ភាព​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ស្ថិត​នៅ​ ​លើ​សុខភាព​ផ្លូវចិត្ដ​ដែរ​ ​ព្រោះចិត្ដ​ងាយ​នឹង​កើត​មាន​បញ្ហា​ណាស់​ ​​ដោយ​អ្នក​ខ្លះ​អាច​ឈាន​ទៅដល់​ការ​កើត​មាន​ជម្ងឺ​ស្រឺត​។ ​ដូចនេះ​នៅ​ពេល​ដែល​មាន​បញ្ហា​ផ្លូវចិត្ដ​ ​ដែលលោក​អ្នកបាន​ជួបជា​មួយ​ហេតុ​ការណ៍​អាក្រក់​អ្វីមួយ​ ​ដែលធ្វើ​ឱ្យរន្ធត់​ចិត្ដនោះ​ ​ត្រូវ​តែមក​ពិភាក្សា​ ​ជាមួយ​អ្នក​ឯក​ទេស​ ​​ដើម្បី​រក​វិធី​ការ​ពារ​កុំឱ្យ​កើត​ជម្ងឺ​ស្រឺត​នេះ។

ដំបូន្មានអ្នកជំនាញ

សុខភាពរបស់មនុស្ស​យើង​សំខាន់​ណាស់​ទាំង​សុខ​ភាព​ផ្លូវកាយ​ ​និង​សុខភាព​ផ្លូវចិត្ដ​។ ​កាលណា​និយាយ​អំពី​ជម្ងឺ​គឺ​ទាមទារ​ ​​រក​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់​ ​នេះគឺ​ជា​ចំណុច​សំខាន់​។ ​បើសិន​ជាលោក​អ្នក​កើត​មាន​ជម្ងឺ​មួយ​ហើយ​ ​លោក​អ្នក​ស្វែង​រក​គ្រូពេទ្យ​ដែល​ ​ខុស​ជំនាញ​ ​នាំឱ្យ​លោក​អ្នក​កើត​មាន​ជម្ងឺ​រ៉ាំរ៉ៃ​ ​នាំឱ្យ​ខាត​បង់​ថវិកា​ ​និង​ខាត​បង់​ទាំង​ពេល​វេលា​។ ​ដូចនេះ​អ្វីដែល​ល្អ​បំផុត​សម្រាប់​ ​លោក​អ្នក​នាង​កញ្ញា​នោះ​ គឺ​ត្រូវ​តែ​ចេះ​ប្រើ​ប្រាស់​សេវា​សុខា​ភិបាល​ឱ្យ​ច្បាស់​លាស់​ ​និង​ត្រឹម​ត្រូវ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *