ការលេងកីឡា ផ្តល់ផលប្រយាជន៍ជាច្រើនដល់អ្នកលេង។ នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យកំពុងមានការចាប់អារម្មណ៍ និងយល់ដឹងយ៉ាងច្រើនចំពោះបញ្ហាសុខភាពនិងការលេងកីឡាណាដែលផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់និងធ្វើឲ្យអារម្មណ៍ល្អ។ ចំពោះពាក្យថាកីឡាមានច្រើនប្រភេទនិងសុទ្ធតែមានគុណប្រយោជន៍ចំពោះរាងកាយ និងទៅតាមចំណង់ចំណូលចិត្តរបស់អ្នកលេង។
ទស្សនាវដ្តី សុខភាពយើងនិងគេហទំព័រសុខភាពកម្ពុជា បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកស្រីបេន សេរីឡែន ជាអ្នកគ្រប់គ្រងទូទៅនៅក្លឹបកីឡាប៊ូលីងផាកវ៉េស៊ូផឺប៊ូល នឹងផ្តល់កិច្ចសម្ភាសន៍ដើម្បីឲ្យលោកអ្នក ជ្រាបកាន់តែច្បាស់អំពីប្រធានបទខាងលើនេះ។
កីឡាបោះប៊ូលីងជាអ្វី និងមានប្រវត្តិយ៉ាងដូចម្តេច?
កីឡាបោះប៊ូលីងគឺជាកីឡាមួយប្រភេទដែលប្រើគ្រាប់ប៊ូលសម្រាប់បោះដើម្បីជាមធ្យោបាយក្នុងការលេង។ បើយោងតាមគេហទំព័រ Wikipedia បានឲ្យដឹងថាក្នុងឆ្នាំ១៩៣០ នរវិទូជនជាតិអង់គ្លេសលោក Finder Petire និងក្រុមរបស់គាត់ដែលជាអ្នកបុរាណវិទូបានរកឃើញបាល់ប៊ូលីងនិងសម្ភារៈផ្សេងៗសម្រាប់លេងកីឡាបោះប៊ូលីងនេះនៅផ្នូរសាកសពក្មេងជនជាតិអេហ្សីបម្នាក់តាំងពី៣២០០ឆ្នាំមុន គ.ស។ ប៉ុន្តែកីឡាបោះប៊ូលីងនេះមានប្រវត្តិជាង៥២០០ឆ្នាំមុន គ.ស មកហើយនៅក្នុងប្រទេសអេហ្សីប។ បច្ចុប្បន្នកីឡានេះមានចំនួនមនុស្សលេងជាង១០០លាននាក់នៅក្នុងប្រទេសចំនួន៩០ខុសៗគ្នា ហើយចំនួននេះតែងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយគេក៏ឃើញមានការលេងកីឡានេះនៅក្នុងប្រទេសកម្ពុជាផងដែរ។
សារៈប្រយោជន៍នៃការលេងកីឡាបោះប៊ូលីង
កីឡាបោះប៊ូលីងនេះមានលក្ខណៈដូចនឹងប្រភេទកីឡាផ្សេងៗដែរ។ កីឡាបោះប៊ូលីងត្រូវបានគេយកមកលេងជាកីឡាដើម្បីសុខភាពនិងបន្ធូរបន្ថយភាពតានតឹងពីការងារនិងការសិក្សា។ ដូច្នេះវាអាចធ្វើឲ្យអ្នកលេងងាយស្រួលបញ្ចេញសារធាតុពុលពីក្នុងខ្លួនតាមរយៈញើស និងផ្តល់ភាពសប្បាយរីករាយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកីឡានេះមិនសូវផ្តល់គ្រោះថ្នាក់ដល់អ្នកលេងទេដោយអ្នកលេងត្រូវស្ថិតនៅក្នុងទីតាំងលេងកីឡានេះតែម្តង គឺមិនអាចយកកីឡានេះទៅលេងនៅទីតាំងខាងក្រៅដូចកីឡាផ្សេងៗបាននោះទេ ព្រោះសម្ភារៈដែលរៀបចំសម្រាប់លេងគឺសុទ្ធតែរៀបចំដោយប្រព័ន្ធអេឡិចត្រូនិចទាំងអស់។
របៀបលេងនិងការឲ្យពិន្ទុកីឡាបោះប៊ូលីង
នៅក្នុងការលេងកីឡាបោះប៊ូលីងនេះមិនមែនជាការពិបាកនោះទេ គឺគ្រាន់តែបោះគ្រាប់ប៊ូលីងឲ្យចំកូនគ្រាប់ប៊ូលីងឲ្យដួលទាំងអស់ ឬឲ្យដួលបានច្រើន នោះពិន្ទុនឹងប្រាប់ដោយស្វ័យប្រវត្តិតាមកញ្ចក់ទូរទស្សន៍ដែលនៅខាងមុខអ្នកលេងស្រេចតែម្តង។ ហើយពេលដែលអ្នកលេងលេងឈ្នះវានឹងបញ្ចេញគ្រាប់ប៊ូលីងឲ្យដឹងមួយភ្លាម។
ផលប៉ះពាល់នៃការលេងកីឡាបោះប៊ូលីង
ដោយសារកីឡានេះតម្រូវឲ្យអ្នកលេងកាន់គ្រាប់ប៊ូលីងសម្រាប់បោះដូច្នេះដៃរបស់លោកអ្នកនឹងមានការឈឺចាប់ពេលកំពុងលេង និងក្រោយពេលលេងជាលើកដំបូង។ ហើយប្រសិនបើលោកអ្នកមានជម្ងឺសន្លាក់ ដូចជាសន្លាក់ជង្គង់ ស្មាក ជើងកដៃជាដើមគឺ មិនមានផលល្អសម្រាប់លេងដល់លោកអ្នកទេ។
ដំបូន្មានអ្នកជំនាញ
នៅពេលចូលលេងកីឡានេះជាលើកដំបូងលោកអ្នកមិនត្រូវលេងកីឡានេះតែម្នាក់ឯងក្នុងរយៈពេលយូរពេកនោះទេ ត្រូវមានមិត្តភក្តិ បងប្អូនចូលរួមលេងជាមួយដើម្បីកាត់បន្ថយកុំឲ្យយើងបោះគ្រាប់ប៊ូលីងតែម្នាក់ឯង។ បើមានគ្នាលេងជាមួយគឺកាន់តែសប្បាយរីរាយ និងថែមទាំងមានសុខភាពល្អផងដែរ
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៤ ឧសភា ឆ្នាំ ២០១២
។
Leave a Reply