ការព្យាយាមបត់បែនខ្លួនតាមបរិយាកាស និងបរិបទសង្គម ហើយជួនកាលបានភពប្រសព្វទៅនឹងបញ្ហាដ៏ស្មុគស្មាញដែល បានជះឥទ្ធិពលអាក្រក់មួយចំនួន ដូចជាអាចបង្កឱ្យមនុស្សមានស្មារតីញាំញី ឈានទៅរកជម្ងឺផ្លូវចិត្ដ។ ភាពស្មុគស្មាញនៃអារម្មណ៍បង្ក ឱ្យជម្ងឺផ្លូវចិត្ដរាតត្បាតបន្ដិចម្ដងៗ រហូតក្លាយជាជម្ងឺធ្ងន់ធ្ងរ ឬហៅថាវិកលចរិតប្រសិនបើគេមិនឆាប់ដោះស្រាយ និងសម្រេចចិត្ដកាត់ ផ្ដាច់បញ្ហាស្មុគស្មាញនោះចោល។ តើលោកអ្នកធ្លាប់សម្គាល់ថាខ្លួនឯងមានរោគសញ្ញាជម្ងឺផ្លូវចិត្ដដែរទេ? អ្វីខ្លះដែលលោកអ្នកអាច សម្គាល់បាន?
លោកវេជ្ជបណ្ឌិត ស៊ិន ប៉ូលី អ្នកជំនាញផ្នែកវិកលវិទ្យាប្រចាំអង្គការចិត្ដសង្គមអន្ដរវប្បធម៌(ធីភីអូ)បានចូលរួមស្រាយ បំភ្លឺពាក់ព័ន្ធនឹងសំណួរនៃប្រធានបទខាងលើ ជូនប្រិយមិត្រអ្នកអានស្វែងយល់តាមរយៈទំព័រទស្សនាវដ្ដីសុខភាពយើង។
អ្វីទៅជាជម្ងឺផ្លូវចិត្ដ?
ជម្ងឺផ្លូវចិត្ដជាជម្ងឺគ្មានឈ្មោះមេរោគពិតប្រាកដដែលបង្កហេតុដូចជម្ងឺដទៃទៀតនោះទេ។ គេដឹងថាបុគ្គលម្នាក់មានជម្ងឺផ្លូវ ចិត្ដ ដោយប្រើការសង្កេតទៅលើអារម្មណ៍ អាកប្បកិរិយា ការគិតមិនធម្មតាជាដើម។ ជាទូទៅគេច្រើនសង្កេតដឹងតាមរយៈ អាកប្បកិរិយា ដែលស្ដែងឡើងជាសកម្មភាពរូបរាងកាយ ពាក្យពេចន៍ ការស្លៀកពាក់ ការតុបតែងខ្លួនទឹកមុខជាដើម។ យើងអាច សម្គាល់ជម្ងឺផ្លូវចិត្ដដោយខ្លួនឯងបាន តាមរយៈការប្រែប្រួល ការគិត និងទង្វើហើយយើងក៏អាចព្យាយាមព្យាបាល កាត់បន្ថយវា ដោយខ្លួនឯងបានខ្លះផងដែរ។
កត្ដាបង្កជម្ងឺផ្លូវចិត្ដ
តាមការសង្កេតរបស់អ្នកជំនាញ មានកត្ដា៣យ៉ាងដែលនាំឱ្យបុគ្គលមានជម្ងឺផ្លូវចិត្ដ មានលក្ខណៈដោយឡែកពីគ្នា។
1. កត្ដាសង្គម ៖ កត្ដាដែលប៉ះពាល់ដល់ការគិតដែលនាំឱ្យមានការរន្ធត់ ព្រួយបារម្ភ តក់ស្លុត ឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍ សង្គ្រាម ការផ្លាស់ប្ដូរ ឬអត្ថិភាពនយោបាយ ចោរកម្ម ឥទ្ធិពលគ្រឿងញៀន អំពើពុករលួយរំលោភសេពសន្ថវៈ ជម្ងឺរ៉ាំរ៉ៃ ទទួលគំនាបពីមនុស្សលើបង្គាប់ក្នុងអង្គភាព ឬគ្រួសារ ការរស់នៅជាមួយគ្នាតែទិសដៅជីវិតផ្សេងគ្នាមនុស្សក្រោមការគ្រប់គ្រងដើរ ចូលផ្លូវអបាយ គ្រោះធម្មជាតិ រញ្ជួយដី បន្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ធ្ងន់ធ្ងរ។ល។
2. កត្ដាផ្លូវចិត្ដ ៖ ជាកត្ដាចម្បងដែលអាចឱ្យមនុស្សមានជម្ងឺផ្លូវចិត្ដជារឿយៗជាពិសេសពេលបាត់បង់បងប្អូនឬមនុស្សជាទី ស្រឡាញ់ ដោយប្រការណាមួយមិនមានថ្ងៃវិលត្រឡប់ មានគូមិនគាប់ មិនយល់ចិត្ដគិតមិនចុះសម្រុងមិនអធ្យាស្រ័យគ្នា មានជម្ងឺ ប្រចាំកាយ ចិត្ដប៉ងប្រាថ្នាលើសពីសមត្ថភាពតូចចិត្ដនឹងលក្ខណៈខុសប្រក្រតីនៃរូបរាងកាយឬពិការភាព អស់សង្ឃឹមនឹងជីវភាពក្រីក្រ ទទួលរងនូវការចាប់រំលោភ បាត់បង់ការងារឋានៈតួនាទីជាដើម។ ក្ដីសោកសង្រេងគិតអ្វីៗមិនបានវែងឆ្ងាយ ក្ដីខ្វាយខ្វល់អំពល់ក្នុងចិត្ដ ឆេះងំជាដរាប នាំឱ្យមនុស្សមានភាពតានតឹងរហូតក្លាយជាជម្ងឺផ្លូវចិត្ដជាដើម។
3. កត្ដាជីវសាស្ដ្រ ៖ វដ្ដនៃជីវិតរបស់មនុស្សបានឆ្លងកាត់បឋមវ័យ(កុមារ ជំទង់ យុវវ័យ)មជ្ឈិមវ័យ(វ័យកណ្ដាល) និង បស្ចិមវ័យ(វ័យចាស់)។ ការប្រែប្រួលវ័យនាំឱ្យស្មារតីមានការប្រែប្រួលដែរដែលជាទូទៅកត្ដាជីវសាស្ដ្រច្រើនជះឥទ្ធិពលទៅលើ មនុស្សវ័យជំទង់ ព្រោះវ័យនេះមានការលូតលាស់ទាំងផ្នែកសរីរាង្គកាយ និងការគិត។ ស្របនឹងបញ្ហានេះ យុវវ័យមានចម្ងល់ច្រើន រំភើបលាយព្រួយបារម្ភ ជួនអាចថប់អារម្មណ៍ទៀតផង។ ម្យ៉ាងទៀតកត្ដាតំណពូជក៏ជាមូលហេតុនាំឱ្យមានជម្ងឺផ្លូវចិត្ដដែរ។
អាការនៃជម្ងឺផ្លូវចិត្ដ
1. ជម្ងឺផ្លូវចិត្ដកម្រិតស្រាល(ណូរ៉ូហ្ស៊ីស) ៖ កើតមានលើមនុស្សមិនថាចាស់ ឬក្មេងនោះទេ។ វ័យជំទង់ស្រមើស្រមៃច្រើន ចង់ភ្លក់ចង់ស្គាល់អ្វីៗដែលថ្មីមិនធ្លាប់ឆ្លងកាត់មិនធ្លាប់ដឹង ភ្លើតភ្លើន រំអុកចង់បាននេះចង់បាននោះខុសធម្មតា។ ក្មេងខ្លះមានចរិតកាច សាហាវ ច្រងេងច្រងាង ឆេវឆាវ វាយគេឯង គិតផ្ដេសផ្ដាស បង្ករឿងហេតុ មិនចូលរៀនវក់លេងល្បែងផ្សេងៗ ដូចជាស្នេហា ស្រា គ្រឿងញៀន ល្បែងស៊ីសងជាដើម។ ទាំងនេះជារោគសញ្ញាជម្ងឺផ្លូវចិត្ដរបស់យុវវ័យដែលអាណាព្យាបាលគ្រប់គ្នាគប្បីយកចិត្ដទុកដាក់ សង្កេតតាមដានឱ្យបានខ្ជាប់ខ្ជួន។ បើមិនដូច្នេះគេអាចក្លាយជាមនុស្សដែលសង្គមមិនឱ្យតម្លៃ។ មនុស្សចាស់ច្រើនបារម្ភពីការទទួលខុស ត្រូវរបស់ខ្លួនលើអនាគតកូនចៅ ជម្ងឺផ្ទាល់ខ្លួន បែងចែកមរតកនិងអាការរោគផ្សេងៗ។ ជម្ងឺឬរោគាព្យាធិទាំងនោះមានលើមនុស្ស គ្រប់វ័យ ដូចជាឈឺក្បាល (ពេលគិតឬក្រោយជួបបញ្ហាស្មុគស្មាញ) គេងមិនលក់ ឆាប់ភ័យ ញ័រទ្រូង ទទួលទានអាហារមិនសូវបាន ព្រិលភ្នែក ងាយមានប្រតិកម្ម មួម៉ៅច្រើន នឹកឃើញតែរឿងមិនល្អ ស្រពាប់ស្រពោន តែងខ្លួនប្លែកៗខុសធម្មតា ចូលចិត្ដផ្ដាច់ខ្លួនចេញ ពីអ្នកដទៃ គិតច្រើនតែមិនប្រាកដ(គិតរឿងច្រើនក្នុងពេលដ៏ខ្លី) រវើរវាយ ភ្លេចភ្លាំងច្រើនខុសប្រក្រតី ការចងចាំថយចុះជាលំដាប់ ស្មានចិត្ដខ្លួនឯងមិនត្រូវ។ល។
2. ជម្ងឺផ្លូវចិត្ដកម្រិតធ្ងន់(សាយកូហ្ស៊ីស) ៖ ដំណាក់កាលដែលជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ មនុស្សមានលក្ខណៈវង្វេងស្មារតីខុសនិង ត្រូវនៅច្របូកច្របល់គ្នា ចង់ធ្វើអត្ដឃាត ឬចង់ធ្វើឃាតគេ ក្លាយជាមនុស្សវិកលឬឆ្កួតលែងស្គាល់ថាខ្លួនឯងកំពុងគិតនិងធ្វើអ្វីពិត ប្រាកដ ឆាប់ភ័យខ្លាចខ្លាំង និយាយសើចតែម្នាក់ឯង ជេរគេជេរឯងត្រពាស លែងខ្មាសអៀនជាដើម។ នេះជាដំណាក់កាលកាន់តែ ពិបាកព្យាបាល។ អ្នកជំនាញអះអាងថាបច្ចុប្បន្នមានមនុស្សពី៥ទៅ៧នាក់ ក្នុងចំណោម១០០០នាក់មានជម្ងឺផ្លូវចិត្ដកម្រិតធ្ងន់នេះ។
បើលោកអ្នកមានជម្ងឺផ្លូវចិត្ដ បញ្ហាជាច្រើននឹងចូលមកយាយី បង្កភាពស្មុគស្មាញ បាត់ឱកាសនៃការសិក្សាធ្វើការងារ អាជីវកម្ម និងប្រកបរបរផ្សេងៗមានផលមិនល្អ ឬទទួលបានប្រយោជន៍តិចបំផុតនិងនាំឱ្យជីវិតប្រឈមនឹងការបរាជ័យគ្រប់ជំហាន។ លើសពីនេះបើលោកអ្នកបណ្ដែតបណ្ដោយឱ្យធ្ងន់ធ្ងរ ជីវិតអាចធ្លាក់ដល់ចំណុចសូន្យនិងបាត់បង់អ្វីៗគ្រប់យ៉ាង។
វិធីបង្ការទប់ស្កាត់ជម្ងឺផ្លូវចិត្ដ
ជម្ងឺផ្លូវចិត្ដបង្កឡើងពីមូលហេតុផ្សេងៗ ដែលលោកអ្នកអាចសម្គាល់ដោយខ្លួនឯងតាំងពីដំណាក់កាលដំបូង។ នៅពេលដែល ដឹងថាកំពុងឈានចូលបញ្ហាផ្លូវចិត្ដ មានអាការខុសប្រក្រតី លោកអ្នកគួរចេះដាស់តឿននិងវិលត្រឡប់ក្រោយរកភាពប្រក្រតីវិញ ភ្លាម មិនត្រូវបណ្ដោយវាតាមដំណើរនោះទេ។ តួយ៉ាងការជួបព្រឹត្ដិការណ៍រន្ធត់ មួហ្មងពេលវ័យប្រែប្រួល ខកចិត្ដដោយបំណងប្រាថ្នា មិនសម្រេច សោកស្ដាយពេលបាត់បង់អ្វីមួយលោកអ្នកគួរពង្រឹងស្មារតីឱ្យរឹងប៉ឹងតាមដែលអាចធ្វើទៅបាន គួរគិតឱ្យខ្លីៗងាយៗ បោះបង់ចោលភាពស្មុគស្មាញ មិនគួរបញ្ចូលមនោសញ្ចេតនាតាមបទចម្រៀងចង់យំត្រូវតែយំនោះទេ។ គួរមើលរឿងកំប្លែង មិនត្រូវ ព្យាយាមនៅម្នាក់ឯង ជជែកកម្សាន្ដសប្បាយៗជាមួយអ្នកនៅក្បែរឬអ្នកដែលអាចជួយរំលែកក្ដីហ្មងសៅរបស់លោកអ្នកបាន ហើយ សម្លឹងរកត្រើយ និងផលប្រយោជន៍ថ្មីតាមលទ្ធភាព។ ក្រៅពីនេះអ្នកគប្បីរកអ្នកជំនាញផ្នែកវិកលវិទ្យាដើម្បីប្រឹក្សា ឬព្យាបាល។
ដំបូន្មានអ្នកប្រឹក្សា
បើលោកអ្នកមានជម្ងឺផ្លូវចិត្ដក្នុងកម្រិតស្រាលក្ដីធ្ងន់ក្ដី លោកអ្នកមិនត្រូវលេបថ្នាំដោយចិត្ដឯងនោះទេដូចជាថ្នាំវិលមុខថ្នាំឈឺក្បាល ថ្នាំងងុយដេកជាដើម។ ការអេះមិនចំកន្លែងរមាស់ ព្យាបាលមិនចំមូលហេតុវាមិនត្រឹមតែមិនអាចបាត់ឬជាសះស្បើយ នោះទេ ថែមទាំងចំណាយពេលឥតប្រយោជន៍ បានទាំងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរថែមទៀត។ ដូច្នេះសេវាព្យាបាលដោយពេទ្យជំនាញ ជាកត្ដាចាំបាច់សម្រាប់អ្នកជម្ងឺ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply