កាយ​វប្បកម្ម

កីឡា​មួយ​ប្រភេទ​ដែល​កំពុង​ទទួល​បាននូវ​ការពេញ​និយម ពិសេស​ពីសំណាក់​លោកអ្នក​ដែល​ចូលចិត្ដ​និង​ស្រឡាញ់​រូបរាង កាយ មានសាច់​ដុំធំៗ​និង​រឹងមាំ។ លោកអ្នក​ប្រហែលជា​មានចម្ងល់​មិនតិច​ទេនៅ​ពេល​ឃើញ​បុរស​និងស្ដ្រី​មួយចំនួន​នៅ​បស្ចឹម​ប្រទេស មាន​សាច់ដុំ​ធំៗ។ លោកអ្នក​ប្រាកដជា​ចង់សួរថា​ធ្វើយ៉ាង​ណាទើប​ពួកគេ​មាន​សាច់ដុំធំ​យ៉ាងនេះ។ ការពិត​ទាំងនោះ​ជា​សមិទ្ធផល​ដែល បានមក​ពីការ​ហាត់កីឡា​កាយ​វប្បកម្ម។ តើកាយ​វប្បកម្ម​ជាអ្វី? មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​សុខភាព?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ហ៊ី ឌីណារិន្ទ ប្រធានក្លឹប​គីងកុង​អូឡាំពិក​ចូលរួម​ស្រាយ​បំភ្លឺ​អំពី​កីឡាកាយ​វប្បកម្ម​ជូន​មិត្ដអ្នក​អានឱ្យ​បានជ្រាប និង ទុកគ្រាន់​ជាការ​ស្វែងយល់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

កាយ​វប្បកម្ម ជាអ្វី?

កាយវប្បកម្ម ជាឈ្មោះ​កីឡា​មួយ​ប្រភេទ​ដែល​សំដៅ​ទៅដល់​ការលើក​ដុំដែក​ឬដុំ​ទម្ងន់​ផ្សេងៗ​(លើក​អាល់​ទែរ)និងការ​ហាត់​ពត់​រាងកាយ​ផ្សេងៗ​ដើម្បី​ឱ្យសាច់ដុំ​គ្រប់ផ្នែក​នៃរាង​កាយ​មាន​លក្ខណៈ​ធំៗ និង​រឹងមាំ។ ទោះបីជា​យ៉ាង​ណាក៏​ពុំមាន​ព័ត៌មាន​ច្បាស់ លាស់​អំពីប្រភព និង​ប្រវត្ដិពិត​ប្រាកដ​របស់​កីឡា​ប្រភេទ​នេះទេ។ គ្រាន់តែ​ដឹង​ថាកីឡា​កាយ​វប្បកម្ម​កំពុង​តែរីក​ដុះដាល​នៅទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។

អត្ថ​ប្រយោជន៍​របស់​កាយ​វប្បកម្ម

គ្រប់​សកម្មភាព​កីឡា​ទាំង​អស់សុទ្ធតែ​ផ្ដល់​នូវអត្ថ​ប្រយោជន៍​សម្រាប់​អ្នកហាត់។ កាយ​វប្បកម្ម​អាច​ហាត់​បានទាំង​បុរស​ទាំង ស្ដ្រី ជាពិសេស​សម្រាប់ស្ដ្រី​ដែល​ហាត់​ភាគច្រើន​ដើម្បី​បំបាត់​ខ្លាញ់​ក្នុងខ្លួន ដូចជា​ក្បាល​ពោះ ដៃជើង​ជាដើម។ លទ្ធផល​ដែល​ទទួល​បានពី ការហាត់​កាយវប្បកម្ម គឺលោកអ្នក​មានសាច់​ដុំធំៗ រាងកាយ​រឹងមាំ ដើមទ្រូង​ធំ​និង​ស្មាបើក​ទូលាយ។

តើគួរ​ចាប់ផ្ដើម​ហាត់នៅ​ពេលណា?

កាយ​វប្បកម្ម​ជា​កីឡា​មួយ​ដែល​មើល​ទៅដូច​ជាធ្ងន់​ធ្ងរ​បន្ដិច និង​ត្រូវ​ប្រើកម្លាំង​ថាមពល​ច្រើនក្នុង​ការហ្វឹក​ហាត់។ ប៉ុន្ដែ​​លោក​អ្នក​អាចចាប់​ផ្ដើម​ហាត់​ជាសន្សឹមៗ​បន្ដិច​ម្ដងៗ មុននឹង​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ប្រការ​ដ៏ល្អ​លោកអ្នក​គួរចាប់​ផ្ដើម​ហាត់​នៅ អាយុ​១៥ឆ្នាំ ព្រោះ​ជាពេល​ដែល​សាច់ដុំ​កំពុង​លូតលាស់។ ប្រសិនបើ​ហាត់នៅ​ពេលមាន​អាយុ​ក្មេងពេក​អាចធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខ ភាព និង​ការ​លូតលាស់​នៃរាង​កាយ ព្រោះ​ថាឆ្អឹង និង​សាច់ដុំ​នៅខ្លី ត្រូវការ​ការលូត​លាស់​ធំធាត់​និង​មិនអាច​ទទួលរង​សម្ពាធ​ធ្ងន់ ធ្ងរបាន​ឡើយ។ មនុស្ស​ត្រូវការ​ពេលវេលា​ដើម្បី​សម្រាក សាច់ដុំ​ក៏ត្រូវការ​សម្រាក​ដែរ​ដូចនេះ​លោកអ្នក​គួរហាត់​ពីរឬបី​ថ្ងៃម្ដង។ បើ លោកអ្នក​ហាត់រាល់​ថ្ងៃ​ក៏អាច​បានដែរ ប៉ុន្ដែ​ត្រូវហាត់​ក្នុង​ចលនា​ផ្សេងៗ​គ្នា​មានន័យថា​មិន​ត្រូវ​ហាត់​ចលនា​តែមួយ​ចំពោះ​សាច់ដុំ​មួយ មុខជា​រៀងរាល់​ថ្ងៃនោះ​ឡើយ។ លោកអ្នក​គួរហាត់​នៅពេល​ព្រឹក​និងមុន​ពេល​ទទួល​ទាន​អាហារ ជាការ​ប្រសើរ​បំផុត ព្រោះ​ថា​អាហារ​និង​ជាតិពុល​ក្នុង​រាងកាយ​មានតិច​ងាយ​នឹង​បញ្ចេញ​ចោល​តាមរន្ធ​ញើស។

របៀប​ហាត់​កាយវប្បកម្ម

សាច់ដុំ​មនុស្ស​មានច្រើន​ផ្នែក អាស្រ័យ​ទៅតាម​មុខងារ និង​តួនាទី​រៀងៗខ្លួន ដូចជា​សាច់ដុំ​ជើង សាច់ដុំដៃ​សាច់​ដុំស្មា សាច់ដុំទ្រូង និង​សាច់ដុំ​ផ្សេងៗ​ទៀត​ជាច្រើន។ សាច់ដុំ​នីមួយៗ​ក៏មាន​ការបែង​ចែក​ជាច្រើន​ទៀត​ដូចជា​ក្នុងសាច់ដុំ​ជើង​មានផ្នែក​ខាងមុខ ខាង

ក្រោយ ផ្នែក​ខាងក្នុង និង​ផ្នែកខាង​ក្រៅ​ជាដើម។ ឧបករណ៍​សម្រាប់​ហាត់​កាយវប្បកម្ម​មានច្រើន​ប្រភេទ​តម្រូវ​ទៅតាម​ចលនា​នៃ សាច់ដុំ ដូចជា​ឧបករណ៍​សម្រាប់​ហាត់​យក​សាច់ដុំដៃ ឧបករណ៍​សម្រាប់​ហាត់យក​សាច់ដុំស្មា​ឧបករណ៍​សម្រាប់​ហាត់​យក​សាច់ដុំទ្រូង ជាដើម។ ក្រៅពី​ការលើក​ដុំដែក និង​ប្រើ​ឧបករណ៍​ដែលមាន​នៅតាម​ក្លឹបកីឡា​លោកអ្នក​មួយ​ចំនួន​ដែល​ចង់ឱ្យ​មាន​សាច់ដុំ និងសុខ ភាពល្អ អាច​កែច្នៃ​ជាឧបករណ៍​ផ្សេងៗ​ដើម្បី​ធ្វើការ​ហ្វឹកហាត់​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដូចជាការ​ធ្វើជា​ដុំទម្ងន់​(អាល់ទែរ)​ដោយ ចាក់​ស៊ីម៉ងត៍​ជាពុម្ព​ទម្ងន់​ទៅតាម​ការពេញ​ចិត្ដ និង​ការច្នៃ​ជាឧបករណ៍​ផ្សេងៗ​ទៀត​ជាដើម។ របៀប​ជាក់លាក់​នៃការ​ហ្វឹកហាត់​គឺអាស្រ័យ​ទៅលើ​ចលនា​សាច់ដុំ តើ​លោកអ្នក​ត្រូវការ​ធ្វើ​ចលនា​សាច់ដុំ​ផ្នែក​ណា​មួយ?

ការរក្សា​សុខភាព

កាយ​វប្បកម្ម​ជាកីឡា​មួយ​ប្រភេទ​ដែល​អ្នកហាត់​ត្រូវ​ចំណាយ​ថាមពល​ច្រើន និង​ពេលវេលា​ជាក់​លាក់។ ការ​ហាត់​កីឡា ប្រភេទ​នេះ ពេលខ្លះ​ក៏បាន​ផ្ដល់នូវ​ផលវិបាក​ផងដែរ ប្រសិនបើ​ការហាត់​ពុំបាន​ត្រឹមត្រូវ។ កីឡា​ហាត់​ដើម្បី​ឱ្យមាន​សុខភាពល្អ ប៉ុន្ដែ ហាត់​កីឡា​ក៏ទាមទារ​ឱ្យអ្នក​ហាត់​មាន​សាច់ដុំ ត្រូវមាន​កម្លាំង និង​ថាមពល​គ្រប់គ្រាន់​ហើយ​ដែល​ទាំង​អស់នេះ​បានមក​ពីការ​ទទួល ទាន​ចំណី​អាហារ​និង​សម្រាក​គ្រប់គ្រាន់។ ប្រសិនបើ​លោកអ្នក​ហាត់​ដើម្បី​ចង់​បាន​សាច់ដុំធំៗ​លោកអ្នក​គួរ​ទទួល​ទាន​អាហារ​ដែល សម្បូរ​ប្រូតេអ៊ីន​ឱ្យបាន​ច្រើន។

ប្រការ​គួរប្រតិបត្ដិ

  • មុននឹងចាប់ផ្ដើមហាត់ លោកអ្នក​គួរ​កំដៅ​សាច់ដុំ​ឱ្យបាន​ពី៥ទៅ​១០នាទី​ជាមុន​សិន​ដើម្បី​ឱ្យសាច់ដុំ​មាន​ចលនា​បានល្អ
  • ចៀសវាង​ការហាត់​ទាំងបង្ខំ ដែល​ជាហេតុ​ធ្វើឱ្យ​បាក់​កម្លាំង និងអាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព
  • ប្រសិនបើ​ហាត់ដើម្បី​សុខភាព លោកអ្នក​គួរហាត់​ឱ្យបាន​គ្រប់​ចលនា​ទាំងអស់​នៃ​សាច់ដុំ​ប៉ុន្ដែក៏​មិនត្រូវ​ហាត់​ធ្ងន់ៗ​និងជា ប្រចាំថ្ងៃ​ពេកទេ។ ជាការល្អ គួរហាត់​ពីរថ្ងៃម្ដង​ដើម្បីឱ្យ​សាច់ដុំ​មានការ​សម្រាក​គ្រប់គ្រាន់។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការហាត់​កីឡា​គ្រប់​ប្រភេទ​គឺដើម្បី​ចង់ឱ្យ​មាន​សុខភាពល្អ រាង​កាយ​មាំមួន​ប៉ុន្ដែ​សូម​លោកអ្នក​មេត្ដា​ប្រុង​ប្រយ័ត្ន​កុំឱ្យការ ហាត់​កីឡា​នេះ​ប៉ះពាល់​ដល់​សុខភាព​របស់​លោកអ្នក​ឱ្យសោះ។ ប្រការ​សំខាន់​ដើម្បី​ទ្រទ្រង់​ជីវិត​និង​សុខភាព​ឱ្យបាន​ល្អ លោកអ្នក​គួរ ចៀសវាង​ការប្រើ​ប្រាស់​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ព្រោះ​ជាតិ​ញៀន​ទាំង​នេះ​ជះឥទ្ធិពល​មិនល្អ​សម្រាប់​ខ្លួន​ប្រាណ និង​សង្គម​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *