ការជក់បារីពិតជានាំមកនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ មិនចំពោះតែអ្នកប្រើប្រាស់នោះទេ សូម្បីតែអ្នកដែលបានស្រូបផ្សែងរបស់វាពីគេក៏រងគ្រោះដល់សុខភាពផងដែរ។ បច្ចុប្បន្ននេះនៅទីសាធារណៈមួយចំនួន ជាពិសេសនៅតាមកន្លែង ធ្វើការ មិនថាជាស្ថាប័នរដ្ឋឬឯកជននោះទេ លោកអ្នកតែងតែសង្កេតឃើញមានផ្លាកបម្រាមហាមជក់បារី។ តើហេតុអ្វីបានជានៅកន្លែងសាធារណៈទាំងនោះត្រូវគេដាក់បម្រាមកុំឱ្យជក់បារីទៅវិញ ខណៈដែលប្រទេសកម្ពុជានៅមិនទាន់មានច្បាប់ជាតិណាមួយ ប្រឆាំងនឹងការជក់បារីនៅកន្លែងសាធារណៈនៅឡើយនោះ?
លោកអ្នកអាចជ្រាបពីហេតុផលទាំងនោះតាមរយៈទស្សនាវដ្ដី សុខភាពយើង នៅក្នុងទំព័រនេះដោយមានការបកស្រាយ របស់លោក ស៊ុងវិនតាក់ ប្រធានផ្នែកថ្នាំជក់ និងសុខភាពនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល។
បារីប៉ះពាល់អ្វីខ្លះដល់សុខភាព?
នៅក្នុងបារី ឬផលិតផលថ្នាំជក់មានផ្ទុកសារធាតុគីមីជាង៤០០០ប្រភេទ ដោយក្នុងនោះមានប្រមាណ៦០ភាគរយអាចបង្កឱ្យកើតជម្ងឺមហារីកបាន។ សារធាតុទាំងអស់នោះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើអ្នកប្រើប្រាស់ ក៏ដូចអ្នកដែលបានស្រូបយកផ្សែងបារីចាប់តាំងពីចុងជើងដល់ក្បាលដូចជានាំឱ្យមានជម្ងឺមហារីកសួត មហារីកបោ្លកនោម មហារីកក្រពះ មហារីកដោះ មហារីកមាត់ស្បូន ជម្ងឺបេះដូងជម្ងឺដាច់សរសៃឈាមខួរក្បាលជាដើម ព្រមទាំងធ្វើឱ្យស្បែកឆាប់ចាស់ជាងវ័យ និងធ្វើឱ្យធ្មេញឡើងពណ៌លឿង ឬពណ៌ខ្មៅ ជាដើម។
មូលហេតុដាក់បម្រាមហាមជក់បារីនៅកន្លែងសាធារណៈ?
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានអត្រាអ្នកប្រើប្រាស់ថ្នាំជក់់ប្រមាណជា២.៦លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំង ប្រទេសដែលមានបុរសប្រមាណជា៥៤ភាគរយ និងស្ដ្រីប្រមាណជា៦ភាគរយ។ ដោយឃើញមានចំនួនអ្នកជក់បារីកើនច្រើនឡើង យ៉ាងនេះទើបនៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០០៥ កម្ពុជាបានចូលជាសមាជិកអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្ដីពីការត្រួតពិនិត្យថ្នាំជក់សំដៅធ្វើយ៉ាងណាកាត់បន្ថយការប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ដោយទប់ស្កាត់កុំឱ្យអ្នកដែលមិនចេះប្រើប្រាស់ថ្នាំជក់ ចង់ប្រើ ឬទទួលរងនូវការស្រូបផ្សែងថ្នាំជក់ទាំងនោះ។
កន្លែងដែលដាក់បម្រាម
ថ្វីបើកម្ពុជាបានចូលជាសមាជិកអនុសញ្ញាអង្គការសុខភាពពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសយើងនៅមិនទាន់មានច្បាប់ប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់នោះដែរ។ ប៉ុន្ដែបច្ចុប្បន្ននេះនៅតាមក្រសួងស្ថាប័នចំនួន៦របស់រាជរដ្ឋាភិបាលបានចេញសារាចរហាមជក់បារីនៅក្នុងអង្គភាពនិងស្ថាប័នក្រោមឱវាទរបស់ក្រសួងទាំងនោះ។ ជាពិសេសក្រសួងសុខាភិបាលបានធ្វើការផ្សព្វផ្សាយនៅ តាមមណ្ឌលសុខភាពគ្រប់ខេត្ដក្រុងដើម្បីដាក់បម្រាមទាំងនេះ។ លើសពីនេះនៅតាមវត្ដអារាម សាលារៀន សកលវិទ្យាល័យនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក៏បានដាក់បម្រាមហាមជក់បារីនេះដែរ។ គ្រប់កន្លែងដែលបានប្រកាសមិនឱ្យជក់បារីទាំងអស់ បើទោះបីជាមិនអនុវត្ដន៍ឱ្យបាន១០០ភាគរយយ៉ាងណាក៏ដោយក៏គេឃើញថាប្រតិបត្ដិបានប្រមាណជា៧០ ទៅ៨០ភាគរយដែរ។
ការមិនអនុវត្ដន៍បម្រាមហាមជក់បារី
ប្រសិនបើលោកអ្នកមិនគោរពតាមនូវបម្រាមហាមកុំឱ្យជក់បារីទេនោះ វាអាចធ្វើឱ្យអ្នកធ្វើការជាមួយ ឬអ្នកនៅជុំវិញទទួលរងនូវផ្សែងបារីទាំងនោះពីលោកអ្នក។ ផ្សែងបារីមិនងាយនឹងបំបាត់បានទេ បើវាកំពុងស្ថិតនៅក្នុងបរិយាកាសមួយដែលមិនមាន ខ្យល់ចេញចូលបានគ្រប់គ្រាន់នោះហើយហោះហើរពាសពេញកន្លែងធ្វើការរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឱ្យមាន ភាពកខ្វក់ និងគ្មានអនាម័យ។ នៅប្រទេសយើងមិនទាន់មានការរើសអើងចំពោះអ្នកប្រើប្រាស់ថ្នាំជក់នៅឡើយទេ ហើយក៏គ្មានអ្នកណាម្នាក់ប្ដឹងទៅថ្នាក់លើនូវទង្វើដែលអ្នកប្រព្រឹត្ដខុសនៅកន្លែងធ្វើការ ឬកន្លែងណាផ្សេងដែលមានដាក់បម្រាមនោះដែរ។ ការមិន ជក់បារីនៅកន្លែងធ្វើការ ឬនៅទីសាធារណៈគឺអាស្រ័យទៅលើការសម្រេចចិត្ដរបស់លោកអ្នកផ្ទាល់ ថាលោកអ្នកគួរធ្វើអ្វីដែល ប្រសើរសម្រាប់ខ្លួនឯង និងអ្នកនៅជុំវិញអ្នកដែរ ឬទេ?
គួរប្រើប្រាស់ថ្នាំជក់នៅពេលណាខ្លះ?
លោកអ្នកដែលមានទម្លាប់ជក់បារី ហើយមិនអាចផ្ដាច់បាននោះ គួរគប្បីជក់នៅកន្លែងណាដែលមិនមានបម្រាមហាមជក់បារី ។ ជាពិសេសលោកអ្នកគួរជក់បារីនៅទីណាដាច់ដោយឡែក ឬនៅឱ្យឆ្ងាយពីគេទាំងពួង ដើម្បីកុំឱ្យមានមនុស្ស ឬមានសមាជិកគ្រួសារអាចស្រូបផ្សែងបារីបាន។ ទោះបីជាគ្មានច្បាប់ណាមួយគាបសង្កត់ឱ្យលោកអ្នកឈប់ជក់បារីក៏ដោយ ក៏លោកអ្នកគួរតែមានទឹកចិត្ដជួយការពារសុខភាពរាងកាយអ្នកដទៃផ្សេងទៀត ដើម្បីឱ្យពួកគេទាំងនោះអាចចៀសផុតនូវការប៉ះពាល់ដែលបង្កដោយទង្វើរបស់ លោកអ្នក។ អ្វីៗដែលលោកអ្នកគួរដឹងនិងប្រតិបត្ដិឱ្យបានល្អសម្រាប់រស់នៅក្នុងសង្គមមួយដោយមានភាពថ្លៃថ្នូរ និងសុជីវធម៌ប្រពៃ នោះ លោកអ្នកគួរតែកុំគិតនិងកុំធ្វើអ្វីដោយតម្រូវទៅតាមចិត្ដរបស់ខ្លួន ហើយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួនឱ្យសោះ។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលកំពុងប្រើប្រាស់ថ្នាំជក់ គួរគិតថាតើការជក់បារីវានាំមកនូវសារៈប្រយោជន៍អ្វីខ្លះដល់លោកអ្នក និងអ្នកនៅជុំ វិញខ្លួន។ លោកអ្នកគួរចងចាំថាបារីមិនបានជួយអ្វីទាល់តែសោះសម្រាប់គ្រួសារលោកអ្នក លើសពីនេះវាមិនត្រឹមតែបំផ្លាញប្រាក់កាស លោកអ្នកនោះទេតែវាថែមទាំងបំផ្លាញសុខភាពលោកអ្នកទៀតផង។ ការជំរុញឱ្យអ្នកប្រើប្រាស់ថ្នាំជក់ឈប់ជក់បារីនោះ វាជារឿង សំខាន់ណាស់។ សូមជួយលើកទឹកចិត្ដពួកគាត់ ឱ្យផ្ដាច់ការជក់បារីឱ្យបាន១០០ភាគរយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply