ជាការពិតណាស់ប្រជាជនខ្មែរយើងសព្វថ្ងៃនេះភាគច្រើនមិនទាន់បានជ្រាបច្បាស់នោះទេ អំពីការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមសុខភាពរបស់ខ្លួន ជាពិសេសសម្រាប់អ្នកជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះតែម្ដង។ វិធីលំហាត់ប្រាណ សម្រាប់អ្នកជម្ងឺសន្លាក់ឆ្អឹងនេះ មិនមែនចេះតែហាត់ទៅតាមការនឹកឃើញនេះទេ គឺត្រូវតែធ្វើលំហាត់ប្រាណទៅតាមការណែនាំរបស់ គ្រូពេទ្យឯកទេស ទើបធ្វើឱ្យសន្លាក់ឆ្អឹងរបស់លោកអ្នកមានសុខភាពល្អឡើងវិញ។ បើសិនជាលោកអ្នកមិនអនុវត្ដន៍តាមការណែនាំ ឬក៏ចេះតែហាត់ទៅតាមនឹកឃើញនោះ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសជម្ងឺសន្លាក់ឆ្អឹង សាច់ដុំ និងជម្ងឺទូទៅ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នឹងធ្វើការណែនាំអំពីវិធីលំហាត់ប្រាណសម្រាប់អ្នកជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម ដើម្បីឱ្យលោកអ្នក បានយល់ដឹងបានកាន់តែច្បាស់អំពីវិធីសាស្ដ្រនេះ។
ជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម
ជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមគឺជាប្រភេទជម្ងឺដែលមានទំនាក់ទំនងជាមួយនឹងការសឹករេចរឹល ការទ្រុឌទ្រោម និងចុះខ្សោយ នៃសន្លាក់ឆ្អឹងរបស់មនុស្សម្នាក់ៗ។ ភាពទ្រុឌទ្រោមនៃសន្លាក់ឆ្អឹងរបស់មនុស្សនេះច្រើនតែកើតមានឡើងចំពោះមនុស្សវ័យកណ្ដាល និងវ័យចំណាស់ដោយចាប់ពីអាយុ៤០ទៅ៥០ឡើងទៅ។ ជម្ងឺសន្លាក់ឆ្អឹងនេះភាគច្រើនបានស្ដែងឱ្យលោកអ្នកបានដឹងតាមអាការមួយ ចំនួន ដូចជានៅពេលដើរឬក៏រត់លោកអ្នកតែងតែមានអារម្មណ៍ថាឈឺចុកចាប់នៅនឹងកន្លែងសន្លាក់ ហើយនៅពេលដែលសម្រាកគឺ មិនមានការឈឺចាប់នោះទេ។ លើសពីនេះជម្ងឺសន្លាក់អាចមានអាការដូចជាប៉ោងហើម តឹង ធ្វើឱ្យអ្នកជម្ងឺពិបាកធ្វើចលនា ជាពិសេស នៅពេលដែលឡើងជណ្ដើរ ឬចុះជណ្ដើរគឺមានការលំបាកបំផុត។
វិធីហាត់ប្រាណសម្រាប់អ្នកជម្ងឺសន្លាក់
វិធីហាត់ប្រាណសម្រាប់អ្នកជម្ងឺសន្លាក់មិនមែនចេះតែធ្វើទៅតាមការនឹកឃើញដោយខ្លួនឯងនេះទេ គឺត្រូវតែអនុវត្ដទៅ តាមការណែនាំរបស់អ្នកជំនាញដូចជា :
- វិធីហែលទឹក : នេះគឺវិធីមួយដ៏ល្អបំផុតសម្រាប់អ្នកជម្ងឺសន្លាក់ ព្រោះវិធីហែលទឹកនេះអាចធ្វើឱ្យទម្ងន់របស់អ្នកជម្ងឺនេះ មិនសង្កត់ទៅលើសរីរៈ ដូចជាជង្គង់ កជើង ឬឆ្អឹងត្រគាកនោះទេ។
– វិធីជិះកង់ : បើសិនជាលោកអ្នកមិនអាចធ្វើដូចវិធីខាងលើនេះបាន មានវិធីមួយទៀតគឺជិះកង់នេះ ប៉ុន្ដែវិធីនេះមិនសូវជា មានប្រសិទ្ធភាពប៉ុណ្ណោះនេះទេ។
– វិធីលើកជើង : បើសិនជាអ្នកជម្ងឺកំពុងឈឺតែម្ដង ហើយមិនអាចធ្វើលំហាត់ប្រាណបានដូចជាវិធីខាងលើ គ្រូពេទ្យបានណែ នាំឱ្យអ្នកជម្ងឺឧស្សាហ៍លើកជើងឱ្យបានច្រើនដង ជាពិសេសគឺនៅពេលព្រឹក។ អ្នកជម្ងឺត្រូវតែបរិភោគអាហារឱ្យបានគ្រប់គ្រាន់ និង សម្បូរទៅដោយជាតិកាល់ស្យូម វីតាមីនដេ ជាតិប្រូតេអ៊ីន នេះគឺជាវិធីជួយឱ្យសុខភាពឆ្អឹងរឹងមាំល្អ។
ដំបូន្មានអ្នកជំនាញ
បើសិនជាលោកអ្នកនាងកញ្ញាដែលកើតមានការឈឺសន្លាក់គួរតែប្រញាប់មកព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីការពារ កុំឱ្យជម្ងឺនេះវិវឌ្ឍន៍បន្ដទៅទៀត ដែលមិនអាចព្យាបាលបាន ហើយឈានទៅដល់ការវះកាត់ ដែលត្រូវចំណាយថវិកាច្រើន ដែលអាច ប៉ះពាល់ទៅដល់ជីវភាពគ្រួសារ នេះគឺជារឿងមួយមិនល្អនោះទេ។ សម្រាប់លោកអ្នកនាងកញ្ញាដែលមិនទាន់កើតមានជម្ងឺសន្លាក់នេះ លោកអ្នកគួរតែមានវិធានការការពារ ដើម្បីកុំឱ្យកើតមានជម្ងឺនេះ ដូចជាបើសិនជាលោកអ្នកលើសទម្ងន់ គួរតែសម្រកទម្ងន់។ ហើយ ចំពោះលោកអ្នកដែលចូលចិត្ដទទួលទានគ្រឿងស្រវឹងឬក៏បារី លោកអ្នកគួរតែកាត់បន្ថយ ជាពិសេសគួរតែបរិភោគអាហារឱ្យបាន គ្រប់គ្រាន់ ដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីនដេ ជាតិប្រូតេអ៊ីន នេះគឺជាវិធីជួយឱ្យសុខភាពឆ្អឹងរឹងមាំល្អ។ អ្វីដែល ល្អជាងនេះគឺត្រូវតែស្វែងរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើការព្យាបាល។
Leave a Reply