បច្ចុប្បន្នការប្រើប្រាស់វ៉ែនតាមិនមែនគ្រាន់តែជួយបំភ្លឺភ្នែកប៉ុណ្ណោះទេ តែវាក៏អាចជួយការពារភ្នែកពីពន្លឺកាំរស្មីព្រះអាទិត្យនិងផ្ដល់សោភ័ណភាពសម្រស់របស់លោកអ្នកបានថែមមួយកម្រិតផងដែរ។ គុណសម្បត្ដិទាំងនេះលោកអ្នកអាចទទួលបាន លុះត្រាតែលោកអ្នកមានការជ្រើសរើសប្រភេទវ៉ែនតាដែលត្រូវទៅនឹងដឺក្រេភ្នែក និងទម្រង់មុខមាត់របស់លោកអ្នក។ តើមានប្រភេទវ៉ែនតា ណាខ្លះដែលសក្ដិសមនឹងលោកអ្នកហើយគួរជ្រើសរើសតាមរបៀបណា?
លោក អ៊ឹង ឌីប៉ូឡា នាយកគ្រប់គ្រងហាងវ៉ែនតា អាយឃែរ នឹងធ្វើការបកស្រាយនូវចម្ងល់ទាំងអស់នេះតាមរយៈ ទស្សនាវដ្ដីសុខភាពយើង ដើម្បីជូនប្រិយមិត្ដអ្នកអានឱ្យស្វែងយល់ពីវិធីជ្រើសរើសវ៉ែនតាឱ្យមានលក្ខណៈប្រសើរ។
ហេតុអ្វីត្រូវប្រើប្រាស់វ៉ែនតា?
ប្រហែលជា២០ឬ៣០ឆ្នាំមុន ការពាក់វ៉ែនតាគឺដោយសារភ្នែកមើលមិនសូវច្បាស់។ តែរហូតមកដល់ពេលនេះការពាក់វ៉ែនតាមិនមែនដោយសារភ្នែកមើលមិនច្បាស់ប៉ុណ្ណោះនោះទេ។ ផ្ទុយទៅវិញលោកអ្នកដែលមានភ្នែកភ្លឺថ្លានោះក៏ពាក់បានដែរ ព្រោះវ៉ែនតាមិនមែនជាឧបករណ៍មួយប្រើសម្រាប់តែជំនួយឱ្យមើលច្បាស់នោះទេ តែអាចជួយលើកសម្រស់ថែមទៀត ដូចជាអ្នកខ្លះពាក់ទៅ មើលឃើញស្អាតជាងមុនអ្នកខ្លះពាក់ទៅឃើញឱ្យកាចឬស្លូតជាងមុន អ្នកខ្លះទៀតពាក់ទៅឃើញមានភាពសិចស៊ីជាងមុន។ល។
វិធីជ្រើសរើសវ៉ែនតា
ការជ្រើសរើសវ៉ែនតាឱ្យមានលក្ខណៈប្រសើរមានការពិបាកបន្ដិច ព្រោះវ៉ែនតាមានច្រើនប្រភេទ និងច្រើនសណ្ឋានទៅតាម ទម្រង់មុខនិងសុខភាពភ្នែករបស់មនុស្សម្នាក់ៗ។ ដើម្បីជ្រើសរើសឱ្យបានប្រសើរនោះ គឺត្រូវមានការគួបផ្សំរវាងដងវ៉ែនតា និងកញ្ចក់ វ៉ែនតាផងដែរ។
1. វិធីជ្រើសរើសវ៉ែនតាកញ្ចក់ពណ៌ស ៖ វ៉ែនតាប្រភេទនេះភាគច្រើនគឺផលិតតម្រូវទៅតាមចំនួនដឺក្រេភ្នែករបស់អ្នកពាក់ដោយត្រូវធ្វើការវាស់ភ្នែកឱ្យបានត្រឹមត្រូវ រួចលោកអ្នកត្រូវជ្រើសរើសវ៉ែនតាប្រភេទណាដែលសមនឹងទម្រង់មុខ។ លេខដឺក្រេភ្នែកនេះជាលក្ខខណ្ឌមួយនៅក្នុងការជ្រើសរើសដងវ៉ែនតាឱ្យសក្ដិសមនឹងកញ្ចក់វ៉ែនតា។
- សម្រាប់លោកអ្នកដែលមានដឺក្រេភ្នែកខ្ពស់(មើលឆ្ងាយពុំច្បាស់ឬភ្នែកមីញ៉ូប)នោះ គួរគប្បីជ្រើសរើសដងវ៉ែនតាតូចល្មមសក្ដិសមនឹងមុខរបស់ខ្លួន ដើម្បីកុំឱ្យមើលឃើញកម្រាស់កញ្ចក់វ៉ែនតាក្រាស់ពេក។
- សម្រាប់លោកអ្នកដែលមានដឺក្រេខ្ពស់ (មើលជិតពុំច្បាស់ឬភ្នែកប្រេស្ប៊ីត) លោកអ្នកគួរគប្បីជ្រើសរើសដងវ៉ែនតាដែលមានមុខរាងធំបន្ដិច ដើម្បីឱ្យគែមកញ្ចក់ចូលទៅក្នុងស៊ុមវ៉ែនតា មើលទៅឃើញកញ្ចក់នោះរាងស្ដើងបន្ដិច។
2. វិធីជ្រើសរើសវ៉ែនតាកញ្ចក់ពណ៌ខ្មៅ ៖ ការជ្រើសរើសវ៉ែនតាខ្មៅសម្រាប់ការពារពន្លឺថ្ងៃ ឬដើម្បីភាពស្រស់សង្ហានោះច្រើននិយមប្រភេទវ៉ែនតាណាដែលមានមុខកាន់តែធំ មានរាងជាពងក្រពើ បះឡើងលើ ឬជ្រុងហើយរាងមូលនៅគែមៗ ឬជ្រុងរាង កោង។ល។ ការជ្រើសរើសនេះទៀតសោតគឺអាស្រ័យទៅលើចំណង់ចំណូលចិត្ដរបស់អ្នកប្រើ។ បើមិនមានបញ្ហាភ្នែកទេនោះ លោកអ្នកអាចគ្រាន់តែទិញវ៉ែនតាណាដែលលោកអ្នកចូលចិត្ដ និងសមនឹងទម្រង់មុខជាការស្រេច។ ក៏ប៉ុន្ដែបើអ្នកមានបញ្ហាភ្នែកហើយ អ្នក ចង់បានវ៉ែនតាពណ៌ខ្មៅនោះសូមជ្រើសរើសដងវ៉ែនតាដែលសក្ដិសមនឹងទម្រង់មុខ រួចកាត់កញ្ចក់វ៉ែនតាទៅតាមដឺក្រេភ្នែក និង បញ្ចូលពណ៌ទៅតាមចំណង់ចំណូលចិត្ដរបស់លោកអ្នកបាន។
3. វិធីជ្រើសរើសដងវ៉ែនតា ៖ ដងវ៉ែនតាមានច្រើនប្រភេទ ទើបពិបាកបន្ដិចក្នុងការពិនិត្យនិងជ្រើសរើសពីសោភ័ណភាពនិងគុណភាព។ ទាំងនេះអាស្រ័យទៅលើទឹកថ្នាំក្រូម៉េលើដងវ៉ែនតា ប្រភេទដែកដែលយកមកធ្វើ ជ័រនៅខ្ទង់ច្រមុះ និងជ័រនៅកន្ទុយ។ ដងវ៉ែនតាចែកចេញជាបីប្រភេទ គឺប្រភេទមានស៊ុមព័ទ្ធជុំវិញ ប្រភេទមានស៊ុមពាក់កណ្ដាល និងប្រភេទចាប់ខ្ចៅ(អត់ស៊ុម)។ ចំពោះ ប្រភេទទាំងបីមានរាងខុសៗគ្នាដូចជារាងពងក្រពើ បួនជ្រុង ឬរាងមូល។
4. វិធីជ្រើសរើសទៅតាមទម្រង់មុខ ៖ មនុស្សយើងមានទម្រង់មុខដោយឡែកៗពីគ្នា តែយើងអាចកំណត់ទម្រង់មុខតែពីរប៉ុណ្ណោះក្នុងការជ្រើសរើសវ៉ែនតាសម្រាប់យកមកប្រើប្រាស់ឱ្យសក្ដិសម។
- ប្រសិនបើលោកអ្នកមានមុខមូលធំហើយខ្លីនោះ គួរជ្រើសរើសប្រភេទវ៉ែនតាណាដែលមានរាងពងក្រពើ ហើយត្រដក់ឬធ្លាក់ចុះក្រោមបន្ដិច ដើម្បីធ្វើឱ្យមុខរបស់លោកអ្នកមើលទៅរាងវែងបន្ដិច។
- ប្រសិនបើលោកអ្នកមានមុខរាងស្គមទ្រវែងចុះក្រោម គួរគប្បីជ្រើសរើសវ៉ែនតាដែលមានរាងបួនជ្រុងទ្រវែង ព្រោះអាចធ្វើឱ្យមុខរបស់លោកអ្នកមានរាងធំបន្ដិច ហើយមើលទៅរាងខ្លីជាងមុន។
គុណសម្បត្ដិនៃការប្រើប្រាស់វ៉ែនតាដែលសក្ដិសម
- ចំពោះអ្នកមានបញ្ហាភ្នែក ៖ ប្រសិនបើធ្វើការវាស់ភ្នែកបានត្រឹមត្រូវទៅតាមស្ថានភាពសុខភាពភ្នែកនោះ លោកអ្នកពិតជាទទួលបាននូវការមើលឃើញច្បាស់ជាមិនខាន។ ផ្ទុយទៅវិញបើការវាស់ភ្នែកធ្វើឡើងមិនបានល្អប្រសើរ កាន់តែធ្វើឱ្យពិបាកក្នុងការ សម្លឹងមើលដូចជាធ្វើឱ្យលោកអ្នកមើលឃើញច្បាស់ពេក ឬមិនសូវច្បាស់ដែលបង្កឱ្យវិលមុខនិងឈឺក្បាល។
- ចំពោះអ្នកមិនមានបញ្ហាភ្នែក ៖ លោកអ្នកអាចប្រើកញ្ចក់វ៉ែនតាប្រភេទការពារពន្លឺថ្ងៃ និងអាចធ្វើឱ្យអ្នកចៀសផុតពីចំណាំងផ្លាតពីកុំព្យូទ័រឬជាតិឆក់ពីកុំព្យូទ័រ ពន្លឺចាំងផ្លាតពីហ្វាររបស់ឡាន ឬម៉ូតូបានមួយកម្រិតធំ។ បើលោកអ្នកពាក់វ៉ែនតាដើម្បី ការពារពន្លឺព្រះអាទិត្យវិញនោះអាចជួយការពារកាំរស្មីព្រះអាទិត្យបានមួយរយភាគរយ និងដើម្បីការពារកុំឱ្យកើតជម្ងឺភ្នែកផ្សេងផង ដែរ ដូចជារលាកត្របកភ្នែក ឡើងបាយចាញ់ពន្លឺថ្ងៃជាដើម។
វិធីថែរក្សាវ៉ែនតា
ការថែរក្សាវ៉ែនតាមិនមែនជារឿងលំបាកនោះទេ គ្រាន់តែទាមទារឱ្យលោកអ្នកធ្វើការសម្អាតជារៀងរាល់ថ្ងៃ។ លោកអ្នក គួរសម្អាតទាំងដងនិងកញ្ចក់វ៉ែនតាឱ្យបានយ៉ាងហោចណាស់ក៏មួយថ្ងៃ១ទៅ២ដងដែរ ដើម្បីកម្ចាត់ញើស និងធូលីដី។
- ចំពោះកញ្ចក់វ៉ែនតា ៖ លាងជាមួយទឹកធម្មតារួចជូត ឬក៏ផ្លុំឱ្យអស់ធូលីសិន សឹមជូតដោយយកក្រណាត់ដែលហាងវ៉ែនតា ឱ្យឬកន្សែងពោះគោទន់ហើយស្អាត។ ចំពោះកញ្ចក់ការពារពន្លឺកុំព្យូទ័រ និងកាំរស្មីព្រះអាទិត្យ សូមប្រយ័ត្នកុំឱ្យប៉ះជាមួយជាតិអាល់ កុល ដូចជាកន្សែងក្រអូបទឹកអប់ ស្ព្រៃយ៍។ល។ ក្នុងករណីដែលប៉ះជាតិខាងលើ ត្រូវលាងកញ្ចក់ជាមួយសាប៊ូ និងទឹកភ្លាម។ រីឯដងចាប់ខ្ចៅត្រូវដោះវ៉ែនតាចេញជាមួយដៃទាំងពីរ ព្រោះកញ្ចក់ងាយស្រួយនិងបែក។
- ចំពោះដងវ៉ែនតា ៖ យកកន្សែងពោះគោដែលទន់ហើយស្អាតមកជូតឱ្យបានស្អាត។ បើសិនជាមានរលុងខ្ចៅ ឬដងវៀចដោយប្រការណាមួយនោះ គួររកអ្នកជំនាញត្រឹមត្រូវជួសជុល ចៀសវាងការធ្វើដោយខ្លួនឯង។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលមិនទាន់ប្រើប្រាស់វ៉ែនតា ឬក៏បានប្រើប្រាស់ហើយនោះ គួរទៅធ្វើការពិនិត្យភ្នែករៀងរាល់៦ខែទៅ១ឆ្នាំ ម្ដង។ លើសពីនេះរាល់ការទិញវ៉ែនតាយកមកប្រើប្រាស់នោះ គួរតែមានការពិនិត្យ ឬវាស់ភ្នែកឱ្យបានត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply