វិធី​ជ្រើស​រើស​សាឡុង

នៅក្នុង​ផ្ទះ​សម្បែង​ការ​រៀប​ចំ​ទុក​ដាក់​សាឡុង​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​រឿង​សំខាន់​ ព្រោះ​ផ្តល់​ទាំង​សោភ័ណ្ឌ​ភាព ​និង​ផាសុក​ភាព​ក្នុងការ​រស់នៅ។ ជាក់ស្តែង​មាន​មនុស្សជា​ច្រើន​​ដែល​ចូល​ចិត្តសម្រាកនៅ​លើ​កៅ​អី​ពូក​សាឡុង​មិន​ថា​ឈើ​ ឬ​ពូក​ទេ។ ទី​កន្លែង​នេះ​អាច​ទុក​សម្រាប់​ទទួល​ភ្ញៀវ ពិភាក្សា​ការងារ និង​អាច​ជំនួស​គ្រែ​សម្រាប់​ទទួល​ទាន​ដំណេក​ម្តងម្កាល​នៅ​ពេល​ថ្ងៃបាន​ដែរ ដែលជា​របស់​សំខាន់​មួយ​ក្នុង​ផ្ទះ​សម្បែង​របស់​លោកអ្នក។ យ៉ាង​ណា​មិញ ការ​រៀបចំ​ទីតាំង និងការ​ជ្រើស​រើស​កៅ​អីពូក​សាឡុង​មិន​ត្រឹម​ត្រូវ​ ក៏​អាច​បង្កឲ្យ​មានផល​វិបាក​ខ្លះៗ ក្នុងការ​រស់​នៅ​ប្រចាំថ្ងៃ​ផង​ដែរ។ តើត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បីឲ្យ​ការ​ជ្រើស​រើស​សាឡុង​ឲ្យសកិ្តសម​ទៅនឹង​គេហដ្ឋាន​របស់​លោក​អ្នក?

រូបភាពគេហទំព័រសុខភាពកម្ពុជា

ដើម្បី​ស្វែង​យល់​អំពី​វិធី​ជ្រើស​រើស​សាឡុង​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នោះ គេហទំព័រ សុខភាពកម្ពុជា បានជួប​សម្ភាស​ជាមួយ​កញ្ញាបូរ ជាបុគ្គលិក​នៃមជ្ឈ​មណ្ឌល ឌីហ្វើនីឈ័រ​ផ្គត់ផ្គង់​គ្រឿង​សង្ហារឹម មក​ជម្រាប​ជូនប្រិយ​មិត្ត​អ្នកអាន។

របៀប​ជ្រើស​រើស​សាឡុង

លោក​អ្នក​គួរតែ​ជ្រើស​រើស​សាឡុង​ទៅតាម​ប្រភេទផ្ទះ ទំហំ​នៃបន្ទប់ និង​ទៅតាម​ពណ៌​ដែល​ជាចំណង់​ចំណូល​ចិត្ត​លោកអ្នក ឬក៏​ក្រុម​គ្រួសារ​របស់​លោកអ្នក​ផ្ទាល់។ ហើយ​សាឡុង​គួរតែ​ដាក់នៅ​បន្ទប់​ទទួល​ភ្ញៀវ និង​នៅក្នុង​ការិយាល័យ​ធ្វើការ​ជាដើម។ សាឡុង​មានពីរ​ប្រភេទ គឺសាឡុង​ឈើ និង​សាឡុង​ពូក។

1. សាឡុងឈើ ៖ ការ​ជ្រើស​រើស​សាឡុង​ឈើ​យកមក​ប្រើ​ប្រាស់ គឺសិក្ត​សម​ទៅនឹង​បន្ទប់ ឬក៏ផ្ទះ​ដែល​សាង​សង់​ដោយ​ឈើ តាម​បែប​សម័យ​បុរាណ។ ជួនកាល​ក៏មានការ​ប្រើនៅ​តាមផ្ទះ​បែប​សម័យ​ទំនើប​ផងដែរ ដោយ​អាស្រ័យ​ទៅលើ​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក​ផ្ទាល់។ ការ​ដាក់​សាឡុង​ឈើ​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត ភាព​បុរាណ​គួបផ្សំ និង​ក្បូរក្បាច់​រចនា​របស់​សាឡុង​ជាមួយ​លំនៅ​ស្ថាន ធ្វើឲ្យ​សោភ័ណ​ភាព​គេហដ្ឋាន​របស់​លោកអ្នក​កាន់តែ​មាន​ភាព​ស្រស់​ស្អាត និង​មាន​ភាពថ្លៃ​ថ្នូរ​មួយ​កម្រិត​ទៀត។ ម្យ៉ាង​វិញ​ទៀត ទោះបី​ជាសាឡុង​ឈើ​មាន​លក្ខណៈ​រឹង​ក៏ពិត​មែន​តែក៏​មាន​សភាព​រលោង​ត្រជាក់​អាចឲ្យ​លោកអ្នក​សម្រាក ឬក៏​អង្គុយ​ពិភាក្សា​ការងារ​បាន មិន​ចាញ់​សាឡុង​ពូក​ប៉ុន្មានទេ។

2. សាឡុងពូក ៖ សម្រាប់​លោក​អ្នក​ដែល​ចង់បាន​ភាព​ឡូយ​ហ៊ឺហារ ភាព​ទាន់​សម័យ និង​មាន​គេហដ្ឋាន​ជាលក្ខណៈ​បែប​ផ្ទះថ្ម បន្ទប់​កញ្ចក់ ឬផ្ទះ​ដែល​មាន​រចនាបទ​សម័យ​ទំនើប រួមជាមួយ​នឹងក្បាច់​បុរាណខ្មែរ​ជាដើម គឺសាឡុង​ពូកនេះ​ហើយ​ដែល​សក្តិសម។ បច្ចុប្បន្ន​នេះ​ក៏មាន​មនុស្ស​ភាគច្រើន​មានការ​ពេញ​និយម​ការប្រើ​ប្រាស់​សាឡុង​ពូក​ច្រើន​ជាង​សាឡុង​ឈើ​ដែរ ព្រោះថា​សាឡុង​ពូក​មាន​លក្ខណៈ​ទន់​រលោង។ ពេល​ដែល​បាន​សម្រាក​នៅលើ​សាឡុង​ពូក​ហើយ ពិតជា​ធ្វើឲ្យ​លោកអ្នក​មិន​ឈឺខ្លួន មាន​អារម្មណ៍ធូ​ស្បើយ សប្បាយចិត្ត មាន​ផាសុក​ភាពល្អ​ជាក់ជា​មិនខាន។

ទីតាំង​សម្រាប់​ដាក់​សាឡុង

ការ​រៀប​ចំទី​តាំង​កៅ​អី​ពូក​សាឡុង​ និង​តុ​ធ្វើ​ការ ​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ ដោយ​នៅ​ពី​ក្រោយ​ខ្នង​ត្រូវ​ការ​បង្អែក​ជញ្ជាំង។ តាម​ធម្មតា​បង្អែក​ជញ្ជាំង ​ឬ​បង្អែក​ពី​ក្រោយ​ខ្នង​នៃ​កៅ​អី​ពូក​សាឡុង​គឺ​ មាន​ជញ្ជាំង​ហាក់​ដូច​សមរម្យ​ជាង។ ប្រសិនបើនៅ​​ពី​ក្រោយ​បង្អែក​កៅ​អី​ពូក​សាឡុង​ជាប់​បង្អួច ទ្វារ​ ឬ​ជា​ផ្លូវ​ដើរ ​ក៏បង្កផលលំបាកក្នុងការធ្វើការ ក៏ដូចជាការរស់នៅជាដើម។ ប្រសិនបើ​ទីតាំង​សាឡុង​នៅ​ក្នុង​ផ្ទះ​ពិបាក​មាន​ការ​បង្អែក​ជាប់​នឹង​ជញ្ជាំង ​គឺ​មាន​វិធី​យ៉ាង​សាមញ្ញ​អាច​ជួយ​​បាន ដោយ​គ្រាន់​តែ​លោក​អ្នក​អាច​ដាក់​តាំង​ទូ​ទាប​ ឬ​ផ្ទាំង​អ្វី​មួយ​ពី​ក្រោយ​ខ្នង​ដើម្បី​ទុក​ជា​បង្អែក។​ ជាពិសេសប្រសិនបើបន្ទប់មានទំហំតូច​ ត្រូវដាក់សាឡុងប្រភេទតូច។ ប៉ុន្តែបើសិនជាបន្ទប់មានទំហំធំ លោកអ្នក អាចដាក់សាឡុងប្រភេទធំទៅតាមខ្នាតនៃបន្ទប់ដែលលោកអ្នកចង់បាន។

ការ​បន្ថែម​សោភ័ណភាព​ចំពោះ​ការ​ររៀបចំ​ជាមួយ​សាឡុង

ដើម្បី​ឲ្យបន្ទប់​ទទួលភ្ញៀវ​របស់​លោកអ្នក​កាន់តែ​មាន​សោភ័ណភាព​បន្ថែម​ទៀត​នោះ លោកអ្នក​ក៏អាច​ជ្រើស​រើសវត្ថុ​តាំង​លម្អ​មួយ​ចំនួន​សម្រាប់​ជំនួយ​បន្ថែម​ទៀត។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ជ្រើស​រើស​វត្ថុ​មកតាំង គួរ​ជ្រើស​រើសវត្ថុ​ដែល​មាន​តម្លៃ​ថ្លៃបន្តិច​ទើបជា​ការល្អ ព្រោះ​បន្ទប់​ទទួលភ្ញៀវ​ជាកន្លែង​ដែល​ត្រូវ​អង្គុយ​សម្រាក​កាយ​ជាញឹក​ញាប់។ វត្ថុទាំង​នោះមាន ដូចជា​ការ​តាំង​រូបថត ឬរូបភាព​នៅលើ​ជញ្ជាំង ការតាំង​ផ្កា ទូសម្រាប់​តាំង​វត្ថុ​អនុស្សាវរីយ​ផ្សេងៗ ការដាក់​វាំងនន ការ​តាំងទូ ឬតុតូច​នៅពី​មុខ​សាឡុង និង​ការដាក់​ទូរទស្សន៍​ជាដើម។

 បណ្តាំផ្ញើរ

ដើម្បីឲ្យ​បានផ្ទះ​ស្អាត​មាន​សោភ័ណភាព​គួរឲ្យ​ចង់​រស់នៅ លោកអ្នក​គួរតែ​ចេះ​រៀបចំ​ទុកដាក់​ផ្ទះ​សម្បែង​ឲ្យបាន​ល្អ ជា​ពិសេស​ការទុក​ដាក់​សម្ភារៈ​ផ្សេងៗ ក៏ដូច​ជាការ​សម្អាត​ប្រចាំថ្ងៃ​ផងដែរ។ ទោះបី​ជាផ្ទះ​របស់​លោកអ្នក​មាន​លក្ខណៈ​តូច​ចង្អៀត​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​បើសិ​នជា​លោកអ្នក​ចេះ​រៀបចំ​ឲ្យមាន​សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ នោះគេហដ្ឋាន​របស់​លោកអ្នក​នឹងក្លាយ​ជាទីកន្លែង​ដ៏មនោរម្យ​គួរឲ្យ​ចង់រស់​នៅ និង​ការកោត​សរសើរ​ពីសំណាក់​អ្នកដ៏​ទទៀតផង។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៨ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *