វិធី​ជ្រើស​រើស​សាប៊ូ​ដុសខ្លួន

ស្បែក​ស្រស់​ស្អាត​ភ្លឺរលោង​ជាបំណង​ប្រាថ្នា​សម្រាប់​មនុស្ស ជាពិសេស​សុភាពនារី​តែម្ដង។ ដើម្បី​ធ្វើឱ្យ​ស្បែក​ស្អាត​តាម បំណង​ប្រាថ្នា​នោះ លោកអ្នក​តែងតែ​និយម​ប្រើ​ប្រាស់​នូវ​ផលិតផល​សាប៊ូ​សម្រាប់​​សម្អាត​ខ្លួនជា​ច្រើន​ប្រភេទ​ផ្សេងៗ។ ផលិត​ផល​ទាំង អស់នោះ ខ្លះ​មាន​សារ​ប្រយោជន៍ តែខ្លះ​ទៀត​វាអាច​បំផ្លាញ​ស្បែក​របស់​លោកអ្នក​ទៅវិញ​ជាពិសេស​ប្រសិន​បើ​លោកអ្នក​មិន​បាន​យល់ ពីរបៀប​ជ្រើស​រើស​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ថ្វីបើ​មាន​ផលិតផល​ច្រើន​ប្រភេទ​មាន​លក់​នៅលើ​ទីផ្សារ​ក៏ដោយ លោកអ្នក​ពិត​ជាពិបាក​ក្នុងការ​ជ្រើស​រើស​សាប៊ូលាង​ខ្លួន ដែល​ប្រកប​ដោយ​គុណ​ប្រយោជន៍​ក្នុងការ​ថែទាំ​ស្បែក​ខ្លួន​ប្រាណ​ឱ្យទន់​រលោង​ណាស់។ ដើម្បី​ជាជំនួយ​ក្នុងការ​ជ្រើស​រើស​សាប៊ូ​ដុសខ្លួន ឱ្យសម​ស្រប និង​អាច​ជួយ​ដល់​ស្បែក​ផងនោះ ទស្សនាវដ្ដី សុខភាពយើង​នឹង​សូម​លើក​យកអំពី​របៀប​ជ្រើស​រើស​សាប៊ូ​ដុសខ្លួន​មក ជម្រាប​ជូន​ប្រិយមិត្ដ​អ្នកអាន។

ហេតុអ្វី​ត្រូវ​លាង​សម្អាត​ខ្លួននឹង​សាប៊ូ?

ការ​សម្អាត​ខ្លួន​គឺជាក្បួន​អនាម័យ​ដែល​មនុស្ស​ម្នាក់ៗ​តែង​ប្រតិបត្ដិ​ជារៀង​រាល់ថ្ងៃ។ បើទោះ​ជាការ​សម្អាត​នោះច្រើន​លើក ច្រើន​សាយ៉ាង​ណាក្ដី ក៏វាមិន​អាច​សម្លាប់​មេរោគ ឬបាក់​តេរី​បាន​ដែរ​ប្រសិន​បើ​លោកអ្នក​មិន​ធ្វើការ​សម្អាត​នឹង​សាប៊ូ​នោះទេ។ ការប្រើ ប្រាស់​សាប៊ូ​ដុសខ្លួន​នៅរាល់​ពេល​ងូតទឹក មិន​ត្រឹមតែ​ជួយ​កម្ចាត់​មេរោគ​នោះទេ​ថែម​ទាំង​ជួយ​ធ្វើឱ្យ​ស្បែក​របស់​លោកអ្នក​ស្រស់​ស្អាត ទៀតផង។ តែមិន​មែន​មានន័យ​ថា​រាល់​សាប៊ូ​លាងខ្លួន​ទាំង​អស់​សុទ្ធតែ​អាចជួយ​ឱ្យស្បែក​ស្អាត​បាន​នោះទេ គឺវា​អាស្រ័យ​ទៅតាម ប្រភេទ​នៃសាប៊ូ​ដែល​លោកអ្នក​ជ្រើស​រើស​យក​មកប្រើ​ប្រាស់​ផងដែរ។

វិធី​ជ្រើស​រើស​សាប៊ូ​លាង​ខ្លួន

ដើម្បី​ជ្រើស​រើស​ប្រភេទ​សាប៊ូ​លាងខ្លួន​ដែល​អាច​ជួយ​ថែរក្សា​ស្បែក​ឱ្យមាន​ភាពទន់​រលោង​នោះ​លោកអ្នក​គួរតែ​ធ្វើការ​ជ្រើស​រើស​ប្រើ​សាប៊ូ​លាងខ្លួន​ដែល​មាន​ជាតិ​ទឹកដោះ​គោ ឬមាន​ជាតិ​ទឹកឃ្មុំ​ហើយ​បើមាន​ជាតិ​វីតាមីន​ដែល​ជួយ​ការពារ​កម្ដៅ​ថ្ងៃ​ថែម ទៀត​នោះ រិតតែ​ប្រសើរ។ ព្រោះសារ​ធាតុ​ទាំងនេះ​អាច​ជួយធ្វើ​ឱ្យស្បែក​លោកអ្នក​មានភាព​ទន់​រលោង​និង​អាច​ជួយ​ទ្រទ្រង់​ស្បែក​ឱ្យ នៅចាំ មិនជ្រីវ​ជ្រួញ​ថែម​ទៀត​ផង។

ប្រការ​គួរ​ចៀស​វាង

លោកអ្នក​មិនគួរ​ជ្រើស​រើស​សាប៊ូ​ប្រភេទដុំ​យក​មកលាង​សម្អាត​ខ្លួននោះ​ទេ ព្រោះ​សាប៊ូ​ប្រភេទ​នេះអាច​ធ្វើឱ្យ​ស្បែក​លោក អ្នកស្ងួត មិនទន់ និង​ងាយ​ជ្រីវ​ជ្រួញ ហើយ​ថែមទាំង​ធ្វើឱ្យ​ស្បែក​ងាយរង​នឹង​ប្រតិកម្ម​ថែម​ទៀតផង។ ម្យ៉ាង​ទៀត​លោកអ្នក​គួរពាក់ អាវខោ​ឬសំពត់​ដែល​មានដៃ​ឬជើង​វែង​នៅរាល់​ការធ្វើ​ដំណើរ​ចេញ​ទៅក្រៅ​ដែលប៉ះ​នឹង​កម្ដៅថ្ងៃ​ដើម្បី​ការពារ​ស្បែក។

បណ្ដាំផ្ញើ

សូម​លោកអ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ដិច​ក្នុងការ​ជ្រើស​រើស​សាប៊ូ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ចៀសវាង​មាន​ប្រតិកម្ម​ស្បែក ផ្សេងៗ​ជាយ​ថាហេតុ។ លោកអ្នក​គួរគប្បី​ទិញ​សាប៊ូ​ណាដែល​មានផ្លាក​សញ្ញា និង​កាល​បរិច្ឆេទ​ឱ្យបាន​ច្បាស់​លាល់​និង​ត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *